ជំនួបសម្តែងការគួរសមរវាង ថ្នាក់ដឹកនាំ សមាជិកសមាជិកាសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​



ភ្នំពេញ, ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ 

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ  ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយលោក ស៊ាង សុបញ្ញា ប្រធានសមាគម បានជួបសម្តែងការគួរសមជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចជំនួបនេះ ជាឱកាសដ៏មេត្រីភាពដើម្បីផ្លាស់ប្តូរនូវព័ត៌មាន បទពិសោធន៍ និងពិសេសការពង្រឹងសហប្រតិបត្តិការនាពេលអនាគតរវាងស្ថាប័នទាំងពីរ។ 

លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសម្តែងការគោរពដ៏ខ្ពង់ខ្ពស់ជូនឯកឧត្តម ការណែនាំ និងកំណត់គោលដៅនានាដល់សមាគម ស្របពេលដែលព្រះរាជាណាចក្រកម្ពុជានឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ ក៏ដូចជាការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដែលសាកលលោក តំបន់អាស៊ាន និងប្រទេសកម្ពុជាកំពុងប្រឈម។  ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ លោកប្រធានសមាគម បានបង្ហាញព័ត៌មានមួយចំនួនស្តីអំពីការរីកចំរើនរបស់សមាគម ទាំងសកម្មភាពខាងក្នុងប្រទេស និងខាងក្រៅប្រទេស។ មកដល់ពេលបច្ចុប្បន្ននេះ សមាគមមានសមាជិកចំនួន៣៩១នាក់ រួមមានសហគ្រិនស្ត្រី៩០នាក់ ដែលសុទ្ធតែម្ចាស់អាជីវកម្មសហគ្រាសធុនតូនិងមធ្យមប្រមាណ៧០០ក្រុមហ៊ុន នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំង ៥ ខេត្តកំពង់ចាមនិងត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

នៅពេលដ៏ខ្លីខាងមុខនេះ សមាគមគ្រោងនឹងដាក់ដំណើរការសាខាប្រចាំខេត្តព្រះសីហនុ និងនាដើមឆ្នាំ២០២២ នៅខេត្តកំពត ក្រចេះ និងស្ទឹងត្រែង។  ដោយឡែកនៅថ្នាក់តំបន់ សមាគមតែងតែជួបសម្តែងគារវកិច្ចដល់អគ្គរាជទូតតាមបណ្តាប្រទេសដែលស្ថានឯកអគ្គរាជទូត និងស្ថានកុងស៊ុលកម្ពុជាមានវត្តមាន ដើម្បីបង្ហាញពីសាមគ្គីភាព ស្មារតីឯកភាពជាតិតែមួយ។ ទន្ទឹមនឹងនេះ សមាគមត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ «សហគ្រិនវ័យក្មេងអាស៊ាន» និងការរៀបចំព្រឹត្តិការណ៍ «ខេនីវលសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (ASEAN Young Entrepreneur Carnival 2022)» នៅឆ្នាំ២០២២ខាងមុខនេះ។  

ឆ្លៀតឱកាសដ៏សែនកក់ក្តៅ ប្រកបដោយភាតរភាពនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចង្អុលបង្ហាញអំពីយន្តការចូលរួមលើកស្ទួយ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាព្រឹត្តការណ៍សំខាន់ៗចំនួនពីរ ដែលព្រះរាជាណាចក្រកម្ពុជាគ្រោងនឹងរៀបចំនៅឆ្នាំ២០២២ខាងមុខ។ ជាការរួមចំណែកក្នុងការជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសការដាក់អោយអនុវត្ត នូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ នាខែធ្នូ ឆ្នាំ២០២០កន្លងទៅ ដែលមានគោលបំណងជួយជម្រុញពាណិជ្ជកម្មអន្តរជាតិ ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស លើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការផ្លាស់ប្តូរវប្បធម៌ និងកីឡា។ ត្រង់ចំនុចនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីណែនាំអោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ធ្វើការសហការជាមួយក្រុមការងារយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ក្រសួង ដើម្បីបង្កើតជាវេទិការធុរកិច្ចនានា។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានសមានចិត្តធ្វើបទបង្ហាញអំពីព្រឹត្តិការណ៍ពីរសំខាន់គឺ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ (ASEM13) ឆ្នាំ២០២១ និងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៣ (ASEAN Summit) ឆ្នាំ២០២២ ដែលសុទ្ធសឹងជាជំនួបជាប្រវត្តិសាស្ត្រ។ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបរៀងរាល់ពីរឆ្នាំម្តងនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដើម្បីជម្រុញសហប្រតិបត្តិការ និងការពិភាក្សារវាងអាស៊ី និងអឺរ៉ុប ដែលផ្តោតលើសរសរស្តម្ភចំនួនបីគឺទីមួយសន្តិសុខនយោបាយ ទីពីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទីបីគឺសង្គម វប្បធម៌ និងការអប់រំ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាប្រសិនបើធ្វើការបូកបញ្ចូលគ្នានៃតំបន់ទាំងពីរ គេអាចសន្និដ្ឋានថាតំបន់នេះតំណាងអោយប្រជាជន៦០% សេដ្ឋកិច្ច៦៥% ទេសចរណ៍៧៥% ពាណិជ្ជកម្ម៥៥% នៃចំនួន និងបរិមាណសរុបរបស់សាកលលោកទាំងមូល។

កិច្ចប្រជុំនេះប្រមូលផ្តុំថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន៥៣រូប ដែលរាប់បញ្ចូលទាំងប្រធានសហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីការស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ របស់កម្ពុជា ដែលជាគោលបំណងបង្ហាញអំពីកិត្តិយស សមត្ថភាពការទូតរបស់កម្ពុជាលើឆាកអន្តរជាតិ ក្នុងនាមជារដ្ឋស្មើរមុខស្មើរមាត់នឹងគេ។ កម្ពុជាជាប្រទេសតូច ប៉ុន្តែមានសណ្តានចិត្តធំទូលាយ។ ហេតុដូច្នេះហើយ សម្រាប់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នេះ កម្ពុជាបានកំណត់ប្រធានបទថា៖ «ពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម» ពីព្រោះកម្ពុជាសង្កេតឃើញមានការធ្លាក់ចុះនៃការពង្រឹងយន្តការពហុភាគីនិយម ដោយជំនួសមកវិញនូវការសម្រេចចិត្តជាឯកតោភាគី ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់សាកលលោក។

ទន្ទឹមនឹងកិច្ចប្រជុំកំពូល កម្ពុជានឹងរៀបចំកិច្ចប្រជុំអមចំនួន៧ ដែលមានជាអាទិ៍កិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុប វេទិការសេដ្ឋកិច្ច-ធុរកិច្ចអាស៊ីអឺរ៉ុប កិច្ចប្រជុំកំពូលអ្នកដឹកនាំវ័យក្មេងអាស៊ីអឺរ៉ុប វេទិការតុមូលនិពន្ធនាយកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយអាស៊ីអឺរ៉ុប វេទិការការងារអាស៊ីអឺរ៉ុប វេទិការប្រជាជនអាស៊ីអឺរ៉ុប មហោស្រពវប្បធម៌អាស៊ីអឺរ៉ុប។ ដោយឡែក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាត្តអោយសមាគមវ័យក្មេងកម្ពុជាជួបពិភាក្សាជាមួយក្រុមការងារពាក់ព័ន្ធរបស់ក្រសួង ក្នុងការចូលរួមព្រឹត្តិការណ៍អមទាំងនោះ។ 

ដោយឡែកជុំវិញការទទួលជាប្រធានអាស៊ាននៅឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថានេះនឹងជាលើកទី៣ ដែលព្រះរាជាណាចក្រកម្ពុជាបានទទួលសិទ្ធិជាប្រធានអាស៊ាន ហើយពុំមែនជាការងាយស្រួលទេដែលប្រទេសកម្ពុជាបានមកដល់ដំណាក់កាលនេះ ពីព្រោះកម្ពុជាបានជួបហេតុផលពីរសំខាន់ៗ នៅថ្នាក់ជាតិ គឺសង្គ្រាមស៊ីវិលដែលបានអូសបន្លាយរហូតដល់ចុងឆ្នាំ១៩៩៨ និងថ្នាក់តំបន់កម្ពុជាស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចលំបាក ដែលឈរនៅលំដាប់ជាមួយប្រទេសឡាវ និងភូមា។

គួរកត់សម្គាល់ថាទន្ទឹមនឹងការបើកទូលាយសមាហរណកម្មអាស៊ាន ដែលនាំមកនូវលំហូរដោយសេរីនៃផលិតផល សេវាកម្ម និងកម្លាំងពលកម្ម ប្រជាជនកម្ពុជាមានការប្រឈមខ្ពស់លើការប្រកួតប្រជែង ទាំងជំនាញ និងការនាំចេញផលិតផល។ គេត្រូវកត់សម្គាល់ផងដែរថានៅក្នុងតំបន់អាស៊ាន សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមតំណាងសឹងតែទាំងស្រុងនៃតួអង្គសេដ្ឋកិច្ចទាំងមូល។ ហើយកូវីដ-១៩ នេះ ក៏បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងពិសេសវិស័យទេសចរណ៍។ ក៏ប៉ុន្តែនៅក្នុងឧបសគ្គទាំងនេះ ក៏មានឱកាសដែលត្រូវចាប់យកដូចជាបច្ចេកវិទ្យាឌីជីថល ពាណិជ្ជកម្មអនឡាញ ដើម្បីសម្របខ្លួននៅក្នុងភាពធម្មតាថ្មី។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកអំពីអត្ថិភាពដែលព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន មានជាអាទិ៍ការបន្តរនិរន្តរភាពនៃអាស៊ាន ការអនុវត្តផែនការការងាររបស់អាស៊ាន ដើម្បីធានាការពង្រឹងមជ្ឈកម្មអាស៊ាន តួនាទីរបស់អាស៊ាន ឯកភាពអាស៊ាន ភាពជាដៃគូអាស៊ាន ពិសេសកម្ពុជាមិនផ្តោតទាំងស្រុងលើទិដ្ឋភាពនយោបាននោះទេ ប៉ុន្តែត្រូវថ្លឹងថ្លែងទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ដែលសុទ្ធសឹងជាសរសរស្តម្ភរបស់សហគមន៍អាស៊ាន។ សម្រាប់ភាពជាដៃគូខាងក្រៅ កម្ពុជាបន្តរអនុវត្តតាមធម្មនុញ្ញអាស៊ាន និងឯកសារគោលនយោបាយផ្សេងៗទៀត។

នាកិច្ចប្រជុំលើកក្រោយនេះ កម្ពុជានឹងជួយជម្រុញភាពជាដៃគូពិភាក្សារវាងអាស៊ាន និងចក្រភពអង់គ្លេស ដោយសារប្រទេសនេះបានចាកចេញពីសមាជិកភាពរបស់សហភាពអឺរ៉ុប។ នៅផ្ទៃក្នុងអាស៊ាន កម្ពុជានឹងអំពាវនាវអោយមានការរួមដៃគ្នារវាងរដ្ឋសមាជិកអាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមនានាគ្រប់វិស័យ រួមមានវិបត្តិកូវីដ-១៩ជាដើម។ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់អាស៊ានប្រមាណ៥០០ប្រជុំ កំឡុងដែលកម្ពុជាជាប្រធានអាស៊ានពេញមួយឆ្នាំ កម្ពុជានឹងប្រារពខួបលើកទី៥៥នៃការបង្កើតអាស៊ាន។

ជាចុងក្រោយ ឆ្លើយតបទៅនឹងសំណូមពររបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់អនុសាសន៍ រួមមានការអនុញ្ញាត្តអោយសមាគមទំនាក់ទំនងទៅគ្រប់បណ្តាស្ថានទូតតំណាងកម្ពុជានៅបរទេសតាមរយៈក្រុមការងារយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ការសម្របសម្រួលជូនសមាគមអោយបានចូលរួមកិច្ចប្រជុំអមនានានៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី ១៣ ខាងមុខនេះ និងគាំទ្រសមាគមក្នុងការរៀបចំ និងការរៀបចំព្រឹត្តិការណ៍ ខេនីវលសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (ASEAN Young Entrepreneur Carnival 2022)  ការលើកទឹកចិត្តអោយសមាគមសិក្សាស៊ីជម្រៅលើឯកសារយុទ្ធសាស្ត្រពេញលេញស្តីពីការស្តារអាជីវកម្មពីវបត្តិកូវីដ-១៩ របស់អាស៊ាន ដែលមានបញ្ចូលយុទ្ធសាស្ត្រចំនួន៥ ពិសេសការបន្តរការជួបជុំរវាងសមាគម និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀតទាំងផ្លូវការ និងក្រៅផ្លូវការ៕  

 

 

 

 

 

X
5s