ការ​ស្រាវជ្រាវ​រក​ឃើញ​មូលហេតុ​ធំៗ​ ៣​ ដែល​ធ្វើ​ឲ្យ​​បុគ្គលិក​មិន​សប្បាយ​ចិត្ត​នៅ​កន្លែង​ការងារ​



មាន​រឿង​មួយ​ដែល​តែង​កើត​មាន​ជា​ទូទៅ​​​ចំពោះ​បុគ្គលិក​ការងារ​មួយ​ចំនួន​នៅ​តាម​បណ្តា​ក្រុមហ៊ុន​នានា​ គឺ​ការ​​មិន​សប្បាយ​ចិត្ត​នឹង​ការងារ។ តើ​​ហេតុអ្វី​បាន​ជា​បុគ្គលិក​ខ្លះ​មិន​សប្បាយចិត្ត​នៅ​កន្លែង​ធ្វើការ​ និង​មិន​ព្យាយាម​ធ្វើ​អ្វី​ដែល​ជា​ការងារ​របស់​ពួកគេ? ចម្ងល់​នេះ​ត្រូវ​បាន​បកស្រាយ​ដោយ​​ការ​ស្រាវជ្រាវ​មួយ​ខាងក្រោម​នេះ។

យោង​តាម​​ការ​ស្ទង់មតិ​មួយ​របស់​ក្រុមហ៊ុន Mental Health America ​ដែល​បាន​ធ្វើឡើង​រវាង​ខែ​មិថុនា​ឆ្នាំ ២០១៥ ​ដល់​ខែ​មីនា​ឆ្នាំ ​២០១៧ ទៅ​លើ​មនុស្ស ១៧ ១៤០ នាក់ លទ្ធផល​បាន​បង្ហាញ​ថា ៧៩% នៃ​អ្នក​ទាំង​នេះ​មាន​អារម្មណ៍​ថា ពួកគេ​មិន​ទទួល​បាន​អ្វី​តបស្នង​សម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ។ ៥៦% និយាយ​ថា សមត្ថភាព​របស់​ពួកគេ​​ត្រូវ​បាន​មើល​រំលង ​ ខណៈ​ដែល ៣៦ និង ៣៤% ផ្សេង​ទៀត​​​​មាន​អារម្មណ៍​ថា ពួកគេ​​​មិន​​ទទួល​បាន​ការ​គាំទ្រ ឬ មិន​សូវ​មាន​ទំនាក់ទំនង​ល្អ​ពី​អ្នក​គ្រប់គ្រង និង​ ក្រុម​ការងារ​របស់​​ខ្លួន។ ​​​ យោង​លើ​ការ​សិក្សា​នេះ គេ​បាន​​កំណត់​លទ្ធផល​ចំនួន ៣ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​បុគ្គលិក​មិន​សប្បាយ​ចិត្ត​នៅ​កន្លែង​ការងារ​ដែល​មាន​ដូច​ខាងក្រោម៖

១.ក្រុមហ៊ុន​មិន​ផ្តល់​តម្លៃ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក បរិយាកាស​ការងារ​​មិន​ល្អ​​ដូច​ជា ខ្វះ​សម្ភារៈ​​ជា​មធ្យោបាយ​បំពេញ​ការងារ​ ​កន្លែង​ការងារ​ខ្វះ​សុវត្ថិភាព ​ខ្វះ​ការ​គាំពារ​ផ្នែក​សុខភាព​​ ​និង​គ្មាន​ប្រព័ន្ធ​លើកទឹកចិត្ត​ផ្តល់​ប្រាក់​រង្វាន់​ជូន​បុគ្គលិក​ឆ្នើម​ជា​ដើម នឹង​ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​ថា គ្មាន​ភាព​កក់ក្តៅ ឬ យល់​ថា​ ក្រុមហ៊ុន​មិន​ឲ្យ​តម្លៃ​អ្វី​សោះ​ដល់​ការ​រួមចំណែក​របស់​ពួកគេ​ដែល​ជា​មូលហេតុ​សំខាន់​មួយ​ធ្វើ​ឲ្យ​​ពួកគេ​​មិន​សប្បាយ​ចិត្ត។ ​

២.អត្តចរិត​របស់​ចៅហ្វាយនាយ ឬ ​បុគ្គលិក​​រួម​ការងារ ក្នុង​ចំណុច​នេះ​គេ​បាន​មើល​ឃើញ​ពី​ចំណុច​អវិជ្ជមាន​​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​បុគ្គលិកលក្ខណៈ​របស់​ចៅហ្វាយនាយ ឬ អ្នក​រួម​ការងារ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​ផ្សេង​ទៀត​មិន​សប្បាយ​ចិត្ត។ ចៅហ្វាយ​​ខ្លះ​បាន​​គ្រប់គ្រង​បុគ្គលិក​ដោយ​​​​​គ្មាន​​តម្លាភាព​ ខ្វះ​​ការ​ទទួល​ខុសត្រូវ​ ទម្លាក់​កំហុស​ឲ្យ​បុគ្គលិក​ក្រោម​បង្គាប់ លើក​សរសើរ​​កាន់ជើង​បុគ្គលិក​មួយ បន្ទាប​តម្លៃ​បុគ្គលិក​មួយ​ទៀត​ដោយ​​មិន​សំអាង​លើ​ការងារ​​ជាក់ស្តែង​​ ឬ គាប់​សង្កត់​បុគ្គលិក​ក្រោម​បង្គាប់​ឲ្យ​ខិត​ខំ​បំពេញ​ការងារ​ ដើម្បី​យក​មុខមាត់​​តែ​ម្នាក់​ឯង។ យ៉ាងណាមិញ​ ភាព​មិន​សប្បាយ​ចិត្ត​នៅ​កន្លែង​ការងារ​​របស់​បុគ្គលិក​មួយ​ចំនួន​ក៏​​វា​កើត​ចេញ​ផង​ដែរ​ពី​​បុគ្គលិក​រួម​ការងារ​​ដូចគ្នា។ បុគ្គលិក​ច្រណែន​បុគ្គលិក បុគ្គលិក​មិន​​ឲ្យ​តម្លៃ​បុគ្គលិក​ដូចគ្នា ខ្វះ​ការ​សហការ​គ្នា​ក្នុង​ការងារ​ជា​ក្រុម ឬ ធ្វើ​ការ​ដើម្បី​ផ្គាប់ចិត្ត​មេ​រៀងៗ​ខ្លួន ជា​ដើម​ ជា​មូលហេតុ​សំខាន់​មួយ​ធ្វើ​ឲ្យ​បរិភាស​ការងារ​អាប់អួរ​ខ្លាំង។ ​​​

៣.បុគ្គលិក​ហាក់​មិន​បាន​ចូលរួម​យ៉ាង​សកម្ម​ជា​មួយ​នឹង​បេសកកម្ម​របស់​ក្រុមហ៊ុន ​នៅ​ពេល​បុគ្គលិក​មួយ​មាន​អារម្មណ៍​ថា ការងារ​ដែល​ពួកគេ​ធ្វើ​រាល់​ថ្ងៃ ហាក់​ដូចជា​​នៅ​ឆ្ងាយ​សែន​ឆ្ងាយ​ពី​បេសកកម្ម​របស់​ក្រុមហ៊ុន វា​នឹង​ធ្វើ​ឲ្យ​កើត​​មាន​ភាព​មន្ទិលសង្ស័យ​មួយ​ប៉ះពាល់​ផ្លូវ​អារម្មណ៍​ដល់​បុគ្គលិក​​។ ទាំង​នេះ​អាច​ជា បុគ្គលិក​យល់​មិន​ច្បាស់​ពី​គោលដៅ​ឬ គុណតម្លៃ​របស់​ក្រុមហ៊ុន​​ដែល​ត្រូវ​ដើរ​ទៅ​មុខ​​ដោយសារ​តែ​ថ្នាក់​ដឹកនាំ​ធ្វេសប្រហែស មិន​លើក​យក​មក​បង្ហាញ ឬ អាច​មក​ពី​ថ្នាក់​លើ​មិន​ឲ្យ​តម្លៃ​លើ​ការ​រួមចំណែក​របស់​ពួកគេ​ដើម្បី​ដើរ​លើ​ផ្លូវ​ជា​មួយ​គ្នា​។ ​នេះ​ជា​បញ្ហា​ដ៏​ធំ​មួយ​ធ្វើ​ឲ្យ​បុគ្គលិក បាត់បង់​ទំនុកចិត្ត ​អស់​សង្ឃឹម គ្មាន​មហិច្ឆតា និង​ការ​ប្ដេជ្ញាចិត្ត​ជា​មួយ​នឹង​ការងារ​​របស់​ខ្លួន៕

ប្រភព៖ Inc ​​​​​​

X
5s