ជំនាញ​សំខាន់ៗ​ទាំង ១៣ ​ដែល​​យុវជន​ត្រូវ​ចេះ​នៅ ក្នុង​សតវត្សរ៍​ទី​២១​នេះ​



អ្នក​អប់រំ​ និង​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ការងារ​តែងតែ​ព្រមាន​ថា យុវជន​ជំនាន់​ក្រោយ​​ត្រូវការ​​​អភិវឌ្ឍ​ជំនាញ​​ចាំបាច់​មួយ​ចំនួន​សម្រាប់​សតវត្សរ៍ទី​ ២១ ​នេះ​។ បើ​គ្មាន​ជំនាញ​ទាំងនេះ​ទេ​  អនាគត​ពួកគេ​នឹង​មិន​អាច​ចូលរួម​ក្នុង​សកម្មភាព​​សេដ្ឋកិច្ច​ពិភពលោក​​ប្រកបដោយ​ភាព​ជោគជ័យ​បានទេ។ ពួកគេ​នឹង​មិន​អាច​រៀបចំ​ខ្លួន​បាន​​​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ជីវិត​នៅ​ក្នុង​មហាវិទ្យាល័យ និង​ជីវិត​​ការងារ​ជាក់ស្ដែង​បាន​ឡើយ។ 

ប៉ុន្តែ​សំនួរ​សួរ​ថា តើ​អ្វី​ទៅ​ជា​ជំនាញ​ដែល​ពួកគេ​ត្រូវ​ចេះ​នៅ​ក្នុង​សតវត្សរ៍ទី ២១​នេះ? តើ​អត្ថបទ​នេះ​កំពុង​និយាយ​ពី​​ជំនាញ​កុំព្យូទ័រ និង​បច្ចេកវិទ្យា​មែនទេ​? និង​ថា តើ​នរណា​ដែល​បាន​​ដាក់​ចំណាត់ថ្នាក់​​ជំនាញ​​ទាំង​នេះ​ទៅ​តាម​លំដាប់លំដោយ​​ដែល​យុវជន​ជំនាន់​ក្រោយ​ត្រូវ​​ចេះ? ចម្លើយ​​របស់​អ្នក​ប្រហែល​គឺ​វា​​អាស្រ័យ​ថា តើ​អ្នក​បាន​សួរ​នរណា​ខ្លះ​? 

ក៏ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ Hanover (Hanover Research Report) ដែល​មាន​​ចំណង​ជើង​ថា A Crosswalk of 21st Century Skills ឬ ជំនាញ​ដែល​ត្រូវ​ឆ្លងកាត់​នៅ​សតវត្សរ៍ទី ២១​នេះ បាន​វិភាគ​លើក​យក​ជំនាញ​ទាំង​នោះ​មក​បង្ហាញ​ដូច​តទៅ។ 

១) ​លើស​ពី​​​​ជំនាញ​កុំព្យូទ័រ និង​បច្ចេកវិទ្យា 
របាយការណ៍​ខាងលើ​បាន​លើក​យក​ជំនាញ​សំខាន់​ ៤ ​តាម​លំដាប់លំដោយ​​​សម្រាប់​​អភិវឌ្ឍ​សមត្ថភាព​របស់​យុវជន​ជំនាន់​ក្រោយ​ដែល​ក្នុង​នោះ​រួមមាន៖

  • ការ​សហការ​ និង​​ការ​ធ្វើ​ការងារ​ជា​ក្រុម (Collaboration and teamwork)
  • ភាព​ច្នៃប្រឌិត និង​ការ​ស្រមើស្រមៃ (Creativity and imagination)
  • ការ​ត្រិះរិះ​ពិចារណា (Critical thinking)
  • ដោះស្រាយបញ្ហា (Problem solving)។

របាយការណ៍​ Hanover ខាងលើ​បាន​បញ្ជាក់​ថា វា​ជា​រឿង​​ចាំបាច់​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​ដឹង​ថា តើ​​ជំនាញ​ទាំង​នេះ​​​វា​មាន​តម្លៃ​យ៉ាងណា​​​​សម្រាប់​អ្នក​ដែល​បញ្ចប់​មហាវិទ្យាល័យ​ភ្លាមៗ និង​ថៅកែ​ក្រុមហ៊ុន​ និង​​ថា តើ​ជំនាញ​ទាំង​នេះ​វា​មាន​ប្រយោជន៍​បែប​ណា​សម្រាប់​ការ​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក។ ជំនាញ​នៅ​សតវត្ស​វិ៍ទី ​២១ នេះ វា​សំដៅ​ទៅ​លើ​ចំណេះដឹង​​ខាង​ធ្វើ​មាតិកា ​​(Content)  អក្សរសាស្ត្រ និង​ចំណេះ​ជំនាញ​សម្រាប់​យុវជន​ម្នាក់ៗ​​ត្រៀម​ខ្លួន​ទប់ទល់​ទៅ​នឹង​ការ​ប្រកួតប្រជែង​ថ្មីៗ និង​ឱកាស​ដែល​កំពុង​កើត​មាន​នៅ​លើ​ពិភពលោក​សព្វ​ថ្ងៃ​នេះ។ 

២) ជំនាញ​សំខាន់ៗ​ផ្សេងទៀត​សម្រាប់​ភាព​ជោគជ័យ
របាយការណ៍​របស់ Hanover ខាងលើ​បាន​បង្ហាញ​ពី​ជំនាញ ៤ ​​​​​ខាងក្រោម​នេះ​ដែល​ទាំងអស់​នេះ​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​សំខាន់​ទី ៥ ដែល​ក្នុង​នោះ​រួមមាន៖

  • ភាព​បត់បែន និង​ការ​សម្រប​ខ្លួន (Flexibility and adaptability)
  • ដឹង​​សកល និង​វប្បធម៌ (Global and cultural awareness)
  • ដឹង​ផ្នែក​សារព័ត៌មាន (Information literacy)
  • ភាព​ជា​អ្នកដឹកនាំ (Leadership)។ 

ចំណែក​ជំនាញ ៥ ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​សំខាន់​ទី ៦ នោះ​រួមមាន​៖

  • ចំណេះដឹង​ស៊ីវិល និង​​ពលរដ្ឋ​សង្គម (Civic literacy and citizenship)
  • ជំនាញ​ទំនាក់ទំនង​​ដោយ​ផ្ទាល់មាត់ និង​ដោយ​ការ​​សរសេរ (Oral and written communication skills)
  • ទំនួលខុសត្រូវ​សង្គម និង​ក្រមសីលធម៌ (Social responsibility and ethics)
  • ចំណេះដឹង​បច្ចេកវិទ្យា (Technology literacy)
  • គំនិត​ផ្ដួចផ្ដើម (Initiative)៕ 

ដោយ៖ ខេវិន 
ប្រភព៖ envisionexperience

X
5s