សហស្ថាបនិក Smart Farm Assistance៖ ក្នុងវ័យនិស្សិតត្រូវរៀនកំណត់គោលដៅឲ្យធំសម្រាប់ជីវិត
យុវតីវ័យ១៨ឆ្នាំ កញ្ញា ម៉េង ស្រីលីន គឺជានិស្សិតឆ្នាំទី២ ជំនាញ E-Commerceនៃវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហៅកាត់ថា នីបទិក (NIPTICT)។ ថ្វីត្បិតតែនាងនៅជានិស្សិតនៅឡើយ ប៉ុន្តែយុវតីរូបនេះបានសហការបង្កើតគម្រោងដ៏អស្ចារ្យមួយឈ្មោះថា "ជំនួយការកសិកម្មដ៏ឆ្លាតវៃ ឬ Smart Farm Assistance” រហូតទទួលបានជ័យលាភីលើការប្រកួតប្រជែងគម្រោងអាជីវកម្ម (Start Up) ចំនួន៣លើក។ យុវតីគំរូលើកឡើងថា ជានិស្សិតយើងត្រូវរៀនកំណត់គោលដៅធំសម្រាប់ជីវិតខ្លួនឯង។
មានកំណើតក្នុងទឹកដីខេត្តកំពង់ចាម យុវតីសម្បុរស្រអែម ម៉េង ស្រីលីន ថ្លែងប្រាប់ Bizkhmer ថា នាងសង្កេតឃើញយុវជនដែលជានិស្សិត ភាគច្រើនពួកគាត់មិនទាន់បានកំណត់គោលដៅច្បាស់លាស់សម្រាប់ជីវិតរបស់ខ្លួនឯងនៅឡើយទេ គឺពួកគាត់ចាំដល់ពេលរៀនចប់ចេញធ្វើការមានបទពិសោធន៍ហើយទើបចាប់ផ្ដើមគិតគូរធ្វើអាជីវកម្ម ប៉ុន្តែការពិតក្នុងវ័យជានិស្សិតនេះហើយដែលយើងគួរកំណត់គោលដៅរបស់ខ្លួនឯងឲ្យបានធំ និងច្បាស់លាស់នោះ។
«យុវជនយើងមួយចំនួនចូលចិត្តសប្បាយ ពេលទំនេរពួកគាត់មើលកុន ញាំកាហ្វេ ឬលេងហ្គេមជាដើម បើប្រៀបធៀបនឹងយុវជនស្រុកគេវិញគឺមិនអញ្ចឹងនោះទេ គឺពួកគេមិនត្រឹមតែធ្វើខ្លួនឯងឲ្យល្អនោះទេ ប៉ុន្តែថែមទាំងព្យាយាមគិតធ្វើអ្វីដើម្បីជួយដល់សង្គមរបស់គេទៀតផង ដូច្នេះសម្រាប់យើងជាយុវជនគួរតែចេះសួរខ្លួនឯងថាត្រូវធ្វើអ្វីខ្លះដែលល្អដើម្បីខ្លួនឯង និងសង្គមមួយនេះ» យុវតី ស្រីលីនបាននិយាយ។
ជាក្មេងកំព្រាម្ដាយ ខ្វះភាពកក់ក្ដៅ ត្រូវរ៉ាប់រងរកលុយរៀនសូត្រសម្រាប់ខ្លួនឯងនឹងប្អូនប្រុស ធ្វើឲ្យស្រីលីនជួបបញ្ហាលំបាកជាច្រើន ប៉ុន្តែជំនឿចិត្ត ក្ដីសង្ឃឹមនឹងគោលដៅបានរុញច្រានឲ្យនាងនៅតែបន្តខិតខំមិនបោះបង់។ យុវតីឆ្នើមចង់ឲ្យខ្លួនឯងក្លាយជាចំណែកមួយ ជួយលើកទឹកចិត្តដល់យុវជនដទៃដែលជួបបញ្ហាលំបាកក្នុងជីវិត ឲ្យពួកគាត់ត្រូវរឹងមាំនិងចេះសម្លឹងមើលអ្នកដទៃដែលជួបការលំបាកដូចពួកគាត់ ឬលំបាកជាង ប៉ុន្តែគេនៅតែអាចតស៊ូ និងសម្រេចបានសមិទ្ធផលគួរឲ្យសរសើរ៕
ដោយ៖ ជួប ស្រីរ័ត្ន