ព្រឹត្តិការណ៍ ពន្លឿនការលូតលាស់បច្ចេកវិទ្យាកម្ពុជា ក្រោមយុទ្ធនាការជាតិ «អនុភាពបច្ចេកវិទ្យាខ្មែរ» ដំណើរការដោយជោគជ័យ​


កម្មវិធី «ពន្លឿនការលូតលាស់បច្ចេកវិទ្យាកម្ពុជា» បានចាប់ផ្តើមយុទ្ធនាការជាតិ

ភ្នំពេញ- ព្រឹត្តិការណ៍ ពន្លឿនការលូតលាស់កម្ពុជា គឺជាសកម្មភាពដំបូងបង្អស់ ដែលស្ថិតក្រោមយុទ្ធនាការជាតិ «អនុភាពបច្ចេកវិទ្យាខ្មែរ» រៀបចំដោយ B2B Asia News បានប្រព្រឹត្តទៅនៅទីតាំងហ្វេកតូរី ភ្នំពេញនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦,ដោយបានប្រមូលផ្តុំសហគ្រិនក្នុងស្រុក ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតថ្មី  ម្ចាស់អាជីវកម្មធុនតូច និងមធ្យម អ្នកបង្កើតស្នាដៃថ្មី សិស្ស-និស្សិត និងអ្នកជំនាញបច្ចេកវិទ្យាចម្រុះគ្នាសម្រាប់កម្មវិធីពេញមួយថ្ងៃក្នុងការពង្រឹងជំនាញបច្ចេកវិទ្យាដោយដាក់ឱ្យអនុវត្តជាក់ស្តែង និងជំរុញកម្លាំងចលករួមគ្នាដើម្បអនាគតឌីជីថលកម្ពុជា។ 
 
ព្រឹត្តិការណ៍នេះ បានចាប់ផ្តើមជាមួយនឹងវគ្គសិក្ខាសាលាដ៏មានសារៈសំខាន់ ក្នុងនោះនៅពេលព្រឹក ផ្តោតលើការលើកកម្ពស់ការយល់ដឹងផ្នែកឌីជីថល និងការបង្កើតជំនាញឌីជីថល ដែលបង្រៀនដោយដោយអ្នកជំនាញមានបទពិសោធន៍ក្នុងឧស្សាហកម្មមកពី BKD Academy, 2080 Ventures និង PharmKulen។ អ្នកចូលរួមទទួលបាននូវចំណេះដឹងអនុវត្តជាក់ស្តែងអំពីជំនាញឌីជីថលទៅក្នុងកិច្ចការប្រចាំថ្ងៃ ការបង្កើតគំនិតច្នៃប្រតិដ្ឋ និងការសរសេរកម្មវិធីដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI)ជាជំនួយការចម្បងបង្កើតជាគំនិតអាជីវកម្មបច្ចេកវិទ្យាបង្កើតថ្មី  ព្រមទាំងរបៀបដែលត្រូវជ្រើសរើសឧបករណ៍បញ្ញាសិប្បនិម្មិតមកអនុវត្តជាក់ស្តែងសម្រាប់អាជីវកម្មធុនតូច។

នាពេលរសៀល គឺមានពិព័រណ៍ «ទីផ្សារបច្ចេកវិទ្យា» ដោយបានផ្តល់ឱកាសឱ្យអ្នកចូលរួម ជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតថ្មី និងអាជីវកម្មធុនតូច និងមធ្យមផ្នែកឌីជីថល ក្រុមហ៊ុនបច្ចេកវិទ្យា និងសហគ្រិនជាង ២០រូប។ លើសពីនេះក៏មានវគ្គក្នុងការបង្ហាញស្នាដៃនវានុវត្តន៍នៅលើឆាកជាពិសេស ដែលបានរៀបរាប់ពីសមិទ្ធផលរបស់អ្នកបង្កើតថ្មីផ្នែកបច្ចេកវិទ្យាឌីជីថលឈានមុខគេចំនួន ១០ រូបនៅកម្ពុជា បានឡើងធ្វើបទបង្ហាញអំពីដំណោះស្រាយ និងផលិតផលឌីជីថលដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចមកហើយ។
ក្នុងការបើកព្រឹត្តិការណ៍នេះ លោក Anthony Galliano អគ្គនាយកនៃ B2B Asia News បានលើកឡើងអំពីដំណើរនៃការផ្លាស់ប្តូរទៅរកឌីជីថលដែលប្រទេសកម្ពុជាកំពុងតែបន្តឈានទៅមុខ និងរបៀបដែលយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ជាចំណែកក្នុងការជួយជ្រោមជ្រែង និងលើកកម្ពស់អ្នកបង្កើតថ្មីទាំងឡាយនៅក្នុងវិស័យបច្ចេកវិទ្យាឌីជីថលក្នុងស្រុក។
 
សម្រង់សម្តី ៖
“ពេលដែលពួកយើងបានផ្តើមគំនិតបង្កើតយុទ្ធនាការ អនុភាពបច្ចេកវិទ្យាខ្មែរ លើកដំបូង ពួកយើងបានចោទសួរខ្លួនឯងនូវសំណួរដ៏សំខាន់មួយ៖ តើអនាគតនៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាមានរូបរាងបែបណា ហើយនរណាជាអ្នកកំពុងស្ថាបនានូវអនាគតមួយនេះ? ចម្លើយគឺកំពុងតែមានវត្តមាននៅក្នុងបន្ទប់នេះស្រាប់។ អនាគតនេះកំពុងតែត្រូវបានសរសេរកូដនៅក្នុងការិយាល័យនានាទូទាំងរាជធានីភ្នំពេញ កំពុងត្រូវបំពាក់នៅលើម៉ាស៊ីនបម្រើសេវាក្លោដក្នុងស្រុក និងកំពុងត្រូវបានភ្ជាប់ទៅក្នុងអាជីវកម្មធុនតូចតាមបណ្តាខេត្តនានានៃកម្ពុជា។ តាមរយៈ អនុភាពបច្ចេកវិទ្យាខ្មែរ ពួកយើងកំពុងបោះជំហានទៅមុខ ដើម្បីលើកស្ទួយបច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងក្នុងស្រុក ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដំណោះស្រាយក្លោដ និងវេទិការពាណិជ្ជកម្មអេឡិចត្រូនិក។”
 
អនុភាពបច្ចេកវិទ្យាខ្មែរ – បង្កើនទំនុកចិត្តនៃវិថីឌីជីថល
យុទ្ធនាការ "អនុភាពបច្ចេកវិទ្យាខ្មែរ" គឺជាគំនិតផ្តួចផ្តើមឈានមុខគេដែលមានរយៈពេលប្រាំមួយ(៦)ខែ រៀបចំឡើងដោយ B2B Asia News ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC), មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(មូលនិធិ ស.អ.) និងសហគ្រិនខ្មែរ ។ យុទ្ធនាការនេះ មានគោលបំណងលើកកម្ពស់បច្ចេកវិទ្យាក្នុងស្រុក ជំរុញកិច្ចសហប្រតិបត្តិការឆ្លងវិស័យ និងអបអរសាទរដំណោះស្រាយឌីជីថលស្នាដៃកូនខ្មែរ ដែលត្រូវបានបង្កើតឡើងជាចលនាមួយដើម្បីផ្លាស់ប្តូរការយល់ឃើញ និងកសាងទំនុកចិត្តលើការបង្កើតថ្មីក្នុងស្រុក ហើយយុទ្ធនាការនេះដើរតួជាស្ពានតភ្ជាប់យ៉ាងសំខាន់រវាងអ្នកបង្កើតបច្ចេកវិទ្យាកម្ពុជា ជាមួយអ្នកធ្វើសេចក្ដីសម្រេចចិត្តក្នុងក្រុមហ៊ុន វិនិយោគិន និងអ្នករៀបចំគោលនយោបាយ។
 
តាមរយៈការបង្ហាញនូវប្រព័ន្ធបច្ចេកវិទ្យា ឧបករណ៍ឌីជីថល និងគំរូអាជីវកម្មដែលអាចពង្រីកវិសាលភាពបាន ដែលត្រូវបានអភិវឌ្ឍដោយស្នាដៃកូនខ្មែរផ្ទាល់ "អនុភាពបច្ចេកវិទ្យាខ្មែរ" មានគោលបំណងបង្ហាញឱ្យឃើញថា វិស័យបច្ចេកវិទ្យារបស់កម្ពុជា មិនត្រឹមតែមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបំពាក់នូវសមត្ថភាពកាន់តែខ្លាំងឡើងក្នុងការប្រកួតប្រជែងក្នុងកម្រិតតំបន់ផងដែរ។


  ក្នុងនាមជាព្រឹត្តិការណ៍ដំបូងគេក្រោមយុទ្ធនាការដ៏សំខាន់នេះ  ពន្លឿនការលូតលាស់បច្ចេកវិទ្យាកម្ពុជា បានកំណត់ល្បឿនសម្រាប់រៀបចំផែនទីដ៏ច្បាស់លាស់មួយ នៃសកម្មភាពដែលផ្តល់ផលជះជាវិជ្ជមានដែលត្រូវចំឡើងក្នុងរយៈពេលប្រាំ(៥) ខែខាងមុខក្នុងនោះមានព្រឹត្តិការណ៍សំខាន់ៗដូចជា ៖

 
● Cambodia Data Trust Lab ៖  ជាការសិក្សាស៊ីជម្រៅលើមជ្ឈមណ្ឌលទិន្នន័យក្នុងស្រុក និងហេដ្ឋារចនាសម្ព័ន្ធក្លោដ ដើម្បីឆ្លើយតបទៅនឹងសំណួរថា «តើប្រទេសកម្ពុជាអាចការពារ និងគ្រប់គ្រងទិន្នន័យរបស់ខ្លួនបានដែរឬទេ?»
● My Digital Cambodia ៖  គឺជាការដាក់បង្ហាញឧបករណ៍ បច្ចេកវិទ្យា កម្មវិធី និងសេវាកម្មឌីជីថលប្រចាំថ្ង ដែលជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។
● Cambodia Digital Sovereignty ៖ កិច្ចសន្ទនារវាងរដ្ឋ និងឯកជនកម្រិតខ្ពស់ ដោយជួបជុំគ្នារវាងរដ្ឋមន្ត្រី អ្នករៀបចំគោលនយោបាយ និងថ្នាក់ដឹកនាំកំពូលៗក្នុងវិស័យបច្ចេកវិទ្យា ដើម្បីរួមគ្នារៀបចំក្របខ័ណ្ឌគោលនយោបាយសម្រាប់អនាគតឌីជីថលអធិបតេយ្យរបស់កម្ពុជា។
● Cambodia Digital Talent Launchpad ៖ ការប្រកួតប្រជែងសរសេរកូដផ្ទាល់ ដែលតម្រង់ទិសទៅកាន់សិស្ស និស្សិត និងអ្នកអភិវឌ្ឍន៍វ័យក្មេង ក្នុងគោលបំណងលើកកម្ពស់កម្មវិធីអប់រំបច្ចេកវិទ្យា និងវិស្វកម្មសូហ្វវែរ (Software Engineering)។
● ពិព័រណ៍បទពិសោធន៍ ‘អនុភាពបច្ចេកវិទ្យាខ្មែរ’ ៖ គឺជាព្រឹត្តិការណ៍បិទបញ្ចប់នៃយុទ្ធនាការ ដែលត្រូវបានរៀបចំឡើងជាលក្ខណៈពិព័រណ៍ ដើម្បីបូកសរុបសមិទ្ធផល រឿងរ៉ាវ និងរបកគំហើញថ្មីៗនៃការធ្វើដំណើររយៈពេល ៦ ខែនេះ។
 
 
ដោយរំលឹកឡើងវិញនូវជោគជ័យនៃការបើកសម្ពោធ និងក្រឡេកមើលទៅមុខអំពីទិសដៅនៃយុទ្ធនាការនេះ លោកស្រី Sarvinoz Nuritdinova អគ្គនាយិកានៃស្ថាប័ន B2B Asia News បានកត់សម្គាល់ក្នុងអំឡុងពេលថ្លែងសុន្ទរកថាបិទនៃកម្មវិធីថា៖
 
សម្រង់សម្តី៖
“នៅពេលដែលយើងរៀបចំបញ្ចប់កម្មវិធី ពន្លឿនការលូតលាស់បច្ចេកវិទ្យាកម្ពុជា ខ្ញុំពោរពេញទៅដោយក្តីសង្ឃឹមយ៉ាងមុតមាំ។ ថ្ងៃនេះយើងបានឃើញពីអនាគតនៃបច្ចេកវិទ្យាកម្ពុជាកំពុងតែដំណើរការយ៉ាងរស់រវើក។ចាប់តាំងពីសិក្ខាសាលាឯកទេសដ៏មានសារប្រយោជន៍ រហូតដល់សកម្មភាពដ៏ថាមពលនិងមមាញឹកនៅតាមស្តង់ពិព័រណ៍បច្ចេកវិទ្យានីមួយៗយើងអាចមើលឃើញយ៉ាងច្បាស់ថា ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានៅកម្ពុជាកំពុងតែរីកចម្រើន មានការបង្កើតថ្មី និងត្រៀមខ្លួនជាស្រេចក្នុងការនាំមុខ ក៏ដូចជាពង្រឹងឌីជីថលកម្ពុជា។ 
ប្រសិនបើថ្ងៃនេះគឺជាការរត់ប្រណាំងចម្ងាយ! សូមចងចាំថា យើងកំពុងតែរត់ប្រណាំងចម្ងាយដ៏ឆ្ងាយ ដូចការត់ម៉ារ៉ាតុងជាមួយគ្នា។ កម្មវិធីពន្លឿនការលូតលាស់បច្ចេកវិទ្យាកម្ពុជាគ្រាន់តែជាជំហានដំបូងនៅក្នុងដំណើរប្រឡូកក្នុងវិស័យឌីជីថលរយៈពេល ៦ ខែនេះប៉ុណ្ណោះ។ យើងបានចាប់ផ្តើមបង្កើតកម្លាំងចលករជាផ្លូវការសម្រាប់យុទ្ធនាការ គឺជាអនុភាពបច្ចេកវិទ្យា នេះហើយ។”
 
 ព្រឹត្តិការណ៍បើកឆាកជាដំបូងនេះ អាចសម្រេចទៅបានតាមរយៈការគាំទ្រពីភាគីពាក់ព័ន្ធសំខាន់ៗនៅទូទាំងប្រព័ន្ធអេកូឡូស៊ី។ B2B Asia News សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, និងមូលនិធិ ស.អ និង សហគ្រាសខ្មែរសម្រាប់ការគាំទ្រយ៉ាងមុតមាំ។

 
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវាគ្មិនដឹកនាំសិក្ខាសាលា គឺលោក Yin Mizcyl មកពី BKD Academy លោក Sirey Sum មកពី 2080 Ventures (Cambodia) និងលោក Khidayotullo Salakhitdinov មកពី PharmKulen។
សូមថ្លែងអំណរគុណបន្ថែមទៀតចំពោះដៃគូទីតាំងរបស់យើង គឺ ហ្វេកតូរីភ្នំពេញ ព្រមទាំងក្រុមហ៊ុនតាំងពិព័រណ៍ដែលបានចូលរួមទាំងអស់ រួមមាន៖ KhmerRooms, Overleap, PharmKulen, Daun Penh Cloud , OBOR, Technovage Solution, Poscar Digital (Vithean), WORKINGNA, Polymer POS, ធនាគារ អេស៊ីលីដា, Bill24, PayDollar Cambodia, eCam Solution, NextGen Byte-Tech, TL Air Express, Plug and Play, TheBoxes, Finluy, UMAMI, BKD Academy, Dojology Holding Group, Bamnang និង TobSar។ ព្រមទាំងដៃគូសហការផ្សព្វផ្សាយសារព័ត៌មានរបស់យើង រួមមាន៖ AKP, AMS, Kiripost, Fresh News, Phnom Penh Post, Thmey Thmey, The Khmer Daily និង BizKhmer Media។
 
ស្ថាប័ន B2B Asia News សូមអញ្ជើញក្រសួង ស្ថាប័នវិស័យឯកជន ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យា អ្នកគាំទ្រប្រព័ន្ធអេកូឡូស៊ី និងភាគីពាក់ព័ន្ធក្នុងវិស័យសារព័ត៌មានទាំងអស់ ចូលរួមក្នុងយុទ្ធនាការ "អនុភាពបច្ចេកវិទ្យាខ្មែរ" អង្គភាព ឬស្ថាប័នដែលមានបំណងចង់ជួយឧបត្ថម្ភដល់ជំនួបនាពេលខាងមុខ ឬការរៀបចំវគ្គចែករំលែកបទពិសោធន៍ពីអ្នកជំនាញ ឬដាក់បង្ហាញដំណោះស្រាយបច្ចេកវិទ្យាក្នុងស្រុក អាចសហការជាមួយក្រុមការងារយើងខ្ញុំតាមរយៈ៖ អ៊ីមែល៖ [email protected] ឬលេខទូរស័ព្ទ(Telegram) +855 12 902 537៕
 
 

X
5s