តើគម្រោង “Made in China 2025” របស់ចិនគឺជាអ្វី?
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានពង្រីកមុខមាត់របស់ខ្លួនមិនចេះចប់មិនចេះហើយ ជាពិសេសគឺតាំងពីលោកប្រធានាធិបតីចិនលោក ស៊ី ជីងពីង ឡើងកាន់អំណាចមកម្ល៉េះ។ ប្រទេសចិនទើបតែបានប្រកាសគម្រោងផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ខ្លួនដែលមានការចូលរួមពីបណ្តាប្រទេសផ្សេងៗ ដល់ទៅ ៦៥ប្រទេសនៅក្នុងឆ្នាំ២០១៥ ហើយគ្រោងបញ្ចប់នៅក្នុងឆ្នាំ ២០៤៩ ចិនបានបន្ថែមគោលនយោបាយផ្សេងៗជាច្រើនទៀត នៅស្របពេលជាមួយគ្នានោះទេ។ ក្នុងនោះ មានគម្រោងមួយដែលចិនកំពុងតែផ្តោតសំខាន់ដើម្បីសម្រេចឱ្យបានជោគជ័យនោះ គឺគម្រោង “Made in China 2025” ឬ “ផលិតនៅក្នុងប្រទេសចិន”។ តើគម្រោងនេះជាអ្វី?
គម្រោង នេះគឺជាគម្រោងដែលបានបញ្ចេញគំនិតផ្តួចផ្តើមឡើងដោយលោក លី ខឺឈាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ២០១៥។ គម្រោងនេះ គឺជាគម្រោងយុទ្ធសាស្ត្រមួយដែលផ្តោតសំខាន់ទៅលើការបង្កើនផលិតកម្មនៃសម្ភារះស្នូលដែលផលិតចេញពីប្រទេសខ្លួន ធ្វើយ៉ាងណាឱ្យបាន ៤០%នៅក្នុងឆ្នាំ២០២០ និង ៧០%នៅក្នុងឆ្នាំ២០២៥។ តួយ៉ាងគម្រោងនេះ មានបំណងចង់ពង្រឹងផលិតកម្មក្នុងស្រុករបស់ខ្លួនទៅលើវិស័យបច្ចេកវិទ្យាធំៗរួមមានដូចជាឧស្សាហកម្មឱសថសាស្ត្រជាដើម ព្រោះថាភាគច្រើនឱសថទំនើបដែលប្រើប្រាស់នៅប្រទេសចិនសុទ្ធតែនាំចូលពីក្រៅប្រទេស។
ដូចគ្នានេះផងដែរ រដ្ឋាភិបាលប៉េកាំងមានបំណងប្រើប្រាស់គោលនយោបាយមួយនេះដើម្បីប្រែខ្លួនឱ្យទៅជាប្រទេសដែលមានបច្ចេកវិទ្យាទំនើប ស្របជាមួយនឹងបរិបទរបស់បដិវត្តឧស្សាហកម្ម ៤.០។ ប្រសិនជាចិនពិតជាអាចសម្រេចគម្រោងរបស់ខ្លួននេះបានពិតមែននោះ ប្រទេសចិននឹងក្លាយជាដៃគូប្រកួតប្រជែងធំបំផុតរបស់អាមេរិក ពោលគឺទាក់ទិននឹងវិស័យឧស្សាហកម្មបច្ចេកវិទ្យាតែម្តង ព្រោះសព្វថ្ងៃនេះអាមេរិក កំពុងតែកាន់កាប់តំណែងជាប្រទេសដែលមានបច្ចេកវិទ្យាខ្ពស់បំផុតនៅលើពិភពលោក។ ម្យ៉ាងវិញទៀត ចិនក៏អាចកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលផលិតផលបច្ចេកវិទ្យាបានមួយចំណែកធំដែរ នៅពេលខ្លួនសម្រេចបានគម្រោងនេះ។
ដើម្បីសម្រេចអោយបាននូវគម្រោង នេះ រដ្ឋាភិបាលចិនបានចេញជាផែនការសកម្មភាពដូចខាងក្រោម៖ ១. ផ្តោតសំខាន់ទៅលើការបង្កើតឡើង រឺរបកគំហើយថ្មី ដោយបង្កើតមជ្ឈមណ្ឌលជាតិសម្រាប់ការច្នៃបង្កើត ២. គុណភាពគឺជាចំនុចអទិភាព ដូច្នេះហើយចិនបានពង្រឹងមូលដ្ឋានឧស្សាហកម្ម និងច្បាប់គុណភាពផ្សេងៗដើម្បីទុកអនុវត្តន៍ ៣. ថែរក្សាបរិស្ថានរបស់ខ្លួន ដោយពង្រឹងបន្ថែមនូវការផលិតប្រកបដោយចេរភាព ៤. បង្កើនប្រសិទ្ធិភាពនៃរចនាសម្ព័ន្ធ រឺសង្វាក់នៃការផលិត ដោយលើកកម្ពស់ឧស្សាហកម្មបៃតង ៥. អភិវឌ្ឍន៍ទេពកោសល្យ ដោយការប្រើប្រាស់សម្ភារះទំនើបៗ និងមានគុណភាពខ្ពស់។
] ជាមួយគ្នានេះផងដែរ រដ្ឋាភិបាលចិនបានឱ្យអទិភាពទៅឱ្យឧស្សាហកម្មស្នូលទាំង ១០យ៉ាងដែលមានដូចជា (១) មនុស្សយន្ត (២) បច្ចេកវិទ្យាសំយោគពត៌មានជំនាន់ថ្មី (៣) សម្ភារះសម្រាប់ប្រើប្រាស់បម្រើឱ្យអាកាសចរណ៍ ឬលំហ (៤) សម្ភារៈសម្រាប់បំពាក់កប៉ាល់ រឺការបង្កើតកប៉ាល់ដែលមានបច្ចេកវិទ្យាទំនើបជឿនលឿន (៥) ប្រព័ន្ធគមនាគមន៍ផ្លូវដែក (៦) ការប្រើប្រាស់ថាមពលថ្មី ឬការផលិតយាន្តយន្តដែលសន្សំសំចៃថាមពល (៧) គ្រឿងបំពាក់រោងចក្រថាមពល (៨) សម្ភារៈបម្រើឱ្យវិស័យកសិកម្ម (៩) ផលិតផលថ្មីៗដែលស្របតាមតម្រូវការប្រជាជនក្នុងស្រុក យ៉ាងហោចណាស់ ៩០% (១០) ផលិតផលជីវឱសថសាស្ត្រ ឬគ្រឿងបរិក្ខារពេទ្យជាន់ខ្ពស់។
សព្វថ្ងៃ ប្រទេសចិនហាក់បីដូចជាបានសម្រេចផែនការរបស់ខ្លួនបានមួយចំនួនរួចទៅហើយ ពោលគឺគ្រឿងអេឡិចត្រូវនិកដូចជាទូរស័ព្ទជាដើម ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់។ ប៉ុន្តែទន្ទឹមនឹងភាពវិជ្ជមាននៃគម្រោងនេះ ប្រទេសចិនបានប្រទះបញ្ហាចាក់ស្រេសមួយដ៏ធំ ពោលគឺអាមេរិកបានឆ្លើយតបជាមួយនឹងគម្រោងនេះ និងឱនភាពសេដ្ឋកិច្ចរវាងខ្លួន និងប្រទេសចិនដោយអនុវត្តន៍សង្គ្រាមពាណិជ្ជកម្ម ដែលផ្តោតសំខាន់លើការតំឡើងពន្ធទៅលើសម្ភារៈចិន។
មកទល់នឹងពេលនេះ នៅសល់ត្រឹមតែជាង ៦ឆ្នាំទៀតទេនឹងឈានដល់ឆ្នាំ២០២៥ ហើយ ដូច្នេះដើម្បីសម្រេចឱ្យបានដូចជាគោលដៅដែលខ្លួនបានរំពឹងទុក ប្រទេសចិនត្រូវបញ្ចេញសកម្មភាពកាន់តែស្វះស្វែង ឱ្យច្រើនជាងមុនបន្ថែមទៀត បើមិនអីចឹងទេ ខ្លួននៅតែមិនអាចតាមទាន់ជាមួយនឹងអាមេរិក រឺបដិវត្តន៍ឧស្សាហកម្ម ៤.០អីចឹងដែរ៕
ដោយ៖ វត្តី សុត្ថា