តើអ្នកត្រូវការដើមទុនប៉ុន្មានដើម្បីបង្កើត Startup?
ស្តាប់ទៅការធ្វើជំនួញគួរឲ្យចាប់អារម្មណ៍ណាស់ ប៉ុន្តែរឿងដែលសំខាន់អ្នកត្រូវការដើមទុនដើម្បីធ្វើវា។ រឿងដែកអ្នកត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតនៅក្នុងការបង្កើត Startup គឺត្រូវកំណត់ឲ្យបានច្បាស់លាស់ពីការចំណាយរបស់អ្នក ដូចជា ការិយាល័យ សម្ភារៈ ការចំណាយផ្នែកច្បាប់ ប្រាក់ខែ និងការចំណាយផ្សេងៗជាច្រើនទៀត។
ប្រសិនបើអ្នកកំពុងគិតពីការបើកអាជីវកម្មថ្មី អ្នកប្រហែលជាមិនដឹងពីកន្លែងដែលត្រូវចាប់ផ្ដើមជាមួយហិរញ្ញវត្ថុនៅរបស់អ្នកទេ។ វិធីខាងក្រោមនេះ អាចជួយអ្នករកឲ្យឃើញថា តើអ្នកត្រូវការដើមទុនប៉ុន្មានដើម្បីបង្កើត Startup? តើអ្នកអាចទទួលបានដើម្បីទុនដោយរបៀបណា?
ចុចអាន៖ ចង់បង្កើត Startup មិនចាំបាច់រៀននៅមហាវិទ្យាល័យ?
១.ចាប់ផ្តើមពីតូចទៅធំ
អ្នកប្រហែលជាមានការរំពឹងទុកខ្លាំងពេកថា ជំនួញរបស់អ្នកនឹងមានសក្ដានុពលនៅពេលខាងមុខ។ យ៉ាងណាមិញ ភាពសុទិដ្ឋិនិយមទាំងងងឹតងងុល អាចធ្វើឲ្យអ្នកចំណាយលុយយ៉ាងច្រើនទៅវិនិយោគទាំងតក់ក្រហល់។ អ្នកត្រូវចាំថា នៅពេលចាប់ផ្តើមដំបូង អ្នកត្រូវសម្លឹងមើលឲ្យវែងឆ្ងាយ និងត្រៀមខ្លួនមើលបញ្ហាដែលនឹងកើតឡើងជាបន្តបន្ទាប់ ហើយអ្នកមើលមិនឃើញ។ កុំឲ្យតម្លៃខ្លាំងពេកលើគំនិតជំនួញរបស់អ្នក ហើយភ្លេចគិតដល់បញ្ហាផ្សេងៗ។ ហេតុដូច្នេះហើយ អ្នកមិនត្រូវប្រញាប់ប្រញាល់ខ្លាំងពេកទេ។ ចាប់ផ្តើមវាសន្សឹមៗពីតូចទៅធំ។ ចាប់ផ្តើមដំបូងដូចជាការសាកល្បងមួយដែរ បើវាដំណើរការ មានន័យថា ជំនួញអ្នកដើរទៅ មុខហើយ។
ចុចអាន៖ គន្លឹះអាជីវកម្ម៖ ការវិភាគទៅលើគូប្រជែង
២.វាយតម្លៃការចំណាយរបស់អ្នក
ការចំណាយសម្រាប់ការបង្កើត Startup នីមួយៗ វាមិនដូចគ្នាទេ។ គ្មានរូបមន្តស្តង់ដារណាមួយដែលអាចបញ្ជាក់ថា ជំនួញប្រភេទនេះ ឬប្រភេទនោះត្រូវការដើមទុនទំហំប៉ុណ្ណេះ ឬប៉ុណ្ណោះទេ។ ក៏ប៉ុន្តែបើយោងតាមក្រុមហ៊ុន Wasabi Publicity ផ្តល់ដំបូន្មានថា ម្ចាស់ Startup នីមួយត្រូវមានលុយសម្រាប់ការចំណាយថេរ (Fixed Cost) ឲ្យបាន ៦ខែ។
នៅពេលរៀបចំគម្រោងចំណាយ សូមកុំមើលស្រាលលើការចំណាយរបស់អ្នកពេក ហើយត្រូវចាំថា ការចំណាយនឹងកាន់តែកើននៅពេលជំនួញរបស់អ្នកកាន់តែលូតលាស់។ អ្នកអាចនឹងងាយមើលរំលងការចំណាយរបស់អ្នកនៅពេលគិតដល់រូបភាពធំ ប៉ុន្តែអ្នកត្រូវតែមានភាពច្បាស់លាស់លើរឿងនេះនៅពេលរៀបចំគម្រោងចំណាយថេរ (Fixed Expenses) របស់អ្នក។
ហេតុផលមួយដែលអាជីវកម្មខ្នាតតូច ឬបង្កើតថ្មីបរាជ័យទៅវិញដោយសារតែពួកគេអស់លុយ។ ពួកគេអាចទប់ការចំណាយនៅពីរឬ៣ខែដំបូង ប៉ុន្តែពួកគេមិនអាចទប់ទល់ការចំណាយនៅខែបន្តបន្ទាប់។ ដូចនេះហើយការសរសេរផែនការអាជីវកម្មដោយមិនបានធ្វើការព្យាករណ៍ ឬវាយតម្លៃឲ្យបានត្រឹមត្រូវទុកជាមុនទេនោះ ជារឿយៗធ្វើឲ្យអាជីវកម្មរបស់អ្នកជួបហានិភ័យខ្ពស់។
ចុចអាន៖ ហេតុអ្វី Startup ឥណ្ឌូនេស៊ីខ្លាំង? ចំណុចទាំងនេះជាអ្វីដែលម្ចាស់អាជីវកម្មត្រូវដឹង និងរៀនសូត្រពីពួកគេ
៣.ស្វែងយល់ពីប្រភេទនៃការចំណាយនីមួយៗដែលអ្នកត្រូវមាន
អ្នកត្រូវស្វែងយល់ការចំណាយជាច្រើនប្រភេទនៅពេលបង្កើត Startup ដំបូងៗ។ អ្នកចាំបាច់ត្រូវតែបែងចែកឲ្យដាច់ពីគ្នារវាងការចំណាយទាំងនោះដើម្បីគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងអាជីវកម្មរបស់អ្នកឲ្យបានត្រឹមត្រូវសម្រាប់រយៈពេលខ្លី និងរយៈពេលវែងខាងមុខ។ សម្រាប់អ្នកបង្កើត Startup ថ្មីថ្មោង គប្បីអ្នកស្វែងយល់ពីប្រភេទការចំណាយមួយចំនួនខាងក្រោមនេះ៖
ក.ថ្លៃចំណាយចាំបាច់ និងមិនចាំបាច់ (Essential vs. optional costs)
ថ្លៃចំណាយចាំបាច់គឺជាការចំណាយមួយប្រភេទដែលអ្នកត្រូវតែធ្វើ ដើម្បីឲ្យក្រុមហ៊ុនលូតលាស់ និងមានការអភិវឌ្ឍទៅមុខ។ ចំណែកថ្លៃចំណាយមិនចាំបាច់វិញ អាចធ្វើឡើងទៅបានដែរក្នុងករណីដែលមានលុយសម្រាប់អនុញ្ញាតឲ្យមានការចំណាយ។ ថ្លៃចំណាយប្រភេទនេះ អ្នកអាចចំណាយក៏បាន មិនចំណាយក៏បាន។
ខ.ថ្លៃចំណាយថេរ និងអថេរ (Fixed vs Variable Costs)
ការចំណាយថេរដូចជា ថ្លៃជួលអគារ និងប្រាក់ខែបុគ្គលិកជាដើម ជារឿយៗមិនប្រែប្រួលនោះទេពីមួយខែទៅមួយខែ ខណៈដែលថ្លៃចំណាយអថេរវិញ គឺវាមានការប្រែប្រួលអាស្រ័យលើការលក់ផលិតផល ឬសេវាកម្មដោយផ្ទាល់។ ការចំណាយថេរមើលទៅដូចជាច្រើនបើធៀបទៅនឹងចំណូលរបស់អ្នកសម្រាប់ខែដំបូងៗ ប៉ុន្តែបើការលក់របស់អ្នកកើនឡើង វាមិនមែនជាបញ្ហាចោទរបស់អ្នកទៀតទេ។
គ.ការចំណាយផ្សេងៗដែលជាទូទៅ Startup ត្រូវតែមាន
ក្រោយពីបានស្វែងយល់ពីប្រភេទនៃថ្លៃចំណាយផ្សេងៗខាងលើរួចហើយ ម្ចាស់ Startup ទាំងអស់អាចមកស្វែងយល់ដោយសង្ខេបពីថ្លៃចំណាយមួយចំនួនដែលខ្លួនត្រូវជួបដូចខាងក្រោម៖
-ការបង្ហោះវេបសាយ (Web Hosting) និងថ្លៃផ្សេងៗលើការបង្កើត Website
-ជួលអគារ ឬការិយាល័យ
-គ្រឿងសម្ភារៈ និងគ្រឿងសង្ហារិម
-ប្រាក់ខែ
-ការផ្គត់ផ្គង់ដែលចាំបាច់ (Basic Supplies) សម្រាប់ការិយាល័យ
-ប្រព័ន្ធ ឬកម្មវិធីបច្ចេកវិទ្យា (Basic Technology)
-ធានារ៉ាប់រង អាជ្ញាប័ណ្ណ និងផ្នែកច្បាប់
-ការផ្សព្វផ្សាយ និងប្រមូសិន (Advertising & promotions)
-ថ្លៃធ្វើគម្រោងអាជីវកម្ម (Business plan costs)។
ចុចអាន៖ បុគ្គលិក ៣៤ លាននាក់ប្រាប់ហេតុផល ៤ដែលអ្នកត្រូវលាឈប់ពីការងារនៅពេលឥឡូវនេះ
៤.ព្យាករណ៍មើលពីលំហូរសាច់ប្រាក់របស់អ្នក
ចំណុចសំខាន់មួយទៀតនៃគម្រោងហិរញ្ញវត្ថុរបស់ Startup គឺការព្យាករណ៍មើលពីលំហូរសាច់ប្រាក់របស់អ្នក។ អ្នកត្រូវព្យាករណ៍វាយ៉ាងហោចណាស់នៅក្នុងរយៈពេល ៣ខែដំបូងនៃជីវិតអាជីវកម្មរបស់អ្នក។ ការព្យាករណ៍នេះនេះមិនត្រូវប៉ាន់ស្មានវាយតម្លៃត្រឹមតែចំណាយថេរ (Fixed Expenses) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងថ្លៃដើមទំនិញ និងចំណូល និងចំណាយដ៏អាក្រក់បំផុតក្នុងអាជីវកម្មរបស់អ្នក។ ឧទាហរណ៍ថា បើអ្នកខ្ចីលុយគេមករកស៊ី អ្នកមិនត្រឹមតែដឹងថា បំណុលប៉ុន្មានអ្នកជំពាក់គេទេ អ្នកក៏ត្រូវដឹងដែរពីចំនួនការប្រាក់ដែលអ្នកត្រូវបង់ផងដែរ។
នេះគឺជាជំហានដ៏សំខាន់បំផុតមួយដើម្បីធានាថា ហិរញ្ញវត្ថុអាជីវកម្មរបស់អ្នកមានសុខភាពល្អ។ ប្រសិនបើកំណត់លំហូរសាច់ប្រាក់ និងបំណុលរបស់អ្នកមិនបានច្បាស់លាស់ទេនោះ អ្នកមិនអាចធ្វើឲ្យអាជីវកម្មរបស់អ្នកងើបទៅមុខរួចបានឡើយ។ រឿងដែលល្អបំផុតមួយទៀតទន្ទឹមនឹងនេះគឺថា បើសិនជាអាច អ្នកគួរចាប់ផ្តើម Startup ដោយមានដើមទុនខ្លួនឯង (មិនជំពាក់បំណុលគេ)។ ប៉ុន្តែបើជៀសមិនផុតពីការខ្ចីបំណុលគេ អ្នកត្រូវធ្វើការជិតស្និទ្ធជាមួយម្ចាស់បំណុលដើម្បីសហការនៅក្នុងករណីអាជីវកម្មរបស់អ្នកដើរទៅមិនរលូនទៅមុខ៕
អត្ថបទទាក់ទង៖
ដោយ៖ ខេវិន
ប្រភព៖ businessnewsdaily