ការផ្ទុះឡើងនូវជំងឺអាថ៌កំបាំងមួយនៅប្រទេសចិន ធ្វើឲ្យប្រទេសអាស៊ីកំពុងព្រួយបារម្ភ
រដ្ឋាភិបាលប្រទេសអាស៊ីកំពុងបង្កើនវិធានការការពារជាមុនដើម្បីការពារការផ្ទុះឡើងនៃជំងឺអាថ៌កំបាំងមួយ បន្ទាប់ពីអាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ថាមាន ៤៤ ករណីនៃជំងឺមួយមិនស្គាល់ប្រភពច្បាស់លាស់ ចំពេលមានការព្រួយបារម្ភថាវីរុសនេះទំនងមានទំនាក់ទំនងជាមួយវីរុស SARS ដែលមានការផ្ទុះឡើងកាលពី ១៧ ឆ្នាំមុនដែលបណ្តាលឲ្យមានមនុស្សរាប់រយនាក់បានស្លាប់នៅអាស៊ី និងកន្លែងផ្សេងទៀតក្នុងពិភពលោក។
ការផ្ទុះឡើងជំងឺអាថ៍កំបាំងនេះបានជំរុញឲ្យអាជ្ញាធរ ហុងកុង, ម៉ាកាវ, តៃវ៉ាន់, កូរ៉េខាងត្បូង, សិង្ហបុរី និងម៉ាឡេស៊ី បានចាត់វិធានការបន្ទាន់រួមទាំងការរឹតបន្តឹងការត្រួតពិនិត្យសុខភាពនៅតាមព្រំដែន និងការត្រួតពិនិត្យសីតុណ្ហភាពលើជើងហោះហើរទាំងអស់ដែលហោះចេញពីទីក្រុងវូហាន (Wuhan) ក្នុងខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលរបស់ប្រទេសចិនជាកន្លែងសង្ស័យថាមានការផ្ទុះវីរុសមួយនេះ។ អាជ្ញាធរចិនបាននិយាយថាកាលពីថ្ងៃសុក្រកន្លងទៅថាអ្នកជំងឺ១១នាក់កំពូងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយមានរោគសញ្ញាដូចជាផ្ដាសាយ និងពិបាកដកដង្កើមជាដើម។
ប្រភពរូប៖ asia.nikkei.com
អាជ្ញាធរសុខាភិបាលក្នុងទីក្រុងហុងកុងកាន់តែមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីមានករណីអ្នកជំងឺចំនួន ៥ នាក់បានវិវត្តទៅជារោគសញ្ញានៃការឆ្លងមេរោគផ្លូវដង្ហើម និងគ្រុនក្តៅបន្ទាប់ពីបានទៅទស្សនាទីក្រុងវូហាន(Wuhan) រយៈពេលប្រហែល ៤ ម៉ោងតាមរថភ្លើងពីហុងកុង។ ដោយអ្នកជំងឺពីរនាក់ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យបន្ទាប់ពីការជាសះស្បើយពេញលេញ ហើយអ្នកជំងឺម្នាក់ទៀតបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ SARS, ជំងឺផ្តាសាយ, និងជំងឺផ្តាសាយបក្សី។ រីឯពីរនាក់ផ្សេងទៀតកំពុងរង់ចាំលទ្ធផលតេស្តនៅឡើយ។
បន្ថែមលើសពីនេះរដ្ឋាភិបាលហុងកុងបានដាក់ចេញនូវវិធានការណ៍បង្ការថ្មីៗរួមទាំងសេចក្តីប្រកាសជារៀងរាល់ថ្ងៃអំពីករណីសង្ស័យណាមួយ ដោយបានដំឡើងប្រព័ន្ធរូបភាពវាស់កម្ដៅនៅអាកាសយានដ្ឋានអន្តរជាតិហុងកុងក៏ដូចជាការបង្កើនការសម្អាតតាមផ្លូវរថភ្លើង និងយន្តហោះដែលចេញចូលពីទីក្រុងវូហាន(Wuhan) ប្រទេសចិន។
ប្រភពរូប៖ asia.nikkei.com
បើតាមភ្នាក់ងារទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសចិនបានប្រាប់កាសែត South China Morning Post កាលពីថ្ងៃពុធ អាទិត្យមុនថា «ការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង ហើយអាជ្ញាធរមិនទាន់អាចបញ្ជាក់ពីអ្វីដែលបង្ករឲ្យមានជំងឺទាំងអស់នេះទេ តែរដ្ឋាភិបាលនឹងសង្ឃឹមថាប្រព័ន្ធរកឃើញជម្ងឺ (Disease Detection Systems) មានប្រសិទ្ធភាព បណ្តាញទំនាក់ទំនងមានការបើកចំហ ហើយការរាយការណ៍មានភាពរហ័សនៅទូទាំងតំបន់» ។
លោក Yuen Kwok-Yung អ្នកជំនាញខាងមីក្រូជីវសាស្រ្តនៅសាកលវិទ្យាល័យហុងកុងបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធថា «ការឆ្លងវីរុសនៅ Wuhan ហាក់ដូចជាស្រដៀងនឹងការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅឆ្នាំ ១៩៩៧ និងជម្ងឺ SARS នៅប្រទេសចិន ហើយលោកបានបន្ថែមថាចំពោះសត្វពាហន:ក៏អាចមានការផ្ទុកនូវវីរុសនេះផងដែរនៅក្នុងការផ្ទុះឡើងចុងក្រោយនេះ»។
ប្រភពរូប៖ asia.nikkei.com
មិនតែប៉ុណ្ណោះលោកក៏បានទទូចដល់សាធារណជនទាំងអស់កុំឲ្យមានការព្រួយបារម្ភអំពីបញ្ហានេះ ទោះបីនៅពេលនេះយើងមិនទាន់អាចកំណត់អត្តសញ្ញាណជាក់លាក់ណាមួយក៏ដោយ។
បើតាមការធ្វើតេស្តនៅមន្ទីរពិសោធន៍ដំបូងបង្ហាញថាវាគ្មានការឆ្លងពីមនុស្សទៅមនុស្សទេ ហើយគ្មានបុគ្គលិកពេទ្យណាឆ្លងជំងឺនេះទេ នេះបើយោងតាមគណៈកម្មការសុខាភិបាលក្រុងវូហាន (Wuhan)។ គណៈកម្មការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា “អ្នកជម្ងឺភាគច្រើនគឺសុទ្ធតែជាអ្នកធ្វើការនៅក្នុងទីផ្សារលក់ដុំអាហារសមុទ្រ”។
កាសែតរដ្ឋ People's Daily បាននិយាយនៅលើ microblog Weibo ថា «មូលហេតុនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះគឺមិនទាន់ច្បាស់ទេហើយគេមិនអាចសន្និដ្ឋានថាវាជាវីរុស SARS ដូចពាក្យចចាមអារាមតាមអ៊ិនធឺណេតទេ»។ មិនតែប៉ុណ្ណោះប៉ូលីសទីក្រុងវូហានបានឃុំខ្លួនមនុស្ស ៨ នាក់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ិនធឺណេតពាក់ព័ន្ធករណីនេះ។
ចំណែកឯនៅតៃវ៉ាន់វិញអាជ្ញាធរបានបង្កើនកិច្ចប្រឹងប្រែងត្រួតពិនិត្យព្រំដែននៃជើងហោះហើរពីវូហាន។ លោកជូជីហុ (Chou Jih-haw) អគ្គនាយកនៃមជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺតៃវ៉ាន់បាននិយាយថា «មន្ត្រីសុខាភិបាលកំពុងធ្វើការត្រួតពិនិត្យនៅលើយន្តហោះ និងលើកកម្ពស់ការយល់ដឹងអំពីសុខភាពមុនពេលអ្នកដំណើរត្រូវបានអនុញ្ញាតឲ្យចុះចត»។
អាជ្ញាធរទីក្រុងម៉ាកាវ ដែលជាទីកន្លែងដែលមានជើងហោះហើរទីជើងក្នុងមួយថ្ងៃពីទីក្រុងវូហាន បានចាប់ផ្ដើមរឹតបន្ដឹងទៅលើការវាស់សីតុណ្ហភាព (temperature screenings) សម្រាប់អ្នកធ្វើដំណើរលើយន្តហោះ។
ជាមួយគ្នាដែរ ជើងហោះហើរនៅព្រលានយន្តហោះ Changi ប្រទេសសិង្ហបុរី និងអជ្ញាធរម៉ាឡេស៊ី ធ្វើការចាត់វិធានការត្រួតពិនិត្រនៅតាមតំបន់ច្រកព្រំដែនអន្តរជាតិទាំងរបស់របស់ប្រទេសបង្ការជំងឺមួយនេះ។
គួរបញ្ជាក់ផងដែរថា ជំងឺផ្លូវដង្កើមធ្ងន់ធ្ងរ (SARS, or severe acute respiratory syndrome) ដែលផ្ទុះឡើងនៅក្នុងតំបន់ភាគខាងត្បូងប្រទេសចិនក្នុងចុងឆ្នាំ២០០២ ដែលឆ្លងទៅដល់មនុស្សជាង ៨០០០នាក់ និងបានសម្លាប់មនុស្សប្រមាណ ៧៧៥នាក់ទូទាំងពិភពលោក៕
ដោយ៖ ជា ធារិទ្ធ