តើមានសញ្ញាអ្វីខ្លះបានជាគេគ្រប់គ្នាហើយអ្នកថា «មនុស្សគិតដូចចៅចាក់ស្មុគ»?
តើវាពិបាកណាស់មែនទេ ក្នុងការបញ្ឈប់ខួរក្បាលរបស់អ្នកកុំឲ្យគិតពីអ្វីមួយរយៈសិននោះ? តើអ្នកមានអារម្មណ៍ធុញថប់ទេ ពេលដែលអ្នកមិនអាចបង្ក្រាបការគិតច្រើនបាននោះ? ការសិក្សាមួយនៃសាកលវិទ្យាល័យ Michigan នៅឯសហរដ្ឋអាមេរិកបានឲ្យដឹងថា៖ «អ្នកដែលមានអាយុចាប់ពី ២៥ទៅ៣៥ឆ្នាំទៅ នឹងប្រឈមមុខជាមួយការគិតច្រើនដល់ទៅ៧៣ភាគរយ។ ក្នុងនោះស្រ្ដី ៥៧ភាគរយ និងបុរស ៤៣ភាគរយ។» តើអ្នកចង់ដឹងពីសញ្ញាដែលបង្ហាញថា អ្នកកំពុងតែគិតច្រើនហួសហេតុទេ ?
១) សម្រាន្តមិនលក់៖ មនុស្សគិតច្រើនពិបាកនឹងសម្រាន្តលក់ស្រួលណាស់។ ដោយសារតែខួរក្បាល របស់គេតែងតែដំណើរការ ហើយគិតពីរៀងស្មុគស្មាញនានាច្រើនពេក។ បើយល់ល្អ អ្នកគួរតែព្យាយាមដាក់ចុះនូវសម្ពាធទាំងឡាយដែលអ្នកមាន ហើយសម្រួលអារម្មណ៍តាមរយៈការហាត់ប្រាណ តាំងសមាធិ អានសៀវភៅ ឬធ្វើអ្វីដើម្បីកម្សាន្តសប្បាយជំនួសវិញ។
២) រស់នៅជាមួយភាពភ័យខ្លាច៖ អ្នកគិតច្រើនដោយសារតែមានភាពភ័យខ្លាច នៅថ្ងៃអនាគត ហើយភាពភ័យខ្លាចនេះ អាចឲ្យអ្នកបែកអារម្មណ៍ ទៅធ្វើរឿងផ្ដេសផ្ដាសដូចជា សេពគ្រឿងញៀន និង គ្រឿងស្រវឹងជាដើម។
៣) វិភាគហួសហេតុពេក៖ ពួកគេតែងចង់រៀបចំអ្វីៗ គ្រប់បែបយ៉ាងសម្រាប់ជីវិត ឲ្យបានរួចរាល់។ គេមិនមានអារម្មណ៍ថា ស្រណុកស្រួល នោះទេ ពេលដែលមិនទាន់បានគិតគូអ្វីពីជីវិត។ ហេតុនេះហើយបានជាត្រូវបង្ខំ ខ្លួន ឯង ឲ្យរៀបចំគិតគូអ្វីៗ យ៉ាងប្រញាប់ប្រញាល់បែបនេះ។
៤) ឈឺក្បាលញឹកញាប់៖ ប្រសិនបើអ្នកឧស្សាហ៍ ឈឺក្បាល ញឹកញាប់នោះ បញ្ជាក់ថា អ្នកគិតច្រើនពេកហើយ។ អាការៈនៃកាឈឺក្បាលនោះ ចង់បង្ហាញថាអ្នកត្រូវការពេលសម្រាប់សម្រាក ទាំងរាយកាយ និងផ្លូវចិត្ត។
៥) អស់កម្លាំងល្ហិតល្ហៃ៖ អ្នកមិនគួរបង្ខំរាងកាយឲ្យ បន្តទៅមុខទៀតទេនៅពេលដែលវាចាប់ផ្ដើមអស់កម្លាំង ព្រោះវាអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពទាំងមូល។ ការអស់កម្លាំងនេះ វាកើតឡើងដោយសារតែអ្នកមិនផ្ដល់ពេលវេលាសម្រាកដល់ខ្លួនឯងរួមទាំងការគិតច្រើនផងដែរ៕
ដោយ៖ ព្រំ សុវណ្ណកណ្ណិកា