ការវិនិយោគផ្ទាល់ពីបរទេសចូលក្នុងប្រទេសវៀតណាមហាក់មានការផ្ទុះឡើងខ្លាំង​



ការវិនិយោគដោយផ្ទាល់ FDI ពីបរទេសចូលក្នុងប្រទេសវៀតណាមមានការកើនឡើងក្នុងរង្វង់ ៧.៥% ក្នុងមួយឆ្នាំៗ ហើយវាបានកើនដល់ទៅ ៥.៧ប៊ីលានដុល្លារសម្រាប់រយៈពេល ៤ ខែ ឆ្នាំ២០១៩នេះ។ វិស័យផលិតកម្ម និងឧស្សាហកម្មត្រូវបានគេកំណត់ថាទទួលបានការវិនិយោគធំ ប្រហែលជា ៧២% នៃការវិនិយោគសរុប តាមពីក្រោយដោយការវិនិយោគលើអចលនទ្រព្យ ៧.៥% និងការលក់ដុំ-លក់រាយ ៥%។ ហុងកុងគឺជាប្រភពធំបំផុតនៃការសន្យាវិនិយោគទុនបរទេសនៅក្នុងបួនខែដំបូងនៃឆ្នាំ ២០១៩ (៣២.៥%) តាមដោយប្រទេសកូរ៉េ (១៣.៦%) និងសិង្ហបុរី (១២.៨%)។ តែការចុះបញ្ជីនិងដាក់ទុនវិនិយោគជាក់ស្តែងត្រូវបានគេសង្កេតឃើញថា ប្រទេសជប៉ុនជាប្រទេសនាំមុខគេក្នុងការវិនិយោគដោយផ្ទាល់ចូលក្នុងប្រទេសនេះ។

 

តារាងនៃ FDI ក្នុងប្រទេសវៀតណាម ប្រភពពី៖ Trading Economics

គិតពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ដើមឆ្នាំ ២០១៩ មធ្យមភាគនៃការវិនិយោគដោយផ្ទាល់ពីបរទេសមានចំនួន ៦.២៩ ប៊ីលានដុល្លារ ហើយនៅក្នុងចន្លោះរយៈពេលនេះគេឃើញថាមានការកើនឡើងខ្លាំងបំផុតក្នុងខែធ្នូ ២០១៨ និងបានធ្លាក់ចុះខ្លាំងកាលពីខែមករា ២០១០។

ការវិនិយោគដោយផ្ទាល់ក្នុងប្រទេសវៀតណាមពីឆ្នាំ ១៩៩០ ដល់ ២០០៨ ប្រភពរូបពី៖ researchgate.net

ប្រភពរូបពី៖ www.credendo.com

អ្វីទៅជាកត្តានាំឲ្យផ្ទុះឡើងនៃការវិនិយោគពីបរទេសក្នុងប្រទេសមួយនេះ?

ការទាក់ទាញវិនិយោគិនតែងតែជាចំនុចមួយសំខាន់បំផុត។ វៀតណាមមានឧត្តមភាពប្រៀបធៀប  (comparative advantages) និងខ្លាំងលើបរិយាកាសវិនិយោគប៉ុន្តែវៀតណាមនៅតែខិតខំបន្ថែមដើម្បីទាក់ទាញវិនយោគិនពីបរទេសបន្ថែម។ ការកែលម្អបរិយាកាសអាជីវកម្ម និងបរិយាកាសវិនិយោគគឺជាភាពទាក់ទាញសំខាន់បំផុត ដោយទទួលស្គាល់ថា FDI គឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ច វាមានសារៈសំខាន់ក្នុងការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងបង្កើនការប្រកួតប្រជែងផ្នែកជាតិ។

អ្វីទៅដែលនាំឲ្យវៀតណាមទទួលបានជោគជ័យលើការទាក់ទាញវិនិយោគិនបរទេស?

ទី ១៖ វៀតណាមបានធានានូវសន្តិសុខ សុវត្ថិភាពផ្នែកសង្គមនយោបាយប្រកបដោយស្ថិរភាព ហើយត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានថាមវ័ន្តសេដ្ឋកិច្ច (dynamic economies) ជាងគេបំផុត។ សេដ្ឋកិច្ចប្រទេសនេះមានការរីកចម្រើនចន្លោះពីឆ្នាំ ១៩៩១ ដល់ ២០១០ ដែលគិតជាមធ្យម ៧.៥% ក្នុងមួយឆ្នាំ ទោះបីជាប្រទេសនេះបានជួបការលំបាកបន្តិចក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពីឆ្នាំ ២០១១ ដល់ ២០១៣ ក្តី ក៏ GDP ប្រទេសនៅតែបន្តកើនឡើង ៥.៦%។ 

 

ទី ២៖ បច្ចុប្បន្ននេះ ប្រជាជនវៀតណាមត្រូវបានគេចាត់ទុកថាជាមាសសម្រាប់ប្រទេស ព្រោះ ៦០% នៃប្រជាជនសរុបស្ថិតក្នុងវ័យបំរើការងារ ជាហេតុស្រូបទាញចំណាប់អារម្មណ៍ពីវិនិយោគិនបរទេសបាន ដោយមិនបារម្ភពីកង្វះកំលាំងពលកម្មដើម្បីបម្រើការងារឡើយប្រសិនបើគេមកបណ្តាក់ទុនវិនិយោគពិតមែន។

 

ប្រជាជនវៀតណាម រូបភាពពី៖ MDX-Vietnam

ដោយឡែកចំពោះទីតាំងភូមិសាស្រ្តប្រទេសត្រូវបានគេចាត់ទុកថាជាបេះដូងនៃអាស៊ីបូព៌ា វាផ្តល់ជាភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ច។​ ជាងនេះទៅទៀត ដោយសារវៀតណាមប្រកាន់គោលជំហរសេដ្ឋកិច្ចទីផ្សារសេរី ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO និងជាភាគីនៃក្របខ័ណ្ឌជាច្រើនសម្រាប់សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ រួមទាំងស្ថិតក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងក្នុងប្រទេស និងទីផ្សារអន្តរជាតិ អ្វីដែលពិសេសជាងនេះវៀតណាមជាដៃគូរចរចានៃ Trans-Pacific Partnership ទៀត។ កត្តាទាំងនេះជាអ្វីដែលវិនិយោគិនបរទេសសម្លឹងឃើញ និងសម្រេចដាក់ចិត្តដាក់កាយមកវិនិយោគក្នុងប្រទេសនេះ។

 

រូបភាពពី៖ http://sggpnews.org.vn

ទី ៣៖ រដ្ឋាភិបាលវៀតណាមប្តេជ្ញាបង្កើតបរិយាកាសធុរកិច្ចប្រកបដោយភាពត្រឹមត្រូវ និងទាក់ទាញដល់វិនិយោគិនបរទេស និងបន្តអភិវឌ្ឍជានិច្ចនូវគោលនយោបាយក្របខណ្ឌច្បាប់ដើម្បីសម្របសម្រួលដល់ការវិនិយោគ។ រដ្ឋាភិបាលបាននឹងកំពុងធ្វើការយ៉ាងលំបាកក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញនិងគំរូនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួន ហើយនេះជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងប្រកួតប្រជែងរបស់ប្រទេសមួយនេះ ក្នុងការធ្វើយ៉ាងណាជំរុញការរីកលូតលាស់ជាតិឈានដល់មួយកម្រិតទៀតដែលគេបានរំពឹងទុក៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s