សង្ឃឹមទេថា យើងអាចមានវ៉ាក់សាំងកូវីដឆាប់ៗ? HIV ជាង៣០ឆ្នាំ ស្លាប់ជាង ៣០លានអត់!
ដោយមានប្រវត្តិធ្វើជាអ្នកស្រាវជ្រាវតាំងពីទសវត្សរ៍១៩៨០ មក លោក Michael Kinch មានមុខងារជាច្រើនហើយក៏សាស្ត្រាចារ្យមួយរូបផង លោកចង់តាំងពីអតីតកាលដើម្បីដោះស្រាយបញ្ហាដ៏ធំបំផុតក្នុងវិស័យវេជ្ជសាស្ត្រ នោះគឺ វ៉ាក់សាំងទប់ទល់នឹងជំងឺអេដស៍ (HIV) បើទោះជាមានមន្ទីរពិសោធន៍ដែលទទួលបានជំនួយយ៉ាងសន្ធឹកសន្ធាប់ច្រើនយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានវ៉ាក់សាំងត្រូវបានទទួលស្គាល់ជាផ្លូវការដែរ។
អស់រយៈពេលជាង ៣០មកនេះ HIV បានសម្លាប់មនុស្សជាង ៣០លាននាក់ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់មានការអនុម័តនូវវ៉ាក់សាំងណាមួយជាផ្លូវការនោះទេ។ នេះឈានទៅដល់ចំណុចមួយ ដែលតាមការចុះផ្សាយរបស់ Bloomberg ដកស្រង់ប្រសាសន៍ពីលោក Kinch អនុប្រធានសាកលវិទ្យាល័យ Washington ហើយក៏ជាអតីតអ្នកស្រាវជ្រាវនិងផលិតឱសថដ៏ចំណានមួយរូប ចង់ឱ្យសាធារណជន ងាកមកគិតឡើងវិញថា អាចទេដែលយើងទទួលបានវ៉ាក់សាំងសម្រាប់ កូវីដ១៩ ត្រឹមចុងឆ្នាំនេះ ឬរហូតដល់ ឆ្នាំក្រោយនោះ?
ស្ថានភាពពិភពលោកកំពុងខិតទៅកាន់ស្ថានភាពធ្ងន់ធ្ងរឡើងៗ ខណៈមនុស្សឆ្លងកូវីដ១៩ កើនជិត ១លាន ៣សែននាក់ និងមនុស្សស្លាប់ប្រមាណ ៧ម៉ឺននាក់មកហើយ គិតត្រឹមថ្ងៃទី៧ ខែមេសានេះ។ រដ្ឋាភិបាល ក្រុមវិនិយោគិន និងសាធារណជនទន្ទឹងរង់ចាំយ៉ាងអន្ទះសាអំពីវត្តមានវ៉ាក់សាំងដែលអាចទប់ការឆ្លងរីករាលដាលនាពេលអនាគតបាន។ អ្នកស្រាវជ្រាវរូបណាដែលរកឃើញនោះ នឹងក្លាយទៅជាអ្នកសង្គ្រោះពិភពលោក។ រដ្ឋបាលលោក Trump កំពុងទទូចឱ្យក្រុមហ៊ុនផលិតឱសថទាំងអស់ស្រាក់ដៃគ្នាដើម្បីផលិតវ៉ាក់សាំងនេះឱ្យបាន។
តាមលក្ខណៈវិទ្យាសាស្ត្រ វ៉ាក់សំាងជាច្រើនឆ្លងកាត់ការស្រាវជ្រាវ និងធ្វើតេស្តរាប់សិបឆ្នាំ មុនពេលដែលវាត្រូវបានដាក់ចេញជាផ្លូវការនៅលើទីផ្សារនោះ។ រយៈពេលពី ១២ ទៅ១៨ខែគឺចាត់ទុកបានថា ជាពេលដែលរហ័សបំផុតហើយ។ ចំណាត់ការថ្មីៗចុងក្រោយនេះ ហាក់មានដំណើរការលឿនដោយសារតែការចូលរួមពីបច្ចេកវិទ្យាថ្មីៗ ក្នុងនោះមហាយក្សចិន បានប្រកាសពីការធ្វើតេស្តដោយជោគជ័យ ដំណាលគ្នានឹងការប្រកាសរបស់សហរដ្ឋអាមេរិកដែរ រហូតដល់មានការធ្វើតេស្តជាមួយមនុស្ស ខ្ទង់ ពាន់នាក់ទៀតផង។
នៅប្រទេសចិន ហាក់មិនសូវលេចឮពីស្ថាប័នឯកជនច្រើននោះទេ ដែលធ្វើការពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំងនេះ។ កាលពីថ្ងៃទី១៨ ខែមីនា ស្ថានទូតសាធារណរដ្ឋប្រជាមានិត្យចិន ប្រចាំនៅកម្ពុជា បានផ្សាយនៅតាមបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា ក្រុមស្រាវជ្រាវវិទ្យាសាស្ត្រយោធារបស់ចិន បានរកឃើញវ៉ាក់សាំង Covid19 យ៉ាងជោគជ័យ។
បេសកកម្មដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19 យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតជាហូរហែច្រើនជាងនេះនោះទេ។
បើយោងតាមសេចក្ដីរាយការណ៍ពី VOA ដោយប្រសិទ្ធនាមថា មហាក្រុមហ៊ុនផលិតឱសថស.រ.អា. Johnson & Johnson បាននិយាយកាលពីថ្ងៃចន្ទទី៣០ ខែមីនាថា ខ្លួនបានប្តេជ្ញាផ្តល់ប្រាក់ចំនួន១ពាន់លានដុល្លារដើម្បីផលិតនិងធ្វើតេស្តថ្នាំវ៉ាក់សាំងរួមគ្នាជាមួយក្រសួងសុខាភិបាលនិងសេវាមនុស្សស.រ.អា.។ ក្រុមហ៊ុននេះបាននិយាយថា ប្រសិនបើការសាកល្បងប្រើថ្នាំវ៉ាក់សាំងនេះជាមួយមនុស្សបានជោគជ័យ ក្រុមហ៊ុនប្រុងប្រៀបនឹងផលិតថ្នាំវ៉ាក់សាំងនេះចំនួនជាង១ពាន់លានដូស។ មហាក្រុមហ៊ុនផលិតឱសថស.រ.អា.Johnson & Johnson បាននិយាយថា ខ្លួនរំពឹងថា ថ្នាំវ៉ាក់សាំងនេះដែលផលិតដំបូងៗនឹងមានសម្រាប់ការប្រើប្រាស់គ្រាមានអាសន្នមិនហួសពីដើមឆ្នាំ២០២១ ទេ។
នៅសហរដ្ឋអាមេរិក មិនមែនមានតែ ក្រុមហ៊ុននេះទេ សាកលវិទ្យាល័យធំៗ និងក្រុមហ៊ុនជាច្រើនទៀតដូចជា Sanofi និង Moderna Inc ជាដើមក៏កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការប្រឹងប្រែងនេះដែរ។ ប៉ុន្តែក្នុងការវាយតម្លៃពីអ្នកជំនាញ វាហាក់បីដូចជា ចាយពេលជាយូរទៀត»។
ចំណុចបីដែលលោកអ្នកត្រូវដឹងនៅពេលនិយាយអំពីវ៉ាក់សាំងនោះ៖
- ទិន្ន័យអំពីវីរុស
មុននឹងប្រព័ន្ធភាពស៊ាំរបស់មនុស្សអាចកំចាត់វីរុសណាមួយបាន វាត្រូវស្គាល់ពីវីរុសនោះជាមុនសិន។ អីចឹងហើយមុននឹងអ្នកវិទ្យាសាស្រ្តអាចបង្កើតវ៉ាក់សាំងការពារវីរុសកូរ៉ូណាបាន ពួកគេត្រូវការពេល វេលាដើម្បីយល់ដឹងពីវីរុសនេះឱ្យបានច្រើនជាមុនសិន ខណៈដែលការផ្ទុះនៅចិន ត្រូវពួកបស្ចឹមប្រទេសអះអាងថា ចិនបានលាក់បាំងព័ត៌មានជាច្រើនដែលក្នុងនោះ ក៏មិនងាយអនុញ្ញាតឱ្យពួកលោកខាងលិចជួយ រហូតដល់ចំនួនករណីផ្ទុះឡើងគ្រប់គ្រងលែងជាប់ ទើបអនុញ្ញាត ឱ្យអង្គការសុខភាពពិភពលោក ចូលទៅធ្វើការបាន ហើយសូម្បីក្រុមគ្រូពេទ្យអាមេរិក ក៏មិនអនុញ្ញាតឱ្យចូលទៅដែរ លើកលែងតែក្នុងក្របខណ្ឌអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ បញ្ហានេះ ហើយទើបធ្វើឱ្យបណ្ដាប្រទេសភាគច្រើន ខ្វះព័ត៌មានលម្អិត និងបានបណ្ដាលឱ្យប្រទេសភាគច្រើនជាពិសេសនៅលោកខាងលិច ត្រៀមខ្លួនមិនទាន់ពេល លើការរៀបចំផែនការ ក៏ដូចជាចំណាត់ទប់ស្កាត់បានទាន់ពេលវេលា ក្នុងនោះក៏មានបញ្ហាលើការផលិតវ៉ាក់សាំងដែរ។
- ការធ្វើតេស្ត
បន្ទាប់ពីវ៉ាក់សាំងត្រូវបានបង្កើតឡើងហើយ គេត្រូវការពេលវេលាជាច្រើនខែបន្ថែមទៀតដើម្បីធ្វើតេស្ត សាកល្បងអំពីប្រសិទ្ធ និង សុវត្ថិភាពនៃការប្រើប្រាស់។ តាមការអះអាងរបស់អ្នកជំនាញគឺថា យ៉ាងហោចណាស់ក៏ចំណាយពេល ៦ខែយ៉ាងតិចទើបអាចវាយតម្លៃបាននូវប្រសិទ្ធភាពទាំងស្រុងនៃវ៉ាក់សាំងដែលផលិតបាន។ ដូច្នេះ បើទោះបី ជាសហរដ្ឋអាមេរិក ឬ អាល្លឺម៉ង់ ឬបណ្ដាប្រទេសផ្សេងទៀតដែលផលិតបានវ៉ាក់សាំងនាពេលនេះ ក៏វាត្រូវការពេលច្រើនខែទៀតដែរសម្រាប់ការធ្វើតេស្ត និងវាយតម្លៃប្រសិទ្ធភាព។ ប្រធានក្រុមអ្នកស្រាវជ្រាវវ៉ាក់សាំងរបស់ក្រុមហ៊ុន Sanofi ដ៏ធំរបស់សហរដ្ឋអាមេរិក ដែលបាននិងកំពុងធ្វើការជាមួយនឹងស្ថាប័នពាក់ព័ន្ធសហរដ្ឋអាមេរិក បានវាយតម្លៃថា យ៉ាងហោចណាស់ចាយពេល ១ឆ្នាំ ទៅ ១ឆ្នាំកន្លះទើបអាចផលិតវ៉ាក់សាំង បូកនឹងការធ្វើតេស្ត បាន។
ដំណាក់កាលនៃការធ្វើតេស្ត ក៏ជាបញ្ហាធំខ្លាំងណាស់ដែរព្រោះថា ទម្រាំដល់ការធ្វើតេស្តជាមួយមនុស្សជាក់ស្ដែង ក្រុមគ្រូពេទ្យមានការរៀបចំតេស្តពីរ គឺ Vitro (តេស្តដោយប្រើកោសិកានៅក្នុងមន្ទីរពិសោធន៍) និង Vivo (តេស្តដោយប្រើសត្វដែលត្រូវសម្រិតសម្រាំងយ៉ាងពិសេស)។ តែយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រ អូស្ត្រាលី និងអាមេរិក អះអាងថា ប្រហែលគេអាចប្រើផ្លូវកាត់បានមួយចំនួនព្រោះថា វីរុសនេះធ្លាប់ផ្ទុះកាលពីឆ្នាំ២០០៣ ម្ដងរួចទៅហើយ គ្រាន់តែលើកនេះវាវិវត្តន៍ទៅដំណាក់កាលថ្មីដែលគេដាក់ឈ្មោះថា Corona Virus Disease in 2019។
- ការអនុញ្ញាត
បន្ទាប់ពីវ៉ាក់សាំងត្រូវបានធ្វើតេស្តសាកល្បងនៅក្នុងមន្ទីរពិសោធន៍រួចរាល់ហើយ វាត្រូវការឆ្លងកាត់ការ ត្រួតពិនិត្យពីស្ថាប័នផ្សេងៗទៀត មុននឹងត្រូវបានអនុញ្ញាតដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងនោះការវាយតម្លៃរបស់ស្ថាប័នធំៗ រួមទាំងអង្គការសុខភាពពិភពលោកផង។
- ការផលិត
នៅពេលដែលឆ្លងកាត់ដំណាក់កាសសំខាន់ៗទាំងអស់នេះរួចរាល់ហើយ ក៏មិនទាន់ប្រាកដថាបណ្តា ក្រុមហ៊ុនទាំងឡាយហ៊ានផលិត និង ចែកចាយវ៉ាក់សាំងទាំងនេះក្នុងទ្រង់ទ្រាយធំនោះដែរ។ ទី១ ពួកគេអាចគិតពីផលប្រយោជន៍ជាតិមុនគេ (ផលិតសម្រាប់ប្រើក្នុងស្រុកមុន) និងទី២ គិតពីហានិភ័យដែលអាចនឹងកើតមានផ្សេងៗ ដូចជាការលួចចម្លង ហើយរឹតតែពិសេសទៅទៀតនោះ គឺវ៉ាក់សាំងប្រហែលជាមិនអាចមានហ្វ្រ៊ីដល់ប្រជាជនទូទាំងពិភពលោកនោះទេ ព្រោះក្រុមហ៊ុនឯកជនជាអ្នកស្រាវជ្រាវ និងផលិត ដូច្នេះ ការលក់ក្នុងតម្លៃណាមួយអាចជៀសមិនផុតនោះទេ។
ដោយ៖ រតនៈវិភូ