សហគ្រិនខ្មែរផលិតផលិតផលពីផ្លែចេក ក្នុងបេសកកម្មជាង ៥ឆ្នាំដើម្បីជួយកសិករ​



ចេករាប់ទុកថាជារុក្ខជាតិមានប្រយោជន៍រាប់ចាប់តាំងពីដើម ស្លឹក និងផ្លែ។ ចេកជាផ្លែឈើមួយប្រភេទដែលប្រជាជនខ្មែរភាគច្រើនចូលចិត្តបរិភោគដោយសារ តែផ្លែចេកមានអត្ថប្រយោជន៍ជាច្រើន ជាពិសេសជួយទៅដល់សុខភាពថែមទៀតផង។ ជាទូទៅផ្លែចេកត្រូវគេយកទៅធ្វើជានំផ្សេងៗ ប៉ុន្តែសហគ្រិនខ្មែរម្នាក់ បាននិងកំពុងយកផ្លែចេកមកច្នៃជាផលិតច្រើនយ៉ាងដូចជាស្រាចេកជាដើម និងផលិតផលជាច្រើនមុខទៀត។ 

ដោយមើលឃើញពីអត្ថប្រយោជ៍ និងចេកជាផ្លែឈើដែលងាយដាំដុះស្រាប់ក្នុងតំបន់ភូមិស្រុករបស់លោក ម្ចាស់សហគ្រាសគំនិតថ្មីលោក លឹម ផារ៉ា មានគំនិតច្នៃប្រឌិតចង់ថែរក្សាផលិតផលខ្មែរ និងចង់ជួយទៅដក់កសិករនិងប្រជាជនខ្មែរមិនឲ្យធ្វើចំណាកស្រុក បានច្នៃផ្លែចេកតាមរបៀបបុរាណ ផលិតជាស្រាចេក និងផលិតផលរាប់សឹបមុខទៀតដោយផ្តោតទៅលើគុណភាពជាចម្បង។ 

លោក លឹម ផារ៉ា បានមានប្រសាសន៍ប្រាប់ BizKhmer ថា ៖ «ដោយសារតែមិនចង់ឲ្យបាត់បង់ផលិតផលដែលជាកេរ្តិ៍ដំណែលពីដូនតាបន្សល់ទុកឲ្យ និងដោយសារតែមើលឃើញពីដំណាំចេកមានស្រាប់ក្នុងភូមិស្រុក ខ្ញុំក៏មានគំនិតបង្កើតជាសហគ្រាស នេះឡើងដែលធ្វើការកែច្នៃផលិតផលនានាដូចជាស្រាចេក ដំណាប់ចេក ស្ករគ្រាប់ចេកជាដើម»។ 

ស្រាចេកក្នុងសហគ្រាសរបស់លោក មានច្រើនមុខដូចជា ស្រាចេកតាអុង ស្រាចកហនុមាន ស្រាវិស្គី(តាអុង) ដែលផលិតផលទាំងអស់នេះសុទ្ធតែពិនិត្យនិងទទួលស្គាល់គុណភាពដោយនាយកដ្ឋានស្តង់ដារនៃក្រសួងសិប្បកម្ម និងឧស្សាហ៍កម្ម និងក្រសួងសុខាភិបាលផងដែរមានសុវត្ថិភាព ១០០%»។ 

លោកបានបន្តទៀតថា ដោយមើលឃើញការចំណាកស្រុករបស់ពលករ ប្រជាជនខ្មែរថែមទៀតនោះ សហគ្រិនគំនិតថ្មីបានបង្កើតការងារជាច្រើនទៅដល់ជាប្រជាពលរដ្ឋនៅក្នូងមូលដ្ឋាន។ 

ក្រៅពីផលិតផលស្រាចេក សហគ្រាសរបស់លោកមានផលិតផលជាច្រើនផ្សេងទៀតដូចជាស្ករគ្រាប់ដូង ស្ករគ្រាប់ស្លឹកតយ នំចេកបន្ទះ ដំណាប់ចេក ស្ករគ្រាប់ធុរេន សរុបប្រមាណ ៣០មុខ ដែលគ្រប់ផលិតផលទាំងអស់សុទ្ធតែគិតគួរអំពីអនាម័យ និងគុណភាពជាអាទិភាពតែម្ដង។ 

លោក សំណូមពរដល់ប្រជាជនខ្មែរឱ្យជួយគាំទ្រផលិតផលខ្មែរ ពីព្រោះការគាំទ្រនេះ ក៏ដូចជាជួយដល់សហគ្រិនថ្មីៗ និងប្រជាពលរដ្ឋខ្មែរឲ្យមានជីវភាពរស់នៅសមរម្យមិនចាំបាច់ចំណាកស្រុក និងជាពិសេសជួយគាំទ្រផលិតផលក្នុងស្រុកឱ្យមានមុខមាត់នៅលើទីផ្សារ និងដើម្បីជួយដល់សេដ្ឋកិច្ចជាតិផងដែរ។ 

គួរបញ្ជាក់ផងដែរថា សហគ្រាសគំនិតថ្មីបង្កើតឡើងក្នុងឆ្នាំ ២០១៣ មានទីតាំងនៅភូមិ តាអ៊ុង  ក្នុងខេត្តកំពង់ចាម។ បច្ចុប្បន្នទាំងស្រាចេក និងផលិតផលផលិតចេញពីផ្លែចេកផ្សេងៗទៀតកំពុងមានវត្តមានលក់នៅលើទីផ្សារធំៗក្នុងរាជធានីភ្នំពេញ៕ 

ដោយ៖ លង់ វណ្ណៈ

 

X
5s