ចាប់ផ្ដើមជំនួញនៅថ្ងៃនេះជាមួយនឹងជំនាញរបស់អ្នក និងតម្រូវការនៅលើទីផ្សារ
គ្រប់មុខជំនួញទាំងអស់ដែលជោគជ័យ គឺដោយសារតែជំនួញទាំងនោះអាចស្វែងរកដំណោះស្រាយពិតប្រាកដឆ្លើយតបទៅនឹងបញ្ហាទាំងឡាយរបស់អតិថិជន។ ប៉ុន្តែរឿងនេះគួរឲ្យស្តាយណាស់ពីព្រោះថា មនុស្សភាគច្រើនរកមិនឃើញថា តើគួរចាប់ផ្តើមជំនួញរបស់ពួកគេពីកន្លែងណាទៅ? ពួកគេមិនដឹងថា តើគួរបង្កើតផលិតផល ឬសេវាកម្មអ្វីសម្រាប់ចូលរួមចំណែកដោះស្រាយបញ្ហារបស់អតិថិជន?
មិនខ្វល់ថា អ្នកបានចំណាយណាពេលលើកដំបូងនៅក្នុងឆាកជីវិត និងអាជីពរបស់អ្នកដោយរបៀបណានោះទេ អ្នកត្រូវតែដុសខាត់ខ្លួនឯងឲ្យពូកែខាងអ្វីមួយ។ វាជាទេពកោសល្យ ឬសមត្ថភាពដែលអ្នកមានពិសេសជាងអ្នកផ្សេង ទៀត ហើយមនុស្សគ្រប់គ្នាមានចំណុចពិសេសនេះ។ នេះមិនមែនមានន័យថា អ្នកត្រូវតែមានសមត្ថភាពពិសេសជាងគេបំផុតក្នុងលោកនោះទេ។ ការពិតដោយគ្រាន់តែអ្នកអាចស្វែងរកវិធីជួយដោះស្រាយបញ្ហានៅក្នុងផ្នែកណាមួយដែលជាតម្រូវការរបស់មនុស្សជុំវិញអ្នកបាន គឺវាអាចចាត់ទុកថា អ្នកមានសមត្ថភាពពិសេសមួយរួចបាត់ទៅហើយ។
គោលដៅនៃការខិតខំប្រឹងប្រែងផ្នែកទីផ្សារសម្រាប់អាជីវកម្មរបស់អ្នកគឺត្រូវស្វែងរកមនុស្សដែលចាប់អារម្មណ៍នឹងគំនិតអាជីវកម្មរបស់អ្នកឲ្យបានគ្រប់ចំនួន ហើយបន្ទាប់មកភ្ជាប់ទំនាក់ទំនងជាមួយពួកគេតាមតាមរយៈមធ្យោបាយជាច្រើនដែលមានតម្លៃសម្រាប់ពួកគេ។ អ្នកមិនចាំបាច់ធ្វើទីផ្សារតម្រូវមនុស្សគ្រប់គ្នាទេ។ អ្នកគ្រាន់តែធ្វើទីផ្សារទៅលើនរណាដែលជាគោលដៅអតិថិជនស្នូលរបស់អ្នក និងឲ្យតម្លៃលើគំនិតអាជីវកម្មនោះ។
តាមពិតទៅអ្នកមានជំនាញដែលអ្នកមើលរំលង ឬមិនឲ្យតម្លៃវាតែម្ដង។ សូមកុំមើលស្រាលជំនាញរបស់អ្នក។ សូមវាយតម្លៃជំនាញរបស់អ្នកឡើងវិញ ហើយបន្ទាប់មករកមើលសមត្ថភាពមួយដែលអ្នកពូកែលេចធ្លោ ដោយអភិវឌ្ឍវាឲ្យកាន់តែខ្លាំងឡើង។ ខាងក្រោមនេះ គឺជាសំនួរសំខាន់ៗដែលអ្នកអាចចោទសួរខ្លួនឯងដើម្បីជីកគាស់រំលើងវាឡើង៖
-តើបញ្ហាអ្វីខ្លះដែលអ្នកគិតថា វានឹងនៅតែបន្តកើតមានស្របគ្នាទៅនឹងដំណើរជីវិតរបស់អ្នក?
-តើគ្រួសារ និងមិត្តភក្តិរបស់អ្នកកំពុងក្រពុលមុខ ឬខកចិត្តទៅនឹងបញ្ហាអ្វីខ្លះ?
-តើមហិច្ឆតារបស់អ្នកផ្តោតទៅលើអ្វី?
-តើអ្វីទៅដែលអ្នកបានចេះច្រើនជាងអ្នកផ្សេងទៀត? ទាំងនៅក្នុងអាជីវកម្ម? ទាំងនៅក្នុងជីវិតឯកជន?
-តើអ្នកយល់ថា បញ្ហាដែលអ្នកមើលឃើញកំពុងធ្លាក់ចូលនៅក្នុងអន្ទាក់ដែលជាជំនាញរបស់អ្នកឬទេ?
-តើសេវាកម្មអ្វីដែលអ្នកអាចបង្កើតឡើងដើម្បីផ្ដល់មធ្យោបាយសម្រាប់ដោះស្រាយបញ្ហានោះ?
ទាំងនេះគឺជាគំនិតដែលអាចធ្វើឲ្យអ្នកបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកបាន។ សូមពិនិត្យមើលវាឲ្យបានល្អិតល្អន់បន្តិច។ អ្នកត្រូវសកម្មឡើងក្នុងការបង្កើតចម្ងល់ជាច្រើនសម្រាប់សួរខ្លួនឯង។ សរសេរបំណងប្រាថ្នារបស់អ្នកទុក ហើយគិតពីវិធីដែលអ្នកអាចដោះស្រាយបញ្ហាដែលមានស្រាប់បាន និងអាចផ្ដល់គុណតម្លៃឲ្យបានច្រើន។ ចង់ធ្វើជំនួញ អ្នកត្រូវមានជំនាញពិសេសក្នុងមុខជំនួញដែលអ្នកចង់ធ្វើ៕
ដោយ៖ ខេវិន
ប្រភព៖ Entrepreneur