គន្លឹះទាំង៥ ដើម្បីរៀនគណិតវិទ្យាឲ្យពូកែ ចែករំលែកដោយ សាន គឹមស័ង អតីតសិស្សពូកែលេខ១ ឆ្នាំ២០១៩
មានសិស្សានុសិស្សមួយចំនួនដែលជួបបញ្ហាលំបាកក្នុងការរៀនគណិតវិទ្យាដូចជា ការរៀនមិនចេះ ឆាប់ធុញ ងងុយគេងជាដើម។ ដើម្បីដោះស្រាយបញ្ហាដែលបានលើកឡើងទាំងអស់នេះ យើងបានទទួលការចែករំលែកនូវគន្លឹះមួយចំនួនពី អតីតបេក្ខជនចំណាត់ថ្នាក់លេខ១ គណិតវិទ្យា ឆ្នាំ២០១៩ សាន គឹមស័ង ដែលអាចជួយដល់សិស្សានុសិស្សក្នុងការសិក្សាគណិតវិទ្យា និងអាចទទួលបានលទ្ធផលល្អប្រសើរជាងមុន។
១. ចងចាំរូបមន្ត
ជាធម្មតាការគណនាគណិតវិទ្យាតែងតែត្រូវការប្រើប្រាស់រូបមន្ត ទ្រឹស្ដីបទ ផ្សេងៗដែលមាននៅក្នុងកម្មវិធីសិក្សា ហើយរូបមន្ត និងទ្រឹស្ដីបទ ទាំងអស់នោះយើងត្រូវការចងចាំដើម្បីងាយស្រួលក្នុងការដោះស្រាយលំហាត់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត។
២. រៀនធ្វើលំហាត់តូចៗមុន (ពីលំហាត់ដែលងាយស្រួល ទៅលំហាត់ដែលពិបាក)
ការចំណាយពេលតាមដំណាក់កាលបែបនេះ មានន័យថា អ្នកត្រូវរៀនមេរៀនចេះមុន ទើបអាចធ្វើលំហាត់តាមក្រោយ។ ពេលដែលអ្នកធុញ អ្នកគួរយកលំហាត់តូចៗមកធ្វើដើម្បីលើកទឹកចិត្តខ្លួនឯងឲ្យធ្វើបន្តទៀត។ នៅពេលដែលចាប់ផ្ដើមដោះស្រាយបាន១-២ លំហាត់ អ្នកនឹងចាប់ផ្ដើមសប្បាយចិត្តចង់ធ្វើបន្តទៀត។ ពេលធ្វើលំហាត់ដែលពិបាក ត្រូវធ្វើយ៉ាងណា ដោះស្រាយបន្តិចម្ដងៗ មួយចំណុចម្ដងៗ និងឃើញទម្រង់ងាយស្រួលរបស់វា។
៣. អនុវត្តការធ្វើលំហាត់ឲ្យបានច្រើន
ការធ្វើលំហាត់បានច្រើន និងច្រើនដង អាចធ្វើឲ្យចងចាំរូបមន្តនិងទម្រង់នៃការធ្វើលំហាត់។ សកម្មភាពបែបនេះបង្កើននូវចំនេះដឹងក៏ដូចជាសមត្ថភាពគិតរបស់យើង។ អ្នកនឹងយល់ច្បាស់ពីការដោះស្រាយលំហាត់នីមួយៗច្បាស់លាស់។
៤. ធ្វើលំហាត់ និងវិញ្ញាសាឆ្នាំចាស់ៗដែលធ្លាប់ចេញកន្លងមក
ការរៀនធ្វើលំហាត់ និងវិញ្ញាសាឆ្នាំចាស់ៗដែលធ្លាប់ចេញកន្លងមក អាចឲ្យអ្នកធ្វើការស្មានដឹងថាតើអ្នកមានសមត្ថភាពកម្រិតណា អាចដោះស្រាយលំហាត់បានត្រឹមត្រូវឬទេ ទាន់ពេលវេលាដែលបានកំណត់ឬទេ។ អ្នកក៏នឹងមានទំនុកចិត្តនៅពេលប្រលងជាផ្លូវការ ព្រោះអ្នកបានធ្វើការអនុវត្តទម្រង់នៃលំហាត់បែបនោះច្រើនដងរួចមកហើយ។
៥. រកអ្នកជួយពន្យល់បន្ថែម
ការស្វែងរកជំនួយក៏ជាកត្តាមួយសំខាន់ ក្នុងការដោះស្រាយលំហាត់នានា ដែលអ្នកមិនអាចធ្វើបាន។ មិត្តភក្ដិ លោកគ្រូ អ្នកគ្រូ ឬក៏រៀមច្បងក្ដី សូមក្លាហានសុំជំនួយពីពួកគាត់ សួរគាត់ និងសុំឲ្យគាត់ធ្វើការពន្យល់ត្រង់ចំណុចណាដែលយើងមិនយល់ ឬមិនអាចដោះស្រាយបាន។
អ្វីក៏ដោយតែងតែមានវិធីដោះស្រាយ។ បើទោះបីជាប្អូនៗអាចនឹងកំពុងជួបប្រទះបញ្ហាប្រឈម ក្នុងការរៀនគណិតវិទ្យា សូមប្អូនៗកុំបាក់ទឹកចិត្ត និងសូមប្រឹងប្រែងសិក្សារៀនសូត្របន្តទៅទៀត។ ពួកយើងជឿថា សិស្សានុសិស្សទាំងអស់គ្នានឹងទទួលបានលទ្ធផលល្អក្នុងការសិក្សា ក៏ដូចជាការប្រលងនៅថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា សាន គីមស័ង គឺជាអតីតសិស្សពូកែគណិតវិទ្យាថ្នាក់ទី ១២ ចំណាត់ថ្នាក់លេខ ០១ ទូទាំងប្រទេសប្រចាំឆ្នាំ ២០១៩ ហើយក៏ជាអតីតសិស្សនិទ្ទេស A ប្រចាំឆ្នាំ ២០១៩ ផងដែរ។ បច្ចុប្បន្ន គីមស័ង គឺជានិស្សិតអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យអាមេរិចកាំងភ្នំពេញ (AUPP) សិក្សាជំនាញរដ្ឋបាលធុរកិច្ច៕
ដោយ៖ សុធារ៉ា