ហេតុអ្វីប៊ូតាន់ ជាប់ជាដែនដីសន្តិភាពនិងគេប្រសិទ្ធិនាមថាជាដែនដីដ៏មានសុភមង្គលក្នុងលោក?
យោងតាមយោងតាមគេហទំព័រ Globalfinance បានបង្ហាញថា ក្នុងចំណោម១៦៣ប្រទេស ប៊ូតាន់បានជាប់លេខរៀងទី១៥ជាប្រទេសដែលមានសន្តិភាពបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០១៩នេះ។ ស្ថិតនៅភាគខាងកើតភ្នំខ្ពស់ជាងគេទី១០លើពិភពលោក ភ្នំហិមាល័យ ប្រទេសប៊ូតាន់មានផ្ទៃដីត្រឹមតែ ៣៨,៣៩៤ គីឡូម៉ែត្រការ៉េ បើប្រៀបនឹងកម្ពុជាគឺតូចជាងរហូតដល់ជិត៥ដងឯណោះ។ តើមានមូលហេតុអ្វី ទើបប្រទេសដ៏តូចមួយនេះត្រូវបានគេចាត់ទុកថា ជាដែនដីសន្តិភាព និងមានសុភមង្គលបំផុតក្នុងពិភពលោក?
ប៊ូតាន់គឺជាប្រទេសមួយដែលមានការវិវត្តយឺត ហើយប្រជាជនបានរក្សានូវប្រពៃណីបានយ៉ាងខ្ជាប់ខ្ជួនដោយការបន្តស្លៀកសំលៀកបំពាក់បុរាណជារៀងរាល់ថ្ងៃ។ ព្រះមហាក្សត្រនៃប្រទេសនេះធ្លាប់មានបន្ទូលថា «ប៊ូតាន់នឹងអភិវឌ្ឍតែក្នុងលក្ខខណ្ឌដែលធ្វើឲ្យប្រជាជនសប្បាយរីករាយប៉ុណ្ណោះ»។ យោងតាមសារព័ត៌មាន ABC News បានឲ្យដឹងថាប្រទេសអាស៊ីខាងត្បូងមួយនេះ បានផ្ដាច់ខ្លួនចេញពីពិភពខាងក្រៅរហូតដល់សតវត្សរ៍ទី២០ ហើយទើបតែមានផ្លូវថ្នល់ក្នុងឆ្នាំ១៩៦០ និងមានទូរទស្សន៍ក្នុងឆ្នាំ១៩៩៩។
Thimphu គឺរាជធានីរបស់ប្រទេសប៊ូតាន់ ទីនេះគ្មានអាគារខ្ពស់ៗនិងចរាចរណ៍កកកុញ និងគួរឲ្យធុញទ្រាន់ដូចបណ្ដារាជធានីនៃប្រទេសផ្សេងៗឡើយ។ នៅក្នុងទីក្រុងពុំសូវមានរថយន្តនោះទេ ហើយប៉ូលីសចរាចរណ៍មានតួនាទីជាអ្នកធ្វើសញ្ញាជំនួសឲ្យភ្លើងសញ្ញាចរាចរណ៍។ ទីនេះ មានវិហារព្រះពុទ្ធសាសនាជាច្រើនស្កឹមស្កៃ អមទៅដោយទន្លេ និងហុំព័ទ្ធដោយកូនភ្នំពណ៌បៃតងខៀវស្រងាត់ ដែលធ្វើឲ្យប្រទេសតូចនៅលើភ្នំមួយនេះ ប្រៀបដូចជាឋានសួគ៌លើដី។
(រាជធានី Thimphu)
រាជាណាចក្រប៊ូតាន់ ត្រូវបានគ្របដណ្ដប់ដោយព្រៃឈើប្រមាណជាង៧០ភាគរយ ដែលធ្វើឲ្យដែនដីនេះពោរពេញទៅដោយពណ៌បៃតងធម្មជាតិយ៉ាងស្រស់ត្រកាល និងគ្មានការបំពុលបរិយាកាស។ ជាងនេះទៅទៀត ប្រជាជនប្រមាណជាង៧៦ម៉ឺននាក់របស់ប៊ូតាន់ភាគច្រើនគឺប្រកបរបរកសិកម្ម និងបានរក្សានូវលក្ខណៈប្រពៃណី ដែលធ្វើឲ្យដែនដីនេះអាចបំបាត់ឧស្ម័នកាបូនិចរហូតដល់៣ដងឯណោះ គឺច្រើនជាងអ្វីពួកគេបញ្ចេញទៅក្នុងបរិយាកាសទៅទៀត។
ក្នុងឆ្នាំ២០១២ របាយការណ៍ពិភពលោកដែលបង្ហាញពីប្រទេសរីករាយបំផុតក្នុងពិភពលោក (World Happiness Report) បានបង្ហាញថា ប៊ូតាន់ជាប់លេខរៀងទី៩៥ ក្នុងចំណោម១៥៦ប្រទេស។ ប៉ុន្តែ បើផ្អែកលើការស្ទង់មតិពី មជ្ឈមណ្ឌលសិក្សាប៊ូតាន់ ក្នុងឆ្នាំ២០១៥ បានរកឃើញថា ប្រជាជនប៊ូតាន់ ៩១,២ភាគរយ ទទួលបានភាពសប្បាយរីករាយ និង ៤៣,៤ភាគរយ គឺសប្បាយរីករាយខ្លាំង។
ប្រសិនបើអ្នកចង់ទេសចរទៅកាន់ប៊ូតាន់ អ្នកត្រូវរៀបចំទុកជាមុនជាមួយក្រុមហ៊ុនទេសចរណ៍នៅក្នុងតម្លៃ ២០០ដុល្លារ ក្នុងមួយថ្ងៃដែលមានសណ្ឋាគារ អ្នកមគ្គុទេសដ៍ទេសចរណ៍ ការធ្វើដំណើរ និងការញាំអាហារ។ អ្នកអាចធ្វើការសាកសួរព័ត៌មាន និងធ្វើដំណើរកំសាន្តទស្សនាប្រទេសប៊ូតាន់ជាមួយក្រុមប្រឹក្សាទេសចរណ៍នៅក្នុងប្រទេស Tourism Council of Bhutan។ គួរឲ្យដឹងថា Drukair ជាជើងហោះហើរតែមួយគត់ទៅកាន់ប្រទេសប៊ូតាន់៕
ប្រភព៖ សារព័ត៌មាន ABC News/thetravelmagazine
ដោយ៖ ជួប ស្រីរ័ត្ន