សមាសធាតុសំខាន់ចំនួន ៥ ដែល Startup ត្រូវមានដើម្បីឈរឈ្មោះយូរអង្វែងនៅលើទីផ្សារ
បើយោងតាមរដ្ឋបាលធុរកិច្ចខ្នាតតូចអាមេរិក (Small Business Administration) បានឲ្យដឹងថា អាជីវកម្មពាក់កណ្តាលបានបរាជ័យទៅវិញនៅក្នុងរយៈពេល ៥ ឆ្នាំដំបូង ខណៈដែលជាង ២០% ទៀតបានបរាជ័យនៅដើមឆ្នាំដំបូង។ ទាំងនេះគឺជាស្ថិតិគួរឲ្យភ្ញាក់ផ្អើលខ្លះ ប៉ុន្តែក្នុងនាមជាអ្នកជំនួញ ឬ ម្ចាស់ Startup ថ្មីថ្មោង អ្នកមិនចាំបាច់បាក់ទឹកចិត្តដល់ដោយសារតែទិន្នន័យនេះពេកទេ។ ទោះបីជាវាកន្លែងជាច្រើនដែលធ្វើឲ្យអ្នកបរាជ័យ វាក៏មាននៅសល់ផ្លូវផ្សេងទៀតដែលធ្វើឲ្យអ្នកជោគជ័យផងដែរ
ជាគោលការណ៍ជោគជ័យសម្រាប់ Startup អ្នកត្រូវកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ។ ខាងក្រោមនេះ គឺជាមូលដ្ឋានគ្រឹះសំខាន់ៗទាំងនោះដែលអ្នកត្រូវតែមាន។
១.ការកសាងបណ្ដាញទំនាក់ទំនងដ៏រឹងមាំជាមួយអ្នកជំនួញ
សម្រាប់សហគ្រិនថ្មីថ្មោង ឬម្ចាស់ Startup ទើបនឹងបង្កើតថ្មី ត្រូវដឹងថា ការកសាងបណ្ដាញទំនាក់ទំនងក្នុងចំណោមមិត្តភក្តិ អ្នកបង្ហាញផ្លូវ គ្រូបណ្ដុះបណ្ដាល និងបុគ្គលជោគជ័យជាច្រើនទៀតដែលមានប្រភពមកពីអ្នកជំនួញដូចគ្នា គឺមានសារៈសំខាន់ជាងផលិតផល និងហិរញ្ញវត្ថុទៅទៀត។ ទំនាក់ទំនងដ៏រឹងមាំ វាជាកូនសោរ ពីព្រោះវាធ្វើឲ្យអ្នកបានឈានជើងកាន់តែកៀកទៅនឹងមនុស្សពូកែៗ មនុស្សដែលមានសក្ដានុពល អ្នកឯកទេស និងក្រុមមនុស្សដែលអាចជួយផ្តល់ប្រឹក្សាផ្នែកច្បាប់ឲ្យអ្នកបាន។
តើអ្នកអាចកសាងទំនាក់ទំនងដោយរបៀបណា?
- សហការជាមួយម្ចាស់ Startup ថ្មីៗ
- ចូលរួមជាមួយស្ថាប័នវិជ្ជាជីវៈដែលបម្រើឲ្យវិស័យជំនួញរបស់អ្នក
- ចូលរួមជាសមាជិករបស់សភាពាណិជ្ជកម្ម ឬអង្គការក្នុងស្រុកផ្សេងៗទៀត។
២.មានផលិតផល ឬសេវាកម្មដែលជាតម្រូវការទីផ្សារ
នេះជាចំណុចស្លាប់រស់របស់ Startup។ ទោះបីជាអ្នកមានគំនិតអស្ចារ្យ និងមានផលិតផលប្រកបដោយគុណភាពក៏ដោយ ប្រសិនបើផលិតផលរបស់អ្នកមិនអាចឆ្លើយតបទៅនឹងតម្រូវការ ឬមិនអាចដោះស្រាយបញ្ហាជូនអតិថិជនយ៉ាងមានប្រសិទ្ធភាពទេនោះ អ្នកមិនអាចទាញយកចំណូលពីពួកគេបានឡើយ។
តើអ្នកអាចបង្កើតផលិតផលត្រូវនឹងអតិថិជនដោយរបៀបណា?
- ស្រាវជ្រាវទីផ្សារឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងបង្កើត Startup
- ស្វែងយល់ពីតម្រូវការ និងចំណាប់អារម្មណ៍របស់អតិថិជន
- អ្នកត្រូវសាកល្បងជាមុនសិន មុននឹងសម្រេចចិត្តដាក់ទុនវិនិយោគ។
៣.ទីតាំងល្អ
អចលនទ្រព្យស្ថិតនៅទីតាំងល្អគឺជាចំណុចលេចធ្លោមួយសម្រាប់ Startupរបស់អ្នក។ ប៉ុន្តែតម្លៃរបស់វាគឺជាបញ្ហារបស់អ្នក។ ក្រៅពីចំណាយលុយទិញ ជួល សាងសង់ ឬជួសជុល អ្នកក៏ត្រូវគិតទៅលើថ្លៃទឹកភ្លើង និងការថែទាំផងដែរ។ ជាទូទៅ ថ្លៃចំណាយលើការជួលវិញមិនគួរលើស ១០% នៃចំណូលដែលបានកពីការលក់របស់អ្នកឡើយ។ ប្រសិនបើការចំណាយនេះលើសពី ១០% អ្នកគួរតែគិតពីការជួលទីតាំងនោះឡើងវិញថា ទីតាំងនោះវាស័ក្ដិសមឲ្យអ្នកហ៊ានចំណាយតទៅទៀតឬអត់។
តើធ្វើដូចម្ដេចទើបអាចរកទីតាំងល្អបាន?
- ស្រាវជ្រាវរកមើលទីតាំងឲ្យបានល្អិតល្អន់?
- ប្រៀបធៀបតម្លៃការជួល ទិញ សាងសង់ ជួសជុល ឬថែទាំ។
៤.បង្កើតគម្រោងផែនការទាញយកប្រភពទុន
គ្រប់ Startup ទាំងអស់ចាប់អារម្មណ៍លើប្រាក់ចំណេញ។ ប៉ុន្តែសំនួរសួរថា តើវាទាមទារអ្វីខ្លះ? តើអ្នកមានលទ្ធភាពទូទាត់ការចំណាយដោយខ្លួនឯងបានដែរឬទេ? តើអ្នកត្រូវខ្ចីលុយមករកស៊ី ឬប្រើដើមទុនខ្លួនឯង? តើចំណូលដែលអ្នកទទួលបានមានច្រើនកម្រិតណា? ធ្វើដូចនេះទើបអ្នកអាចកំណត់បានថា ពេលណាដែលអ្នកអាចប្រកាសបានថា Startup របស់អ្នកជោគជ័យ ឬបរាជ័យ។ ទោះបីជាបែបនេះក្ដី អ្នកត្រូវដឹងថា គ្រប់ Startup ទាំងអស់ត្រូវតែមានដើមទុនដើម្បីរកស៊ី។ ដូច្នេះមុនចាប់ផ្តើមធ្វើវា អ្នកត្រូវមានគម្រោងអាជីវកម្មត្រឹមត្រូវដើម្បីកៀរគររកប្រភពទុនក្នុងករណីអ្នកមានទុនមិនគ្រប់គ្រាន់ ឬត្រូវការដើមទុនបន្ថែមដើម្បីពង្រីកវាឲ្យកាន់តែធំ។
តើអ្នកអាចប្រមូលដើមទុនដោយរបៀបណា?
- មានគម្រោងស្នើសុំប្រាក់កម្ចីអាជីវកម្មខ្នាតតូចពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងៗក្នុងស្រុក
- ស្វែងរកប្រភពទុនពីក្រុមអ្នកវិនិយោគ (Angel Investors) ដោយបង្កើតផែនការអាជីវកម្មដ៏ទាក់ទាញ
- កៀរគររកប្រភពទុនផ្សេងៗទៀតមកពីសមាជិកគ្រួសារ ឬមិត្តភក្តិ។
៥.ពង្រីកម៉ាកយីហោឲ្យកាន់តែល្បីល្បាញនៅលើទីផ្សារ
ទោះបីជាអ្នកមិនទាន់មានផលិតផល ឬសវាកម្មសម្រាប់លក់ក៏ដោយ អ្នកត្រូវតែធ្វើឲ្យ Startup របស់អ្នកកាន់តែល្បីឡើងនៅលើទីផ្សារ។ នេះនឹងជួយឲ្យអ្នកអាចស្វែងរកអតិថិជនគោលដៅ និងមនុស្សដែលអ្នកអាចគិតថា ពួកគេអាចធ្វើការជាមួយអ្នកដើម្បីអភិវឌ្ឍផលិតផល ឬសេវាកម្មរបស់អ្នក។
តើអ្នកអាចធ្វើឲ្យម៉ាកយីហោកាន់តែល្បីល្បាញនៅលើទីផ្សារដោយរបៀបណា?
- ប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយពីផលិតផលឬសេវាកម្មរបស់អ្នក
- កំណត់ឲ្យឃើញពីចំណុចខ្លាំង និងចំណុចខ្សោយ Startup របស់អ្នកធៀបនឹងគូប្រជែង
- បង្កើតទំនាក់ទំនងជាមួយ អតិថិជនឲ្យបានកាន់តែច្រើនឡើងត្រូវមានទេពកោសល្យនៅក្នុងមុខជំនួញរបស់អ្នក៕
ដោយ៖ ខេវិន
ប្រភព៖ businessnewsdaily