មូលហេតុ ៦ ចំណុចនាំឲ្យអ្នកមានបញ្ហាស្មុគស្មាញនៅកន្លែងការងារ
មាននរណាខ្លះដែលមិនធ្លាប់ជួបបញ្ហាស្មុគស្មាញក្នុងកន្លែងការងារ? ចម្លើយគឺគ្មានទេ ហើយបញ្ហាស្មុគស្មាញនេះពិតជាជះឥទ្ធិពលខ្លាំងណាស់ដល់ការបំពេញការងារឲ្យបានល្អ និងទទួលបានលទ្ធផលល្អ។
ស្របពេលជាមួយគ្នានេះដែរ មានបុគ្គលមួយចំនួនមិនបានដឹងទេថាតើអ្វីជាកត្តាសំខាន់ដែលធ្វើឲ្យខ្លួនឯងស្មុគស្មាញនៅពេលបំពេញការងារ។ ការដែលរកមិនឃើញពីបញ្ហាប្រឈមទាំងអស់នេះ បានធ្វើឲ្យលទ្ធភាពការងាររបស់ពួកគេធ្លាក់ចុះ និងបង្កជាបញ្ហាផ្សេងៗទៀតជាច្រើនដូចជា។ ខាងក្រោមនេះនឹងបង្ហាញអ្នកពីមូលហេតុ ដែលនាំឱ្យអ្នកមានបញ្ហានៅកន្លែងការងារ៖
១) តម្រូវការ
តម្រូវការក្នុងចំណុចនេះផ្តោតសំខាន់លើរបៀបរបប គំរូ និងបរិយាកាសការងារ នៅពេលដែលបុគ្គលិកមានអារម្មណ៍ថា ពួកគេមានបន្ទុកការងារធ្ងន់ពេក បរិយាកាសក្នុងការិយាល័យ ការប្រាស្រ័យទាក់ទងរវាងថ្នាក់លើ និងថ្នាក់ក្រោម ក៏ដូចជាមិត្តរួមការងារមិនចុះសម្រុងនឹងគ្នា នោះធ្វើឲ្យពួកគេរងសម្ពាធដូចចងដុំថ្មសង្កត់ទ្រូងដូច្នោះដែរ។ ពេលខ្លះបំលាស់ប្តូរបច្ចេកវិទ្យាបានធ្វើឲ្យមានការជះឥទ្ធិពលដល់កាលកំណត់សម្រាប់ការងារមួយ (deadlines) ដោយសារបុគ្គលិកមិនទាន់អាចសម្របខ្លួនជាមួយបច្ចេកវិទ្យាថ្មីនោះបាន ធ្វើឲ្យគាត់ស្មុគស្មាញបំពេញការងារមិនទាន់ពេល ហើយក៏បណ្ដាលឲ្យពួកគាត់ធ្វើការងារលើសម៉ោងទៀតផងក៏មាន។
២) ខ្វះការត្រួតពិនិត្យ
វាទាក់ទងនឹងសិទ្ធិអំណាចរបស់បុគ្គលិកក្នុងការគ្រប់គ្រងត្រួតពិនិត្យលើការងារមួយ។ នៅពេលខ្លះពួកការងារដែលជាតួនាទីរបស់គាត់ផ្ទាល់ ឬបុគ្គលិកនៅក្រោមគាត់ផ្ទាល់ គាត់បែរជាគ្មានសិទ្ធិគ្រប់គ្រង គ្មានសិទ្ធិដាក់ការងារឬដាក់ការបញ្ជាបាន។ ម៉្យាងវិញទៀត បុគ្គលមួយចំនួនតូចមិនបានចូលរួមសកម្មភាពការងារឲ្យសមស្របតាមតួនាទីរបស់ខ្លួនដូចជា មិនបានចូលរួមក្នុងការសម្រេចចិត្តនានា មិនខ្វល់ថាការងារដែលខ្លួនត្រូវធ្វើគ្រប់តាមការកំណត់ភារកិច្ចការងារដែលបានដាក់ចេញឬនៅ។
លើសពីនេះការគ្រប់គ្រងមួយដែលខ្វះចន្លោះហើយជះឥទ្ធិពលដល់លទ្ធផលការងារខ្លាំងបំផុតនោះគឺ ការគ្រប់គ្រងពេលវេលាមិនបានល្អដូចជា ការមកយឺត-ចេញមុន មកទាន់ម៉ោងតែមិនប្រើប្រាស់ពេលវេលាធ្វើការឲ្យបានត្រឹមត្រូវជាដើម។
៣) មានការគាំទ្រ ឬជ្រោមជ្រែងតិចតួច
ជាធម្មតាទេ មិនថាក្នុងស្ថាប័នណាទេបុគ្គលិកទាំងអស់តែងត្រូវការការយកចិត្តទុកដាក់ គាំទ្រ (Support) ពីថ្នាក់ដឹកនាំ ឬអ្នកគ្រប់គ្រងរបស់ខ្លួន ក៏ដូចជាការជ្រោមជ្រែងជាគំនិតយោបល់លើការបំពេញការងាររបស់ពួកគេដើម្បីឲ្យពួកគេមានលទ្ធភាពអភិវឌ្ឍសមត្ថភាពកាន់តែខ្លាំង។ ផ្ទុយមកវិញ ក្នុងករណីដែលអ្នកដឹកនាំមិនបានបំពេញតួនាទីរបស់ខ្លួនគ្រប់គ្រងបុគ្គលិកឲ្យបានល្អទេ ពួកគេនឹងក្លាយជាមនុស្សដែលមានអារម្មណ៍ថាពួកគេកំពុងបាត់បង់ឱកាសអភិវឌ្ឍន៍ខ្លួន។ ធ្វើឲ្យបុគ្គលិកមានអារម្មណ៍តានតឹងក្នុងការបំពេញការងារ។
៤) តួនាទីមិនច្បាស់លាស់
ពេលខ្លះភាពស្មុគស្មាញរបស់បុគ្គលិកកើតចេញពីការកាន់ការងាររបស់បុគ្គលិកគ្មានភាពច្បាស់លាស់ ត្រឹមត្រូវ ការចាត់ចែងមិនបានល្អពីសំណាក់អ្នកគ្រប់គ្រង វាកើតមានឡើងដោយសារការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងមិនបានត្រឹមត្រូវ នាំឲ្យមានភាពច្របល់ ការងារឡូកឡំតួនាទី។
ភាពមិនច្បាស់លាស់ និងទំនាស់តួនាទីការងារនាំឲ្យមានតំហយចុះលទ្ធផលការងាររបស់បុគ្គលិក ហើយក៏បង្កជាហេតុផលចំបងនាំឲ្យលាឈប់ពីការងារក្នុងក្រុមហ៊ុនដូចគ្នា។ ការពេញចិត្តការងារសំដៅទៅលើការវាយតម្លៃវិជ្ជមាននៃតួនាទីការងារ ខណៈដែលការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនគឺសំដៅទៅលើការភ្ជាប់ទំនាក់ទំនងរវាងនិយោជិកទៅនឹងក្រុមហ៊ុន។
៥) បញ្ហា Work Life Balance
បញ្ហាអតុល្យភាពជីវិតការងារ ក៏បណ្ដាលមកពីកត្តាសំខាន់ៗទាំង ៤ ខាងលើដូចគ្នា សម្ពាធកើតមានឡើងនៅពេលដែលការបំពេញការងារធ្វើឡើងលើសកម្រិត ហើយគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ ករណីនេះមានការចូលរួមមួយផ្នែកធំពីខ្លួនឯងផ្ទាល់ ព្រោះភាគច្រើនដោយសារគេជាមនុស្សដែឡគិតពីលទ្ធផលការងារជាធំ គេតែងចង់បានស្នាដៃការងារ ហើយទុកគ្រួសារមួយឡែក ធ្វើការងារលើសម៉ោង ធ្វើការងារគ្មានសៅរ៍ អាទិត្យ គ្មានថ្ងៃឈប់សម្រាក កាត់ផ្តាច់ពីទំនាក់ទំនងក្នុងសង្គម កាត់ផ្តាច់ពីការកំសាន្តនានា។
៦) ខ្សោយក្នុងការផ្សារភ្ជាប់ទំនាក់ទំនង
ទំនាក់ទំនងជាផ្នែកមួយសម្រាប់ការស់នៅរបស់មនុស្ស។ មនុស្សដែលមានប្រាស្រ័យទាក់ទងល្អជាមួយអ្នកជុំវិញខ្លួន តែងមិនសូវជាជួបបញ្ហាស្មុគស្មាញក្នុងជីវិតទេព្រោះពួកគាត់អាចប្រើការប្រាស្រ័យទាក់ទងរបស់គាត់ជាដំណោះស្រាយបញ្ហាបានយ៉ាងល្អ។ ក្នុងកន្លែងការងារ អ្នកដែលខ្សោយទំនាក់ទំនងជាមួយក្រុមការងារតែងមានភាពរកាំរកូស បង្កទៅជាជម្លោះពាក្យសម្តី បង្កអំពើហិង្សា និងមានការប៉ះទង្គិចយ៉ាងខ្លាំងផ្នែកសតិអារម្មណ៍៕
ដោយ៖ យ៉ាយ៉ា