មេរៀន​ ៩​យ៉ាង​ដែល​និស្សិត​មហាវិទ្យាល័យ​ត្រូវ​ដឹង​



អ្នក​មិន​អាច​ចេះ​គ្រប់យ៉ាង​នោះ​ទេ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​បាន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​មួយ​នេះ​ ជា​ពិសេស​នៅ​ពេល​ដែល​ពួកគេ​ចាប់​ផ្តើម​អាជីព​ការងារ​។ ប្រសិន​បើ​អ្នក​ទើប​រៀន​ចប់​មហាវិទ្យាល័យ អ្នក​គួរ​ចំណាយ​ពេល​​មួយ​ឆ្នាំ​ចុងក្រោយ​របស់​អ្នក​ដើម្បី​សិក្សា​ពី​មេរៀន​ជីវិត​មួយ​ចំនួន​នៅ​ការងារ​ដំបូង​របស់​អ្នក។ សូម​កុំ​ផ្តោត​​ពី​រឿង​ប្រាក់​ខែ​របស់​អ្នក​ច្រើន​ពេក​ អ្វី​ដែល​អ្នក​គួរ​ផ្តោត​គឺ​បទពិសោធន៍ និង​មេរៀន​ជីវិត​មួយ​ចំនួន​​ដូច​​ខាងក្រោម៖  

១.​មនុស្ស​ជុំវិញ​អ្នក​​គឺ​ជា​រឿង​សំខាន់
ធ្វើ​អំពើ​ល្អ​​​ដាក់​មនុស្ស​ជុំវិញ​អ្នក មិនមែន​ដោយសារតែ​ពួកគេ​ធ្វើ​ល្អ​ដាក់​អ្នក​វិញ​នោះ​ទេ ក៏ប៉ុន្តែ​ដោយសារតែ​នេះ​គឺ​ជា​រឿង​​ត្រឹមត្រូវ​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​អ្នក។ នេះ​រួមមាន​ដូច​ជា មិន​បំពាន​​សិទ្ធិ​អ្នកដទៃ​ដើម្បី​ទាញ​យក​ប្រយោជន៍​ខ្លួនឯង ការ​គោរព​ឲ្យ​តម្លៃ​អ្នកដទៃ ​ឬ​ការ​ចេះ​ចែករំលែក​​ជាដើម ​ពីព្រោះ​បើ​អ្នក​មិន​ធ្វើ​ដូច្នេះ​ទេ​ អ្នក​កំពុង​​បន្ទាប​តម្លៃ​ខ្លួនឯង​ហើយ។

២.មាន​ច្បាប់​ជីវិត​មួយ​ចំនួន​ដែល ​អ្នក​ត្រូវ​ដឹង
ចង់​ជោគជ័យ ​មិន​ចាំបាច់​ទាល់តែ​មនុស្ស​គ្រប់គ្នា​ទៅ​រៀន​មហាវិទ្យាល័យ​នោះ​ទេ ហើយ​ក៏​មិនមែន​មានន័យ​ថា អ្នក​ទៅ​រៀន​មហាវិទ្យាល័យ​សុទ្ធតែ​ជោគជ័យ​នោះ​ដែរ។ អ្នក​អាច​​រៀន​សូត្រ​ពី​គ្រប់​ទីកន្លែង​ដែល​អ្នក​រស់នៅ។ អ្នក​មិន​ចាំបាច់​ទាល់តែ​​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ធំ​ទើប​យល់​ថា ជីវិត​ការងារ​របស់​អ្នក​មានន័យ​នោះ​ទេ។ នៅ​ពេល​អ្នក​កាន់តែ​ចាស់ អ្នក​នឹង​​​ដឹង​​ថា ច្បាប់​ជីវិត​របស់​មនុស្ស​ម្នាក់ៗ មិនមែន​​​ទាល់តែ​អនុវត្ត​តាម​ក្បួន​​​ដែល​គេ​ចងក្រង​ទុក​ ឬ​ផ្លូវ​ដែល​អ្នក​ជោគជ័យ​ធ្លាប់​ដើរ​នោះ​ទេ​។ អ្នក​មាន​ផ្លូវ​ជីវិត​របស់​អ្នក ហើយ​អ្នក​​ត្រូវ​​បង្កើត​ផ្លូវ​​ជីវិត​មួយ​ដោយ​ខ្លួនឯង ហើយ​សម្រាប់​ខ្លួនឯង។

៣.ធ្វើ​អ្វី​ក៏ដោយ​​ត្រូវ​ឲ្យ​មាន​តម្លាភាព
ជា​ទូទៅ មនុស្ស​មិន​ចូលចិត្ត​​ធ្វើ​អ្វី​ដែល​ពួកគេ​មិន​យល់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ មនុស្ស​នឹង​យល់​ព្រម​ធ្វើ​អ្វី​ដែល​ពួកគេ​យល់​ច្បាស់។ សូម​​កុំ​លាក់បាំង​រឿង​នេះ​ពី​ការពិត​ឲ្យ​សោះ។ នៅ​ក្នុង​ជីវិត​ជាក់ស្ដែង អ្នក​ត្រូវ​បង្ហាញ​ការពិត​ឲ្យ​បាន​ច្រើន កុំ​បំភ្លៃ​ការពិត កុំ​​ក្រឡៃ​ស​ទៅ​ជា​ខ្មៅ។ ពេល​ខ្លះ​​មនុស្ស​មួយ​ចំនួន​អាច​យល់​ច្រឡំ​ពី​អ្នក ប៉ុន្តែ​សូម​ចាំ​ថា មនុស្ស​គ្រប់រូប​នឹង​​ចូលចិត្ត​ស្រលាញ់​នរណា​ដែល​​និយាយ​ការពិត។

៤.កុំ​ឈប់​រៀន​
រៀន​ស្រូប​យក​ចំណេះដឹង​ថ្មីៗ​ឲ្យ​ខ្លួន​ឯង​។ ចំណេះដឹង​ធ្វើ​ឲ្យ​អ្នក​មាន​ជំនាញ ហើយ​ជំនាញ​ធ្វើ​ឲ្យ​អ្នក​មាន​គុណ​តម្លៃ។ អ្នក​មិន​ចាំបាច់​មាន​គ្រូ​មក​បង្រៀន​​អ្នក​គ្រប់​ពេល​នោះ​ទេ។ អាន​ឲ្យ​បាន​ច្រើន ហើយ​ចោទសួរ​​សំនួរ​ល្អៗ​ទៅ​កាន់​មនុស្ស​ពូកែៗ​​​ដែល​អ្នក​បាន​ស្គាល់​នៅ​ក្នុង​សង្គម​របស់​​អ្នក។ ត្រង់​ចំណុច​នេះ មាន​សកម្មភាព​ពីរ​យ៉ាង​ដែល​​ធ្វើ​ឲ្យ​ពួកគេ​​ស្រលាញ់​​អ្នក​គឺ​​ទី ១ សួរ​ដើម្បី​សុំ​មតិ​យោបល់​ពី​ពួកគេ​ និង​២ រាប់​អាន​មនុស្ស​ដែល​នាំ​ឲ្យ​អ្នក​រីកចម្រើន។

៥.បង្កើត​តម្លៃ​ជីវិត​
ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​តម្លៃ អ្នក​មិន​ចាំបាច់​រៀន​​អ្វីៗ​គ្រប់​យ៉ាង​នោះ​ទេ។ លុយ​​​គឺ​ជា​របស់​មួយ​ដែល​​អាច​ជួយ​បង្ហាញ​ពី​តម្លៃ​របស់​នរណា​ម្នាក់  ហើយ​វា​នឹង​អាច​ដោះដូរ​បាន​នៅ​ពេល​ដែល​​អ្នក​បាន​បង្កើត​តម្លៃ​ឲ្យ​ខ្លួនឯង។ ស្វែងរក​ឲ្យ​ឃើញ​​ពី​វិធី​ដែល​អាច​ជួយ​​ផ្ដល់​គុណ​តម្លៃ​ទៅ​ឲ្យ​អ្នកដទៃ ហើយ​បន្ទាប់​មក​លុយ​នឹង​​រត់​តាម​អ្នក។

៦.ទំនាក់ទំនង​គឺ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់
ការ​ទំនាក់ទំនង​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ ទន្ទឹម​នឹង​នេះ​មនុស្ស​ដែល​អ្នក​​រាប់អាន​​គឺ​​កាន់តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត។ អ្នក​ត្រូវ​បង្កើត​ទំនាក់ទំនង​​លក្ខណៈ​យូរអង្វែង​ឲ្យ​បាន​ច្រើន​ដោយ​ការ​ជួយ​អ្នកដទៃ ហើយ​​​រាប់អាន​នរណា​ដែល​ជា​រឿយៗ​បាន​ជួយ​ជ្រោមជ្រែង និង​ធ្វើ​ឲ្យ​ជីវិត​របស់​​អ្នក​ល្អ​​ប្រសើរ​ឡើង។ សូម​ឲ្យ​តម្លៃ​​លើ​ទំនាក់ទំនង​បែប​នេះ ហើយ​ព្យាយាម​រក្សា​​វា​ឲ្យ​បាន​យូរ​អង្វែង។ នៅ​ពេល​ដែល​អ្នក​ត្រូវការ​ពួកគេ ពួកគេ​នឹង​នៅ​ទីនេះ​ជាមួយ​អ្នក។

៧.ស្វែងយល់​ពី​មនុស្ស​ជោគជ័យ​​ឲ្យ​បាន​ច្រើន
គ្រប់​មនុស្ស​ជោគជ័យ​ទាំងអស់​ សុទ្ធតែ​រក​ឃើញ​អ្វី​មួយ​ពិសេស​សម្រាប់​ខ្លួនឯង។ នេះ​ជា​ហេតុផល​មួយ​ដែល​អ្នក​គួរ​​សិក្សា​ស្វែងយល់ និង​រៀន​សូត្រ​ពី​ពួកគេ។ តើ​ពួកគេ​អាច​ជោគជ័យ​ដោយ​របៀបណា? តើ​ពួកគេ​បាន​ឆ្លងកាត់​អ្វី​ខ្លះ​ទើប​បាន​ជោគជ័យ? បើ​អ្នក​ព្យាយាម អ្នក​នឹង​ស្គាល់​ពួកគេ​កាន់តែ​ច្រើន។ ស្វែង​រក​អ្នក​ជោគជ័យ​ណា​មួយ​ដែល​​បាន​ដើរ​លើ​ផ្លូវ​មួយ​ដែល​អ្នក​ចង់​ជោគជ័យ។ កុំ​ព្យាយាម​​​ស្វែង​​រក​ភាព​ជោគជ័យ​ពី​នរណា​ម្នាក់​ដែល​អ្នក​មិន​ចង់​ធ្វើ​ដូច។ ​

៨.កុំ​បង្កើត​ភាព​ភ័យខ្លាច​​ក្នុង​ជីវិត​ច្រើន​ពេក
ភាព​ភ័យខ្លាច​បង្ក​ឲ្យ​មាន​រឿង​ចម្លែកៗ​ និង​គួរ​ឲ្យ​ភ័យខ្លាច​ជា​ច្រើន​នៅ​ក្នុង​ជីវិត​របស់​អ្នក។  វា​នឹង​បង្ខំ​អ្នក​ឲ្យ​ធ្វើ​​ការ​សម្រេចចិត្ត​មិន​​បាន​ល្អ ធ្វើ​ឲ្យ​មាគ៌ា​ជីវិត​របស់​អ្នក​ចុះ​ខ្សោយ ហើយ​ជំរុញ​ឲ្យ​អ្នក​បង្ហាញ​​ឫកពា​មិន​សម​ហេតុផល​។ អ្វី​កាន់តែ​ធ្ងន់ធ្ងរ​​ជាង​នេះ​  គឺ​​ភាព​ភ័យខ្លាច​ធ្វើ​ឲ្យ​អ្វីៗ​អាក្រក់​ជាង​ការពិត​ទៅ​ទៀត ។ ដូច​នេះ​ ភាព​ភ័យខ្លាច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​​មើល​ទៅ​កាន់តែ​អាក្រក់​ខ្លាំង​ឡើង។ ​​

៩.ចេះ​បន្ទាប​ខ្លួន និង​មាន​សីលធម៌​នៅ​ក្នុង​ជីវិត
ការ​បន្ទាប់​ខ្លួន​ មិន​ឆ្មើងឆ្មៃ និង​មាន​សីលធម៌​ខ្ពស់ គឺ​​សីលធម៌​ជីវិត​របស់​​បុគ្គល​ថ្លៃថ្នូរ។ មនុស្ស​ដែល​មាន​សីលធម៌​ក្នុង​ជីវិត គួរ​តែ​ត្រូវ​បាន​ឲ្យ​តម្លៃ​ស័ក្ដិសម​ជា​អ្នក​ចេះ​ដឹង​ដែល​អាច​សម្រេច​ក្តី​ប្រាថ្នា​ក្នុង​ជីវិត និង​ជា​ទីពឹង​អាស្រ័យ​របស់​មនុស្ស​គ្រប់គ្នា។  ចំណេះដឹង ឋានៈ និង​ប្រវត្តិ​ជីវិត​​បែប​ណា​របស់​អ្នក វា​មិន​សំខាន់​នោះ​ឡើយ អ្វី​ដែល​សំខាន់​ ការ​ចេះ​ដាក់​ខ្លួន និង​មាន​សីលធម៌​ល្អ​នៅ​ក្នុង​ជីវិត គឺ​ជា​ផ្លូវ​មួយ​ដែល​អរិយបុគ្គល​ដើរ​ឆ្លងកាត់៕

ដោយ៖ ខេវិន
ប្រភព៖ Forbes ​​

X
5s