ទោះ​​អ្នក​រៀន​មុខ​ជំនាញ​អ្វី​ក៏ដោយ កុំ​ភ្លេច​រៀន​ជំនាញ​ទាំង ៧​នេះ​ឲ្យ​​បាន​កាន់តែ​ខ្លាំង​



ទោះបី​ជា​អ្នក​ជា​អ្នក​ជំនួញ ប្រធាន​ក្រុមហ៊ុន គ្រូពេទ្យ សាស្ត្រាចារ្យ អ្នក​ច្បាប់​យ៉ាងណា​ក៏ដោយ ក្រៅពី​ជំនាញ​វិជ្ជាជីវៈ​របស់​អ្នក អ្នក​គួរតែ​​​​រៀន​​ជំនាញ​ ៧​ នេះ​បន្ថែម​ទៀត។ ​​តម្រូវការ​របស់​ពិភពលោក​បច្ចុប្បន្ន​នេះ​​គឺ​ទាមទារ​ឲ្យ​អ្នក​មាន​ជំនាញ​ទាំង​នេះ​​សម្រាប់​បំពេញ​បន្ថែម​លើ​ជំនាញ​ដែល​មាន​ស្រាប់​ក្នុង​គោល​បំណង​មួយ​គឺ​ធ្វើ​ឲ្យ​ ជីវិត​របស់​អ្នក​​ល្អ​ប្រសើរ។

 

១. ជំនាញ​គ្រប់គ្រង​លុយ​កាក់ (Money Management)
ជំនាញ​គ្រប់គ្រង​លុយ​កាក់ មិន​សំដៅ​​សម្រាប់​តែ​អ្នក​រៀន​ខាង​ហិរញ្ញវត្ថុ ឬ​គណនេយ្យ​នោះ​ទេ សូម្បី​តែ​អ្នក​រៀន​ពេទ្យ គ្រប់គ្រង ច្បាប់ ទីផ្សារ ឬ​មនុស្ស​សាមញ្ញ​ទូទៅ​ក៏​ត្រូវ​ចេះ​ជំនាញ​នេះ​ដែរ។ ជំនាញ​គ្រប់គ្រង​លុយ​កាក់ នឹង​ធ្វើ​ឲ្យ​អ្នក​យល់​ច្បាស់​ពី​ការ​គ្រប់គ្រង​ចរន្ត​លុយកាក់ ​ចំណូល​ចំណាយ​ជា​ពិសេស​វា​ធ្វើ​ឲ្យ​អ្នក​ចេះ​ប្រើប្រាស់​លុយ​ឲ្យ​មាន​ប្រសិទ្ធភាព​មិន​ធ្លាក់​ចូល​ក្នុង​បំណុល​មិន​ល្អ និង​កសាង​ជីវិត​មួយ​ដែល​មាន​សុវត្ថិភាព​ហិរញ្ញវត្ថុ។

 

២. សុខភាព​ផ្លូវចិត្ត (Mental Health)
សុខភាព​ផ្លូវចិត្ត​ពិត​ជា​សំខាន់​​ណាស់​​ ហើយ​វា​មាន​​ឥទ្ធិពល​ខ្លាំងក្លា​បំផុត​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​​។ ហេតុដូច្នេះ អ្នក​ត្រូវ​ប្រាកដ​ថា ទាំង​គំនិត និង​​សកម្មភាព​របស់​អ្នក​ គឺ​កើត​ចេញ​ពី​សុខភាព​ផ្លូវចិត្ត​ដ៏​រឹងមាំ​មួយ។ សុខភាព​​ផ្លូវចិត្ត​ដែល​រឹងមាំ​មាន​ដូច​ជា មាន​ស្មារតី​រឹងប៉ឹង មាន​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់ មាន​សុទិដ្ឋិនិយម​ មាន​ក្តី​សង្ឃឹម ​​មាន​ក្រមសីលធម៌​នៃ​ការ​រស់នៅ ឬ​មាន​គំនិត​វិជ្ជមាន​ជា​ដើម។ ​អ្នក​ត្រូវ​ឧស្សាហ៍​ដាស់តឿន​ខ្លួន​ឯង​ឲ្យ​​មាន​ចំណុច​ទាំង​នេះ​ក្នុង​ខ្លួន​ជានិច្ច​ដែល​ធ្វើ​ដូច្នេះ​វា​នឹង​​ជួយ​ឲ្យ​អ្នក​មិន​បាក់​ទឹកចិត្ត ឬ​​អាច​ជៀស​ផុត​ពី​ជំងឺ​ស្ត្រេស​ដែល​នឹង​ប៉ះពាល់​ដល់​ភាព​ជោគជ័យ​របស់​អ្នក។

 

៣.គ្រប់គ្រង​ពេលវេលា ​(Time Management)
ថ្វីត្បិត​តែ​មនុស្ស​គ្រប់គ្នា​មាន ២៤ ម៉ោង​ដូចគ្នា​ក៏​ពិត​មែន ប៉ុន្តែ​មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​អាច​គ្រប់គ្រង​ពេលវេលា​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​នោះ។ ដូចនេះ​ប្រសិន​បើ​អ្នក​មិន​បាន​បែងចែក​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ អ្នក​មិន​អាច​រៀបចំ​សកម្មភាព​ជីវិត​ប្រចាំ​ថ្ងៃ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។ ​ផ្ទុយ​ទៅ​វិញ​បើ​អ្នក​ធ្វើ​បាន​ល្អ​លើ​ចំណុច​នេះ អ្នក​នឹង​​​មាន​ឱកាស​ជោគជ័យ​ច្រើន​ពីព្រោះ​អ្នក​អាច​កំណត់​បាន​ថា តើ​ការងារ​ណា​ខ្លះ​ដែល​អាទិភាព​សម្រាប់​អ្នក​ដែល​អាច​​ឲ្យ​អ្នក​សម្រេច​គោលដៅ​បាន​ឆាប់រហ័ស? សូម​កុំ​ភ្លេច​ថា ការ​គ្រប់គ្រង​ពេលវេលា​​បាន​ត្រឹមត្រូវ​ក៏​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​ស្ត្រេស បំបាត់​ភាព​តានតឹង​ និង​ជួយ​ឲ្យ អ្នក​មាន​ថាមពល​គ្រប់គ្រាន់​គិត​លើ​ការងារ​សំខាន់ៗ​របស់​អ្នក។ ​​​

 

៤.​ គ្រប់គ្រង​ទំនាក់ទំនង (Communication Management)
អ្នក​ត្រូវ​ទទួល​ស្គាល់​ថា ការ​ទំនាក់ទំនង​គឺ​ជា​កូនសោ​មួយ​នៃ​ភាព​ជោគជ័យ។ នៅ​ក្នុង​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ ប្រសិន​បើ​អ្នក​ខ្វះ​ការ​ទំនាក់ទំនង​ល្អ​ជា​មួយ​មនុស្ស​ជុំវិញ​ខ្លួន អ្នក​ពិត​នឹង​ជួប​បញ្ហា។ ចំពោះ​​​បរិស្ថាន​ការងារ វា​ទាមទារ​ឲ្យ​មានការ​ចូលរួម​ផ្តល់​មតិយោបល់ គំនិត ឬ​ការ​សហការ​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ការងារ​ដើរ​រលូន​ទៅ​មុខ។ ការ​ទំនាក់ទំនង​ល្អ​នឹង​ធ្វើ​ឲ្យ អ្នក​ទទួល​បាន​​ចំណេះដឹង គំនិត ឱកាស និង​ស្គាល់​មនុស្ស​ថ្មីៗ​បាន​កាន់តែ​ច្រើន។ ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ថា អ្នក​មាន​ភាព​ខ្វះខាត​ចំណុច​នេះ អ្នក​គួរ​យក​ពេល​ពិចារណា​មើល​ចំណុច​នេះ​ឡើង​វិញ ស្នើសុំ​ជំនួញ​ពី​អ្នកដទៃ និង​រៀន​សូត្រ​បន្ថែម​ឲ្យ​បាន​​កាន់តែ​ច្រើន។

 

៥. យុទ្ធសាស្ត្រ
តើ​អ្នក​​ហ៊ាន​និយាយ​ដែរ​ទេ​ថា អ្នក​អាច​សម្រេច​គោលដៅ​​ណា​មួយ​បាន​ដោយ​មិន​ចាំបាច់​រៀបចំ​គម្រោង​យុទ្ធសាស្ត្រ​ដើម្បី​ធ្វើ​អ្វី​មួយ? នៅ​ក្នុង​ផែនការ​ជីវិត​របស់​មនុស្ស​គ្រប់រូប ចង់​សម្រេច​បាន​អ្វី​មួយ​គឺ​ចាំបាច់​ណាស់​ត្រូវ​ធ្វើ​ផែនការ រៀបចំ​យុទ្ធសាស្ត្រ​ជា​មុន​​។ ​ អ្នក​ត្រូវ​​បង្កើត​គំនិត ចេះ​ផ្ដួចផ្ដើម បង្កើត​វិធីសាស្ត្រ ​ឬ​ស្វែង​រក​គន្លឹះ​​ឲ្យ​បាន​ច្រើន​នៅ​ពេល​អ្នក​មាន​គម្រោង​​ធ្វើ​អ្វី​ក៏ដោយ។ វា​ជា​គុណសម្បត្តិ​មួយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​បាន ៥០% ទៅ​ហើយ។

 

៦. ជំនាញ​ដោះស្រាយ​បញ្ហា (Problem-Solving Skills)
ឧបសគ្គ​ ឬ​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​ជីវិត​ គ្មាន​អ្នកណា​អាច​គេច​ផុត​បាន​ឡើយ គ្រាន់តែ​តិច​ឬ​ច្រើន​តែប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា រាល់​បញ្ហា​នីមួយៗ អ្នក​ត្រូវ​ស្វែង​រក​មធ្យោបាយ​ដោះស្រាយ​វា​ឲ្យ​បាន និង​មាន​ប្រសិទ្ធភាព។ គ្មាន​បញ្ហា​ណាមួយ​ដែល​មិន​អាច​ដោះស្រាយ​បាន​នោះ​ឡើយ។ ជំនាញ​នេះ​ទាមទារ​ឲ្យ​អ្នក​មាន​ការ​អត់ធ្មត់​ខ្ពស់ ព្យាយាម​ មាន​ការ​ទទួល​ខុសត្រូវ​ ជា​មនុស្ស​មាន​គំនិត​ផ្ដួចផ្ដើម មាន​ភាព​បត់បែន ​មាន​​គំនិត​ទូលំទូលាយ​ និង​ចេះ​អភិវឌ្ឍ​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ជា​លំដាប់។

 

៧. សមត្ថភាព​​ក្នុង​ការ​កសាង​ក្រុម​ការងារ (Team-Building Abilities)
នៅ​​ពេល​បច្ចុប្បន្ន ជំនាញ​នេះ​សំខាន់​ណាស់​​ជា​ពិសេស​នៅ​ក្នុង​បរិស្ថាន​ការងារ​តែម្តង។ អ្នក​ត្រូវ​មាន​ជំនាញ​កាន់តែ​ខ្លាំង ពី​ព្រោះ​ថា ការ​រៀន​បង្កើត​ក្រុម​ការងារ​នឹង​ជួយ​ជំរុញ​ឲ្យ​មនុស្ស​ជុំវិញ​អ្នក​ខិត​ទៅ​រក​គ្នា ចេះ​សហការ ប្រមូល​គំនិត ​ជា​ធ្លុង​មួយ​ដើម្បី​សម្រេច​បាន​គោលដៅ​រួម។ ជំនាញ​នេះ​ទាមទារ​ឲ្យ​អ្នក​​ពូកែ​ទំនាក់ទំនង ចូលចិត្ត​ស្តាប់ ពូកែ​លើក​ហេតុផល ​​ចូលចិត្ត​ការ​ចែករំលែក មាន​ភាព​ប៉ិនប្រសព្វ​ទាំង​ពាក្យ​សម្តី និង​កាយវិការ ហើយ​ជា​ពិសេស​អនុវត្ត​ឲ្យ​បាន​ច្រើន​ដើម្បី​ធ្វើ​ជា​គំរូ​សម្រាប់​អ្នកដទៃ៕

 

ប្រភព៖ Inc

X
5s