លោកគ្រូ លង់ វណ្ណៈ៖ គន្លឹះ ៧ ចំណុចជួយឲ្យការសិក្សាភាសាអង់គ្លេសមានប្រសិទ្ធភាព​



ប្រាកដណាស់ការសិក្សាភាសាមួយដែលមិនមែនជាភាសាដើមកំណើត ឬភាសាទីមួយរបស់យើង ពិតជាមានការលំបាកខ្លាំងណាស់។ បើនិយាយដល់ភាសាអង់គ្លេស ដែលជាភាសាពេញនិយមក្នុងពេលបច្ចុប្បន្ន ពិតជាមិនងាយស្រួលនោះឡើយ ដោយភាសានេះហាក់មានភាពស្មុគស្មាញច្រើន។ តែដោយឡែក មនុស្សម្នាក់ៗមានវិធីសាស្រ្តឬយុទ្ធវិធីរៀងៗខ្លួនក្នុងការសិក្សាភាសាអង់គ្លេសមានប្រសិទ្ធភាព។

 

ជាមួយគ្នានេះ លោកគ្រូ លង់ វណ្ណៈ គ្រូបង្រៀនភាសាអង់គ្លេសនិងជាស្ថាបនិក ខេអ៊ីឌូ ក៏បានលើកឡើងថា ការសិក្សាភាសាអង់គ្លេសដែលមិនជាភាសាជាតិរបស់យើង ពិតជាពិបាកខ្លាំងណាស់ដើម្បីអាចយកទៅប្រើប្រាស់ប្រចាំថ្ងៃ ការសិក្សា ឬក្នុងអាជីពការងារជាដើម។ 

ដោយឆ្លងកាត់សិក្សា បទពិសោធការសិក្សាមក លោកគ្រូ លង់ វណ្ណៈ បានពាំនាំនូវគន្លឹះ ឬវិធីមួយចំនួន ៧យ៉ាងមកចែកជូននិងបង្ហាញជាផ្លូវឬជាពន្លឺខ្លះៗដើម្បីជូនអ្នកសិក្សាពិចារណានិងអាចអនុវត្តបាន។ 

 

  • ទី១៖ ត្រូវមានហេតុផល (Why)៖ តើអ្នកធ្លាប់ដែលឬទេរៀនភាសានេះ រៀនភាសានោះ ហើយរៀនមិនបានប៉ុន្មានផងរត់ចោលគ្រូបាត់? មួយវិញទៀតអ្នកខ្លះរៀន ដោយត្រឹមមានឈ្មោះថាជាអ្នករៀន តែមិនដឹងថារៀនភាសាអង់គ្លេសដើម្បីយកទៅប្រើអ្វី ឬមានគោលដៅយកទៅធ្វើអ្វីនោះទេ។ ក្នុងនោះ ខ្ញុំមានបទពិសោធន៍សិក្សាភាសាអង់គ្លេសរាប់ឆ្នាំ ចាប់ពីថ្នាក់ទី៧ រហូតដល់ចប់ថ្នាក់ទី១២ ប៉ុន្តែការសិក្សានោះហាក់គ្មានលទ្ធផលអ្វីសោះដោយយកទៅនិយាយ អាន ស្ដាប់ ឬសរសេរមិនកើតទាល់តែសោះ ដោយសារតែពេលនោះរៀន ដោយមិនដឹងហេតុផល ឬចេះតែរៀនៗតាមមិត្តភក្ដិ ឬឲ្យមានឈ្មោះថារៀនប៉ុណ្ណោះ។ ប៉ុន្តែនៅពេលឈានចូលមហាវិទ្យាល័យទើបដឹងថាភាសាអង់គ្លេសខ្សោយខ្លាំងមែនទែន។ ប៉ុន្តែដោយសារមានហេតុផលឬគោលបំណងចង់ចេះដើម្បីក្លាយជាគ្រូបង្រៀន ធ្វើឲ្យខ្ញុំប្រឹងប្រែងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ (ក្រោយចប់ឆ្នាំទី២) ខ្ញុំអាចយកភាសាអង់គ្លេសទៅធ្វើការជាគ្រូបង្រៀនបាន។ មិនខុសពីអ្នកសិក្សាផ្សេងទៀតៗនោះទេ នៅពេលអ្នកដឹងថារៀនដើម្បីអ្វី មានមូលហេតុ (Why) ច្បាស់លាស់ នោះអ្នកនឹងរិះរក និងបង្កើតគន្លឹះ របៀប ឬវិធីសាស្រ្តសិក្សាដោយខ្លួនឯងជាមិនខាន ហើយការសិក្សារបស់អ្នកនឹងមានប្រសិទ្ធភាពលឿនជាង អ្នកមិនមានហេតុផល។ ជាសរុប អ្នកសិក្សាគួរតែស្វែងរកមូលហេតុសំខាន់ដែលជុំរុញឲ្យអ្នកសិក្សារៀនភាសាអង់គ្លេស ដើម្បីជាគ្រឿងជុំរុញការសិក្សាឲ្យកាន់តែខ្លាំង និងជួយអ្នកដើរផ្លូវកាត់កាន់តែលឿន។
  • ទី២៖ ការតាំងចិត្តនិងការរៀនជាបន្តបន្ទាប់ (Commitment & Consistency)៖ អ្នកសិក្សាប្រហែលជាធ្លាប់ដឹង ឬជួបខ្លួនឯងហើយ នូវអ្នកសិក្សាដែលរៀនបានតែមួយឆាវ ហើយឈប់ ឬអ្នកដែលឈប់រៀនរាប់ឆ្នាំហើយត្រលប់មករៀនឡើយវិញសារជាថ្មី។ អ្នកអស់នេះកើតឡើងដោយសារតែមិនមានការប្ដេជ្ញាចិត្តនិងភាពបន្តបន្ទាប់។ ជាអ្នកសិក្សា អ្នកត្រូវមានការតាំងចិត្តខ្ពស់ និងរៀនជាបន្តបន្ទាប់ ដោយមិនមែនចង់រៀន ក៏រៀន មិនចង់ ក៏ឈប់នោះទេ។ ហើយមួយវិញទៀតអ្នកមិនគួរបោះបង់យូរពេលឡើយ ពីព្រោះការរៀន ហើយបោះបង់ហាក់ធ្វើឲ្យខាតបង់ចំណេះដឹងដែលមានស្រាប់ (ធ្វើឲ្យភ្លេច) ខាតបង់ថវិកា និងខ្ជះខ្ជាយពេលវេលាផងដែរ។ អ្នកសិក្សាគួរតែចំណាយពេលរៀនជាប្រចាំ ឬបង្កើតជាទម្លាប់ បើទោះមិនចេះច្រើនក្ដី ពីព្រោះប្រសើរជាងអត់រៀន ឬឈប់រៀនរយៈពេលយូរ។
  • ទី៣៖ ស្វែងរកបុគ្គលគម្រូ (role model)៖ ពាក្យបុគ្គលគម្រូ (role model) ប្រហែលខុសពីបុគ្គលដែលអ្នកពេញចិត្ត (Idol)។ Role model គឺជាបុគ្គលម្នាក់ឬច្រើនដែលមានជំនាញ អាជីព ឬការងារដូចអ្នក ហើយអ្នកចង់ធ្វើដូច ធ្វើតាម ឬធ្វើជាគ្រឿងជុំរុញ។ ចំណែក ពេញចិត្ត (Idol) គឺគ្រាន់តែជាបុគ្គលល្បីដែលយើងស្រលាញ់ពេញចិត្ត (អាចមិនត្រូវជំនាញឬអាជីពការងារដូចអ្នក។)។ បុគ្គលគម្រូ (role model) ប្រហែលជានរណាម្នាក់ដែលពូកែ មានបទពិសោធន៍ មានជំនាញផ្នែកភាសាអង់គ្លេស ហើយយើងតែងអង្កេតនិងតាមដានសកម្មភាពរបស់គាត់ជាប្រចាំដើម្បីពង្រឹងខ្លួនអ្នក និងធ្វើបច្ចុប្បន្នភាព (Update) ខ្លួនបន្ថែម។ ខ្ញុំមានបុគ្គល៣នាក់ដែលខ្ញុំចាត់ទុកជាបុគ្គលគម្រូ (role model) របស់ខ្ញុំ ដោយពួកគាត់សុទ្ធតែមនុស្សពូកែ និងមានជំនាញភាសាអង់គ្លេសដែលខ្ញុំតែចង់ធ្វើតាម និងរៀនពីពួកគាត់។ ការមានបុគ្គលគំរូ ជួយរុញច្រានអ្នកបានមួយកម្រិតក្នុងការសិក្សា។
  • ទី៤៖ ដឹងកម្រិតភាសាអង់គ្លេស (Right English level)៖ តើអ្នកធ្លាប់ដែលទេនៅពេលចូលរៀននៅសាលា ហើយគេតែងធ្វើតេស្តសមត្ថភាពដើម្បីដឹងកម្រិតភាសាអង់គ្លេសរបស់អ្នក? ការដឹងកម្រិតភាសាអង់គ្លេសរបស់អ្នកធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការសិក្សា និងជៀសវាងការសិក្សាខុសកម្រិតដែលធ្វើឲ្យអ្នកសិក្សាងាយស្រួលពេក ឬពិបាកពេក។ ដូចគ្នាដែរ អ្នកសិក្សាត្រូវដឹងកម្រិតរបស់ខ្លួន នៅពេលដឹងហើយ អ្នកអាចទៅសិក្សា ឬអាចសៀវភៅដែលត្រូវនឹងកម្រិតរបស់អ្នក។ បើអ្នកកម្រិតទាបត្រឹម Elementary តែរៀនកម្រិត Upper-Intermediate នោះអ្នកមិនអាចរៀនទៅរួចបានទេ។ និយាយឲ្យស្រួលយល់មិនអាចយកសិស្សថ្នាក់ទី១ ទៅរៀនឬអានសៀវភៅថ្នាក់ទី៥បានឡើយ។ នៅពេលអ្នកដឹងកម្រិត អ្នករៀនចាប់ចូល ឆាប់ទទួលបាន ដែលនេះអនុញ្ញាតិឲ្យអ្នកបង្កើតចំណេះដឹងលឿន រហ័ស។ 
  • ទី៥៖ ស្វែងរកដៃគូត្រូវ (Right Companion)៖ មិនប្រាកដទេថាបុគ្គលទាំងអស់សុទ្ធតែចង់រៀន ឬចង់ចេះអង់គ្លេសដូចអ្នក។ ដូចនេះនៅពេលដែលអ្នកមានការប្ដេជ្ញាចិត្ត ការតាំងចិត្ត អ្នកត្រូវស្វែងរកបុគ្គលម្នាក់ ឬ២នាក់ដែលមានគោលដៅ គោលបំណងចង់ចេះភាសាអង់គ្លេសដូចអ្នក។ ការមានដៃគូអាចជួយអ្នកនៅពេលអ្នកចង់អនុវត្តការនិយាយជាដើម។ នៅពេលខ្ញុំនៅរៀន ខ្ញុំមានដៃគូប្រហែលជា ២ទៅ ៣នាក់ ដែលអាចជួយខ្ញុំនិយាយភាសាអង់គ្លេស ពីព្រោះថាមិត្តភក្ដិដដៃទៀតហាក់មិនមានចំណង់ចំណូលចិត្តដូចគ្នា។ ដៃគូរៀនដែលត្រឹមត្រូវ អាចចូលរួមជួយផ្នែកភាសាអង់គ្លេសបានច្រើន។ ពាក្យថាដៃគូត្រូវអាចជាមិត្តភក្ដ មិត្តរួមថ្នាក់ ឬអ្នកផ្សេងដែលហ៊ាននិយាយភាសាអង់គ្លេស ឬជួយអ្នកក្នុងការសិក្សា។
  • ទី៦៖ ប្រើប្រាស់បច្ចេកវិទ្យា (Technology)៖ បច្ចុប្បន្ននេះបច្ចេកវិទ្យាមានភាពសម្បូរបែប និងវាបានចូលរួមចំណែកច្រើនមែនទែនក្នុងវិស័យអប់រំ។ មិនត្រឹមតែរៀនពីសៀវភៅ ឬអានសៀវភៅនោះទេ អ្នកសិក្សាគួរចេះទាញប្រយោជន៍ពីកម្មវិធីកុំព្យូទ័រ ឬកម្មវិធីទូរស័ព្ទដៃ (App) ដែលមានប្រយោជន៍និងជំនួយដល់ភាសាអង់គ្លេសរបស់អ្នក។ ពេលខ្លះយើងអាចទិញកម្មវិធីទូរស័ព្ទដៃល្អៗយកមកប្រើ ដូចជាកម្មវិធីអនុវត្តលំហាត់ វេយ្យាករណ៍ ឬវចនានុក្រមជាដើម។ សម័យនេះហើយ បើនៅប្រើវចនានុក្រមសៀវភៅបើកមើលទៀត រៀនមិនទាន់គេនោះឡើយ។ កាលនៅរៀន ខ្ញុំតែងតែទិញ និងប្រើប្រាស់កម្មវិធីទាំងឡាយដែលបានរៀបរាប់ខាងលើដើម្បីជាជំនួយ ដោយខ្ញុំអាចអនុវត្តពេលទំនេរដោយគ្រាន់តែបើកទូរស័ព្ទដៃក៏អាចអនុវត្ត និងបង្កើនចំណេះដឹងភាសាអង់គ្លេសបានដែរ។ ក្នុងទូរសព្ទដៃរបស់ខ្ញុំសម្បូរដោយកម្មវិធីជាច្រើនដែលជំនួយការរៀនអង់គ្លេស។ ដោយសារបច្ចេកវិទ្យាកាន់តែជឿនលឿនអ្នកសិក្សាអាចពង្រឹងសមត្ថភាពខ្លួនបន្ថែមតាមរយៈការសិក្សាអនឡាញ វីដេអូ ជាដើម។ សម័យនេះហើយ មិនអាចរៀនដោយពឹងតែសៀវភៅមួយមុខនោះទេ។ 
  • ទី៧៖ ការអនុវត្ត (Practice)៖ អ្នកសិក្សាមិនអាចរៀនហើយ មិនយកទៅអនុវត្តបានឡើយ ពីព្រោះវាជារឿងធម្មជាតិ។ ការសិក្សាដែលមិនមានការអនុវត្ត ឬយកទៅប្រើប្រាស់ មិនខុសពីរៀនហើយទុកចោល ដែលនេះនឹងគង់តែភ្លេចជាមិនខាន។ កាលនៅរៀនខ្ញុំតែងនិយាយជាប្រចាំ ដោយចង់ចេះនិយាយ បើទោះបីពេលខ្លះរដាក់រដុបក្ដី ក៏ចេះតែខិតខំព្យាយាម ដោយគិតថាបើមិននិយាយទេ ប្រាកដជាមិនរីកចម្រើន ឬមិនអាចពង្រឹងសមត្ថភាពរបស់ខ្លួនឡើយ។ ហើយវិញទៀត ដើម្បីហ្វឹកហាត់ការសរសេរ ខ្ញុំតែងតែសរសេរនៅលើហ្វេសបុក (Facebook) ជាមតិយោបល់ ឬជាសារ (Status) ជាដើម បើទោះបីមានកំហុសឆ្គងច្រើនដូចជាពាក្យ និងវេយ្យាករណ៍ក្ដី។ ការអនុវត្តជាប្រចាំបែបនោះហើយ ទើបនាំខ្ញុំឲ្យអាចប្រើប្រាស់ភាសាអង់គ្លេសបានដល់សព្វថ្ងៃ។ 

ជាចុងក្រោយ សង្ឃឹមថានេះជាសារនិងវិធីខ្លះៗសម្រាប់អ្នកសិក្សាភាសាអង់គ្លេសយកទៅអនុវត្ត បើទោះមិនប្រាកដថាអ្នកទាំងអស់គ្នាអាចអនុវត្តបានទាំងអស់ក្ដី តែជាគំនិតខ្លួនដែលជាបទពិសោធន៍ក្នុងការចែករំលែកប៉ុណ្ណោះ៕

X
5s