អស្ចារ្យណាស់! កូនខ្មែរមួយរូបច្នៃដើមឫស្សីជាផលិតផលចង្កឹះរំពឹងប្រជែងផលិតផលនាំចូល
បន្តាប់ពីមានគម្រោងនិងបានសិក្សាអស់រយៈពេលជាងមួយឆ្នាំ លោក ហែម លីណា បានសម្រេចចិត្តបង្កើតសិប្បកម្មចង្កឹះជាលក្ខណៈគ្រួសារនិងសហគមន៍មួយ ដោយបានកែច្នៃវត្ថុធាតុដើមក្នុងស្រុកមកបង្កើតចេញជាផលិតផលចង្កឹះ ដោយរំពឹងថាអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលមកពីក្រៅប្រទេស។ បន្ថែមពីលើមូលហេតុនេះ លោកផ្ទាល់ក៏ចង់បង្កើតឱកាសការងារនិងមុខរបរសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ដើម្បីជួយដល់ជីវភាពរស់នៅរបស់ប្រជាជនថែមទៀតផង។

ម្ចាស់សិប្បកម្មវ័យក្មេងលោក ហែម លីណា បានលើកឡើងថា លក្ខណៈពិសេសដែលលោកគិតថាផលិតផលចង្កឹះនេះអាចប្រកួតប្រជែងជាមួយទីផ្សារក្រៅប្រទេសបាន គឺផ្អែកចម្បងទៅលើគុណភាពនិងសុខុមាលភាពរបស់អ្នកប្រើប្រាស់។ ថ្វីបើចង្កឹះខ្មែរមានពណ៌ស្រអាប់ជាងចង្កឹះរបស់បរទេសក៏ពិតមែន ប៉ុន្តែការផលិតគឺផ្ដោតជាចម្បងនិងយកចិត្តទុកដាក់ទៅលើ អនាម័យ និងពុំមានបន្ថែមនូវសារធាតុគីមីផ្សេងៗដើម្បីអាចរក្សាទុកបានយូដូចចង្កឹះបរទេសនោះឡើយ មួយវិញទៀតគឺចង្កឹះដែលសិប្បកម្មលោកផលិតមានភាពរលោងស្អាតជាងចង្កឹះដែលនាំមកពីក្រៅប្រទេស។

លោក លីណា ប្រាប់ថានៅក្នុងមួយថ្ងៃសិប្បកម្មរបស់លោកអាចផលិតបានចង្កឹះបានចន្លោះពី ៥ម៉ឺនគូរ ទៅ១សែនគូរ ដោយសង្វាក់ផលិតកម្មនៃសិប្បកម្មនៅមានកម្រិតយឺត និងប្រើប្រាស់ពេលវេលាយូរបន្តិច ព្រោះការផលិតនេះគឺធ្វើដោយយកចិត្តទុកដាក់ដើម្បីឲ្យផលិតផលបានស្អាតល្អ និងមួយទៀតនោះគឺត្រូវចំណាយពេលក្នុងការសម្ងួតតាមលក្ខណៈបច្ចេកទេសធម្មជាតិ ដើម្បីឲ្យផលិតផលស្ងួតល្អនិងអាចរក្សាទុកបានយូរព្រោះមិនមានប្រើសារធាតុគីមីនោះទេ។

ថ្វីត្បិតតែសិប្បកម្មទើបតែបានដំណើរការរយៈពេល២ខែក៏ពិតមែន ប៉ុន្តែមានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ក្នុងស្រុក ដោយបច្ចុប្បន្នផលិតផលបាននាំចេញទៅកាន់បណ្ដាខេត្តមួយចំនួននៅកម្ពុជាដូចជា ខេត្តស្វាយរៀង ខេត្តតាកែវ និងរាជធានីភ្នំពេញ។ លោកលីណា បន្តថា លោកមានគង្រោងពង្រីកបន្ថែមចំពោះទីផ្សារឲ្យបានគ្រប់កម្រិត និងព្យាយាមផលិតចង្កឹះឲ្យបានគ្រប់ប្រភេទ។ នេះជាការលើកឡើងរបស់ម្ចាស់សិប្បកម្មវ័យក្មេងរូបនេះ។

គួរបញ្ជាក់ផងដែរថា សិប្បកម្មផលិតចង្កឹះនេះមានទីតាំងស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
លោក ហែម លីណា៖ សូមឲ្យប្រជាពលរដ្ឋទាំងអស់ជួយគាំទ្រផលិតផលនៅក្នុងស្រុកឲ្យបានច្រើន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការបង្កើតការងារដល់ពួកគាត់ និងជួយដល់ការលក់ផលិតផលផលិតពីឫស្សីក្នុងស្រុកដែលមានស្រាប់៕
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន