អ្នកគួរផ្លាស់ប្ដូរហើយ! ជំនាញទាំង ១០នេះដែលមានតម្រូវការចាំបាច់ខ្លាំង​



យោងតាមការវិភាគរបស់គេហទំព័រទំនាក់ទំនងសង្គម LinkedIn នយោជិកក្នុងឆ្នាំ២០១៩ ត្រូវតែមានទាំងជំនាញរឹងនិងជំនាញទន់ រួមជាមួយនឹងជំនាញឆ្នៃប្រឌិតថែមទៀត។​ ការរកឃើញនោះស្រដៀងទៅនឹងរបាយការណ៍ការងាររបស់វេទិកាសេដ្ឋកិច្ចពិភពលោកដែរ (World Economic Forum’s Future of Jobs report) ដែលបានរកឃើញថាមនុស្សត្រូវមានជំនាញដូចជា ភាពឆ្នៃប្រឌិត ការបង្កើតថ្មី និងជំនាញគិតបែបត្រិះរិះពិចារណា (Critical thinking)ជាដើម។

 

ការពង្រឹងជំនាញទន់របស់អ្នកគឺជាការវិនិយោគដ៏ល្អ ក្នុងអាជីព មុខរបររបស់អ្នក ពីព្រោះជំនាញនេះមិនដែលផុតកំណត់ឡើយ មានន័យថាទោះក្នុងសម័យកាលណាក៏ត្រូវការជំនាញទាំងអស់នេះដែរ។ ក្នុងយុគ្គសម័យបញ្ញាសម្បនិម្មិត (AI) ទៀតនេះទៀតសោត ជំនាញទន់រឹតតែសំខាន់មិនអាចខ្វះបានសម្រាប់មនុស្សម្នាក់ៗ ពីព្រោះវាជាជំនាញដែលមនុស្សយន្តមិនអាចធ្វើបាន។

 

ក្នុងបដិវឌ្ឍឧស្សាហកម្ម៤.០ នេះនយោកជិកទាមទារជំនាញច្រើនចម្រុះគ្នា ពីព្រោះបច្ចេកវិទ្យាថ្មីបានបង្កើតការងារដែលមានគុណភាពរួចទៅហើយ ដោយមិនចំបាច់ជំនួយពីមនុស្សឡើយ​ ជំនាញមួយចំនួនរបស់មនុស្សនឹងលែងមានតម្រូវការដោយសារតែម៉ាស៊ីនអាចធ្វើការជំនួសមនុស្សបាន។

 

បន្ទាប់ពីជំនាញឆ្នៃប្រឌិត LinkedIn បានបន្ថែមទៀតថាជំនាញទន់ដូចជាការជំនាញបញ្ចុះបញ្ចូល (persuasion) ជំនាញក្នុងការប្រាស្រ័យសហការជាមួយអ្នកដទៃ(collaboration) ជំនាញសម្របខ្លួន (adaptability) និងជំនាញគ្រប់គ្រងពេលវេលា ( time management) គឺពិតជាសំខាន់ក្នុងយុគ្គសម័យបច្ចេកវិទ្យានេះ។

ក្រៅពីជំនាញទន់ ជំនាញរឹងដែលជាតម្រូវការក្នុងឆ្នាំ ២០១៩ នេះមានដូចជាជំនាញគ្រប់គ្រងការផ្ទុកទិន្នន័យលើអ៊ិនធឺណែត (Cloud Computing) ជំនាញបញ្ញាសម្បនិម្មិត (Artificial Intelligence) ជំនាញវិភាគហេតុផល (Analytical Reasoning) ជំនាញគ្រប់គ្រងមនុស្ស (People Management) និងជំនាញសម្របសម្រួលបច្ចេកវិទ្យាទៅដល់មនុស្ស (user experience design) ជាដើម។

ដូចគ្នានេះដែរ លោក Jack Ma ក៏បានមានប្រសាសន៍ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ផងដែរថា ក្នុងសម័យកាលនេះប្រព័ន្ធអប់រំត្រូវតែផ្លាស់ប្ដូរ​។ ក្មេងៗត្រូវបានបង្រៀនពីជំនាញទន់​ (Soft skills)ដូចជា គុណតម្លៃ(value) ការជឿជាក់(believing) ការគិតឯករាជ្យ (independent thinking) ការធ្វើការជាក្រុម (team work) និងជំនាញយល់ចិត្តអ្នកដទៃ (care for others) ជាដើម ពីព្រោះជំនាញទាំងនេះម៉ាស៊ីនមិនអាចរៀនសូត្រដូចមនុស្សបានឡើយ។ ក្មេងៗមិនត្រូវរៀនជំនាញណាដែលមនុស្សយន្តអាចធ្វើបានល្អជាងនោះទេ៕

 

ដោយ៖ លង់ វណ្ណៈ

X
5s