បុគ្គលិក ៣៤ លាននាក់ប្រាប់ហេតុផល ៤ដែលអ្នកត្រូវលាឈប់ពីការងារនៅពេលឥឡូវនេះ
តើអ្នកធ្លាប់លាឈប់ពីការងារដែរទេ? ប្រសិនបើធ្លាប់ នោះមានន័យថា មិនមែនមានតែអ្នកម្នាក់ឯងនោះឡើយ។ បើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនប្រឹក្សាផ្នែកធនធានមនុស្ស Mercer កាលពីឆ្នាំ ២០១៩ កន្លងទៅបានរកឃើញ ថា មានបុគ្គលិក ១ភាគ៣មានគម្រោងលាឈប់ពីការងារនៅក្នុងរយៈពេល ១២ ខែខាងមុខ។ ចំនួននេះពិតជាមិនធម្មតាទេ។
តើនេះបណ្តាលមកពីអ្វី? ហេតុអ្វីបានជាពួកគេមានគម្រោងលាឈប់ ពីក្រុមហ៊ុនយ៉ាងច្រើនបែបនេះ? ក្រុមហ៊ុន Peakon បានបកស្រាយចម្ងល់នេះដោយបានសិក្សាស្រាវជ្រាវលើបុគ្គលិក ៣២ លាននាក់ ហើយលទ្ធផលបានបង្ហាញមូលហេតុ ៤ សំខាន់ៗខាងក្រោមនេះដែលធ្វើឲ្យពួកគេលាឈប់ ពីការងារ។
១.ការងារមិនមានការប្រកួតប្រជែងខ្លាំង
គ្មាននរណាម្នាក់ចង់ចំណាយពេល ៨ ទៅ ៩ម៉ោងក្នុងមួយថ្ងៃនៅកន្លែងការដោយមានអារម្មណ៍ធុញថប់ គ្មានការខិតខំប្រឹងប្រែង ហើយការងារមិនសូវមានការប្រកួតប្រជែងខ្លាំងនោះឡើយ។ អ្នកត្រូវសកម្មក្នុងការងារ ត្រូវការប្រកួតប្រជែង ហើយត្រូវការសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់អ្នក។ បើយោងតាមរបាយការណ៍ Peakon បានលើកឡើងថា ការធ្វើឲ្យបុគ្គលិកមានអារម្មណ៍ថា ពួកគេបានរួមចំណែកដល់សមិទ្ធផលការងារ គឺជាកូនសោដ៏សំខាន់ធ្វើឲ្យបុគ្គលិកខិតខំបំពេញការងារកាន់តែខ្លាំង និងមានអារម្មណ៍កក់ក្ដៅ។
២.ការចរចារឿងដំឡើងប្រាក់ខែជាមួយថ្នាក់លើវាមិនអាចទៅរួច
ទោះបីជាអ្នកមិនត្រូវការលុយនៅក្នុងស្ថានភាពខ្លះក៏ដោយ ក៏ប៉ុន្តែវានៅតែសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប។អ្នកមិនមែនត្រូវការវាដើម្បីតែបង់ថ្លៃការចំណាយប្រចាំថ្ងៃរបស់អ្នកប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្នកក៏ត្រូវធ្វើឲ្យខ្លួនឯងមានតម្លៃ និងមានឥទ្ធិពលនៅក្នុងក្រុមហ៊ុនរបស់អ្នកដែរ។ ដើម្បីធ្វើឲ្យមានភាពយុត្តិធម៌ទៅ នឹងអ្វីដែលអ្នកបានធ្វើចំពោះក្រុមហ៊ុន ការចរចារឿងដំឡើងប្រាក់ខែជាមួយថ្នាក់លើគួរតែត្រូវបានធ្វើឡើងដោយបើកចំហ។ ក៏ប៉ុន្តែរឿងនេះ ពេលខ្លះវាមិនមែនសុទ្ធតែអាចធ្វើបាននោះទេ។ នេះហើយជាមូលហេតុដែលធ្វើឲ្យរបាយការណ៍ Peakon លើកឡើងថា វាជារូបភាពមួយធ្វើឲ្យបុគ្គលិកកាន់តែឃ្លាតឆ្ងាយ និងមានអារម្មណ៍ចង់លាឈប់ពីក្រុមហ៊ុន។
៣.មិនមានអារម្មណ៍ល្អជាមួយអ្នកគ្រប់គ្រង
ការទំនាក់ទំនងល្អបំផុតរបស់នៅក្នុងចំណោមការទំនាក់ទំនងផ្សេងៗទៀតនៅកន្លែងការងារ គឺការទំនាក់ទំនងរវាងអ្នក និងអ្នកគ្រប់គ្រងរបស់អ្នក។ ដូច្នេះប្រសិនបើទំនាក់ទំនងមួយនេះ វាមិនរលូនទេនោះ សញ្ញាណភ្លើងខៀវនៃការដើរចេញរបស់បុគ្គលិកមានកាន់តែច្រើនឡើង។ បើយោងតាមរបាយការណ៍ Peakon ប្រសិនបើ បុគ្គលិកមិនមានអារម្មណ៍ល្អជាមួយអ្នកគ្រប់គ្រងរបស់ខ្លួនទេ ពួកគេនឹងចាប់ផ្តើមដកខ្លួនកាន់តែឆ្ងាយបន្តិចម្តងៗពីអ្នកគ្រប់គ្រងនោះ។ ទន្ទឹមនឹងនេះប្រសិនបើអ្នកគ្រប់គ្រងមិនព្យាយាមដោះស្រាយបញ្ហានេះទេ បុគ្គលិករបស់ខ្លួននឹងស្វែងរកឱកាសការងារថ្មីនៅកន្លែងផ្សេង។
៤.មើលមិនឃើញឱកាសអភិវឌ្ឍសមត្ថភាពរបស់ខ្លួន
វាជារឿងធម្មតាទៅហើយសម្រាប់អ្នកដើម្បីធ្វើការមិនត្រឹមតែយកប្រាក់ខែមួយមុខប៉ុណ្ណោះទេ។ អ្នកត្រូវការភាពលូតលាស់នៅកន្លែងការងារ ចង់បានបទពិសោធន៍កាន់តែច្រើន ចង់ឲ្យសមត្ថភាពកាន់តែរីកចម្រើនទៅមុខ ហើយក៏ចង់ឲ្យក្រុមហ៊ុនកាន់តែរកចំណូលបានច្រើន។ ប៉ុន្តែនឹងមានអ្វីកើតឡើងប្រសិនបើសមត្ថភាពរបស់អ្នកគ្មានការអភិវឌ្ឍ? ចម្លើយ ការចាកចេញគឺជាជម្រើសដ៏ល្អបំផុតរបស់អ្នក៕
អត្ថបទទាក់ទង៖
- ពាក្យកុហកដ៏ពេញនិយមចំនួន ៤ ដែលឪពុកម្ដាយរបស់អ្នកបានប្រាប់អ្នករឿងលុយកាក់ និងជីវិតការងារ
- សញ្ញាណ៦ចំណុចបញ្ជាក់ថា មិត្តរួមការងាររបស់អ្នកមិនមានទំនុកចិត្តមកលើអ្នក
ដោយ៖ ខេវិន
ប្រភព៖ Inc