ប្រធានបទដ៏ក្តៅគគុកចំនួន៥ រវាងអ្នក និង HR ជុំវិញលទ្ធផលតាមដានការអនុវត្តការងាររបស់អ្នក
ក្នុងជីវិតអ្នកធ្វើការឲ្យគេ បុគ្គលិកគ្រប់រូបតែងមានអារម្មណ៍ភ័យខ្លាច ខ្វះទំនុកចិត្ត ឬមិនស្រណុកក្នុងខ្លួននៅពេលលទ្ធផលពិនិត្យមើលការអនុវត្តការងារ (Performance Review) ត្រូវបានធ្វើឡើង។ ប្រហែលជាអ្នក និងប្រធានរបស់អ្នកមិនទទួលបានលទ្ធផលការងារល្អប្រសើរប៉ុន្មានទេនៅថ្ងៃនេះ ឬប្រហែលជាអ្នកជួបបញ្ហាលំបាកហើយទើបមិនអាចសម្រេចគោលដៅតាមការកំណត់។
នៅក្នុងកាលៈទេសៈនេះ ប្រហែលដោយសារតែអ្នកមានទំនាក់ទំនងល្អ និងជឿជាក់លើមន្ត្រីធនធានមនុស្ស (HR) ដែលជាមនុស្សជិតស្និទ្ធរបស់អ្នក អ្នកអាចនិយាយប្រាប់ខ្លួនឯងថា “ កុំបារម្ភអី”។ HR នឹងអាចជួយអ្នកបាន។ ក៏ប៉ុន្តែមុននឹងអ្នកពឹងពាក់លើ HR សូមអានអត្ថបទនេះ!
១.សូមចាំថា HR ដើរតួជាមិត្តផងជាសត្រូវរបស់អ្នកផង
អ្នកត្រូវដឹងថា ស្ថាប័នធនធានមនុស្សមានវត្ថុបំណងចម្បងមួយគឺដើម្បីបំពេញការងារតាមតម្រូវការរបស់ក្រុមហ៊ុនអ្នក។ ប្រសិនបើគេឲ្យ HRជ្រើសរើសរវាងអ្វីដែលល្អបំផុតសម្រាប់ក្រុមហ៊ុន និងអ្វីដែលល្អបំផុតសម្រាប់អ្នក មន្ត្រី HR នឹងជ្រើសរើសក្រុមហ៊ុនជាមិនខាន។ បើអ្នកចង់បង្ហាញថា អ្នកជាបុគ្គលិកបានបំពេញការងារយ៉ាងល្អបំផុតសម្រាប់ក្រុមហ៊ុន អ្នកត្រូវមានទំនាក់ទំនងល្អជាមួយ HR ហើយអ្នកក៏ត្រូវមានគុណតម្លៃ និងបង្ហាញការគោរពឲ្យគ្នាទៅវិញទៅមកដែរផងដែរ។
ដូច្នេះដើម្បីបញ្ជាក់ថា អ្នកធ្វើការបានល្អតាមគោលការណ៍ក្រុមហ៊ុនចង់បានឬអត់ អ្នកត្រូវមានឯកសារលទ្ធផលការងាររួចផ្ញើជូន HR។ ឯកសារនេះនឹងត្រូវបានយកទៅប្រើប្រាស់ជាឯកសារយោង ឬសម្រាប់តវ៉ាក្នុងករណី HR បង្ហាញលទ្ធផលត្រួតពិនិត្យការងារ (Performance Review) មួយដែលផ្ទុយពីការពិត។
២.សូមចាំថា សារតែអ្នកបង្ហោះនៅលើបណ្ដាញសង្គមសុទ្ធតែប៉ះពាល់ដល់លទ្ធផលត្រួតពិនិត្យការងាររបស់អ្នក
ថ្វីត្បិតតែអ្នកមានថ្ងៃឈប់សម្រាកនៅពេលយប់ ឬនៅថ្ងៃចុងសប្តាហ៍សម្រាប់ធ្វើរឿងឯកជនរបស់អ្នកមែនពិត ក៏ប៉ុន្តែអ្នកក៏ជាបុគ្គលិកម្នាក់តំណាងឲ្យក្រុមហ៊ុនរបស់អ្នកផងដែរ។ ដូចនេះការបញ្ចេញសារផ្សេងៗនៅលើបណ្ដាញសង្គមដោយមិនបានប្រុងប្រយ័ត្នគ្រប់ជ្រុងជ្រោយអាចភ្លាត់ស្នៀតធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន ហើយចង់ឬមិនចង់ សារទាំងនោះនឹងឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់អ្នក។ ហេតុអ្វីសារទាំងនោះប៉ះពាល់ដល់លទ្ធផលត្រួតពិនិត្យការងាររបស់អ្នក? ដោយសារ HR ក៏កំពុងតាមដានអ្នកដែរ។
សកម្មភាពផ្សេងៗដូចជា ឆ្លៀតលក់ផលិតផល ជជែកកម្សាន្ត ឆ្លើយតបសារទៅវិញទៅមកនៅលើបណ្ដាញសង្គម ឬ បង្ហោះសារនេះសារនោះដែលបង្ហាញពីអារម្មណ៍អវិជ្ជមានពេលកំពុងធ្វើការ និងបង្ហោះសារផ្សេងៗទៀតដែលមានន័យមិនល្អចំពោះថ្នាក់ដឹកនាំ ឬក្រុមហ៊ុន សុទ្ធតែជាការរួមចំណែកធ្វើឲ្យប៉ះពាល់ដល់លទ្ធផលត្រួតពិនិត្យការងាររបស់អ្នក។ ដូច្នេះហើយនៅពេលធ្វើការក្រុមហ៊ុនណាមួយ អ្នកត្រូវពិនិត្យមើលគោលការណ៍ណែនាំផ្សេងៗដែលក្រុមហ៊ុនកំណត់ឡើងឲ្យបានច្បាស់ជាមុនសិន។
៣.លទ្ធផលត្រួតពិនិត្យការងារល្អមិនប្រាកដថា ការងាររបស់អ្នកមានសុវត្ថិភាពរហូតទេ
លទ្ធផលត្រួតពិនិត្យការងារ គឺជាការទទួលស្គាល់ថា អ្នកបានធ្វើការងារអ្វីមួយបានល្អជាថ្នូរនឹងការបង់ប្រាក់កម្រៃពីក្រុមហ៊ុន។ ទន្ទឹមនឹងគ្នានេះ ក្រុមហ៊ុនក៏រំពឹងដែរថា អ្នកនឹងបន្តសម្រេចលទ្ធផលបែបនេះបន្តទៅទៀត។ ដោយហេតុថា គោលការណ៍សន្សំសំចៃសុទ្ធតែសំខាន់សម្រាប់ក្រុមហ៊ុនទូទៅ ដូច្នេះ HR នឹងឃ្លាំមើលសកម្មភាពរបស់អ្នកទាំងអស់ទាំងអស់រាប់ចាប់ពីឥរិយាបថរបស់អ្នកឡើងរហូតដល់ការអនុវត្តការងារប្រចាំថ្ងៃដើម្បីធ្វើយ៉ាងណាជួយសន្សំលុយឲ្យក្រុមហ៊ុន និងធ្វើឲ្យចំណូលក្រុមហ៊ុនកើនឡើង។ ម្ល៉ោះហើយការធ្វេសប្រហែសរបស់អ្នកមួយពេលអាចធ្វើឲ្យការងាររបស់អ្នកក្រឡាប់ចាក់ក៏ថាបាន។ សរុបមកសុវត្ថិភាពការងាររបស់អ្នកគឺស្ថិតនៅត្រង់ថា តើអ្នកបានបំពេញការងារបានល្អ និងមានគុណតម្លៃជាបុគ្គលិកល្អរហូតឬយ៉ាងណា?
៤.HR អាចនឹងមិនប្រាប់អ្នកផងដែរនៅពេលចៅហ្វាយរបស់អ្នកនិយាយរឿងក្រោយខ្នងរបស់អ្នកប្រាប់ HR
ការលាឈប់ពីការងារអ្នកត្រូវធ្វើយ៉ាងហោចណាស់ឲ្យបានមុន ៣០ថ្ងៃផងដែរ។ ក៏ប៉ុន្តែក្រុមហ៊ុនមានហេតុផលជាច្រើនដែលអាចបណ្តេញអ្នកចេញបានគ្រប់ពេល។ ប្រសិនបើចៅហ្វាយរបស់អ្នកយល់ឃើញថា ការបំពេញការងាររបស់អ្នកមានបញ្ហា ពួកគេអាចពិភាក្សាជាមួយ HR មិនមែនពិភាក្សាជាមួយអ្នកទេ ហើយ HR នឹងមិនចាំបាច់ប្រាប់អ្នកពីជម្លោះណាមួយដែលចៅហ្វាយរបស់អ្នកបានពិភាក្សាជាមួយពួកគេទេ។
៥.លទ្ធផលត្រួតពិនិត្យការងាររបស់អ្នកមិនមែនជារឿងសម្ងាត់ទេ
ជាទូទៅ HR ប្រតិបត្តិការការងារលើមូលដ្ឋាន "ភាពចាំបាច់" ដើម្បីដឹង។ ពួកគេចែករំលែកតែព័ត៌មានណាដែលសម្ងាត់ (ឧទាហរណ៍ការត្រួតពិនិត្យមើលការអនុវត្តការងារ) ជាមួយអ្នកគ្រប់គ្រង និងនាយកប្រតិបត្តិដែលត្រូវការដឹងពីព័ត៌មានជាក់លាក់របស់និយោជិកណាមួយ។ ប្រសិនបើអ្នកមានចៅហ្វាយដែលមិនពេញចិត្តនឹងអ្នក ទោះបីពួកគេជាអ្នកមើលការខុសត្រូវរបស់អ្នកក៏ដោយ ក៏ពួកគេអាចស្នើសុំ HRពិនិត្យមើលលទ្ធផលអនុវត្តការងាររបស់អ្នកដែរ ហើយ HRនឹងយល់ព្រម ។ បើពិនិត្យឡើងវិញទៅមើលឃើញថាល្អ អ្នកសំណាងហើយ។ ក៏ប៉ុន្តែប្រសិនបើលទ្ធផលអវិជ្ជមាននោះ អនាគតរបស់អ្នកនៅក្នុងក្រុមហ៊ុននោះនឹងលែងមានតម្លៃសម្រាប់ឲ្យពួកគេយកចិត្តទុកដាក់ទៀតហើយ៕
ប្រភព៖ Businessinsider