អ្នកសិក្សាគួរដឹង! ការបកប្រែជួយបង្កើនសមត្ថភាពភាសាអង់គ្លេស និងផ្ដល់អត្ថប្រយោជន៍ជាច្រើនមិននឹកស្មានដល់
ការបកប្រែគឺការបម្លែងភាសាដើម (source language) ទៅជាភាសាគោលដៅ (target language)ដោយធ្វើយ៉ាងណាឲ្យត្រឹមត្រូវ ងាយស្រួលយល់។ ការបកប្រែមានបែងចែកជាពីរ គឺការបកប្រែសរសេរ (Translation) និងការបកប្រែសម្លេង (Interpretation) ប៉ុន្តែយើងនិយាយពីការបកប្រែក្នុងការសេរសេរ។ ការបកប្រែគឺជាអាជីព ប៉ុន្តែការបកប្រែពីភាសាអង់គ្លេសទៅជាខេមរភាសាមិនជាងាយស្រួលនោះទេពីដំបូង ប៉ុន្តែអ្នកដែលចង់ក្លាយជាអ្នកបកប្រែ (Translator) នឹងទទួលបានអត្ថប្រយោជន៍ច្រើនគួរសម ដែលមិនគួរមើលរំលង៖
លោក លង់ វណ្ណៈ អ្នកបកប្រែនៅ BizKhmer គ្រូបង្រៀនភាសាអង់គ្លេស និងជាអ៊េដមីនផេក Cam-Edu បានមានចែករំលែកថា៖ «ការបកប្រែមិនងាយស្រួលនោះទេ ប៉ុន្តែនៅពេលអ្នកអនុវត្តកាន់តែច្រើន នោះអ្នកចេះ ហើយភាសាអង់គ្លេសរបស់អ្នករីកចម្រើនដោយមិនដឹងខ្លួន។ អ្នកនឹងកាន់តែដឹងម្រើនទាំងពាក្យពេចន៍ ឃ្លងឃ្លា (vocabulary, expression, phrasal verb, idiom) និងពិសេសចេះក្បួនវេយ្យាករណ៍ភាសាអង់គ្លេសទៀតផង ដែលអាចយកទៅប្រើប្រាស់ក្នុងការទំនាក់ទំនងប្រចាំថ្ងៃបាន»។
ជាមួយគ្នានោះ លោកបានបន្ថែមទៀតថា៖ មិនតែប៉ុណ្ណោះអ្នកសិក្សាភាសាអង់គ្លេសភាគច្រើនមិនត្រូវមើលរំលងការបកប្រែនោះទេ ពីព្រោះវាជួយបង្កើនសមត្ថភាពភាសាអង់គ្លេសកាន់តែខ្លាំង ជាពិសេសសមត្ថភាពកាន់យល់ កាត់ន័យឲ្យត្រឹមត្រូវក្នុងបរិបទអត្ថបទនីមួយៗ។ ដោយនេះអាចនិយាយថា ការបកប្រែជួយអ្នកពូកែទាំងភាសាអង់គ្លេសនិងខេមរភាសា ដោយចំណេះដឹងភាសាអង់គ្លេសកាន់តែរីកចម្រើន ហើយវានឹងជួយពង្រីកភាសាខ្មែររបស់កាន់តែទូលំទូលាយថែមទៀត។ មួយទៀត ប្រហែលជាវាអាចជួយឲ្យអ្នកចេះភាសាពីរ (Bilingual) ដែលនេះជួយទៅដល់ភាពឆ្លាតវៃ និងភាពលឿនរហ័សនេះការប្រើប្រាស់ខួរក្បាលផងដែរ។
លោក Steven អ្នកបកប្រែអត្ថបទបច្ចេកវិទ្យា ក៏បានលើកឡើងផងដែរថា៖ «ការបកប្រែជួយឲ្យអ្នកយល់ដឹងកាន់តែស៊ីជម្រៅពីអត្ថបទនីមួយៗ ពន្លឿនការវាយអក្សរខ្មែរលើកុំព្យូទ័រ និងជាជំនាញដែលកំពុងខ្វះខាត»។
ចំណេះដឹងជំនាញ៖ នៅពេលអ្នកបកប្រែអត្ថបទមួយនោះអ្នកមានចំណេះដឹងទូលំទូលាយទាក់ទងនឹងអត្ថបទដែលអ្នកបកប្រែដែលនេះជួយទៅដល់ជំនាញរបស់អ្នកថែមទៀត។ ឧទាហរណ៍ ប្រសិនបើអ្នកបកប្រែអត្ថបទបច្ចេកវិទ្យា ច្បាស់ណាស់ថាអ្នកនឹងពូកែដឹងរឿងច្រើនពីវា។ បើបកប្រែអត្ថបទសេដ្ឋកិច្ច នោះអ្នកនឹងដឹងច្បាស់ពីសេដ្ឋកិច្ច។
លោកបន្ថែមទៀតថា៖ កាលមុនចាប់អាជីពជាអ្នកបកប្រែ គឺខ្ញុំមិនអាចវាយតួអក្សរអង់គ្លេសលើក្ដាចុចបានលឿននោះទេ ប៉ុន្តែដោយសារតែឆ្លងកាត់អាជីពជាអ្នកបកប្រែមួយរយៈមក ខ្ញុំបានវិវដ្ដល្បឿននៃការវាយតួរអក្សរខ្មែរលើកុំព្យូទ័រមានភាពរហ័សរហួនជាងមុន ដោយមិនចំបាច់មើលក្ដារវាយ (Keyborad) នោះទេ។
លើសពីនេះ លោក បានបន្ថែមទៀតថា បង្កើនចំណេះដឹងទូទៅ៖ ការបកប្រែអត្ថបទគឺមិនមែនចេះតែឃើញអត្ថបទភ្លាមបកប្រែភ្លាមៗនោះ។ មុននឹងបកប្រែគឺយើងត្រូវការអានឲ្យយល់នូវឃ្លឹមសារអត្ថបទនោះនិងឆ្លងកាត់ការស្រាវជ្រាវបន្ថែមលើប្រធានបទក្នុងអត្ថបទនោះដើម្បីឲ្យយើងងាយស្រួលសរសេរសាច់រឿងប្រធានបទចេញជាមែកធាង។ ការស្រាវជ្រាវនេះក៍បានចូលរួមបានបណ្ដុះគ្រឹះ ចំណេះដឹងទូទៅពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជុំវិញពិភពរួមទាំងចំណេះដឹងផ្សេងៗផងដែរ។
ជាចុងក្រោយ លោកក៏បានលើកឡើងផងដែរថា អ្នកបកប្រែភាសាអង់គ្លេស~ខ្មែរ កំពុងមានតម្រូវការខ្ពស់ ហើយការងារនេះទៀតសោតជាការងារងាយស្រួលដោយអ្នកអាចធ្វើការនៅផ្ទះក៏អាចទទួលបានចំណូលផងដែរ៕