តើអ្នក​ដឹង​អ្វី​ខ្លះពី​ជំងឺ​ទឹកនោម​ផ្អែម? តោះ​អាន​ដើម្បីបង្កើនការ​​ស្វែងយល់​ពី​ជំងឺ​មិនឆ្លង​មួយនេះ​


ប្រភព​រូបពី Pixabay

ទឹកនោមផ្អែម ជាជំងឺ​មួយ​ដែល​កំពុង​វាយ​លុក​ទៅលើជីវិត​មនុស្ស​ជាច្រើនក្នុង​ពេល​បច្ចុប្បន្ន​។ កាល​ពី​ជាង ១០ ទៅ១៥ ​ឆ្នាំ​មុន​គេ​សង្កេត​ឃើញថា ជំងឺនេះកើត​ច្រើន​លើ​មនុស្ស​វ័យ​ចំណាស់ តែ​សព្វ​ថ្ងៃសូម្បី​យុ​វវ័យ​ក៏​កំពុង​ប្រឈម​នឹង​ជំងឺ​នេះ​ខ្លាំង​ដូចគ្នា​។ តោះ​នាំ​គ្នា​ស្វែង​យល់​ពី​ទឹកនោមផ្អែមទាំងអស់​គ្នា៖

១) និយម​ន័យ

ជំងឺទឹកនោមផ្អែម ជាជំងឺរ៉ាំរ៉ៃវាកើតឡើងពីការលើសជាតិស្ករក្នុងឈាម ដែលបណ្តាលមកពីអរម៉ូន អាំងស៊ុយលីន (Insulin-ជាអរម៉ូនផលិតពីកោសិកាលំពែង) ដែលដឹកនាំជាតិស្ករទៅឲ្យកោសិកាប្រើប្រាស់ផលិតមិនគ្រប់គ្រាន់ ឬមិនផលិត ឬកោសិការបស់រាងកាយស៊ាំនឹងអរម៉ូននោះ។

២) កត្តាប្រឈមមុខ ទឹក​នោម​ផ្អែម​ជាប្រភេទ​ជំងឺ​មិន​ឆ្លង​មួយ​តែវា​មិន​អាចមាន​អត្រា​នៃ​ការ​កើត​ខ្ពស់​ប្រសិន​បើ៖

ក) ក្រុម​គ្រួសារ​មាន​ប្រវត្តិ​កើតជំងឺ​ទឹក​នោម​ផ្អែម​នេះ

ខ) កត្តាអាយុ (ភាគ​ច្រើន​ចាប់​ពី ៤៥ ឡើង​ទៅ​)

គ)​ កត្តាជនជាតិ

ឃ) កើត​ពេល​ស្រ្តី​មាន​ផ្ទៃ​ពោះ

ហើយ​ជំងឺ​នេះ​នឹង​វិវត្ត​ទៅ​កាន់​តែ​ឆាប់​រហ័ស​នៅ​ពេលដែល៖

ក) កត្តាធាត់

ខ) លើស​សម្ពាធឈាម

គ) លើស​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម

ឃ) អ្នក​ដែល​ត្រៀម​កើត​ជំងឺទឹក​នោម​ផ្អែម

ង) ទម្លាប់​មិនល្អ​ក្នុង​ការ​រស់​នៅដូចជា​ការសម្រាក​បាន​តិច មិន​បាន​ធ្វើ​លំហាត់​ប្រាណ ការ​ទទួល​ទាន​ស្រា និង​បារី ទទួល​ទាន​ដំណេក​ច្រើនជាង ៨ម៉ោង ឬតិចជាង

៣) ប្រភេទ​នៃ​ជំងឺទឹក​នោម​ផ្អែម ជំងឺទឹក​នោម​ផ្អែមត្រូវ​បាន​បែង​ចែកជា​ ៤ ប្រភេទធំៗមានដូច​ជា៖

ក) ជំងឺទឹក​នោម​ផ្អែមប្រភេទទី ១ (Type1 Diabetes Mellitus)៖ វាបណ្តាល​មក​ពីបេតាកោ​សិកា​របស់​លំពែង​ត្រូវ​បាន​បំផ្លាញ ហើយ​ក៏​បណ្តាល​ឲ្យ​អាំង​ស៊ុយ​លីល​ត្រូវ​បាត់​បង់​ ឬ​ខូច​ខាត

ខ) ជំងឺទឹក​នោម​ផ្អែមប្រភេទទី ២ (Type2 Diabetes Mellitus)៖ ដោយ​សារ​ភាព​ផ្សាំ​នៃ​អាំង​ស៊ុយ​លីន​ធ្វើ​ការ​មិនបាន​ល្អ ដំណើរ​វិវត្ត​បញ្ចេញ​មិន​គ្រប់​គ្រាន់របស់​អាំង​ស៊ុ​យ​លីន​

គ) ជំងឺទឹក​នោម​ផ្អែម​កើត​មាន​នៅ​ពេល​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ៖ ដោយ​សារ​មាន​បញ្ហា​នៃ​ភាពផ្សាំ​អាំ​ងស៊ុយ​លីន​ក្នុង​កោ​សិកា

ឃ) ជំងឺទឹក​នោម​ផ្អែមប្រភេទ​ផ្សេងៗទៀត​ដែល​បណ្តាល​មកពី៖ កង្វះ​សែន​ក្នុង​មុខ​ងារបេតាកោសិកា ជំងឺ​លំពែង ការ​ប្រើ​ប្រាស់​ថ្នាំ ឬ​សារធាតុ​គី​មី​មួយ​ចំនួនដែលប៉ះ​ពាល់​ដល់​សុខ​ភាព​

៤) ការ​ធ្វើ​រោគ​វិនិច្ឆ័យ​

ក) រោគ​សញ្ញា​មួយចំនួន​ដែល​គួរ​កត់​សម្គាល់​៖ នោម​ញឹក​ហើយ​ច្រើន (លើស​ពី៣លីត្រក្នុង​រយៈ​ពេល ២៤​ម៉ោង) ស្រេក​ទឹក​ខ្លាំងហើយ​ផឹក​ទឹក​ច្រើន​ ញ៉ាំ​ច្រើន អស់​កម្លាំង​ ឧស្សាហ៍​វិល​មុខ ស្រវាំង​ភ្នែក​ ឈឺក្បាល ស្រក​ទម្ងន់ អារម្មណ៍​ប្រែ​ប្រួលមិនទៀត​ទាត់ ឆាប់​មួ​ម៉ៅ មាន​ជាតិ​ស្ករ​ក្នុង​ទឹក​នោម​ -ល-។

ខ) ប្រវត្តិ​អ្នក​ជំងឺ៖ ក្នុង​គ្រួសារ​ សាច់​សារ​លោហិត​អ្នក​ជំ​ងឺធ្លាប់​មាន​អ្នក​កើ​តជំងឺ​នេះ គ) ការ​បូម​ឈាមទៅ​វិភាគ​៖ ឃើញថាមានកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​​

៥) ការព្យាបាល

ក) ការ​​បង្ការ និង​គ្រប់​គ្រង​ ព្យាបាល​ដោយ​ខ្លួន​ឯងតាម​រយៈ​ការ​ហាត់​ប្រាណ៖ វាអាចជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម ​ បន្ថយ​ជាតិ​ខ្លាញ់ គ្រប់​គ្រង​កម្រិត​សម្ពាធ​ឈាម​ បង្ការ​កុំ​ឲ្យ​មាន​ជំងឺ​លើស​ឈាម​ និង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត។ *ចំណាំ៖ គួរ​ជ្រើស​យក​លំហាត់​ប្រាណ​ណា​ដែល​សម​ស្រប​ទៅ​នឹង​រាង​ការ​ក៏​ដូចជា​សុខភាព​លោក​អ្នក​ ហាត់​ដោយ​សន្សឹមៗ និង​ចំណាយ​ពេល​ត្រឹម​តែ ៣០នាទី​ក្នុង​មួយ​ថ្ងៃ។​ យក​ល្អ​គួរ​ពីភាក្សា​ជា​មួយ​គ្រូ​ពេទ្យជំនាញ​ដើម្បី​ទទួល​បាន​ការ​ណែ​នាំ​ពី​ការ​ធ្វើ​លំហាត់​ប្រាណនេះ។

ខ) ការ​ការពារ​និង​ព្យាបាល​ដោយ​អាហារ៖ អ្នក​មានជំ​ងឺ​ទឹក​នោម​ផ្អែម​តែង​មាន​អារម្មណ៍​ថា​ចង់​ញ៉ាំ​តែ​អាហារឬ​ចំណី​ណា​ដែលផ្អែម។ តែ​លោក​អ្នក​មិ​ន​ចាំ​បាច់​បោះ​បង់​អាហារ​ឬ​ចំណី​ផ្អែម​ទាំង​ស្រុង​ទេគ្រាន់​តែ​ធ្វើ​កម្រិត​នៃការ​បរិ​ភោគ​ទៅ​បាន​ហើយ។ អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​ទទួលទាន​គឺ​បន្លែឲ្យ​បាន​ច្រើនដូចជា ​បៃតង ​បន្លែ​ដែល​មានជាតិ​សរសៃ (Fiber) ឲ្យ​បាន​ច្រើន​ជាង​អាហារ​ដែល​មាន​ផ្ទុក​អាមីដុង​ខ្ពស់​ដូចជាង​ បាយ បាយសម្រូប នំ​ប៉័ង ឬដំឡូង​ជាដើម។ បន្ថែម​ពី​នេះ​ការ​ហូប​សាច់​ច្រើន​ក៏​ធ្វើ​ឲ្យកើន​ប្រូ​តេអ៊ីន និង​ជាតិ​ខ្លាញ់​បាន​ដែរ។

៦) ផល​វិបាក​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​ទឹក​នោម​ផ្អែមជាជំ​ងឺ​មួយ​កាច​សាហាវ​ដែល​អាច​បំផ្លាញ​កោសិ​ការ​ក្នុង​ខ្លួន​របស់​មនុស្ស​បាន ដែល​វា​បាន​បែង​ចែក​ជា​ជំងឺមួយ​ធ្ងន់​ធ្ងរ និង​ជំងឺ​រ៉ាំ​រ៉ៃ៖ ជំងឺ​ធ្ងន់​ធ្ងរ៖ វាអាច​បង្ករ​ឲ្យ​មាន​ជំងឺ មេតាបូលិច អាស៊ីត​ដូស នៅពេល​ដែល​ជាតិ​ស្ករ​ឡើង​ខ្ពស់ បណ្តាល​ឲ្យ​ហត់​ខ្លាំង វង្វេង​វង្វាន់រហូត​ដល់​បាត់​បង់​ស្មារតី​ដួល​សន្លប់​ក៏​មាន​។ ពែល​ខ្លះ ជាតិ​ស្ករ​ចុះ​ខ្លាំង​ក៏​អាច​បណ្តាល​ឲ្យ​សន្លប់​បាត់​បង់​ស្មារតី​ដូច​គ្នា​។ ជំងឺ​រ៉ាំ​រ៉ៃ អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​មួយ​ចំនួន​ដែល​ជា​ការ ខូចសរសៃឈាមតូចៗដូចជា

ក) ខូចបាតភ្នែក ធ្វើឲ្យស្រវាំង ហើយអាចងងឹតភ្នែក

ខ) ខូចតម្រងនោម

គ) ខូចសរសៃឈាមនិងប្រាសាទចុងដៃចុងជើង ធ្វើឲ្យស្ពឹកនិងដំបៅ ហើយ​វា​ក៏​បង្ក​ជាការ​ខូចសរសៃឈាមធំៗដូចជា៖ ដាច់ ឬស្ទះសរសៃឈាមខួរក្បាល និង​គាំងបេះដូងស្លាប់។

ដោយ៖ យ៉ាយ៉ា

X
5s