ឥណ្ឌូនេស៊ីគ្រោងចំណាយទឹកប្រាក់ជាង ៤០០ប៊ីលានដុល្លារកសាងប្រទេសឡើងវិញ​




ឥណ្ឌូ​នេស៊ី​កំពុង​ធ្វើ​ផែន​ការ​ដែល​ជា​មហិច្ឆ​តា​មួយ​ក្នុ​ងការ​កសាង​ប្រទេស​ឡើង​វិញ​ហើយ​​ផែន​ការ​មួយ​នេះ​គ្រោង​ចំណាយ​ទឹក​ប្រាក់ប្រមាណ ៤១២ប៊ី​លាន​ដុល្លារអាមេរិក។​ ផែន​ការ​កសាង​ប្រទេសនេះ​គិត​ចាប់​តាំង​ពីការ​កសាង​ព្រលាន​យន្ត​ហោះចំនួន ២៥ កន្លែងរហូត​ដល់​​ការ​បង្កើត​រោង​ចក្រ​ថាមពល​ថ្មីៗជាដើម។ ការ​ដែល​ធ្វើ​បែប​នេះ​ក៏ដោយ​សារ​រដ្ឋា​ភិ​បាល​បាន​សម្លឹង​ឃើញថា​ប្រទេស​ខ្លួន​ស្ថិត​នៅ​ក្នុ​ងសេដ្ឋ​កិច្ច​ដែល​ធំ​ជាង​គេ​មួយ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋ​មន្ត្រី​ក្រសួងផែន​ការ​ឥណ្ឌូ​នេស៊ី។


ផែន​ការ​ប្រាំឆ្នាំ​ ២០២០​ ដល់ ២០២៤ ក្នុង​ការ​អភិ​វឌ្ឍកសាង​ប្រទេ​សឡើង​វិញ​ដែល​គ្រោង​ចំនាយប្រាក់​ប្រមាណ ៤០០​ ប៊ី​លាន​ដុល្លារ​នេះត្រូវ​បានគេ​ដឹង​ថា ៤០% ជា​កញ្ចប់​ថវិកា​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌូ​នេស៊ី​ផ្ទាល់ ២៥% ជា​ការ​ឧ​បត្តម្ភ​ពី​សហគ្រាស​រដ្ឋ និង​ចំណែក​ដែល​នៅ​សល់​គឺ​ចូល​រួម​ចំណែកពី​ស្ថាប័ន​ឯក​ជន​ នេះ​បើ​តាមប្រសាសន៍​របស់​រដ្ឋ​មន្រ្តីក្រសួង​ផែន​ការ​ឥណ្ឌូ​នេស៊ី​លោក Bambang Brodjonegoro។ ​ទឹក​ប្រាក់​សរុប​សម្រាប់​ចំនាយ​លើ​​ផែន​ការ​កសាង​​ប្រទេស​ឡើង​វិញ​នេះ ៦០% ត្រូវ​ចំណាយ​លើ​ការ​កសាង​ហេដ្ឋារ​ចនាសម្ព័ន្ធ​ផ្នែក​ដឹក​ជញ្ជូន​។



ហេតុ​អ្វី​ឥណ្ឌូ​នេស៊ី​យក​ហេដ្ឋា​រចនាសម្ព័ន្ធ​ជា​វិស័យ​​អភិវឌ្ឍ​ចំបង​មួយរបស់​ខ្លួន?
តាម​របាយ​ការណ៍​ពី​ World Economic Forum ឥណ្ឌូ​នេស៊ីឈរ​នៅ​លំដាប់​​ទី ២ បន្ទាប់​ពី​សិង្ហ​បុរី​ក្នុ​ងការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រទេស។ យុទ្ធ​សាស្រ្ត​របស់​លោក​ Joko Widodo ប្រធានាធិប​តី​ឥណ្ឌូនេស៊ី បាន​ធ្វើ​ការ​សង្កត់​ធ្ងន់​លើ​ការ​អភិ​វឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​ជាគោល​ ព្រោះ​លោក​យល់​ថា​ល្គឹក​ណា​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុ​ងប្រទេស​ទន់​ខ្សោយ​ វា​នឹង​នាំ​ឲ្យ​សេដ្ឋ​កិច្ច​ប្រទេស​ទន់​ខ្សោយ​ដូចគ្នា​ដែរ​វា​គ្មាន​ប្រសិទ្ធិភាព​ទេក្នុង​ការ​ធ្វើ​ភស្តុ​ភារកម្ម (Logistic)



ការ​ចរាចរទំនិញ​ក៏​មាន​ការ​លំបាក ការ​ប្រកួត​ប្រជែង​ផ្នែក​ជំនួញ​ក៏​ត្រូវ​បាត់​បង់ដោយ​សារ​ត្រូវ​ចំនាយ​ខ្ពស់ វា​នឹង​ចាប់​ផ្តើម​លេច​ចេញ​នូវ​ភាព​អយុត្តិ​ធម៌​ក្នុង​សង្គម​ដូចជា ប្រជាជន​មិនអា​ចធ្វើ​ដំណើរ​ទៅ​មណ្ឌល​សុខភាព​បាន​ទាន់ពេល​កាល​ណា​គេ​ជួប​បញ្ហា​ធ្ងន់​ធ្ងរ​បន្ទាន់​ភ្លាមៗ កុមារ​មិនអាច​ទៅ​សាលា​រៀន​បាន​ជាប់​លាប់​ ឈានដល់​ការ​បោះ​បង់​ចោល​ការ​សិក្សា​ព្រោះ​គ្មាន​មធ្យោ​បាយ​ធ្វើ​ដំណើ​រល្អ​ សាលា​រៀន​នៅ​ឆ្ងាយពីផ្ទះ ជីវភាព​ក្រី​ក្រ​ ជាដើម​។ ទាំង​អស់​នេះ​អាចជា​ដើម​ហេតុបង្ក​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នៃ​ធនធាន​ដ៏​សំខាន់​សម្រាប់​ប្រទេសជាតិ គឺ​ធនធាន​មនុស្ស​។

ហើយ​ការ​រៀប​ចំពង្រឹង​ហេដ្ឋា​រចនាសម្ព័ន្ធ​នេះសំខាន់ជាង​គេ​គឺ​នៅ​កោះ​ជ្វា​ ​ជាទី​តាំង​មួយ​ដែលគេ​គ្រោង​បង្កើត​ជា​រដ្ឋធានី​ថ្មី​របស់​ប្រទេសឥណ្ឌូ​នេស៊ីជំនួស​ឲ្យ​ទីក្រុង​ហ្សាការតា។ ម៉្យាង​វិញ​ទៀត ការអភិ​វឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធជា​កត្តា​នាំឲ្យ​មានការ​រីក​លូត​លាស់​ជា​ច្រើន​ផ្នែកក្នុ​ងរបត់​សេដ្ឋ​កិច្ច​ វា​អាច​ស្រូប​យក​លំហូរ​ដ៏​ធំ​ធេង​នៃ​តម្រូវ​ការ​ទំនិញ​ ម្ហូប​អាហារ​ ទេស​ចរណ៍ ក៏​​ដូចជា​ការ​បម្រើ​ការ​ងារ​ឆ្លង​ប្រទេស​ជាដើម​។ ការ​កសាងកំពង់​ផែ និង​តំបន់​សំខាន់​ៗមានភាព​ស្មុគ​ស្មាញ​ និងត្រូវ​ចំនាយ​ខ្ពស់ដោយ​សារ​ប្រទេស​នេះ​ជាប្រទេស​ប្រជុំ​កោះ ក៏​ជា​កម្រង​កោះមួយធំ​ជាង​គេ​លើ​ពិភពលោក​មាន​កោះ​រហូត​ទៅដល់ ១៧,0០០០ បើ​គិត​ពី​ចម្ងាយ​វិញ​វាស្ទើរ​តែស្មើរយៈ​ចំងាយពី​ទីក្រុង​ញូយ៉ក​ទៅ​កាន់​ទីក្រុង​ឡុងដ៏​ទៅ​ហើយ។ ​​​​លោក Bambang Brodjonegoro បាន​ឲ្យ​ដឹង​បន្តទៀត​ថាមាន​តែ​វិធី​នេះ​ទេ​ដែល​អាច​ឲ្យប្រទេស​ឥណ្ឌូ​នេស៊ី​ភ្ជាប់​ទំនាក់​ទំនង ​ ​បាន​​កាន់​តែ​ច្រើននិង​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ទាំង​ខាង​ក្នុង និង​ក្រៅ​ប្រទេស។


ការ​អភិ​វឌ្ឍ​កំ​ពង់ផែ

​ការ​អភិ​វឌ្ឍ​ក៏​ដូចជា​ការ​ពង្រីក​កំពង់​ផែ​របស់​ខ្លួ​នជា​រឿង​មួយ​ចាំ​បាច់​បំ​ផុតផងដែរ​ដែល​ឥណ្ឌូនេស៊ី​ត្រូ​វ​ធ្វើ​ដើម្បី​ពង្រីក​សក្តា​នុពល​សេដ្ឋកិច្ច​របស់​ខ្លួននិង​ដើម្បីការ​ប្រកួត​ប្រជែង​។ កំពង់​ផែ​ធំ​អាច​ផ្ទុក​ទូ​រកុង​តែន័រ​បាន​កាន់​តែ​ច្រើន​ ចំនួន​កប៉ាល់​ចូល​បានកាន់​តែ​ច្រើន​នាំ​ឲ្យ​ចំនូល​ពី​ការ​ដឹក​ជញ្ជូន​កាន់​តែ​ច្រើន។ តាម​របាយការណ៍​របស់​រដ្ឋាភិ​បាល​ឥណ្ឌូ​នេស៊ី​បាន​ឲ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​មានតែ​ ៤% នៃ​ការ​ដឹក​ជញ្ជូន​សរុប​ក្នុ​ងប្រទេស នេះជា​ទំហំ​មួយ​តូច​នៅ​ឡើង​សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​នាំ​មុខ​ក្នុ​ងតំបន់​មួយ​នេះ​។



បញ្ហា​ប្រឈម​ដែល​រដ្ឋាភិ​បាល​ឥណ្ឌូ​នេស៊ីនឹងជួប​ប្រទះ​
ទោះបីជាមានអត្ថប្រយោជន៍ដ៏មានសក្តានុពលយ៉ាងណាក៏ដោយលើ​គម្រោងធំៗ ជាច្រើនទាំង​នេះក៏ដោយ ក៏​ឥណ្ឌូ​នេស៊ី​កំពុងប្រឈមមុខនឹងការលំបាកសម្រាប់រដ្ឋាភិបាលក្នុងការផ្តល់ហិរញ្ញប្បទាននា​ប៉ុន្មានឆ្នាំថ្មីៗនេះ។ មួយផ្នែកដោយសារតែការអនុលោមតាមពន្ធទាបនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងតម្លៃទំនិញនៅ​មាន​ភាព​ទន់ខ្សោយនៅ​ឡើយ​វា​ជា​ការ​រារាំងកំណើនថវិការជាតិ។ គម្រោង​មួ​យ​ចំនួន​ត្រូវ​ពន្យាពេល​ សេដ្ឋ​កិច្ច​អា​ច​មានអត្រា​រីក​ចម្រើន​ត្រឹម ៥% ប៉ុណ្ណោះ​តាម​ការ​ព្យាករណ៍ ខណៈដែល​រដ្ឋាភិ​បាល​ប៉ុនប៉ង​ឲ្យ​មានសេដ្ឋ​កិច្ច​មាន​កំណើន​ពី​ចន្លោះ ៥.៣% ទៅ ៥.៦% នៅ​ឆ្នាំ​បន្ទាប់។ យោង​តាម​ការព្រៀង​ផែនការ​នេះ ប្រហែល ១៧% នៃការចំណាយលើហេដ្ឋារចនាសម្ព័ន្ធនឹងឆ្ពោះទៅរកថាមពលបន្ទាប់មក ១០% សម្រាប់ប្រព័ន្ធធារាសាស្ត្រ។

ហេដ្ឋា​រចនា​សម្ព័ន្ធល្អ​នាំ​ឲ្យ​មានប្រទេសអាចទាក់ទាញ​ភ្ញៀវ​ទេសចរ ដែលជា​ផ្នែក​មួយ​ជំរុញសេដ្ឋកិច្ច​ប្រទេស​កាន់​តែ​មានកំណើន​ខ្ពស់​ជា​បន្ត​បន្ទាប់​។ វិស័យ​ទេសចរណ៍​ក៏​ជាផ្នែក​មួយ​សំខាន់​ដូចគ្នានៅក្នុងផែនការ​អភិវឌ្ឍ​ប្រទេស​ ៥ ឆ្នាំ​ខាង​មុខផងដែរ៕


ដោយ៖ យ៉ាយ៉ា

X
5s