តើការឆ្លង​ Covid-19 នឹងបញ្ចប់នៅពេលណា? ហើយបញ្ចប់ដោយដោយវិធីណា?​



គិតមកត្រឹមព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២០ អ្នកឆ្លងកូវីដ ១៩ នៅលើពិភពលោកបានកើនឡើងដល់ជាង ១,៦លានករណីហើយ ស្របពេលដែលមានអ្នកស្លាប់ជាង ៩ម៉ឺននាក់ រីឯអ្នកជាសះស្បើយជាង ៣៥ម៉ឺននាក់។

រដ្ឋាភិបាល​មិនតិចទេនៅលើពិភពលោកដែលបាន​ប្រកាស​ធ្វើការបិទប្រទេស​ទាំង​មូល ឬ​ផ្នែក​ខ្លះ​ ឬទីក្រុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងវីរុសកូវីដ ១៩ នេះ ហើយក៏មានសំណួរចោទសួរជាបន្តបន្ទាប់ដែរថា «ពេលណាដែលការឆ្លងរាលដាលដ៏សាហាវមួយនេះនឹងត្រូវបញ្ចប់»?

មកទល់ពេលនេះ ពុំទាន់មាននរណាអាចផ្តល់ចម្លើយលើសំណួរមួយនេះបានទេ ភាពមិនប្រាកដ​ប្រជា នេះនឹងត្រូវអូសបន្លាយរហូតដល់មានការផលិត​វ៉ាក់សាំងសម្រាប់កូវីដ ១៩ ដោយជោគជ័យ។ នេះបើតាមការសិក្សាស្រាវជ្រាវពីក្រុមអ្នកវិទ្យាសាស្រ្ត​នា​សកល​វិទ្យាល័យ​ហុង​កុង​ ដឹកនាំដោយលោកសាស្ត្រាចារ្យ Joseph T Wu

ក្រុមអ្នកស្រាវជ្រាវក៏បានលើកឡើងបន្ថែមដែរថា ប្រទេសទាំងអស់ បើគិតថាការបិទប្រទេស ឬបិទទីក្រុងអាចនឹងជោគជ័យលើការទប់ស្កាត់កូវីដ ១៩ នោះ មិនមែនជារឿងត្រឹមត្រូវ​ទាំង​អស់​នោះ​ទេ ឬអាច​និយាយ​បាន​ថា​ ជោគជ័យ​មួយ​ផ្នែក​ខ្លះក៏​ថា​បាន។ ជាក់ស្ដែង​ ​យើង​ក្រឡេក​ទៅ​មើល​ប្រទេសចិន អាចនឹងជោគជ័យបាត់ទៅហើយ តែនេះចិនកំពុង​​តែមានការព្រួយបារម្ភពីរលកគ្រោះថ្នាក់លើកទី ២ នៃ កូវីដ ១៩ បើទោះជាមិនបានរកឃើញករណីឆ្លងជាសហគមន៍ តែករណីនាំចូលនេះនៅតែ​បន្ត​កើន​មានជាហូរហែ និង​ជា​រៀងលរាល់ថ្ងៃ។ ជាមួយគ្នានេះ ករណីនាំចូលនៅតែជាបញ្ហា សម្រាប់ប្រទេសក្នុងពិភពលោក ហើយប្រទេសទាំងអស់នៅតែមិនអាចគ្រប់គ្រងបាន។

១ តើកូវីដ ១៩ នឹងបញ្ចប់ដោយវិធីណា?

មុនពេលអាចរកឃើញថា ការរាតត្បាតនៃតួឯកកូវីដមួយនេះនឹងត្រូវផុតរលត់នៅពេលណា ទាល់តែយើងអាចរកឲ្យឃើញសិនថា តើវានឹងត្រូវបញ្ចប់ដោយវិធីណា? ការចេញផ្សាយពីគេហទំព័រព័ត៌មាន The Guardian អ្នកជំនាញបានលើកឡើងសេណារីយ៉ូ ៤ ដើម្បីវិភាគពីវិធីដើម្បីបញ្ចប់កូវីដ ១៩៖

សេណារីយ៉ូទី ១

ការបិទព្រំដែន៖ រដ្ឋាភិបាលប្រទេសទាំងអស់ត្រូវចូលរួមឯកភាពគ្នា លើការបិទការចេញចូល រវាងប្រទេសនិងប្រទេស ដើម្បីធ្វើការតាមដាន និងការធ្វើរោគវិនិច្ឆ័យ។ ការលើកឡើងចំពោះការបិទព្រំដែននេះ វាស្រដៀងគ្នាទៅនឹងការណែនាំរបស់អ្នកជំនាញនៅសាកលវិទ្យាល័យហុងកុងដែរ។ បើគ្មានការបិទព្រំដែន ទោះជាក្រុមគ្រូពេទ្យនៅក្នុងប្រទេសមានលទ្ធភាពព្យាបាលអ្នកជំងឺបានជាសះស្បើយអស់ក៏ដោយក៏​គ្មានន័យ​ដែរ ព្រោះករណីនាំចូលនៅតែបន្តកើតមាន ហើយការ​រីករាតត្បាតពីមួយកន្លែងទៅមួយកន្លែង​​ក៏​នៅតែបន្តមានដែរ។ តែក្នុងលក្ខខណ្ឌនេះ អ្នកជំនាញសេដ្ឋកិច្ចក៏បានលើកឡើងដែរថា ការបិទព្រំដែនប្រទេសនីមួយៗ វាផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមាន លើកត្តាសេដ្ឋកិច្ច និងនយោបាយទំនាក់ទំនងរវាងប្រទេស និងប្រទេស។ រឹតតែពិបាកក្នុងករណីដែលប្រទេសនីមួយៗ កំពុងត្រូវការជំនួយពីគ្នាទៅវិញទៅមក ពោលគឺលើសម្ភារៈបរិក្ខារផ្នែកសុខាភិបាល ជំនួយមនុស្សធម៌ ក៏ដូចជាជំនួយផ្នែកធនធានមនុស្ស (គ្រូពេទ្យ) ជាដើម។ ប្រសិនបើមានការបិទទាំងស្រុងមិនឲ្យមានទំនាក់ទំនង និងការចេញចូល វាហាក់ដូចជាដាក់ប្រទេសដែលកំពុងជួបការរងគ្រោះខ្លាំងឱ្យជួបសភាពកាន់តែអាក្រក់។

សេណារីយ៉ូទី ២ 

ការពន្យារពេលរង់ចាំវ៉ាក់សាំង៖ ចំពោះសេណារីយ៉ូទី ២ នេះ គឺឈានចូលកម្រិតបន្ទាប់មួយទៀតសំដៅទៅលើការរង់ចាំវ៉ាក់សាំង។ គិតមកត្រឹមពេលនេះ មានក្រុមហ៊ុនឬស្ថាប័នប្រមាណជា ៣៥ កំពុងប្រជែងគ្នាបង្កើតវ៉ាក់សាំង យ៉ាងហោចណាស់ មាន ៤ ក្រុមហ៊ុនហើយនៅ​សហរដ្ឋ​អាមេរិក​ដែលឈានដល់ដំណាក់កាលធ្វើតេស្តលើសត្វ។ ក្រុមហ៊ុនដំបូងដែលគេដឹងថាបានផលិត និងកំពុងធ្វើសាក​ល្បងតេស្តលើមនុស្សគឺ Moderna។ ក្នុងខណៈនៃការរង់ចាំវ៉ាក់សាំង វិធានការដែលត្រូវអនុវត្តមានតែការបិទទីក្រុងឬតំបន់ដែលមានការឆ្លងរាលដាលជាបណ្ដោះអាសន្នសិន ហើយវិធានការរក្សាគម្លាតក្នុងសង្គមត្រូវតែបន្តអនុវត្ត។ តែសេណារីយ៉ូទី ២ នេះ នៅតែមានភាពតានតឹងដោយសារការបិទប្រទេសឬការបិទតំបន់ lockdown ព្រោះវាធ្វើឱ្យមានភាពតានតឹងផ្នែកសេដ្ឋកិច្ចខ្ពស់។ អត្រានិកម្មភាព​បន្ត​កើនឡើង បញ្ហា​ចាប់​កើយ​មាន​ក្នុ​ងដំណើរការនៃ​ប្រព័ន្ធសេដ្ឋកិច្ច អត្រាកំណើតមរណភាពលើកុមារអាចកើតមានឡើងដោយសារកង្វះអាហារូបត្ថម្ភ បញ្ហាកង្វះទឹកស្អាត ជាពិសេសសម្រាប់ប្រទេសក្រីក្រតែម្ដង។

សេណារីយ៉ូទី ៣

ប្រទេសនានាគួរអនុវត្តតាមប្រទេសកូរ៉េខាងត្បូង ខណៈដែលគេកំពុងរងចាំការផលិត និងភាពជោគជ័យលើវ៉ាក់សាំង គឺកូរ៉េខាងត្បូងបានបង្កើនសមត្ថភាព និងរឹតបន្តឹងការធ្វើតេស្ត កំណត់អត្តសញ្ញាណអ្នកផ្ទុកវីរុសកូវីដ ១៩ ស្វែងរកអ្នកដែលមានការពាក់ព័ន្ធ និងបន្តទំនាក់ទំនងជាមួយពួកគេយ៉ាងតិច ៣សប្ដាហ៍ (ក្នុងករណីគេមិនទាន់មានវិជ្ជមានពេលតេស្តដំបូង)។ បន្ថែមពីនេះគឺការធ្វើផែនការទ្រង់ទ្រាយធំលើការអភិវឌ្ឍកម្មវិធីទំនាក់ទំនងរហ័ស និងអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ដើម្បីជួយក្នុងការស្វែងរកលទ្ធផលដំណើរការ និងតាមដានការដាក់ឱ្យនៅដាច់ដោយឡែក។ ការរក្សាគម្លាតក្នុងសង្គមក៏បានអនុវត្ត បន្តរឹតបន្តឹងដើម្បីការពារការរីករាលដាលនៃការឆ្លងវីរុស និងបន្ធូរបន្ថយសម្ពាធលើប្រព័ន្ធថែទាំសុខភាព។

២) យើងគ្រប់គ្រងវាដោយវិធីណា?

អ្នកជំនាញបានប្រាប់ទៅគេហទំព័រ The Guardian ដដែលថា យុទ្ធសាស្រ្តដែលប្រទេសជាច្រើនកំពុងអនុវត្តដូចជា ការបិទសាលារៀន កម្មវិធីកម្សាន្ត ការប្រគុំតន្ត្រី ក៏ដូចជាការជួបជុំតាមបែបសាសនាដទៃទៀត ការរក្សាគម្លាតនៅក្នុងសង្គម និងការកាត់បន្ថយការធ្វើដំណើរប្រសិនបើមិនចាំបាច់ សុទ្ធតែជាវិធានការដ៏ល្អបំផុតក្នុងការទប់ស្កាត់ការរីករាលដាល ឬហៅថាការចម្លងក្នុងសហគមន៍។ មន្ត្រីផ្នែកសុខាភិបាលធ្លាប់បានផ្ដល់អនុសាសន៍ដែរថា ទោះបីការអនុវត្តការរក្សាគម្លាតក្នុងសង្គម ឬការដាក់អោយនៅដាច់ដោយឡែកចំពោះអ្នកដែលមានអាការៈក្តៅខ្លួន ​ឬ​អាការៈស្រដៀងទៅនឹងកូវីដនេះ មិនអាចបញ្ឈប់ករណីនេះក៏ដោយ ប៉ុន្តែវាអាចបង្កើតគម្លាតនៃការឆ្លង និងជួយសម្រាលដល់ប្រព័ន្ធសុខាភិបាលដូចគ្នា។ នៅពេលដែលអត្រាឆ្លងធ្លាក់ទាប ក្រុមគ្រូពេទ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពិនិត្យព្យាបាលមើលថែអ្នកជំងឺ មិនជួបនឹងបញ្ហាកង្វះថ្នាំ ឧបករណ៍ជំនួយដង្ហើម ក៏ដូចជាបរិក្ខារពេទ្យដទៃទៀតដែរ។

មានសំណួរជាច្រើនបានសួរថា ពេលណាទើបការរឹតបន្តឹងត្រូវបន្ធូរបន្ថយមកវិញ?

គ្មានរដ្ឋាភិបាល ឬនរណាម្នាក់ ចង់ឲ្យប្រទេសរបស់ខ្លួនស្ថិតនៅក្នុងភាពតានតឹង តាមរយៈការរឹតត្បិតឬការបិទប្រទេស បិទ​ទីក្រុងនោះឡើយ។ តែក៏គ្មាននរណាម្នាក់អាចរំពឹងដែរថា ស្ថានការណ៍វានឹងត្រឡប់មកល្អប្រសើរក្នុងពេលឆាប់ៗនេះដែរ។ ​ងាកទៅមើលអាជ្ញាធរក្នុងប្រទេសចិន បានបើកទីក្រុងវូហានឡើងវិញនៅថ្ងៃទី ៨ ខែមេសា កន្លងទៅ បន្ទាប់ពីបិទអស់រយៈពេល​ជាង​ពីរខែ។ ទោះបីជាមានការបើកដំណើរការនានានៅក្នុងទីក្រុងវូហានក្តីនៅពេលនេះ តែការធ្វើដំណើរចេញចូលពិសេសនៅផ្លូវអាកាសគឺនៅមានកម្រិតនៅឡើយ។ មានប្រទេសមួយចំនួនដូចជានៅម៉ាឡេស៊ីជាដើម បានបន្តពន្យាបិទប្រទេស lockdown បន្ថែមទៀតដើម្បីរឹតត្បិតនូវការរីករាលដាល។ ជាមួយគ្នានេះដែរ នាយករងផ្នែកវេជ្ជសាស្ត្រនៅចក្រភពអង់គ្លេសគឺលោក Jenny Harries បានមានប្រសាសន៍ថា ការ lockdown នេះអាចនឹងមានរយៈពេលពីរខែបីខែឬអាចឈានដល់ ៦ ខែ។ 

ជាមួយគ្នានេះផងដែរ លោកស្រីវេជ្ជបណ្ឌិត Annelise Wilder Smith សាស្ត្រាចារ្យផ្នែកជំងឺឆ្លង អនាម័យនិងវេជ្ជសាស្ត្រត្រូពិចនៅសាកលវិទ្យាល័យទីក្រុងឡុង (London School of hygiene and tropical medicine) ក៏បានផ្ដល់អនុសាសន៍ថា ត្រូវមានការរឹតបន្តឹងហើយនៅនឹងកន្លែងរហូតដល់ករណីប្រចាំថ្ងៃនៃការឆ្លងមានការថយចុះជាប្រចាំក្នុងរយៈពេលយ៉ាងហោចណាស់ ២សប្តាហ៍ជាប់គ្នា។

៣) ហេតុអ្វីការធ្វើតេស្តរកវីរុសជារឿងសំខាន់?

វីរុសមួយនេះកំពុងតែបង្កផលប៉ះពាល់នឹងបំភ្លេចបំផ្លាញយ៉ាងខ្លាំងដល់ជីវិតមនុស្ស មិនមែនដោយសារវាកាចសាហាវខ្លាំងពេកនោះទេប៉ុន្តែដោយសារការ​រីក​​រាលដាល​ មាន​ល្បឿន​លឿន​រហ័ស​លើសពីការរំពឹងទុក។ តាមការលើកឡើងពីអ្នកជំនាញចិន និង​អ្នកជំនាញផ្នែកវេជ្ជសាស្ត្រមកពីសហរដ្ឋអាមេរិក បានបង្ហាញថា ២៥ ទៅ ៦០ភាគរយនៃអ្នកដែលបានឆ្លងកូវីដ ១៩ មានការបញ្ចេញអាការៈតិចតួចបំផុតនិងមានអ្នកខ្លះគឺគ្មានបញ្ចេញអាការៈតែម្ដង។

នេះគឺជាគ្រោះថ្នាក់ធំមួយនិងបង្កឱ្យមានការឆ្លងរាលដាលយ៉ាងឆាប់រហ័សនិងទ្រង់ទ្រាយធំផងដែរ។ ដោយសារតែហេតុនេះ ទើបបានជាកូរ៉េខាងត្បូង បានពង្រឹងសមត្ថភាពរបស់ខ្លួនលើការធ្វើតេស្តរកវីរុស ដែលព្យាយាម​ផលិត និង​បង្កើត​ ឧបករណ៍ធ្វើតេស្ត និង​ធ្វើ​តេស្ត​ ឲ្យ​បាន​កាន់តែច្រើនតាមដែលអាចធ្វើទៅបាន ពិសេសនៅតំបន់ទីប្រជុំជនមានមនុស្សឆ្លងកាត់ច្រើន។ ការដែលកូរ៉េខាងត្បូង សម្រេចចិត្តធ្វើបែបនេះព្រោះគេទទួលបានបទពិសោធន៍នៃការឆ្លងរាលដាលយ៉ាងឆាប់រហ័សស្ទើរតែមិនអាចគ្រប់គ្រងបាន វាជាការចម្លងពី​អ្នក​ដែលផ្ទុកវីរុសហើយមិនបញ្ចេញអាការៈ ទៅដល់មនុស្សដទៃទៀតជុំវិញខ្លួន។ ប៉ុន្តែតាមរយៈវិធានការលើការធ្វើតេស្តយ៉ាងតឹងរឹង ​ធ្វើ​ឱ្យកូរ៉េខាងត្បូងអាចទប់ស្កាត់អត្រាមរណៈបាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ បើទោះបីជាចំនួនអ្នកឆ្លងកើនឡើងខ្ពស់ក៏ដោយ។

ជាថ្មីម្ដងទៀត អ្នកជំនាញនៅតែអះអាងថា ការដាក់​ឱ្យ​នៅដាច់ដោយឡែក ឬការរក្សាគម្លាតរស់នៅក្នុងសង្គមជាវិធីសាស្រ្តល្អបំផុតក្នុងការគ្រប់គ្រងការរីករាលដាល។ ហើយអ្វីដែលត្រូវរង់ចាំបន្ទាប់គឺការរង់ចាំការផលិតវ៉ាក់សាំងទទួលបានជោគជ័យសិន។ សួរថាតើវាចំណាយពេលប៉ុន្មានទើបអាចទទួលបានជោគជ័យលើការផលិតវ៉ាក់សាំងនេះ? ក្រុមហ៊ុននិងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រនិយាយដូចគ្នាថា វាមិនអាចចំណាយពេលតិចជាង ១២ ទៅ ១៨ ខែនោះទេក្នុងដំណើរការផលិតវ៉ាក់សាំងនេះ ព្រោះវាត្រូវការឆ្លងកាត់ដំណាក់កាលជាច្រើន ហើយដំណាក់កាលនៃការតេស្តលើសត្វ និងការតេស្តនៅមនុស្សគឺជាដំណាក់កាលសំខាន់បំផុត ហើយក៏ត្រូវធ្វើការរង់ចាំលទ្ធផលបន្ថែមទៀតបន្ទាប់ពីអាចធ្វើទៅលើមនុស្សបាន។ រឿង​ដ៏​ស្មុគ្គស្មាញ​មួយ​ទៀត ត្រូវ​មាន​ការ​យល់ព្រម ពី​អង្គការសុខភាព​ពិភពលោកសិន

ដោយ៖ យ៉ាយ៉ា

 

X
5s