ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី អាចក្លាយជាប្រទេសមានសេដ្ឋកិច្ចធំថ្មីទាំង១១ (N-11)
ហាក់ពីដូចជារឿងគួរឱ្យភ្ញាក់ផ្អើលបន្តិច ចំពោះវៀតណាម និងហ្វីលីពីន ប៉ុន្តែជារឿងដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍ ហើយក៏ជាការព្យាករណ៍អាចនឹងក្លាយជាការពិតប្រាកដក៏ថាបាន។ ការព្យាករណ៍នេះកើតឡើង ដោយ សេដ្ឋកិច្ចវិទូ ដ៏មានកេរ្តិ៍ឈ្មោះរន្ទឺមួយរូប និងសហសេវិករបស់លោក ធ្វើការនៅ Goldman Sachs លោក Jim O'Neill អំពីបណ្ដាប្រទេសមានសេដ្ឋកិច្ចសំខាន់ (important economies) ចំពោះសេដ្ឋកិច្ចពិភពលោកថ្មីទាំង ១១ (Next 11) ឬហៅកាត់ខ្លីថា N-11 ដែលក្នុងនោះមាន វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី ជាប្រទេសបីមកពីតំបន់អាស៊ីអាគ្នេយ៍។
ការអះអាងនេះកើតឡើងតាំងពីឆ្នាំ២០០៥ មកម្ល៉េះ ប៉ុន្តែការសិក្សា និងវាយតម្លៃពីស្ថាប័នអន្តរជាតិធំៗមួយចំនួនទៀតដូចជាក្រុមហ៊ុន PwC ជាដើមកំពុងតែចាប់អារម្មណ៍។ ក្នុងអត្ថបទមួយដែលសរសេរដោយផ្ទាល់ពីអ្នកបង្កើតពាក្យថា N-11 លោក Jim O'Neill ដែលខ្លឹមសារទាំងស្រុងត្រូវបានចុះផ្សាយនៅលើគេហទំព័រ វេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ បានលើកអំណះអំណាងមួយចំនួនទៀតដើម្បីគាំទ្រដល់ការអះអាងរបស់លោកអំពី មានប្រទេស ១១ ដែលនឹងមានសេដ្ឋកិច្ចលេចធ្លោនាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ពាក្យនេះ ត្រូវបានបង្កើតឡើងពេល បន្ទាប់ពីលោក បានសង្កេតឃើញថា ប្រទេសទាំង ១១នេះ មានសេដ្ឋកិច្ចលេចធ្លោខ្លាំងស្របនឹងប្រទេស BRIC (សំដៅទៅលើឈ្មោះប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដែលមានសេដ្ឋកិច្ចកើនឡើងខ្លាំង ហើយពាក្យ BRIC នេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១) និងស្ថិតនៅពីក្រោយមហាអំណាចសេដ្ឋកិច្ចធំៗក្នុងសតវត្សទី ២១នេះ ដូចជា ជប៉ុន អាល្លឺម៉ង់ អង់គ្លេស និងបារាំង ជាដើម។
ពាក្យថា N-11 គឺមកពីពាក្យពេញថា Next-11 ដែលត្រូវបានបង្កើតឡើងដោយលោក Jim O'Neill នៅចុងឆ្នាំ២០០៥ សំដៅទៅដល់ប្រទេសទាំង ១១ ដែលមានសក្ដានុពលសេដ្ឋកិច្ចប្រែក្លាយជាបណ្ដាប្រទេសសេដ្ឋកិច្ចសំខាន់ដល់ពិភពលោកក្នុងសតវត្សរ៍នេះ។ បើតាមការព្យាករណ៍របស់លោក នៅឆ្នាំ២០២៦ ប្រទេសទាំង ១១នេះនឹងស្ថិតនៅរៀងពីក្រោយមហាអំណាចសេដ្ឋកិច្ចទាំង ១០នាពេលបច្ចុប្បន្ន និងស្ថិតនៅក្នុងបញ្ជីមហាអំណាចសេដ្ឋកិច្ចទាំង ២២នៅឆ្នាំ២០៥០ (សូមមើលរូបខាងក្រោម)។ ប្រទេសទាំង ១១ ដែលលោក Jim O'Neill បានលើកឡើងនោះត្រូវបានចែកចេញជា ៣ប្រភេទ។
ដោយឡែក ទំហំសេដ្ឋកិច្ចខាងក្រោមនេះ ខ្ញុំបាទដកស្រង់ចេញពីរបាយការណ៍របស់មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF)៖ ក)ប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំង៖ កូរ៉េខាងត្បូង (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ១,៦ ទ្រីលានដុល្លារ) ខ) ប្រទេសឧស្សាហកម្មថ្មីៗ (Newly Industrialized Countries) មានប្រទេស ៥៖ ឥណ្ឌូនេស៊ី (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ១,០៩ ប៊ីលានដុល្លារ) អ៊ីរ៉ង់ (ការព្យាករណ៍ GDP ឆ្នាំ ២០១៩ ទំហំ ៤៥៨,៥ ប៊ីលានដុល្លារ) ម៉ិកស៊ីកូ (ការព្យាករណ៍ GDP ឆ្នាំ ២០១៩ ទំហំ ១,២៧៤ ទ្រីលានដុល្លារ) ហ្វីលីពីន (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ៣៦៧,៣៦ ប៊ីលានដុល្លារ) និងទួរគី (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ៦៤៩ ប៊ីលានដុល្លារ)។ គ) ប្រទេសកំពុងអភិវឌ្ឍន៍មាន ៥ ប្រទេសគឺ៖ បង់ក្លាដេស (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ៣១៨ ប៊ីលានដុល្លារ) អេហ្ស៊ីប (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ៣៦១,៨៧ ប៊ីលានដុល្លារ) នីហ្សេរីយ៉ា (ការព្យាករណ៍ GDP ឆ្នាំ ២០១៩ ទំហំ ៥១៥,៥៤ ប៊ីលានដុល្លារ) ប៉ាគីស្ថាន (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ២៧៦ ប៊ីលានដុល្លារ) និងវៀតណាម (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ៣៤១ ប៊ីលានដុល្លារ)។ លោក Jim O'Neill ធ្លាប់លើកឡើងបែបកំប្លែងថា ហេតុអ្វីបានជាលោកលើកយកតែប្រទេស ១១នេះថា ប្រទេសទាំង ១១នេះ គឺដូចជាក្រុមកីឡាបាល់ទាត់ដែលមានគ្នា ១១នាក់អីចឹងដែរ។ ហេតុអ្វីគួរចាប់អារម្មណ៍ពីប្រទេស N-11 នេះ? បើបូកបញ្ចូលគ្នាប្រទេសទាំង ១១ នេះ មានប្រជាជនសរុបប្រមាណ ១,៥ពាន់លាននាក់ ហើយ GDP គិតតាមតម្លៃទីផ្សារមានសរុបរហូតដល់ ៦,៥ទ្រីលានដុល្លារ។ បើនិយាយអំពីចំនួនប្រជាជនវិញគឺច្រើនជាងចិន និងឥណ្ឌាទៅទៀត ប៉ុន្តែទំហំសេដ្ឋកិច្ចវិញនៅតូចជាងប្រទេសចិន ពីរដង និងធំជាងឥណ្ឌាពីរដង។
លោក Jim O'Neill បានធ្វើការព្យាករណ៍នៅឆ្នាំ២០២៥ និង ២០៥០[/caption] ក្រុមប្រទេស ៤ដែលមានទំហំសេដ្ឋកិច្ចធំ គឺ ម៉ិកស៊ីកូ ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង និងទួរគី ត្រូវបានសេដ្ឋកិច្ចវិទូមួយចំនួនព្យាករណ៍ថា មានទំហំសេដ្ឋកិច្ចសរុប (បូកបញ្ចូលគ្នា) ប្រហែល ១%នៃទំហំ GDP ពិភពលោក កាលពី ៨ឆ្នាំមុន ប៉ុន្តែបច្ចុប្បន្ន កើនឡើងដល់ទៅ ២ ឬ ៣%នៃ GDPពិភពលោក។ នេះជាការកើនឡើងគួរឱ្យភ្ញាក់ផ្អើលមួយ។ ប្រទេសទាំង ១១នេះ កាលពីពីរទសវត្សរ៍មុនមានកំណើនសេដ្ឋកិច្ចត្រឹមតែ ៤%គិតជាមធ្យម ឡើងដល់ ៤,៥%មួយទសវត្សរ៍មុន ហើយបច្ចុប្បន្នអាចកើនលើស ៥%។ ប្រទេសទាំង ១១ បានរួមចំណែកដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោកទន្ទឹមគ្នានឹងចិន និងឥណ្ឌា ក៏ដូចជាមហាអំណាចមួយចំនួនទៀត។ និយាយអំពីវៀតណាម តាមការវាយតម្លៃពីធនាគារពិភពលោក បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចពិត (real GDP) នៅត្រីមាសចុងក្រោយនេះ គឺ ៧,៤% លើសប្រទេសចិនទៅទៀត។ កំណើនសេដ្ឋកិច្ចវៀតណាមគឺរឹងមាំដូចកម្ពុជា និងឡាវដែលជាប្រទេសជិតខាងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ទោះបីជាវៀតណាមមានទំហំសេដ្ឋកិច្ចតូច (ប៉ុន្តែធំជាងកម្ពុជាជិត ១០ដង) ក៏វៀតណាមទទួលបានកំណើនខ្លាំងចាប់តាំងពីឆ្នាំ២០០៥។
អតីតកាលបន្តិច ចាប់តាំងពីមានកំណែទម្រង់សេដ្ឋកិច្ចដែលមានឈ្មោះថា Đổi Mới ដាក់ចេញនៅឆ្នាំ១៩៨៦ មកបានធ្វើឱ្យប្រទេសវៀតណាមទទួលបានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់បំផុត។ ដោយឡែក បើនិយាយអំពីការអភិវឌ្ឍន៍វៀតណាមទទួលបានជោគជ័យមួយចំណែកធំលើការវិវត្តន៍ខ្លួនទៅជាប្រទេសមានចំណូលកម្រិតមធ្យម (lower middle-income country) នៅឆ្នាំ២០១១ (ចំណូលសម្រាប់ប្រជាជនម្នាក់នាឆ្នាំនោះគឺ ១២៦០ដុល្លារបើយោងតាមធនាគារពិភពលោក)។ ធនាគារពិភពលោកបានផ្សាយកាលពីពេលថ្មីៗនេះថា ឆ្នាំ២០១៧ កន្លងទៅ វៀតណាមទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំ ដោយការនាំចេញនៅតែខ្លាំង តម្រូវការក្នុងស្រុកក៏រឹងមាំ ស្របពេលដែលវិស័យកសិកម្មក៏មានសន្ទុះខ្លាំងដែរ។ ជាមួយគ្នានោះ ទំហំវិនិយោគពីក្រៅប្រទេសដោយផ្ទាល់ (FDI) ក៏ទទួលបានច្រើនផងដែរ។ សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា កំណើនសេដ្ឋកិច្ចនៅតែបន្តកើនឡើងលើសពី ៥%នៅប៉ុន្មានឆ្នាំទៅមុខទៀតនេះ ព្រោះថា តម្រូវការក្នុងស្រុកនឹងនៅតែបន្តរឹងមាំស្របពេលដែលចំនួនប្រជាជនវៀតណាមនាពេលបច្ចុប្បន្នកើនដល់ ៩៥លាននាក់ និងឡើងដល់ប្រហែល ១២០លាននាក់នៅឆ្នាំ២០៥០។ ប្រជាជនវៀតណាមប្រហែល ៧០%មានអាយុក្រោម ៣៥ឆ្នាំ ហើយចំនួនប្រជាជនចំណូលកម្រិតមធ្យមប្រហែល ១៣% ដែលអាចនឹងកើនឡើងដល់ ២៦%នៅឆ្នាំ២០២៦ នេះបើតាមការព្យាករណ៍របស់ធនាគារពិភពលោក។ ដោយឡែក បើនិយាយអំពីអគ្គិសនីវិញ នៅត្រឹមឆ្នាំ២០១៦ ប្រជាជនវៀតណាមប្រមាណ ៩៩%មានភ្លើងអគ្គិសនីប្រើប្រាស់ ខណៈដែរប្រជាជនជនបទប្រមាណ ៧៧%មានទឹកស្អាតប្រើប្រាស់។
ដៃគូវៀតណាមនៅត្រឹម ៥ខែដំបូងនសឆ្នាំ២០១៧ (ចិន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាដៃគូធំ)-ប្រភព customsnews.vn និយាយអំពីវិស័យអប់រំវិញ កម្រិតថ្នាក់បឋមសិក្សា បានទទួលលទ្ធផលខ្ពស់គួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ស្ថាប័នវាយតម្លៃការសិក្សារបស់សិស្សអន្តរជាតិហៅកាត់ថា (PISA) ឱ្យដឹងថា ពិន្ទុដែលវៀតណាមទទួលបានសម្រាប់ថ្នាក់បឋមសិក្សា សិស្សវៀតណាមទទួលបានខ្ពស់ជាងបណ្ដាប្រទេសមានសេដ្ឋកិច្ចលូតលាស់ OECD មួយចំនួនទៀតផង។ តាមការចុះផ្សាយរបស់ Bloomberg ដកស្រង់លទ្ធផលនៃការស្រាវជ្រាវរបស់ធនាគារ ANZ ដែលបានចុះផ្សាយកាលពីឆ្នាំ២០១៥ បានឱ្យដឹងថា វៀតណាមជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានកំណើននាំចេញខ្លាំងក្លា ខណៈការនាំចេញរបស់បណ្ដាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតថមថយ។ ទិន្នន័យដែលចេញផ្សាយពីដើមឆ្នាំ២០១៨ នេះ វៀតណាម មានទំហំអតិរេកពាណិជ្ជកម្ម (នាំចេញ = ២១៣,៧ពាន់លានដុល្លារ ច្រើនជាង នាំចូល=២១១,១ពាន់លានដុល្លារ) ប្រមាណ ២,៧ពាន់លានដុល្លារនៅឆ្នាំ២០១៧ គឺប្រហាក់ប្រហែលនឹងឆ្នាំ២០១៦ ដែរ។
តាមដាន ភាគ ២ ដែលនឹងនិយាយអំពីហ្វីលីពីននាពេលឆាប់ៗនេះ... ដោយ៖ យ៉ន សុភារិទ្ធ (Sophearith YORN) គ្រូបង្រៀនប្រព័ន្ធផ្សព្វផ្សាយ អាជីវកម្ម និងសេដ្ឋកិច្ច នៅ សាកលវិទ្យាល័យកម្ពុជា កម្ពុជាអន្តរជាតិ (CamIU) និងវិទ្យាស្ថាន CEO