របកគំហើញថ្មី៖ សមត្ថភាពរបស់អ្នកកាន់តែខ្លាំងនៅពេលអ្នកមានអត្រាបង្កើតកំហុស ១៥ភាគរយ
យោងតាម World Economic Forum បានឲ្យដឹងថាអ្នកស្រាវជ្រាវខាងផ្នែកអប់រំបានយល់ឃើញថាការដែលយើងទាំងអស់គ្នារៀនព្យាយាមធ្វើមួយដែលប្លែកខុសពីអ្វីដែលយើងធ្លាប់ធ្វើឬលើសពីព្រំដែនសមត្ថភាពរហូតយើងបរាជ័យក្នុងអត្រា ១៥ ភាគរយ នោះនឹងជួយបង្កើនបំណិន និងចំណេះដឹងរបស់អ្នកមានភាពល្អប្រសើរលើសពីការរំពឹងទុក។
ផ្ទុយទៅវិញ បើយើងធ្វើអ្វីដែលងាយស្រួលពេកដែលយើងអាចឈានទៅចាប់លើកទង់ជ័យបានដោយងាយៗនោះគឺយើងគ្មានបានទទួលបានបទពិសោធន៍អ្វីថ្មីព្រមទាំងគ្មានវឌ្ឍនភាពលើផ្នែកសមត្ថភាពយើងបានទេ។ មិនខុសពីនេះដែរ បើយើងធ្វើអ្វីដែលយ៉ាប់យ៉ើនខ្លាំងរហូតយើងដួលបរាជ័យភ្លាមៗនោះដោយសារតែសមត្ថភាពយើងនៅស្ទើរខ្លាំងនោះក៍យើងមិនអាចទទួលបាននូវចំណេះដឹងនិងបទពិសោធន៍ថ្មីៗដូចគ្នា។ ដូចនេះហើយបានជាអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យអារីហ្សូនលោក Robert Wilson បានបកស្រាយឲ្យដឹងថាក្នុងការរៀនសូត្រគឺមានព្រំដែននៃភាពពិបាកជាក់លាក់មួយ (zone of proximal difficulty) ដែលអាចជួយជំរុញការទទួលចាប់បាននូវចំណេះដឹងថ្មីៗ។
ទន្ទឹមនឹងនេះអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យមួយរូបនេះបានពន្យល់យ៉ាងក្បោះក្បាយដោយពឹងផ្អែកលើការស្រាវជា្រវថាបុគ្គលម្នាក់ៗរួមទាំងសត្វផងដែរអាចចាប់បានចំណេះដឹងថ្មីៗបានក្នុងអត្រាកំហុស ១៥% ឬអត្រាត្រឹមត្រូវ ៨៥%។ ចំពោះមនុស្សយើងគឺការធ្វើអ្វីមួយដែលប្រើបំនិនគិតច្រើនគឺនឹងជួយអោយយើងអាចទទួលបានចំណេះដឹងយ៉ាងល្អប្រសើរពេល កិច្ចការនោះមានអត្រាកំហុស ១៥% ឬអត្រាត្រឹមត្រូវ ៨៥% ដោយរៀនតាមការប្រើប្រាស់និងពឹងផ្អែកលើបទពិសោធន៍ឬឧទាហរណ៍តិចតួចដែលយើងធ្លាប់មាន។ តែបើសិនជាយើងធ្វើអ្វីមួយដែលងាយស្រួលនឹងធ្វើគឺយើងនឹងគ្មានបានរៀនអ្វីដែលប្លែកនិងថ្មីៗនោះទេព្រោះកម្រិតសមត្ថភាពយើងវាខ្លាំងជាងកិច្ចការនោះ។ ហើយបើធ្វើអ្វីមួយដែលយ៉ាប់លើសពីសមត្ថភាពយើងជាខ្លាំងនោះគឺយើងនឹងងាយស្រួលបរាជ័យហើយក៏គ្មានបានចេះអ្វីថ្មីៗដូចគ្នា។
ដូចនេះហើយបានជាពេលធ្វើអ្វីមួយដែលមានកម្រិតពិបាកបន្តិចនិងកម្រិតស្រួលបន្តិចគឺសមត្ថភាពរបស់អ្នកនឹងកើនទៅមុខដោយសារតែអ្នកមានគន្លឹះក្នុងការដោះស្រាយការងារនោះជាមួយនឹងបទពិសោធន៍ចាស់ៗរបស់អ្នក បូករួមជាមួយនឹងចំណុចប្លែកៗថ្មីដែលអ្នកមិនធ្លាប់ដឹង។ បែបនេះហើយបានជាមួយភាគធំយ៉ាងច្រើន ៨៥ ភាគរយគឺអ្នកអាចសម្រេចបានល្អលើការងារនោះ ហើយជាង ១៥ ភាគរយគឺអ្នកបរាជ័យលើការងារនោះ។ ជាលទ្ធផលពេលអ្នកប្រឈមជាមួយនឹងការងារដដែលនេះទៀតក្នុងពេលក្រោយ គឺអ្នកនឹងមានភាពងាយស្រួលក្នុងការដោះស្រាយកិច្ចការនេះដោយពឹងផ្អែកលើបទពិសោធន៍ដែលអ្នកធ្លាប់ឆ្លងកាត់កាងារនេះរួចមក។ នោះអ្នកនឹងទទួលបានអត្រាជោគជ័យបានច្រើនជាងមុនដែលចំណុចនេះហើយសមត្ថភាពរបស់អ្នកនឹងនៅតែបន្តអភិវឌ្ឍឆ្ពោះទៅមុខជាដរាប៕
ដោយ៖ Anthony