លក្ខណៈពិសេសទាំង៥ របស់បុគ្គលជោគជ័យ ជាមាគ៌ាកសាងភាពជោគជ័យ​



កុំព្យូទ័រមួយខ្លាំងគ្រឿងដែលមានសមត្ថភាពអាចធ្វើកិច្ចការធំៗបាន លុះត្រាតែកុំព្យូទ័រនោះមានគ្រឿងបង្គុំមានសមត្ថភាពខ្លាំងរបស់វាដូចជាទំហំ RAM, CPU ឬក៏ HHDជាដើមដែរ។ មនុស្សក៏ដូចគ្នា មនុស្សដែលទទួលបានភាពជោគជ័យធំធេងក្នុងជីវិតក៏មានលក្ខណៈខ្លាំងរបស់ពួកគេដែរដូចគ្នាដែរ។ តើមនុស្សខ្លាំងមានលក្ខណៈអ្វីខ្លះ? ខាងក្រោមនេះគឺជា បុគ្គលិកលក្ខណៈចំបងទាំង៥ របស់អ្នកជោគជ័យ ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត៖

  1. ចំណង់ពុះកញ្ច្រោល
    ថ្វីត្បិតតែការយល់ឃើញរបស់មនុស្សម្នាក់ៗ ជាអ្វីដែលជំរុញឲ្យមនុស្សម្នាក់ៗបញ្ចេញសកម្មភាព ប៉ុន្តែវាមិនមែនជាកត្តាតែមួយមុខនោះទេ នៅមានកត្តាមួយទៀត ហើយថែមទាំងជាកត្តាដែលជំរុញដល់កម្មភាពរបស់មនុស្សយ៉ាងខ្លាំងខ្លាទៀតផង នោះគឺកត្តាអារម្មណ៍។មនុស្សដែលមានអារម្មណ៍ វិជ្ជមានមានទំនោរទៅរកការគិត និងធ្វើរឿងវិជ្ជមាន។ វាជាអ្វីដែលជះឥទ្ធិពលដល់មនុស្សគ្រប់គ្នាដោយស្វ័យប្រវត្តិ។ អ្នកអាចព្យាយាមទប់ទល់ជាមួយវា តែតិច ច្រើនវានៅតែមានឥទ្ធិពលលើអ្នកដដែល បើវាគ្មានឥទ្ធិពលលើអ្នកទេ ហេតុអ្វីអ្នកត្រូវព្យាយាមទប់ទល់ជាមួយនឹងវានោះ។ គ្មានមនុស្ស ដែលកំពុងតែមានអារម្មណ៍បាក់ទឹកចិត្តណា ដែលអាចបញ្ចេញកម្មភាពយ៉ាងសកម្ម ដូចជាពេលដែល គេកំពុងតែស្ថិតក្នុងស្ថានភាពអារម្មណ៍ដែលពោរពេញដោយការជំរុញលើកទឹកចិត្តទេ។

    ចំណង់ពុះ កញ្ជ្រោល ក៏ជាស្ថានភាពនៃអារម្មណ៍មួយដែរ។ វាជាអារម្មណ៍មួយដែលអ្នកចង់បានអ្វីមួយយ៉ាង ខ្លាំងក្លា ដូចជាអារម្មណ៍នៃការចង់រស់អីចឹង។ មិនថាជាមានរឿងអ្វីកើតឡើង ជាវិបត្តិផ្ទាល់ខ្លួន វិបត្តិគ្រួសារ វិបត្តិប្រទេសជាតិ ក៏ពិភពលោកទាំងមូលត្រូវជួបនឹងគ្រោះមហន្តរាយណាមួយនោះទេ អ្នកនឹងប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងដើម្បីអាចរស់រានបន្ត អោយតែអ្នកនៅមានដង្ហើម អ្នកនឹងព្រមចុះ ចាញ់នឹងបញ្ហាទាំងអស់នេះឡើយ ពីព្រោះវាជាអ្វីដែលអ្នកត្រូវការ ហើយត្រូវការយ៉ាងខ្លាំងខ្លាដាច់ខាតតែម្តង។ នៅក្នុងជីវិតអ្នកក៏ដូចគ្នាដែរ បើសិនជាអ្នកអាចមានអារម្មណ៍ពុះកញ្ជ្រោលចំពោះ គោលដៅរបស់អ្នក នោះគ្មានអ្វីដែលអាចមករារាំងអ្នកមិនអោយដើរឆ្ពោះទៅរកគោលដៅនោះទេ។ អ្នកអាចនឹងជួបបញ្ហាគ្រប់បែបយ៉ាង តែបញ្ហាគ្រប់បែបយ៉ាងមិនអាចបញ្ឈប់អ្នកបានទេ។ លុយ អំណាច តួនាទី អាចនឹងជំរុញចិត្តរបស់មនុស្សបាន តែអារម្មណ៍នៃសេចក្តីស្រលាញ់ ជាអាម្មណ៍មួយដែលជំរុញដល់ចិត្តរបស់មនុស្សបានយ៉ាងខ្លាំងជាទីបំផុត។ បើកិច្ចការដែលអ្នកកំពុងតែធ្វើ ពិតជាកិច្ចការដែលអ្នកស្រលាញ់ចូលចិត្តមែន នោះអ្នកជោគជ័យ៥០% រួចបាត់ទៅហើយ។
  2. ភាពអត់ធ្មត់
    ការរីកលូតលាស់គ្រប់បែបយ៉ាងក្នុងលោកនេះ តែងតែត្រូវការពេលវេលារបស់វាជានិច្ច។ ការរីកលូតលាស់នៃគោលដៅរបស់អ្នកក៏វាទាមទារពេលវេលារបស់វាដែរ។ អ្នកអាចប្រឹងប្រែងក្នុងការ កសាងវាឡើងមក តែអ្នកមិនអាចបង្ខំអោយវាឲ្យកើតឡើងមុនពេលកំណត់របស់វាបានទេ។ ប្រៀប ដូចជាការដាំដើមឈើអីចឹង អ្នកអាចប្រឹងប្រែងព្យាយាមដាំដុះនិងថែទាំវាទាំងយប់ទាំងថ្ងៃ ប៉ុន្តែអ្នកមិន អាចបង្ខំវាឲ្យលូតលាស់ធំធាត់ផ្តល់ផ្លែផ្កាមុនកាលកំណត់របស់វាបានទេ ដោយវាត្រូវាការពេលវេលារបស់វា។ នេះគឺជាច្បាប់របស់ធម្មជាតិ។ ក្នុងការកសាងក្តីសុបិនរបស់អ្នក អ្នកត្រូវតែ មានភាពអត់ធ្មត់ក្នុងការរង់ចាំ ទុកពេលវេលាឲ្យក្តីសុបិនរបស់អ្នកបានលូតលាស់។ ភាព តក់ក្រហល់អាចនឹងបំផ្លាញកិច្ចការរបស់អ្នកបាន ហើយពេលខ្លះភាពតក់ក្រហល់ ធ្វើឲ្យអ្នកបោះបង់ចោលគោលដៅរបស់អ្នកទាំងដែលវាជិតនឹងកើតឡើងទៅហើយ។ ប្រៀបដូចជាមនុស្សដែលរង់ចាំមើលព្រះអាទិត្យរះតាំងតែពីម៉ោង១រំលងអាធ្រាត្រ ហើយក៏ត្រលប់ទៅវិញនៅម៉ោង៥ទាបភ្លឺដូច្នេះដែរ។ មិនខុសពីសុភាសិតខ្មែរពោលថា៖ «តក់ៗពេញបំពង់» និង «សន្សឹមៗកុំបំបោល គង់បានដល់ដូចប្រាថ្នា»
  3. ជំនឿចិត្ត
    ជំនឿចិត្តគឺជាស្ពានដែលតភ្ជាប់រវាងពិភពខាងក្នុង ទៅកាន់ពិភពខាងក្រៅ រវាងក្តីសុបិនទៅកាន់សកម្មភាព បើគ្មានសកម្មភាពទេ អ្នកមិនអាចសូនក្តីសុបិនរបស់អ្នកឲ្យចេញជារូបរាងបានទេ តែបើគ្មានជំនឿចិត្តចំពោះអ្វីដែលអ្នកធ្វើ អ្នកក៏មិនអាចចាប់ផ្តើមធ្វើវាបានដែរ។ ជំនឿចិត្តកើតមកពីការស្គាល់ខ្លួនឯង និងស្គាល់ច្បាស់ពីគោលដៅដែលអ្នកត្រូវទៅ។ ពេលខ្លះអ្នកក៏ អាចទទួលបានជំនឿចិត្តពីអ្នកដទៃផងដែរ។
  4. ភាពក្លាហាន
    ការដើរឆ្ពោះទៅកាន់គោលដៅរបស់អ្នក ប្រៀបដូចជាការដើរចូលទៅក្នុងសមរភូមិដូច្នោះដែរ។ អ្នកដែលដើរឆ្ពោះទៅរកគោលដៅដោយគ្មានភាពក្លាហាន ប្រៀបដូចជាទាហានកំសាកម្នាក់អីចឹង។ ទាហានដែលកំសាកខ្លាចស្លាប់ គឺជាទាហានដែលបានស្លាប់រួចទៅហើយ។ បើអ្នកពិតជាចង់សម្រេចគោលដៅរបស់អ្នកមែន ចង់ឬមិនចង់ អ្នកត្រូវតែជាមនុស្សដែលមានភាពក្លាហាន។ លោក Baltasar Gracián ​​​៖​«​បើ​មាន​តែ​ចំណេះ​ដឹង​ តែ​គ្មាន​សេចក្ដី​ក្លាហាន​ ​គឺ​អត់​ប្រយោជន៍​»​​។
  5. ធ្វើការជាក្រុម
    អ្វីៗដែលនៅជុំវិញខ្លួនយើងសុទ្ធតែជាជំនួយរបស់យើង មិនថាជាធម្មជាតិ ស្ថាប័ន ក៏ជាមនុស្សនោះទេ។ ឧទាហរណ៍ ពេលត្រូវការចំណេះ អ្នកទៅរកសាលា ពេលត្រូវការការងារ អ្នកទៅរកកន្លែងធ្វើការ ក៏ពេលត្រូវការលុយ អ្នកទៅរកធនាគារជាដើម។ ដូចគ្នាដែរ ពេលអ្នកត្រូវការភាពជោគជ័យ អ្នកក៏អាចទៅរកមិត្តភក្តិ ក៏ក្រុមមនុស្សដែលមានគោលដៅប្រហាក់ ប្រហែលអ្នកផងដែរ ដើម្បីជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។

    នៅក្នុងដំណើរដ៏វែងឆ្ងាយឆ្ពោះទៅ សម្រេចគោលដៅរបស់អ្នក មានបញ្ហា ឧបសគ្គជាច្រើនដែលអ្នកត្រូវឆ្លងកាត់។ វាជារឿងមួយដែលពិបាកក្នុងការលេបយកបញ្ហាមួយទាំងមូលតែម្នាក់ឯង ហើយវារឹតតែពិបាកទៅទៀតក្នុងការធ្វើអោយខ្លួនឯងនៅតែមានអារម្មណ៍ពុះកញ្ច្រោល អារម្មណ៍រីករាយ ក៏អារម្មណ៍ជំរុញទឹកចិត្តជាដើម បន្ទាប់ពីត្រូវបានបោកបក់ដោយរលកនៃបញ្ហាម្តងហើយម្តងទៀត។  ហេតុនេះហើយ ការមានក្រុមការងារ គឺជាជម្រើសដ៏ប្រសើរមួយ ដើម្បីអាចជួយជ្រោមជ្រែងគ្នាទៅវិញទៅមកឆ្លងកាត់ឧបសគ្គទាំងអស់នោះជាមួយគ្នា។ ដូចឃ្លាមួយគេនិយាយថា «បើចង់ដើរបានលឿនចូរដើរម្នាក់ឯង តែបើចង់ដើរបានយូរចូរដើរជាក្រុម»

    ដោយ៖ ជា ឧត្តម្ភ

 

 

   

 

 

X
5s