គន្លឹះអាជីវកម្ម៖ ការវិភាគទៅលើគូប្រជែង
វាជាកិច្ចការចាំបាច់សម្រាប់អ្នកក្នុងការវិភាគទៅលើគូប្រជែង(Competitor Analysis) នៅគ្រប់ដំណាក់កាលនីមួយៗនៃអាជីវកម្មរបស់អ្នកដើម្បីធានាថា អ្នកកំពុងផ្តល់ជូននូវផលិតផល ឬសេវាកម្មដែលល្អបំផុតលក់ក្នុងតម្លៃសមរម្យសម្រាប់អតិថិជនរបស់អ្នក។ នេះជាមូលហេតុដែលអ្នកត្រូវរៀនស្វែងយល់ឲ្យបានច្បាស់ថា តើការវិភាគគូប្រជែងគឺជាអ្វី? ហេតុអ្វីបានជាការធ្វើការវិភាគទៅលើគូប្រជែងបានត្រឹមត្រូវអាចជួយឲ្យអាជីវកម្មរបស់អ្នកទទួលបានភាពជោគជ័យ?
តាមរយៈអត្ថបទនេះ អ្នកនឹងទទួលបានចម្លើយខាងលើទៅតាមលំដាប់លំដោយដូចខាងក្រោម៖
១.តើអ្វីទៅជាការវិភាគគូប្រជែង (Competitor Analysis)?
វិភាគគូប្រជែងគឺជាដំណើរការនៃការកំណត់ទិដ្ឋភាពទូទៅពីសកម្មភាពអាជីវកម្មគូប្រជែងរបស់អ្នកដែលមានស្រាប់នៅលើទីផ្សារដែលផ្ដល់ជូននូវផលិតផល ឬសេវាកម្មប្រហាក់ប្រហែល ឬដូចគ្នាទៅនឹងផលិតផល ឬសេវាកម្មរបស់អ្នក ហើយធ្វើការវាយតម្លៃផលិតផល ឬសេវាកម្មនោះ។ ការវិភាគទៅលើគូប្រជែងដ៏ល្អមួយ នឹងជួយឲ្យអ្នកបង្កើតស្តង់ដារអាជីវកម្មដ៏មានប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនយ៉ាងពិតប្រាកដ។
២.ហេតុអ្វីបានជាការវិភាគគូប្រជែងគឺជារឿងសំខាន់?
វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ម្ចាស់អាជីវកម្មទាំងអស់ក្នុងការធ្វើការវិភាគគូប្រជែងជាប្រចាំនៅក្នុងវដ្តជីវិតនៃអាជីវកម្មរបស់ពួកគេដើម្បីឲ្យវាមានការវិវដ្ដទាន់សម័យស្របទៅនឹងនិន្នាការ និងការផ្ដល់ផលិតផល ឬសេវាកម្មនៅលើទីផ្សារ។ ការវិភាគគូប្រជែងអាចបង្ហាញព័ត៌មានដែលពាក់ព័ន្ធនឹងភាពឆ្អែតនៅលើទីផ្សារ (Market Saturation) ឱកាសក្នុងមុខជំនួញ និងការអនុវត្តឲ្យបានល្អបំផុតនៅក្នុងវិស័យជំនួញរបស់អ្នក។
វាក៏មានសារៈសំខាន់ផងដែរដើម្បីស្វែងយល់ពីរបៀបដែលអតិថិជនរបស់អ្នកប្រតិកម្មមកលើផលិតផល ឬសេវាកម្មរបស់អ្នកប្រៀបធៀបទៅនឹងគូប្រជែងរបស់អ្នក។ ការវិភាគគូប្រជែងនឹងធ្វើឲ្យអ្នកមានគំនិតកាន់តែប្រសើរជាងមុនដើម្បីកំណត់ថា តើផលិតផល ឬសេវាកម្មប្រភេទណាដែលអ្នកត្រូវផ្ដល់ជូនអតិថិជនគោលដៅ? តើចំណុចណាខ្លះដែលធ្វើឲ្យអតិថិជនមើលរំលង? តើអ្វីទៅជាចំណុចខ្លាំង និងចំណុចខ្សោយគូប្រជែងរបស់អ្នក? តើអ្នកមានចំណុចពិសេសអ្វីដែលអាចមានប្រៀបជាងគូប្រជែង? តើអ្នកត្រូវអភិវឌ្ឍសេវាកម្ម ឬផលិតផលរបស់អ្នកដោយវិធីណា?
៣.តើអ្នកដាក់បញ្ចូលអ្វីខ្លះនៅការវិភាគគូប្រជែង?
ការប្រើប្រាស់ទម្រង់វិភាគ SWOT និង PEST ជាវិធីល្អបំផុតមួយដែលអ្នកអាចចាប់ផ្តើមធ្វើការវិភាគលើគូប្រជែងរបស់អ្នកបាន។ ក៏ប៉ុន្តែនៅមានសមាសធាតុជាច្រើន ទៀតដែលអ្នកត្រូវពិចារណានៅក្នុងការវិភាគគូប្រជែងនេះ។ ទន្ទឹមនឹងនេះ វាក៏ជារឿងចាំបាច់ផងដែរដែលអ្នកត្រូវបញ្ចូលព័ត៌មានឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីបង្កើតការវាយតម្លៃឲ្យបានត្រឹមត្រូវអំពីរបៀបដែលអាជីវកម្មរបស់អ្នកអាចប្រៀបធៀបជាមួយគូប្រជែងបានដូចជា រូបរាងផលិតផល តម្លៃ គុណភាព សេវាកម្ម ចំណុចខ្លាំង និងចំណុចខ្សោយជាដើម។ អ្នកក៏អាចប្រើវិធីវិភាគគូប្រជែងដោយខ្លួនឯង ឬគំរូវិភាគគូប្រជែងផ្សេងៗទៀតដែលមាននៅលើបណ្ដាញអ៊ីនធឺណិត។
ទោះបីជាយ៉ាងណាក៏ដោយ ការវិភាគគូប្រជែងរបស់អ្នកត្រូវមានសមាសធាតុ ១០ នេះជាសំខាន់៖
១.កំណត់លក្ខណៈពិសេសជាម៉ាទ្រីស (Feature Matrix)៖ ស្វែងរកលក្ខណៈពិសេសទាំងអស់នៃផលិតផល ឬសេវាកម្មដែលគូប្រជែងជាច្រើនរបស់អ្នកមាន។ បន្ទាប់មកស្រង់វាដាក់បញ្ចូលក្នុងតារាងបញ្ជីដើម្បីធ្វើការប្រៀបធៀបគ្នា។
២.ភាគរយនៃចំណែក ទីផ្សារ (Market Share Percentage)៖ ចំណុចនេះវាជួយកំណត់ថា នរណាជាគូប្រជែងខ្លាំងជាងគេនៅក្នុងវិស័យរបស់អ្នក។ កុំមើលរំលងគូប្រជែងដ៏ធំរបស់អ្នកពីព្រោះពួកគេអាចបង្រៀនអ្នកឲ្យជោគជ័យក្នុងវិស័យអាជីវកម្មរបស់អ្នកបាន។ ប្រើក្បួន ៨០/២០ ដោយ ៨០% នេះសម្រាប់គូប្រជែងដែលប្រហាក់ប្រហែលអ្នក និង ២០% ទៀតសម្រាប់គូប្រជែងដែលខ្លាំងជាងអ្នក។
៣.ការកំណត់តម្លៃ (Pricing )៖ មើលតម្លៃសេវាកម្ម ឬផលិតផលគូប្រជែងរបស់អ្នកថា តើពួកគេលក់ថ្លៃប៉ុន្មាន? តើពួក/គេលក់ផ្អែកលើគុណភាព ឬ បរិមាណ?
៤. ការធ្វើទីផ្សារ (Marketing)៖ តើអ្វីទៅជាយុទ្ធសាស្ត្រទីផ្សារដែលគូប្រជែងនីមួយៗរបស់អ្នកអនុវត្ត? អ្នកត្រូវតាមដាននៅលើគេហទំព័រ បណ្ដាញសង្គម ការរៀបចំកម្មវិធីឃោសនា ការផ្សព្វផ្សាយ និងមធ្យោបាយផ្សេងៗទៀតដែលគូប្រជែងរបស់អ្នកមាន។
៥.ចំណុចខុសប្លែក៖ តើអ្វីទៅដែលធ្វើឲ្យគូប្រជែងរបស់អ្នកខុសប្លែកពីគេ? តើពួកគេផ្សព្វផ្សាយរបៀបណាទើបធ្វើឲ្យផលិតផល ឬសេវាកម្មរបស់ពួកគេលេចធ្លោជាងគេ?
៦.ចំណុចខ្លាំង (Strengths)៖ កំណត់ពីអ្វីដែលគូប្រជែងរបស់អ្នកធ្វើបានល្អបំផុត និងអ្វីដែលធ្វើឲ្យពួកគេដើរទៅមុខបាន។ តើមានការវាយតម្លៃថា ពួកគេមានផលិតផលល្អជាងគេដែរឬទេ? តើម៉ាក (Brand) របស់ពួកគេមានការទទួលស្គាល់ខ្លាំងដែរឬអត់?
៧.ចំណុចខ្សោយ (Weaknesses)៖ កំណត់ឲ្យបានថា តើគូប្រជែងណាមួយដែលធ្វើបានល្អជាងគូប្រជែងផ្សេងទៀត? តើពួកគេមានចំណុចខ្សោយក្នុងការប្រើប្រាស់បណ្ដាញសង្គម (Social Media)ដែរឬទេ? តើពួកគេមានចំណុចខ្សោយលើការធ្វើអនឡាញដែរឬទេ? តើពួកគេបានប្រើប្រាស់វេបសាយ (Website) បានល្អកម្រិតណា? តើព័ត៌មានដែលអ្នកទទួលបានអាចធ្វើឲ្យអ្នកយកប្រៀបគូប្រជែងរបស់អ្នកបានដែរឬទេ?
៨.ទីតាំង (Geography)៖ ពិនិត្យមើលទីតាំងដែលគូប្រជែងរបស់អ្នករកស៊ី តើពួកគេកំពុងស្ថិតនៅទីតាំងដែលល្អឬអត់? តើទីតាំងដែលពួកគេរកស៊ីនៅតាមចិញ្ចឹមផ្លូវ ជួលអគារ ឬតាមអនឡាញ?
៩.វប្បធម៌ការងារក្រុមហ៊ុន (Culture)៖ ធ្វើការវាយតម្លៃពីកម្មវត្ថុរបស់គូប្រជែង ការផ្គាប់ផ្គុនបុគ្គលិក និងវប្បធម៌ការងាររបស់ក្រុមហ៊ុនជាដើម។ តើពួកគេជាប្រភេទអាជីវកម្មដែលបានផ្សព្វផ្សាយនៅឆ្នាំដែលពួកគេបង្កើតឡើង ឬ នៅពេលដែលអាជីវកម្មរបស់ពួកគេត្រូវបានធ្វើឲ្យទំនើបហើយ? អ្នកអាចពិនិត្យមើលការវាយតម្លៃ ឬការយល់ឃើញបុគ្គលិករបស់ពួកគេចំពោះក្រុមហ៊ុនរបស់ពួកគេ។
១០.ការវាយតម្លៃរបស់អតិថិជន (Customer Reviews)៖ អ្នកត្រូវវិភាគមើលការវាយតម្លៃរបស់អតិថិជនទៅលើគូប្រជែងរបស់អ្នក ហើយកំណត់ថា តើអ្វីទៅជាការពេញចិត្ត និងមិនពេញចិត្តរបស់អតិថិជនទាំងនោះ? ការវាយតម្លៃនេះអាចមើលឃើញតាមរយៈប្រព័ន្ធផ្ដល់ពិន្ទុពី ១ ដល់ ៥ (1 to 5 stars)៕
អត្ថបទទាក់ទង៖
- ចាប់ផ្ដើមជំនួញនៅថ្ងៃនេះជាមួយនឹងជំនាញរបស់អ្នក និងតម្រូវការនៅលើទីផ្សារ
- ជ្រើសរើសដៃគូជីវិតត្រូវ រួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យក្នុងជីវិត និងអាជីវកម្មរបស់អ្នក
ដោយ៖ ខេវិន
ប្រភព៖ businessnewsdaily