តើជោគវាសនាកូរ៉េខាងជើងនឹងទៅជាយ៉ាងណាប្រសិនបើលោក គីម ជុងអ៊ុនស្លាប់មែននោះ?
មានសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនដែលមិនបានបញ្ជាក់ថា បុរសខ្លាំងរបស់កូរ៉េខាងជើង គឺលោកគីម ជុងអ៊ុន អាចនឹងអសមត្ថភាព ឬអាចទទួលមរណភាពបន្ទាប់ពីការសង្ស័យថា លោកបានឆ្លងកាត់ការវះកាត់បេះដូងដ៏ធ្ងន់ធ្ងរមួយនៅពេលកន្លងទៅថ្មីៗនេះ។ ទាំងរដ្ឋាភិបាលកូរ៉េខាងត្បូង និងអាមេរិកបាននិយាយថា ពួកគេមិនជឿថា អ្វីដែលពួកគេព្យាករណ៍គឺជារឿងខុសនោះទេ។ ប៉ុន្តែការបរាជ័យរបស់លោកគីម ក្នុងការបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីថ្ងៃទី ១១ ខែមេសាមក បានផ្ដល់មន្ទិលសង្ស័យយ៉ាងខ្លាំងពីសាធារណជនមកពីជុំវិញពិភពលោក។
គ្មាននរណណាម្នាក់ដឹងនោះទេថា តើនឹងមានអ្វីកើតឡើងពិតប្រាកដសម្រាប់កូរ៉េខាងជើងប្រសិនបើលោក គីម ជុងអ៊ុនស្លាប់មែននោះ? ហើយនេះគឺជាបញ្ហាដ៏ធំមួយ។ ការស្លាប់របស់លោក គីម អាចធ្វើឲ្យកូរ៉េខាងជើងជួបប្រទះវិបត្តិស្វែងរកអ្នកស្នងតំណែងដោយគ្មានការគ្រោងទុកជាលើកដំបូងមិនធ្លាប់មាននៅក្នុងរយៈពេល ៧២ ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ខ្លួន។
កាលជំនាន់ Kim Jong Il (ឪពុកគីម ជុងអ៊ុន) លោកបានប្រើពេលរហូតដល់ទៅ ២ ទសវត្សដើម្បីរៀបចំខ្លួនស្នងតំណែងពីឪពុករបស់លោកគឺលោក Kim Il Sung (ជីតាគីម ជុងអ៊ុន) មុនលោកត្រូវបានប្រគល់តំណែងនៅក្នុងឆ្នាំ ១៩៩៤។ ងាកមកមើលលោក គីម ជុងអ៊ុនវិញ លោកមានពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះដើម្បីបន្តតំណែងជាប្រមុខកំពូលរបស់រដ្ឋក្រោយពេលឪពុករបស់លោក គឺលោក Kim Jong Il បានទទួលមរណភាពក្នុងឆ្នាំ ២០១១។
នេះត្រូវបានគេមើលឃើញថា សម័យលោក គីម ជុងអ៊ុន លោកបានប្រើពេលមិនយូរឡើយ ហើយបានក្លាយជាមេដឹកនាំថ្មីលើរបបចាស់របស់រដ្ឋកុម្មុយនិស្តដ៏ឯកោនេះទាំងវ័យក្មេង។ ប៉ុន្តែចម្ងល់កំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយបន្ទាប់ពីគ្មានភាពច្បាស់លាស់ណាមួយបង្ហាញថា ជោគវាសនារបស់ប្រទេសក្រីក្រមួយនេះនឹងទៅជាយ៉ាងណា ហើយនរណានឹងបន្តតំណែងពីលោកគីម ប្រសិនបើលោកស្លាប់មែននោះ។
សេណារីយ៉ូមួយដែលទំនងមានភាគរយខ្ពស់ជាងគេ តំណែងនេះប្រហែលជាធ្លាក់ទៅលើប្អូនស្រីបង្កើតរបស់លោកគឺលោកស្រី គីម យ៉ូជុង (Kim Yo Jong)។ សមាជិកមជ្ឈិមបក្សអាចនឹងតែងតាំងលោកស្រី ត្បិតអីគ្មាននរណាម្នាក់ក្នុងសមាជិកត្រកូល គីម ស័ក្ដិសមជំនួសតំណែងគីម ជុងអ៊ុនជាងលោកស្រីគីមឡើយ។ ប្អូនស្រីវ័យ ៣២ឆ្នាំរូបនេះមានប្អូនប្រុសចុង និងឪពុកមាម្នាក់ដែលត្រូវបានសម្លាប់។ លោកស្រី គីម ក៏មានបងប្រុសម្នាក់ដែរគឺលោក គីម ជុងឈុល (Kim Jong Chul) ប៉ុន្តែតំណែងនេះត្រូវបានឪពុកគឺលោក Kim Jong Ilប្រគល់ឲ្យលោកគីម ជុងអ៊ុនទៅហើយដោយសារតែលោក គីម ជុងឈុលអសមត្ថភាព។
គីម ជុងអ៊ុន និងប្អូនស្រីគីម យ៉ូជុង ប្រភពរូបភាព៖ Getty
លោក គីម ជុងអ៊ុន នៅមានឪពុកមាម្នាក់ទៀតឈ្មោះ Kim Pyong Il ដែលធ្លាប់បម្រើការទូតនៅលើឆាកអន្តរជាតិអស់រយៈពេល ៤០ឆ្នាំមកហើយ ហើយលោកទើបត្រឡប់មកទីក្រុងព្យុងយ៉ាងវិញនៅពេលកន្លងទៅថ្មីៗនេះទេ។ ឪពុកមារូបនេះទំនងត្រៀមខ្លួនធ្វើជាទីប្រឹក្សាប្អូនស្រីគឺលោកស្រី គីម ជាជាងលោកគីម ជុងអ៊ុនខ្លួនឯង។
លោកស្រី គីម បានដើរតួនាទីយ៉ាងសកម្មលេចមុខច្រើននៅប៉ុន្មានឆ្នាំចុងក្រោយ ហើយជាទីប្រឹក្សាដ៏គួរឲ្យទុកចិត្តជាងគេបំផុតមួយរូបរបស់លោកគីមជុងអ៊ុន។ លោកស្រីទើបតែត្រូវបានតែងតាំងជាសមាជិកថ្មីមួយទៀតនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តកូរ៉េខាងជើង។ ប៉ុន្តែសំនួរនៅមានចោទសួរឡើងទៀតថា តើសង្គមដ៏ក្រីក្របំផុតនៅលើពិភពលោកដែលគ្រប់គ្រងដោយមេដឹកនាំជាបុរសមួយនេះអាចគាំទ្រឲ្យស្រីវ័យក្មេងម្នាក់ឲ្យក្លាយជាអ្នកដឹកនាំដូចម្តេចទៅ?
ប្រសិនបើលោកស្រីអាចយកឈ្នះ ហើយជំនួសតំណែងបន្តពីបងប្រុសរបស់លោកស្រីមែននោះ គេបានព្យាករណ៍ថា លោកស្រីទំនងជានឹងរក្សាគោលនយោបាយចាស់របស់បងប្រុស ពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែរឲ្យមានទ្រង់ទ្រាយកាន់តែធំ និងបើកការវាយលុកផ្នែកការទូតដើម្បីទទួលបានការទទួលស្គាល់ជាអន្តរជាតិកាន់តែច្រើនឡើង និងស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។
យ៉ាងណាមិញ ប្រសិនបើតំណែងនេះមិនមែនជាលោកស្រីទេនោះ អ្នកបន្តតំណែងពីលោកគីម ជុងអ៊ុននឹងធ្លាក់ទៅលើមនុស្សផ្សេងទៀតដែលមិនជាប់ខ្សែស្រឡាយត្រកូល គីម ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលនោះគឺលោក Choe Ryong Hae ដែលជាសេនាប្រមុខរង ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត និងជាអនុប្រធានគណបក្សពលករកូរ៉េ។ គ្រួសារលោក Choe មានទំនាក់ទំនងជិតស្និទ្ធណាស់ជាមួយលោកស្រីគីម យ៉ូជុង ប៉ុន្តែលោក Choe អាចប្រជែងដើម្បីយកតំណែងមកក្តោបក្តាប់ជាជាងគាំទ្រអ្នកស្នងតំណែងបន្ទាប់ដែលចេញពីមកត្រកូលគីម ពីព្រោះគេនៅចាំបានថា កាលលោក គីម ជុងអ៊ុនឡើងកាន់តំណែង សេនាប្រមុខរងរូបនេះ បានកាត់ទោសប្រហារជីវិតសមាជិកបក្សដ៏មានអំណាចជាងគេបំផុតទី២និងទី៣របស់របបនេះ។
លោក Choe ខ្លួនឯងក៏ធ្លាប់ត្រូវបានគេបោសសំអាតផងដែរកាលពីអតីតកាល។ លោកទំនងជាបានសន្និដ្ឋានដោយខ្លួនឯងថា វិធីតែមួយគត់ដើម្បីរស់ គឺត្រូវឆកយកអំណាចមកក្ដោបក្ដាប់ឲ្យទាល់តែបាន។ ប្រសិនបើសុបិនមួយនេះក្លាយជាការពិតមែននោះ លោកទំនងជានឹងរក្សាស្ថានភាពនយោបាយកូរ៉េខាងជើងឲ្យនៅដដែលនេះទោះបីជាមិនបានសម្ដែងឫទ្ធិឲ្យខ្លាំងក្លាឲ្យដូចទៅនឹងអ្វីដែលគ្រួសារលោកគីម ជុងអ៊ុនបានធ្វើនៅពេលកន្លងមកក៏ដោយ។
នៅមានសេណារីយ៉ូមួយទៀត ប៉ុន្តែនេះអាចទុកថា ជាសេណារីយ៉ូដ៏គ្រោះថ្នាក់ជាងគេបំផុត។ គ្រោះថ្នាក់បំផុតគឺដោយសារថាគ្មាននរណាម្នាក់លេចមុខចេញមកស្នងតំណែងបន្តពីលោកគីមដែលអាចជំរុញឲ្យមេដឹកនាំកំពូលៗមកពីមជ្ឈដ្ឋាននានានៅក្នុងជូរបក្សកុម្មុយនិស្តបះបោរផ្ដួលរំលំរដ្ឋាភិបាល ហើយហែកហួរដណ្ដើមអំណាចគ្នាមកក្ដោបក្ដាប់តែម្នាក់ឯងសម្រាប់រយៈពេលយូរអង្វែងទៅមុខទៀត។ ប្រសិនបើសេណារីយ៉ូមួយនេះបានកើតមានឡើងមែននោះ កូរ៉េខាងជើងទាំងមូលធ្លាក់ក្នុងភាពវឹកវរ ផុយស្រួយ និងគ្មានស្ថិរភាពដែលធ្វើឲ្យការគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនធ្លាក់ក្នុងស្ថានភាពមិនច្បាស់លាស់។
លោក គីម ជុងអ៊ុន ជក់បារី និងទទួលទានស្រាច្រើនណាស់ ហើយមានប្រវត្តិគ្រួសារកើតជំងឺបេះដូង។ ដូច្នេះមិនថា មានអ្វីកើតឡើងទៅលើសុខភាពរបស់លោកនៅពេលនេះ ឬអត់ សុខភាពរបស់លោកនៅតែជាបញ្ហាចោទដ៏ធំមួយសម្រាប់របបនេះ។ រដ្ឋបាលលោក Trump ចាំបាច់ត្រូវបើកកិច្ចពិភាក្សានៅពេលនេះជាមួយសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់កូរ៉េខាងជើងគឺចិនដើម្បីស្វែងរកដំណោះស្រាយក្នុងករណីដែលប្រសិនបើប្រទេសក្រីក្រមួយនេះស្ថិតនៅក្នុងភាពកលិយុគមែននោះ។
យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ដឹងទេថា លោកគីម ពិតជាស្លាប់មែន ឬនៅរស់រានមានជីវិតនៅឡើយ ហើយក៏គ្មាននរណាដឹងថា ជោគវាសនាពិតប្រាកដរបស់កូរ៉េខាងជើងនឹងទៅជាយ៉ាងណានោះទេនៅពេលបន្ទាប់។ អ្វីៗគឺមានតែរង់ចាំឃ្លាំមើលការវិវត្តចុងក្រោយ និងស្ថានភាពជាក់ស្ដែងរបស់រាជការលោក គីមតែប៉ុណ្ណោះ៕
អត្ថបទទាក់ទង៖
អាថ៌កំបាំង ១០ យ៉ាងដែលអ្នកអាចមិនបានដឹងពីកូរ៉េខាងជើង
ដោយ៖ ណារិន
ប្រភព៖ washingtonpost