ការប្រកួតការច្នៃប្រឌិតតិចណូកម្ពុជា(TICC) ផ្ដាច់ព្រ័ត្រ រកឃើញជើងខ្លាំង ៣ក្រុម និង ៦​ក្រុម​ទៅ​វគ្គបន្ត​



កាលពីថ្ងៃអាទិត្រ ថ្ងៃទី២៣ មិថុនាកន្លងទៅ ការប្រកួតការច្នៃប្រឌិតតិចណូកម្ពុជា (Techno Innovation Challenge Cambodia) បានធ្វើការរៀបចំកម្មវិធីប្រកួតផ្ដាច់ព្រ័ត្ររបស់ខ្លួននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ដើម្បីស្វែងរកក្រុមជើងឯកចំនួន ៣ក្រុមក្នុងរដូវកាលនេះ ក្រោមការអញ្ចើញចូលរួមជាអធិបតីពីលោក សុយ ធី ​នាយក​រង​ផ្នែក​​ទូទៅ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា (ITC) និងការថ្លែងស្វាគមន៍ពីសម្នាក់លោក ហួង សុភក្ត្រដារា ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន EZECOM ដោយមានសិស្ស និស្សិត វិនិយោគិន សាធារណជនទូទៅពីវិស័យរដ្ឋនិងឯកជនប្រមាណ ២០០នាក់។


ការប្រកួតការច្នៃប្រឌិតតិចណូកម្ពុជា (TICC) មានការជួយគាំទ្រពីក្រុមហ៊ុនជាតិនិងអន្តរជាតិ មានដូចជា USAID COMET, EZECOM, Agence Universitaire de la Francophonie (AUF), TEXAS A&M University College of Engineering និងដៃគូសហការជាច្រើនទៀត។ ក្នុងកម្មវិធីប្រកួតប្រជែង TICC នេះ សិស្សទាំងអស់ត្រូវផ្ដោតសំខាន់ទៅលើការ រចនា ​ការ​បង្កើត និង​ស្វែង​រក​នូវ​ដំណោះស្រាយបញ្ហាពិភពលោក​ពិត​ប្រាកដ។ 

បន្ទាប់ពីការហ្វឹកហាត់របស់រយៈពេល ៤សប្ដាហ៍ ក្រុមទាំង ៨ដែលត្រូវបានជ្រើសរើសចេញពីវគ្គផ្ដាច់ព្រ័ត្រទី១ ដើម្បីចូលរួមប្រកួតជាមួយគ្នាក្នុងថ្ងៃនេះ ដោយក្នុងការប្រកួតផ្ដាច់ព្រ័ត្រនេះក្រុមជើងខ្លាំងចំនួន ៣ត្រូវបានជ្រើសរើស ដោយ​លេខ​១ បានទៅក្រុម Agri-Economiser សម្រាប់គម្រោងកសិដ្ឋានឆ្លាតវៃ (Smart Farm Project) លេខ ២ បានទៅលើក្រុម CamCuisine សម្រាប់គម្រោង  Amok Canned Food និង​ទី ៣បានទៅលើក្រុម VBall ទៅលើគម្រោងប្រហិតបន្លែ (Vegetable meatball)។

ក្រុមជ័យលាភីលេខមួយទទួលបាន ១ ២៥០ដុល្លារអាមេរិក លេខ២ទទួលបាន ១ ០០០ដុល្លារអាមេរិក និងលេខ៣ទទួលបាន ៧៥០ដុល្លារអាមេរិក។ ចំណែកក្រុមចំនួនជាប់ថ្នាក់កំពូល៦ ផ្សេងទៀតទទួលបានកន្លែងធ្វើការជាក្រុម (co-working space) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយនឹងទទួលបានឱកាសចូលរួមកម្មវិធី​បណ្ដុះ​បណ្ដាល​រយៈពេល ១០សប្ដាហ៍ដែលចាប់ផ្ដើមពីខែកក្កដា ដើម្បីផ្ដល់ឱកាសឲ្យពួកគេយកគំនិតអាជីវកម្មរបស់ពួកគេទៅបង្កើតឲ្យចេញជារូបរាង។

ជាចុងក្រោយ យើងសូមធ្វើការអគុណទៅដល់អ្នកឧបត្ថម្ភកម្មវិធីធំគឺក្រុមហ៊ុន EZECOM និងសូមអគុណទៅដល់អ្នកចៅក្រមវាយតម្លៃទាំងអស់រូបដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដែលមានដូចជាលោក សេង សំអាត នាយកផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Fair Manufacuring, លោក លី ចាន់ណា សហស្ថាបនិកនិងជានាយកផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន BookMeBus, លោក យ៉ន សុភារិត ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ BizKhmer និងលោក ហួង សុភក្ត្រដារា ប្រធានផ្នែកទំនាក់ទំនង របស់ក្រុមហ៊ុន EZECOM និងសាស្រ្តាចារ្យ Didier Lecomte អ្នកប្រឹក្សារបស់នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ 

សូមបញ្ចាក់ផងដែរថា កម្មវិធី ការប្រកួតការច្នៃប្រឌិតតិចណូកម្ពុជា (TICC) បង្កើតឡើងដំបូងក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ហើយឆ្នាំ២០១៩ នេះគឺជាឆ្នាំទី៣ហើយដែលបានប្រារព្ធឡើង។ Techno Innovation Challenge Cambodia គឺជាការប្រកួតប្រជែងជាក្រុម ទៅលើ ការបង្កើតសមិទ្ធផលពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលមានភាពច្នៃប្រឌិតខ្ពស់បំផុត សម្រាប់ដោះស្រាយបព្ហាជាក់ស្តែងក្នុងប្រទេស ដែលកម្មវិធីនេះបានរៀបចំឡើងដោយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលមានរយៈពេលប្រកួត ៤ សប្តាហ៍៕

ដោយ៖ លង់ វណ្ណៈ

 

 

X
5s