ទស្សនៈ៖ ​ឥរិយាបថ​ប្រជាជន​កម្ពុជា​ចាំបាច់​ណាស់​ដើម្បី​យក​ឈ្នះ​​​ជំងឺ​កូវីដ​១៩​​



ការ​ពិត​ណាស់​ជំងឺ​កូវីដ​១៩​ មិន​មែន​ជា​ជំងឺ​មួយ​ដែល​ត្រូវ​មើល​ស្រាល​នោះ​ឡើយ​មិន​ថា​ ក្នុង​បរិបទ​​កម្ពុជា​ នៅ​ក្នុង​តំបន់ ​ឬ​នៅ​លើ​សាកលលោក​នោះ​ទេ​ បើ​ទោះ​ជា​អត្រា​មរណភាព​ដោយ​សារ​ជំងឺ​នេះ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​នៅ​ក្នុង​តំបន់​លើក​លែង​តែ​ឥណ្ឌូណេស៊ី​ ខណៈ​កម្ពុជា​មិន​ទាន់​មាន​អ្នក​ស្លាប់​ម្នាក់​នោះ​ឡើយ​បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល។

សម្រាប់​ប្រជាជន​កម្ពុជា មាន​រឿង​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជុំវិញ​បញ្ហា​នេះ​ ហើយ​វា​មិន​ធ្លាប់​មាន​ទាល់តែសោះ​​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ​គឺ​ថា ការ​ប្រកាស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ឱ្យ​បុគ្គលិក​រដ្ឋ​ និង​ឯកជន​បំពេញ​ការងារ​ធម្មតា​នៅ​​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​ហើយ​បន្ថែម​ពី​លើ​នេះ​ នៅ​រសៀល​ថ្ងៃទី​៩ ខែ​មេសា​ ឆ្នាំ​២០២០​ ម្សិលមិញ​ ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​​ចេញ​នូវ​​បទ​បញ្ជា​មួយ​​ដោយ​​​បាន​រឹតត្បិត​​លើ​ការ​ធ្វើ​ដំណើរ​នៅ​​ទូទាំង​ប្រទេស ក្នុង​គោលដៅ​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​វីរុសកូវីដ១៩​នេះ​។ 

ក្នុង​បទ​បញ្ជា​​នោះ​ ​តម្រូវ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​​ធ្វើ​អន្តរាគមន៍​​​ ត្រួតពិនិត្យ និង​បិទ​ការ​ហាមឃាត់​ធ្វើ​ដំណើរ​ពី​រាជធានី​ទៅ​ខេត្ត ពី​ខេត្ត​មក​រាជធានី និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ។ បទ​បញ្ជា​នេះ​​បាន​ចូល​ជា​ធរមាន​ចាប់​​ពី​ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២០ (អនុវត្តចាប់ពីម៉ោង ២៤:០០ ថ្ងៃ​ទី ០៩ ខែ​មេសា ឆ្នាំ២០២០) រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០

ក្រោយ​រដ្ឋាភិបាល​ប្រកាស ហើយ​ត្រៀម​អនុវត្ត​បទបញ្ជា​នេះ​មិន​​​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង ស្រាប់​តែ​យើង​សង្កេត​ឃើញ​ថា​ បងប្អូន​ពលរដ្ឋ​​​មួយ​ចំនួន​ ជា​ពិសេស​បង​ប្អូន​កម្មករ​ កម្មការិនី​​ បែរ​ជា​​​នាំ​គ្នា​ប្រញាប់ប្រញាល់​​​សម្រុក​ចាក​ចេញ​ពី​រាជធានី​ឲ្យ​បាន​មុន​ពេល​​​កំណត់​​ បើ​ទោះ​បី​មាន​​ការ​ដាក់​បម្រាម​ពី​ស្ថាប័ន​ឯកជន​ និង​ពី​រោងចក្រ​សហគ្រាស​យ៉ាង​ណា​ក៏​ដោយ។

បើ​តាម​វីដេអូ​ចែក​ចាយ​បន្ត​នៅ​លើ​បណ្ដាញ​សង្គម​ និង​​តាមរយៈ​ការ​សាកសួរ​ដោយ​ផ្ទាល់​ពី​ BizKhmer អ្វី​ដែល​យើង​បាន​ទទួល​នោះ​គឺ​ថា ​ពួក​គាត់​​ម្នាក់​ៗ​បាន​ផ្តល់​តម្លៃ​លើ​ការ​ជួបជុំ​​​​គ្រួសារ​ និង​ភាព​សប្បាយ​រីករាយ​នៅ​ស្រុក​កំណើត​ក្នុង​ពេល​ឱកាស​បុណ្យ​ចូលឆ្នាំ​នេះ​ជា​រឿង​សំខាន់​ជាង​ការ​ការពារ​អាយុជីវិត​ផ្ទាល់​ខ្លួន​ទប់ទល់​នឹង​ជំងឺ​កូវីដ ១៩​នេះ​ទៅ​ទៀត​​ បើ​ទោះ​បី​ជា​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​ធ្វើ​ការ​ធម្មតា​ ហើយ​​ពួកគេ​នឹង​ត្រូវ​បាន​កាត់​លុយ​ពី​ក្រុមហ៊ុន​សហគ្រាស​របស់​ពួកគេ​​យ៉ាងណាក៏ដោយ។ ​

យ៉ាងណាក៏ដោយ ​​​​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​​ ក៏​នៅ​តែ​ត្រូវ​បាន​ទទួល​​ការ​គាំទ្រ​​​យ៉ាង​​ពេញទំហឹង​ផង​ដែរ​​​ពី​សំណាក់​ប្រជាជន​ផ្សេង​ទៀត​។ ហេតុអ្វី? ពីព្រោះ​មានតែ​ចំណាត់​ការ​បែប​នេះ​ទេ​ដែល​អាច​ជា​វិធានការណ៍​ដ៏​ល្អ​មួយ​ចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​នេះ ហើយ​វា​ជា​ស្មារតី​ទទួល​ខុសត្រូវ​តែ​មួយ​គត់​របស់​រាជរដ្ឋាភិបាល​លើ​ជោគវាសនា​ប្រទេស​ជាតិ និង​សុខុមាលភាព​របស់​ពលរដ្ឋ​កម្ពុជា​ជាង ១៦ លាន​នាក់​។

តាម​ពិត​ទៅ​រដ្ឋាភិបាល​បាន​ដឹង​រួច​ស្រេច​ទៅ​ហើយ​ថា ការ​ដាក់​បទបញ្ជា​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​បងប្អូន​ជនរួមជាតិ​យើង​មួយ​ចំនួន។​​ ក៏ប៉ុន្តែ​នៅ​ក្នុង​កាលៈទេសៈ​នេះ មិនមែន​មាន​​តែ​ប្រទេស​កម្ពុជា​​​មួយ​នោះ​ឡើយ​​ដែល​​ត្រូវ​ប្រឈមមុខ​ទៅ​នឹង​បញ្ហា​នេះ ពោល​គឺ​​ពិភពលោក​ទាំងមូល​កំពុង​ស្ថិត​នៅ​ក្នុង​គ្រោះអាសន្ន​ ត្រូវ​ប្រឈមមុខ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺ​នេះ។

បទពិសោធន៍​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅ​តាម​បណ្ដា​ប្រទេស​នានា​ជា​ពិសេស​ចិន តំបន់​អឺរ៉ុប និង​អាមេរិក​ជាដើម​​នៅ​ក្នុង​​​​រយៈពេល​​ជា​ច្រើន​ខែ​កន្លង​មក​នេះ​ បាន​ឆក់​យក​ជីវិត​មនុស្ស​ជិត ១០​ម៉ឺន​នាក់ និង​ជាង ១,៦ លាន​នាក់​ផ្សេង​ទៀត​ផ្ទុក​ជំងឺ​នេះ (គិត​ត្រឹម​ថ្ងៃ​ទី ១០ មេសា​)។ នេះ​ក៏ដោយសារតែ ប្រជាពលរដ្ឋ​​​មួយ​ចំនួន​របស់​បណ្តា​ប្រទេស​ទាំង​នេះ​នៅ​ចចេស​រឹងរូស មិន​ព្រម​ស្ដាប់​បង្គាប់​តាម​ការ​ណែនាំ​របស់​​រដ្ឋាភិបាល មិន​អនុវត្ត​ក្បួន​អនាម័យ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ និង​ថែម​ទាំង​ប្រមាថ​មើលស្រាល​ស្ថានភាព​ជំងឺ​នេះ​ទៀត​ផង។ ពួកគេ​នៅតែ​បន្ត​ជួបជុំ​យ៉ាង​សប្បាយ​រីករាយ ហើយ​ទីបំផុត​គ្រោះ​ពិត​ប្រាកដ​ធ្លាក់​ទៅ​លើ​នរណា? ​

មូល​ហេតុអ្វី​បាន​ជា​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ត្រូវ​ចូលរួម​​អនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​​​នៅ​​អំឡុង​ពេល​នេះ?
មាន​មេរៀន​ដ៏​ល្អ​​មួយ​ក្នុង​ចំណោម​មេរៀន​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​រៀន​សូត្រ​នោះ​គឺ​ប្រទេស​ចិន។ តាម​ពិត​ជំងឺ​​កូវីដ ១៩ នេះ គឺ​បាន​​​​ផ្ទុះ​​ដំបូង​គេ​ចេញ​ពី​ទីក្រុង​​វូហាន​របស់​ចិន​នេះ​ឯង​នៅ​​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​​ ​ខណៈ​ប្រភព​ព័ត៌មាន​មួយ​ចំនួន​អះអាង​ថា​ វា​​ផ្ទុះ​ឡើង​តាំង​ពី​ចុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​មក​ម្ល៉េះ​។

នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​ហើយ​ដែល​ជា​ពេលវេលា​ដ៏​មមាញឹក​បំផុត​របស់​​ពលរដ្ឋ​របស់​ខ្លួន​ត្រូវ​ធ្វើ​ដំណើរ​ពី​​តំបន់​​មួយ​ទៅ​តំបន់​​មួយ​នៅ​ក្នុង​ប្រទេស និង​​មក​ពី​​គ្រប់​ទិសទី​​ជុំវិញ​ពិភពលោក​​ដើម្បី​ជួបជុំ​គ្រួសារ​​​របស់​ពួកគេ​ដែល​នេះ​វា​គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​​ធ្វើ​ឲ្យ​ជំងឺ​នេះ​​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​យ៉ាង​ងាយស្រួល​​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​របស់​ខ្លួន​។ ហេតុដូច្នេះ​ហើយ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នេះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ចេញ​វិធានការណ៍​មួយ​ជា​បន្ទាន់​ដោយ​​​​ត្រូវតែ​បង្ខំ​ចិត្ត​សម្រេចចិត្ត​បិទ​ខ្ទប់​ទីក្រុង​នេះ​ចោល​តែ​ម្តង។

ងាក​ទៅ​មើល​ ​​អ៊ីតាលី​ បារាំង​ អង់គ្លេស​ និង​អាមេរិក​វិញ​ដែល​កំពុង​ផុងខ្លួន​នឹង​ជំងឺ​នេះ​ខ្លាំង​ជាង​ចិន​ទៅ​ទៀត​នោះ​​​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ប្រជាជន​របស់​ខ្លួន​​មួយ​ចំនួន​ធំ​ហាក់​មើល​ស្រាល​ពី​ជំងឺ​នេះ​មែនទែន​​ជា​ពិសេស​​ប្រជាជន​​អាមេរិក និង​អ៊ីតាលី​​តែ​ម្ដង។ មុន​ពេល​ឈាន​ដល់​ការ​បិទ​ប្រទេស​ ពួក​គេ​បាន​ធ្វើ​ដំណើរ​មក​ទេសចរ​នៅ​តំបន់​ផ្សេងៗ​នៅ​អាស៊ី​ ដោយ​មិន​ទាំង​ពាក់​ម៉ាស​ ឬ​ការពារ​អ្វី​ទាំង​អស់។

ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​អឺរ៉ុប​ និង​អាមេរិក​ អាច​និយាយ​បាន​ទៀត​ថា​ ចំណាត់​ការ​របស់​រដ្ឋាភិបាល​នៅ​មាន​ភាព​យឺតយ៉ាវ​បន្តិច​ ប៉ុន្តែ​ឥរិយាបថ​របស់​ប្រជាជន​ក៏​ជា​ចំណុច​កាន់​តែ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត។​រដ្ឋាភិបាល​របស់​ប្រទេស​ទាំង​នេះ​បាន​អនុវត្ត​ដាក់​តំបន់​ដែល​រាតត្បាត​ខ្លាំង​ដោយ​ជំងឺ​កូវីដ១៩ ឲ្យ​នៅ​ឯកោ​ ក៏ប៉ុន្តែ​វា​នៅតែ​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​នៅ​ចិន​​នោះ​ទេ​  ​ត្បិតអី​ពលរដ្ឋមួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​តំបន់​ហាមឃាត់​ទាំង​នោះ​​ខ្លះ​​បាន​លួច​រត់​គេច​ចេញ​ទៅ​រស់​នៅ​ក្រុង​ផ្សេង​ទៀត​។ ​ប្រការ​នេះ​ហើយ​​ជា​​កត្តា​មួយ​​ដែល​ធ្វើ​ឲ្យ​​ជំងឺ​នេះ​​រីក​រាល​ដាល​​កាន់តែ​ខ្លាំង​។​

ត្រឡប់​មក​បរិបទ​យើង​វិញ​ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​​មាន​ចំណាត់​ការ​ល្អ​យ៉ាង​ណា​ ហើយ​មាន​ការ​ផ្សព្វផ្សាយ​ច្រើន​ផុលផុស​យ៉ាង​ណា ​បើ​ស្មារតី​របស់​ប្រជាជន​ម្នាក់​ៗ​ ​ធ្វើ​មិន​បាន​ល្អ​ទេ​នោះ​ ច្បាស់​ណាស់​ថា​ ចំណាត់ការ​​ទាំង​នេះ​នឹង​មិន​មាន​​ប្រសិទ្ធភាព​ទាំងស្រុង​នោះ​ទេ​។ ​បើ​​បងប្អូន​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​​​ដូច​ជា​​ ការ​ពាក់​ម៉ាស​ លាងដៃ​ឱ្យ​បាន​ញឹកញាប់​ នៅ​ឆ្ងាយ​​ដាច់​ពី​គេ​ ឬ​គម្លាត​សង្គម​ (social distancing) ​ជៀស​វាង​ការ​ចូលរួម​សកម្មភាព​ប្រមូល​ផ្ដុំ​ ឬ​ជួប​ជុំ​ទ្រង់ទ្រាយ​ធំ ​ជៀស​វាង​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ និង​កត្តា​ផ្សេង​ៗ​ទៀត​ ​បន្ថែម​ពី​លើ​ការ​គោរព​វិន័យ​ បទ​បញ្ញា​ ឬ​សេចក្ដី​ណែនាំ​របស់​រាជរដ្ឋាភិបាល​ ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​ នៅ​ផ្ទះ​ បើ​មិន​ចាំ​បាច់​ មិន​បាច់​ចេញ​ក្រៅ ​ច្បាស់​ណាស់​ថា​ ​យើង​​អាច​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឲ្យ​រាតត្បាត​បាន។

​​​​​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ មាន​ពាក្យ​មួយ​ឃ្លា​​ដែល​ Bizkhmer ចង់​ផ្កាំ​ផ្ញើ​ ហើយ​​​ពលរដ្ឋ​កម្ពុជា​​គ្រប់រូប​ត្រូវ​ភ្ញាក់​រលឹក​​គឺថា ពលរដ្ឋ​​ម្នាក់ៗ​​ត្រូវតែ​រួបរួម​សាមគ្គីភាព​គ្នា​​ចូល​រួម​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ ឲ្យ​បាន​និង​អនុវត្ត​តាម​បទបញ្ជា​នានា​ជាមួយ​រាជរដ្ឋាភិបាល​។ ការ​ចូលរួម​របស់​ពលរដ្ឋ​ម្នាក់ៗ​​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់​ដើម្បី​សុខ​សុវត្ថិភាព​របស់​ប្រទេស​ជាតិ​យើង​។ ការ​លះបង់​សេចក្ដី​សុខ​​​មួយរយៈពេល​ខ្លី​​នៅ​ពេល​នេះ​ គឺ​មានន័យ​ស្មើនឹង​ការ​ផ្តល់​សេចក្ដី​​សុខ​យូរអង្វែង​សម្រាប់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​ទាំងអស់​គ្នា​​ត​ទៅ​ថ្ងៃ មុខ​ទៀត។ ​ការ​លះបង់​បែប​នេះ គឺ​ជា​ការ​លះបង់​ដ៏​ត្រឹមត្រូវ​បំផុត​​ និង​ប្រកប​ដោយ​ភាព​ឆ្លាតវៃ​ដើម្បី​ប្រទេស​កម្ពុជា​ទាំងមូល​​មាន​សុវត្ថិភាព​អាច​ជៀស​ផុត​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩​នេះ​៕

ទស្សនៈរបស់​ BizKhmer 

X
5s