ពានរង្វាន់ ICT កម្ពុជា ២០១៩ ផ្តោតជាចម្បងលើ «នវានុវត្តន៍លើវិស័យ ICT» សូមចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ
វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានបើកទទួលពាក្យប្រកួតប្រជែង ពានរង្វាន់ ICT កម្ពុជា ឆ្នាំ២០១៩ ទៀតហើយ! កម្មវិធីប្រកួតប្រជែងពានរង្វាន់ ICTកម្ពុជា គឺជា កម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT ថ្នាក់ជាតិធំជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញនូវសមិទិ្ធផល ស្នាដៃ និងជោគជ័យនានា លើនវានុវត្តន៍ក្នុងវិស័យ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(ICT) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន/ស្ថាប័ន អាចដាក់ពាក្យចូលរួមប្រកួតប្រជែងដែលមានមកពី ក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ច (Startup) សហគ្រាសសង្គមអង្គការក្រៅរដ្ឋាភិបាល ឬ ស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗ តាមរយៈគេហទំព័រ http://cambodiaictawards.com/ចាប់ពីថ្ងៃនេះតទៅ រហូតដល ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ។
ផលិតផលបច្ចេកវិទ្យា ដែលមានលក្ខណៈច្នៃប្រឌិត និងនវានុវត្តន៍ អាចចុះឈ្មោះចូលរួមប្រកួតប្រជែង! ក្រុមហ៊ុន/ស្ថាប័ន អាចដាក់ពាក្យចូលរួមប្រកួតតាមប្រភេទពានរង្វាន់ដូចខាងក្រោម៖
- ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ (Best Tech Startup of the year)
- ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation organization of the year)
- ការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ ល្អបំផុតប្រចាំឆ្នាំ (Best ICT R&D of the year)
- បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ (Best Social Innovation of the year)
- សេវារដ្ឋបាលអេឡិចត្រូនិក ល្អបំផុតប្រចាំឆ្នាំ (Best e-government service of the year)
ក្រៅពីពានរង្វាន់ប្រភេទទាំង ៥ ខាងលើ គណៈកម្មធិការក៏ធ្វើការវាយតម្លៃ និងជ្រើសរើស ក្រុមហ៊ុន/ស្ថាប័ន ដែលមានស្នាដៃក្នុងវិស័យអទ្ធិភាពមួយចំនួនទៀតដូចជា៖ បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម (AgriTech), ធនាគារឌីជីថល (Digital Banking), បច្ចេកវិទ្យាក្នុងវិស័យអប់រំ (EduTech), បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ (FinTech), បច្ចេកវិទ្យាក្នុងវិស័យសុខភិបាល (HealthTech) ។ល។
ក្រុមហ៊ុន/ស្ថាប័ន ដែលបានដាក់ពាក្យចូលរួមប្រកួត នឹងត្រូវបានសម្រាំងជ្រើសរើស ដោយចៅក្រម
ដែលមានសមាសភាពមកពី ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងអ្នកតំណាងឧស្សាហកម្មក្នុងវិស័យ ICT។ លក្ខណៈសម្បត្តិវាយតម្លៃ និងជ្រើសរើស ផ្អែកលើគុណសម្បត្តិមួយចំនួនដូចជា ១/នវានុវត្តន៍បច្ចេកវិទ្យា (techinnovation) ២/ដោះស្រាយបញ្ហាក្នុងសង្គម (Problem Solving) ៣/ប្រសិទ្ធភាពនៃប្រតិបត្តិការ (Effeciency of operation) ៤/យុទ្ធសាស្ត្រទីផ្សារ (Marketing Strategy) ។
វិទ្យាស្ថានជាតិ NIPTICT បានរៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជា នេះឡើងចាប់តាំងពីឆ្នាំ ២០១៥មក ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងលើកកម្ពស់ផលិតផល ឬគម្រោង ដ៏ឆ្នើមនៅកម្ពុជា។ កម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជា ២០១៩ នេះ នឹងផ្តល់រង្វាន់ដល់ម្ចាស់ជ័យលាភី ជាមួយនិងទឹកប្រាក់ នឹងពានរង្វាន់ឆ្នើមល្អផ្តាច់គេ ដែលជាពានរង្វាន់ កិត្តិយសថ្នាក់ជាតិ ដែលនឹងជួយឱ្យអាជីវកម្ម របស់ពួកគេ ឈានឡើងបានមួយកម្រិតទៀត។
ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ថា “តាមរយៈការប្រកួតនេះយើងសង្ឃឹមថា ក្រុមហ៊ុន និងសហគ្រិន ដែលមានស្នាដៃ នឹងទទួលបានការទទួលស្គាល់ទូទាំងប្រទេសហើយនិងជម្រុញ និងលើកទឹកចិត្តឱ្យយុវជនយើង រៀនបច្ចេកវិទ្យា និងបង្កើតសេវាកម្ម ឬផលិតផលបច្ចេកវិទ្យាឆ្នៃប្រឌិតថ្មីកាន់តែច្រើន ដើម្បីចូលរួមអភិវឌ្ឍវិស័យ ICT និងជម្រុញសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា» ។ គួររំលឹកថា ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនដែលទទួលបានជ័យលាភីទាំង៣ គឺ៖
១/Morakot VB (Core Banking System) បង្កើតឡើងដោយ Morakot Technology ដែលនេះជាកម្មវិធី សម្រាប់គ្រប់គ្រងក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ។
២/ Soyo (Cambodia) បង្កើតឡើងដោយ Soyo Entreteniment Co., Ltd. ដែលជាកម្មវិធីមើលភាពយន្តតាមអនឡាញជាលើកដំបូងនៅកម្ពុជា។
៣/ Banhjiបង្កើតឡើងដោយ PCG & Partners Co., Ltd. ជាកម្មវិធីគណនេយ្យ សម្រាប់តម្រូវការសហគ្រាសធុនតូចនិងមធ្យមនៅក្នុងអាស៊ាន ។
ការទទួលស្គាល់ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ សម្រាប់បេក្ខជនជ័យលាភីពានរង្វាន់នេះត្រូវបានរៀបចំឡើងដោយមានការសហការពីដៃគូជាច្រើនក្នុងវិស័យ ICT ។ ក្រុមហ៊ុន Smart
Axiata ដែលជាដៃគូសហការ និងឧបត្ថម្ភធំ យល់ឃើញថា កម្មវិធីនេះ គឺជាឱកាសក្នុងការបង្ហាញពីសមត្ថភាពនវានុវត្តន៍នៅកម្ពុជា។ ក្រុមហ៊ុន Smart Axiata ជឿជាក់ថាកម្មវិធីពានរង្វាន់ ICT កម្ពុជា ផ្តល់ឱកាសដ៏ពិសេស សម្រាប់បណ្តា ក្រុមហ៊ុន/ស្ថាប័ន និងបុគ្គលនានា ក្នុងការបង្ហាញផលិតផល នវានុវត្ត៍ន៍ ជំនាញនិងការនាំមុខទៅកាន់ឌីជីថល តាមរយៈគំរូអាជីវកម្មថ្មីៗ ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ។ ក្នុងនាមជាដៃគូអភិវឌ្ឍដ៏សំខាន់របស់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមហ៊ុន Smart Axiata មានសុទិដ្ឋិនិយមលើលទ្ធផលនៃកម្មវិធីប្រកួតប្រជែងនេះ ថានឹងពង្រឹង លើកទឹកចិត្ត និងកសាងយុគសម័យបច្ចេកវិទ្យា របស់កម្ពុជាឆ្ពោះទៅកាន់យុគសម័យឌីជីថល និង ICT ឱ្យស្របជាមួយប្រទេសក្នុងតំបន់។
ក្រុមហ៊ុន/ស្ថាប័នចូលរួមប្រកួតប្រជែងក្នុងឆ្នាំ២០១៩ នេះ ក៏មានឱកាសចូលរួមក្នុងថ្នាក់តំបន់ផងដែរ។
សូមតាមដានព័ត៌មានលម្អិតអំពីការប្រកួតពានរង្វាន់ ICT កម្ពុជា ២០១៩ តាមរយៈ គេហទំព័រ
http://www.cambodiaictawards.com/ និង https://www.facebook.com/cambodiaictawards/
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
VICHET CHEA
[email protected], Tel: 069 657 007
CHANTRA BE
[email protected], Tel: 012 316 781
អំពីវិទ្យាស្ថានជាតិ NIPTICT វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) គឺជា វិទ្យាស្ថានជាតិស្រាវជ្រាវ និងបណ្តុះបណ្តាល ដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ វិទ្យាស្ថានជាតិNIPTICT មានបេសកកម្មដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យប្រកបដោយគុណភាពនិងជំនាញខ្ពស់ ក្នុងវិស័យ ICT ដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុង សហគមន៍សេដ្ឋកិច្ច
អាស៊ាន។ វិទ្យាស្ថានជាតិ NIPTICT បានផ្តួចផ្តើមបង្កើតបានរង្វាន់ ICT កម្ពុជា តាំងពីឆ្នាំ២០១៥។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.niptict.edu.kh អំពីក្រុមហ៊ុនឧបត្ថម្ភធំ Smart Axiata ក្រុមហ៊ុនស្មាត អាស្យាតា ខូ អិលធីឌី ជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុនគេ ក្នុងប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះ កំពុងបម្រើអតិថិជនជាង ៨ លាននាក់ ក្រោមស្លាកសញ្ញា “ស្មាត” ។ ស្មាត អាស្យាតា គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាសម្ព័ន្ធទូរគមនាគមន៍ ធំជាងគេមួយក្នុង ទ្វីបអាស៊ីមានអតិថិជនសរុបជាង ៣០០ លាននាក់ នៅក្នុង១០ ប្រទេស។
ក្នុងខែមករា ឆ្នាំ២០១៤ ស្មាត បានដាក់ដំណើរការបណ្តាញ 4G LTE របស់ខ្លួន ហើយបានក្លាយជាប្រតិបត្តិករដំបូងបង្អស់ ក្នុងប្រទេសកម្ពុជាដែល ផ្ដល់សេវានេះ។ សេវា 4G LTE របស់ ស្មាត ផ្តល់ជូនអ៊ិនធឺណិតទូរស័ព្ទល្បឿនលឿនបំផុតក្នុងប្រទេសកម្ពុជា ហើយបានគ្របដណ្តប់ទូទាំង២៥រាជធានីខេត្តក៏ដូចជាក្រុងសំខាន់ៗដទៃទៀតផងដែរ ។ បន្ថែមពីលើនេះទៀត ស្មាត ក៏ផ្តល់ជូនផងដែរនូវ សេវាទូរស័ព្ទ 2G,2.5G, 3G និង 3.75G ដែលអាចប្រើប្រាស់ជាមួយនឹងពហុប្រព័ន្ធផ្សព្វផ្សាយ និងសេវាអ៊ិនធឺណិតទូរស័ព្ទចុងក្រោយបំផុត និងសេវា roaming អន្តរជាតិនៅជាង ១៩០ ប្រទេស ។ នាពេលបច្ចុប្បន្ននេះ បណ្តាញរបស់ស្មាត បានគ្របដណ្តប់ទៅដល់ប្រជាជនកម្ពុជាច្រើនជាង ៩៨% ទូទាំងប្រទេស ។ កាលពីខែកញ្ញា ឆ្នាំ 2016ក្រុមហ៊ុន Smart បានបើកដំណើរការបណ្តាញ 4G + ដើម្បីរក្សាភាពជាអ្នកដឹកនាំ ផ្នែកទិន្នន័យអ៊ិនធឺណែត
របស់ខ្លួននៅក្នុងប្រទេស កម្ពុជា។