៧ ជំហានជួយ​អ្នក​ហ៊ានប្រឈមមុខ ដោះស្រាយជាមួយចៅហ្វាយនាយតឹងតែង តឹងរ៉ឹង​



បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា ជីវិត​ការ​ងារ​ក៏​ឈាន​ចូល​មក​ដល់។ អ្នក​អាច​ស្វែង​រក​ការងារ​មួយ​ដែល​អ្នកស្រលាញ់ពេញ​ចិត្ត។ អ្នកអាច​នឹង​ចូល​ចិត្ត​មិត្ត​រួម​ការងារ​របស់​អ្នក តែ​មិនប្រាកដ​ថា​អ្នក​បាន​ជួប​ជាមួយ​ចៅ​ហ្វាយ​នាយ​ដែលអ្នក​​អាច​និយាយ​លេង​សើច ឬ​មិន​ប្រកាន់​ច្រើន​នោះ​ដែរ។ អ្នក​ខ្លះ​ត្រូវ​ធ្វើ​ការ​ជាមួយ​ចៅហ្វាយ​​ដែល​មានសម្តីអាក្រក់ ធ្វើ​បាបកូន​ចៅគាប​សង្កត់តឹងរ៉ឹង​ជ្រុល រហូត​ទ្រាំ​មិនបាន​ក៏​សម្រេច​ចិត្ត​លាឈប់ពី​ការងារ​ក៏​មាន​។​ តែទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ វានៅ​មាន​វិធី​សាស្រ្ត​មួយ​ចំនួន​ដែល​ជួយ​ដល់​អ្នក​ក្នុង​ការ​ប្រឈម​ជាមួយ​ចៅ​ហ្វាយ​នាយ​ដែល​តឹងរ៉ឹង​ ពិបាក ដាក់​កំហិតច្រើន។ បើ​អ្នក​កំពុង​នៅ​ក្នុង​ស្ថានការណ៍​ទាំង​អស់​នេះ គួរ​អនុវត្ត​តាម​ប៉ុន្មានចំនុច​ខាង​ក្រោម៖

១) វាយ​តម្លៃ​ស្ថានការណ៍៖ តើអ្នកជាមនុស្ស​ដែលមានសមត្ថ​ភាពអា​ច​បែង​ចែកបានទេពីកម្រិត​នៃ​ការ​ទទួល​ខុស​ត្រូវលើទំនាក់​ទំនង​? ​​​អ្នក​មាន​ដែល​សង្កេត​មើល​ទេ​ថាចៅ​ហ្វាយ​នាយ​របស់​អ្ន​ក​តែង​មានទំនាក់​ទំនងអវិជ្ជ​មាន​ជាមួយ​នរណា​ខ្លះ​នៅ​កន្លែង​ធ្វើ​ការ? មេរបស់អ្នក​តឹង​រ៉ឹង​តែ​ជាមួយ​អ្នក​ម្នាក់​ទេ ឬគំរោះ​គំ​រើយ​ជេរស្តី​បន្ទោស​គ្រប់​ពេល មិន​កែតម្រូវគ្រប់​បុគ្គលិក​? ហើយ​យើង​ក៏​ត្រូវ​ពិនិត្យ​មើល​ខ្លួន​ឯងដែរ​ថា​អាកប្ប​កិរិយាផ្ទាល់​ខ្លួ​ន​របស់​អ្នកសមរម្យ​ ចេះគួរ​សម ឬ​ច្រឡើស​បើសដាក់​ចៅ ហ្វាយ​នាយ​នៅកន្លែង​ធ្វើ​ការ? បើ​អ្នក​​មានកំហុស​ហើយ​មិន​ទទួល​ខ្លួន​ហើយ​នៅរឹងទទឹង​ដាក់​ចៅ​ហ្វាយ​នាយ​នោះ កែ​ប្រែ​វា​ចេញទៅ ដាក់​ខ្លួន​បន្តិច​ទទួល​យក​ការ​កែតម្រូវ ​​កុំ​បន្តកំហុស​ទាំង​នេះ​ហើយ​បណ្តោយ​ឲ្យ​ស្ថានការណ៍​រវាង​អ្ន​ក​និង​ចៅហ្វាយនាយ​កាន់​តែធ្ងន់​ធ្ងរឡើងៗ។​​

២) រៀន​យល់​ពី​ចិត្ត​ចៅ​ហ្វាយ​នាយ នោះ​ហៅហ្វាយរបស់អ្នកប្រាកដជាចំណាយ​ពេល​ស្វែង​យល់​ពី​យើង​ដូចគ្នា​៖ ពិចារណា​ថា តើ​ចៅហ្វាយនាយ​អ្នក​កំពុង​ជួប​បញ្ហា​អ្វី​ខ្លះ​ កំពុ​ងមាន​បញ្ហា​ផ្ទាល់​ខ្លួន ឬ​ជួប​បញ្ហា​ការ​ងារ​ ចំនុច​ទាំង​អស់​នេះ​វាក៏​មាន​ឥ​ទ្ធិ​ពល​ដែលអាច​​នាំ​ឲ្យ​គាត់ជះកំ​ហឹង​លើ​បុគ្គលិក​ឬអ្នក​ក្រោម​បង្គាប់​ក៏​ថា​បាន​។ ពេល​ខ្លះ​គាត់​ជា​មនុសុ្សដែល​ពិបាក​ខ្លួនឯងគាត់​​តែម្តង ផ្គាប់​ចិត្ត​មិន​ត្រូវ អ្នក​ត្រូវ​តែ​សម្រប​ខ្លួន​តាម​គាត់​ឲ្យ​បាន​ច្រើន​បំផុត​ប្រសិន​បើ​អ្នក​ពិតជា​ចង់​បន្ត​ការ​ងារជាមួយ​គាត់​មែន។ ប្រើ​ទ្រឹស្តី​មួយ​គឺ “ដាក់​ខ្លួន​របស់​អ្នក​ក្នុ​ងស្បែក​ជើង​របស់​នរណាម្នាក់” វាអាចជួយ​អ្នក​ឲ្យ​យល់​ពី​ស្ថានភាព​ក៍​ដូច​ជាការគិត​របស់​គាត់ ​មិនយូរ​មិន​ឆាប់​ ចៅហ្វាយនាយរបស់អ្នក​នឹង​មើល​ឃើញ​ពី​ការ​អត់​ធ្មត់​របស់អ្នក​​​ ហើយ​នឹង​ប្តូរ​អាកប្បកិរិយា​របស់​គាត់​នៅ​ថ្ងៃ​ណាមួយមិនខាន។

៣) ត្រូវ​មានភាព​ប៉ិន​ប្រសប់៖ ធ្វើ​កា​រជាមួយ​មេ​កាច មេ​តឹង​រ៉ឹង អ្នក​ត្រូវ​តែជា​មនុស្ស​ឆ្លាត មាន​ភាព​ប៉ិន​ប្រសប់​ស្ទើរ​គ្រប់​រឿង ការ​ចេះ​បត់​បែន​ជា​ចំនុច​ឆ្លាតវៃ​បំផុត​ដែល​អ្នកគួរ​ធ្វើ​ជាប្រចាំ។ ការ​ជ្រើស​រើស​ពាក្យ​សម្តី​និយាយ​ស្តីទៅកាន់​ចៅហ្វាយនាយ​ក៏​ជារឿង​កាន់​តែ​សំខាន់ដែលគួរ​ប្រុង​ប្រយ័ត្ន​ បើ​គាត់​ជា​មនុស្ស​ប្រកាន់​ច្រើន​ ត្រូវ​រៀនឲ្យ​ចេះជាប់​ខ្លួន។ និយាយខុស​ពេល​ ខុស​ប្រធាន​បទ​គឺ​នាំ​អ្នក​ទៅ​រក​ហានិភ័យ​ធំ​ ព្រោះអ្នក​មិនអាច​ចៀស​ផុត​ពី​ការស្តី​បន្ទោស​ ឬ​ការ​ព្រមាន​នោះទេ។ ដូច្នេះ​ភាព​ប៉ិន​ប្រសប់​ដែលអ្នក​ត្រូវ​តែ​មាន​ និងសំខាន់​បំផុត​នោះគឺ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។​​

៤) បង្ហាញនូ​វការ​ខក​ចិត្តរបស់អ្នក​ តែ​មិន​មែន​អ្ន​កធ្វើ​ការ​ជា​មួយ​គ្នា​ទេ៖ ជួប​ជាមួយ​ចៅ​ហ្វាយ​នាយ​ដែល​តាំង​ខ្លួន​ខ្ពស់​ដូចផ្កាយរាល់​ថ្ងៃពេក​ វា​នាំ​ឲ្យ​អ្នក​ទាបអស់​តម្លៃ​ព្រោះមេរបស់អ្នក​ខ្ពស់​អើយ​សែន​ខ្ពស់​ទៅ​ហើយ។ វិធីសាស្ត្រ​រំសាយ​អារម្មណ៍គឺ​អ្នក​គួរ​បើក​ចំហរ​បញ្ហានេះ​ខ្លះ​ជាមួយ​មិត្ត​ដែលអ្នក​ទុក​ចិត្ត​បំផុត ឬ​ក្រុម​គ្រួសារអ្នក​ដើម្បី​ឲ្យ​ពួក​គេ​ជួយ​​កាត់​បន្ថយ​ស្ត្រេស​ទាំង​អស់​នេះ។ ពួកគាត់​អា​ច​នឹង​មាន​គំនិត​ល្អ​ៗ​ផ្តល់​ឲ្យ​អ្នក​ដោះស្រាយ​ស្ថានការណ៍​អាក្រក់​មួយ​ចំនួន​បាន។

៥) កុំ​ដុត​ស្ពាន​ចោល​៖ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​និយាយ​ថា​មិនឲ្យ​អ្នក​ដុ​ត​ស្ពាន​ចោល? ស្ពានគឺ​សំដៅ​ដល់​ចៅ​ហ្វាយ​របស់អ្ន​កនោះឯង អ្នក​អាច​នឹង​ទ្រាំ​ធ្វើ​ការជាមួយ​គាត់​លែង​បាន អ្ន​ក​នឹង​អាច​ឈាន​ដល់​ការ​លាឈប់​ពីរ​ការ​ងារ​ តែត្រូវ​ចាំថា​អ្នក​មិនគួរ​ឲ្យ​មាន​វិវាទជាមួយ​ចៅហ្វាយ​នាយ​មុន​ពេល​ឈប់​ពី​ការ​ងារ​នោះ​ទេ ព្រោះអ្នក​មិនដឹង​ថា​អ្នក​នឹង​ត្រូវការ​ឲ្យ​គាត់​ធ្វើ​ជា​អ្នក​ធានា (reference) ឲ្យ​អ្នក​នៅ​ថ្ងៃ​ណាមួយ​ទេ។ ទោះជា​អន់​ចិត្ត​ ឬ​ខឹង​ប៉ុណ្ណាក្រោយ​ពេល​លា​ឈប់​ពី​ការ​ងា​រ​ហើយ​យើង​នៅអាច​មើល​មុខ​គ្នា​ចំ​ទៅ​ថ្ងៃ​ក្រោយ។

៦) ព្យាយាម​ដើម្បី​អាច​ផ្ទេរ​ទៅធ្វើ​ការ​នៅ​ក្រុម ឬ​នាយក​ដ្ឋាន​ផ្សេង៖ បើ​អ្នក​មិន​ចង់​លាឈប់​ពី​ការងារ​ក្នុងក្រុម​ហ៊ុន​ទេ អ្នក​អាច​សំលឹង​រក​មើល​ឱកាស​ផ្សេង​ក្នុង​ក្រុម​ហ៊ុន​ ដោយ​អ្នក​អាច​ចូល​រួម​ក្នុ​ង​ការងារ​ជាមួយ​ក្រុម​ផ្សេង​បាន​ជាឱកាសបាន​នៅ​ជាមួយ​មេ​ផ្សេង​ក្នុ​ងក្រុម​ហ៊ុន​ដដែល។

៧) ដើរ​ចេញ៖ ពេល​ខ្លះ វាគ្មា​ន​តម្លៃ​ទេដែលអ្នក​ត្រូវ​មក​ទ្រាំ​វេទនា​ជាមួយ​ចៅហ្វាយ​នាយ​ដែល​ផ្គាប់​ចិត្ត​មិន​ចេះ​ត្រូវ​គ្រប់​ពេល​នោះ។ អ្ន​កមក​ធ្វើ​ការ​ដើម្បី​បង្កើន​ចំណេះ​ និង​ស្វែង​រក​ចំណូល​មិន​មែន​មកទ្រាំអង្គុយ​ឲ្យ​គេ​ជេរ​ស្តី ប្រមាថ​ មើលងាយ​អ្នក​ទេ។ បើ​ទ្រាំ​លែង​បាន​ដើរ​ចេញ​ទៅ តែត្រូវ​​ដើរ​ចេញ​ដោយ​ញញឹម​ ការ​ដើរ​ចេញ​ទុក​ជា​ការ​ព្រមានដល់​មនុស្ស​ដែល​មិនឲ្យ​តម្លៃ​អ្នក​ ត្រូវ​រក្សា​តម្លៃ​ជា​ខ្លួន​ឯង​ទោះ​ទៅ​ដល់​កន្លែង​ការងារ​ថ្មីក៏​អ្នក​នៅ​តែ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ មិន​មែន​ឈប់​ដោយ​សារ​ឈ្លោះ​ជាមួយ​មេ ឬ​ត្រូវ​គេបញ្ឍប់​ពីការ​ងារ​ឡើយ។ មាន​តែអ្នក​ខ្លួន​ឯង​ទេ​ដែល​អាច​ដឹង និងគ្រប់​គ្រង​ស្ថានការណ៍​របស់​ខ្លួន​បាន​ អ្នក​ដទៃ​នឹង​ឲ្យ​តម្លៃ​យើង​នៅ​ពេល​ដែល​យើង​ចេះ​ឲ្យ​តម្លៃ​អ្នក​ដទៃ និង​ឲ្យ​តម្លៃ​ខ្លួន​ឯង៕

ដោយ៖ យ៉ាយ៉ា ប្រភព៖ Forbes

X
5s