ធនាគារ PPCBank ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹង IFC ដើម្បីពង្រីកសេវាកម្ចីដល់អាជីវកម្មធុនតូច​



 

រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៩ថ្ងៃនេះ ធនាគារ PPCBank បានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយនឹង IFC ដែលជាសមាជិកមួយរបស់ក្រុមធនាគារពិភពលោក ដើម្បីអនុវត្តកម្មវិធីចែករំលែកហានិភ័យ និងផ្តល់សេវាប្រឹក្សាយោបល់ដល់ធនាគារPPCBank ដើម្បីពង្រីកការផ្តល់កម្ចីដល់សហគ្រាសធុនតូចបំផុត (VSE)  សហគ្រាសធុនតូច និងមធ្យម (SME)​  រួមទាំងសហគ្រាសដឹកនាំដោយស្រ្តី (WSME) នៅកម្ពុជា ក្នុងគោលដៅជំរុញបរិយាបន្នហិរញ្ញវត្ថុ បង្កលក្ខណៈអំណោយផលសម្រាប់ការលូតលាស់សេដ្ឋកិច្ច និងបង្កើតការងារ។

កម្មវិធីចែករំលែកហានិភ័យនេះ នឹងផ្តល់លទ្ធភាពឱ្យ ធនាគារ PPCBank ផ្តល់សេវាកាន់តែប្រសើរថែមទៀតដល់អតិថិជនដែលមានស្រាប់​ និងអតិថិជនថ្មីរបស់ខ្លួន​ ជាពិសេសសហគ្រាសធុនតូចបំផុត សហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលដឹកនាំដោយស្រ្តី​ដើម្បីពង្រីកអាជីវកម្ម ក៏ដូចជាជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ សហគ្រាសធុនតូច និងមធ្យម គឺជាប្រភពដ៏សំខាន់នៃកំណើនការងារ និងនវានុវត្តន៍ក្នុងប្រទេស ហើយដើម្បីឱ្យសហគ្រាសទាំងនេះ ទទួលបានជោគ​ជ័យ សហគ្រាសទាំងនេះចាំបាច់ត្រូវមានលទ្ធភាពទទួលបានហិរញ្ញប្បទាន និងប្រភពមូលនិធិឱ្យបានគ្រប់គ្រាន់។

កន្លងមក សហគ្រាសទាំងនេះពុំទាន់បានទទួលហិរញ្ញប្បទានគ្រប់គ្រាន់នៅឡើយ ដោយហេតុថាទិន្នន័យអំពីប្រវត្តិកម្ចីមានតិចតួច ជាហេតុប៉ះពាល់ដល់ការសម្រេចចិត្តក្នុងការផ្តល់កម្ចីប្រកបដោយការទទួល​ខុសត្រូវ។ នេះជាឧបសគ្គសម្រាប់សហគ្រាសទាំងនេះ ក្នុងការពង្រីកអាជីវកម្មបន្ថែមទៀត។ ធនាគារPPCBank អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីកាត់បន្ថយហានិភ័យលើកម្ចីដែលផ្តល់ដល់សហគ្រាសធុនតូចបំផុត សហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដឹកនាំដោយស្រ្តីជាម្ចាស់កម្មសិទ្ធិ និងជួយឱ្យអាជីវកម្មរបស់ពួកគេមានការរីកចម្រើនបន្ថែមទៀត។ បន្ថែមលើកម្មវិធីចែករំលែកហានិភ័យនេះ IFC ក៏ផ្តល់សេវាប្រឹក្សាយោបល់ដល់ធនាគារPPCBank ដើម្បីពង្រីកសមត្ថភាពរបស់ខ្លួននិងបង្កើនទំនុកចិត្ត ក្នុងការផ្តល់កម្ចីដល់សហគ្រាសទាំងនោះ។​

លោក Shin Chang Moo អគ្គនាយកធនាគារPPCBank មានប្រសាសន៍ថា “សហគ្រាសទាំងនេះ មានសក្តានុពលពិតប្រាកដ ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ធនាគារPPCBankប្តេជ្ញាផ្តល់ឱ្យសហគ្រាសទាំងនេះ នូវដំណោះស្រាយហិរញ្ញវត្ថុ និងកម្ចីសមស្របបំផុត ដើម្បីផ្តល់លទ្ធភាពឱ្យពួកគេអាចពង្រីកអាជីវកម្មរបស់ខ្លួន បង្កើតការងារ និងមានឱកាសចូលរួមកសាងសេដ្ឋកិច្ចប្រទេសកម្ពុជា។” លោកបានបន្ថែមទៀតថា “ការពង្រីកឱកាសបរិយាបន្នហិរញ្ញវត្ថុ និងការផ្តល់សេវាហិរញ្ញវត្ថុដោយចំហដល់សហគ្រាសធុនតូច ជាការជួយឱ្យប្រជាពលរដ្ឋកាន់តែមានការរីកចម្រើន និងមិនត្រឹមតែអាចពង្រីកអាជីវកម្មរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងអាចលើកស្ទួយជីវភាពប្រកបដោយនិរន្តរភាព និងស្ថេរភាពលើផ្នែកហិរញ្ញវត្ថុរបស់ខ្លួន និងគ្រួសាររបស់ពួកគេទៀតផង។​ យើងមានមោទនភាពដែលមានឱកាសក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់សហគ្រាសទាំងនេះ និងមានភាពរីករាយដែលបានមើលឃើញការរីកចម្រើនរបស់ពួកគេ។”

          Vivek Pathak នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ IFC បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាថា“សហគ្រាសធុនតូច និងមធ្យម ជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារក្នុងបណ្តាប្រទេសដែលមានចំណូលទាប ប៉ុន្តែសហគ្រាសទាំងនេះជួបការលំបាកក្នុងការទទួលបានកម្ចី ព្រោះតែសហគ្រាសទាំងនេះមានទំហំតូច បទពិសោធន៍តិចតួច និងកត្តារួមផ្សំផ្សេងៗទៀត។ កម្មវិធីចែករំលែកហានិភ័យនេះ នឹងជួយឱ្យធនាគារPPCBank បំពេញតម្រូវការរបស់សហគ្រាសទាំងនេះ ដែលកំពុងបំពេញតួនាទីយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបង្ហាញឱ្យឃើញថា អតិថិជនប្រភេទនេះក៏មានលទ្ធភាពប្រើប្រាស់ “សេវាធនាគារ” ដូចគ្នានឹងសហគ្រាសផ្សេងៗទៀតដែរ។”

          បង្កើតឡើងក្នុងឆ្នាំ ២០០៨ ធនាគារ PPCBank ត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សជាងគេមួយនៅកម្ពុជា មិនត្រឹមតែគិតជាទំហំទ្រព្យសម្បត្តិប៉ុណ្ណោះទេ ថែមទាំងវិសាលភាពនៃបណ្តាញ និងកំណើនចំនួនអតិថិជនផងដែរ។ ក្នុងគោលបំណងធ្វើឱ្យបទពិសោធន៍ប្រើ​ប្រាស់សេវាធនាគារនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ និងឆ្លើយតបចំពោះតម្រូវការអតិថិជននីមួយៗ កាលពីពេលថ្មីៗនេះ ធនាគារPPCBank បានប្រកាសផ្សព្វផ្សាយពីផលិតផល និងសេវាកម្មជាច្រើន ដូចជាកម្មវិធីតាមទូរសព្ទចល័ត (Mobile Banking) សេវាធនាគារសាជីវកម្មដែលបំពេញមុខងារពេញលេញ (smartBiz) និងប្រព័ន្ធសេវាធនាគារចល័តសម្រាប់ផ្តល់ប្រឹក្សានៅនឹងកន្លែង និងមជ្ឈមណ្ឌលសេវាអតិថិជនវៃឆ្លាត ដើម្បីជួយគាំទ្រដល់អតិថិជន ២៤ម៉ោង ក្នុងមួយថ្ងៃ។

បច្ចុប្បន្ននេះ ធនាគារPPCBank ដែលទទួលបានអាជ្ញាបណ្ណពេញលេញមួយនេះ កំពុងអនុវត្តគម្រោងធនាគារឌីជីថល ដោយផ្តោតលើការដាក់ឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុតាមទូរសព្ទចល័ត (Mobile Banking)ដែលកាន់តែមានភាពល្អប្រសើរជាងមុនបន្ថែមទៀត។ លើសពីនេះ ទំនាក់ទំនង franchise ជាមួយនឹងក្លឹប Diners Club International នឹងធ្វើឲសេវាកម្មមានភាពងាយស្រួលដល់អតិថិជន។

ក្នុងរយៈពេល ២ ទស្សវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ដែលនាំឱ្យកម្រិតចំណូលរបស់ប្រជាពលរដ្ឋមានកើនឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យពួកគេមានប្រាក់ចំណូលសម្រាប់ចាយវាយក្នុងចំនួនច្រើនជាងមុន។ ជាមួយនឹងកំណើនជាមធ្យម ៧,៧% ចន្លោះពីឆ្នាំ ១៩៩៥ ដល់ ២០១៨ ប្រទេសកម្ពុជា គឺសេដ្ឋកិច្ចដែលរីកចម្រើនយ៉ាងឆាប់រហ័សជាងគេទី ៦ ក្នុងពិភពលោក។ គេរំពឹងថា កំណើនសេដ្ឋកិច្ចនេះ នឹងបន្តមាននិរន្តរភាព ដោយធនាគារពិភពលោកព្យាករថា កំណើននឹងមានកម្រិត ៧% សម្រាប់ឆ្នាំ ២០១៩។

 

 

X
5s