តើ​ការ​ទទួលទាន​សារធាតុ​គ្លុយកូស​នៅ​ក្នុង​ស្ករ​ស​ច្រើន​ជះ​ឥទ្ធិពល​យ៉ាង​ណា​ខ្លះ​ចំពោះ​ដំណើរការណ៍​ខួរក្បាល​របស់​អ្នក?​



ជំងឺ​ទឹកនោម​ផ្អែម បាន​កកើត​ទៅលើ​មនុស្ស​ជាច្រើន​នាក់​នៅ​ជុំវិញ​ពិភពលោក រហូត​វា​ស្ទើរតែ​ក្លាយ​ជា​ជំងឺ​ធម្មតា​ទៅ​ហើយ។ ប៉ុន្តែ សមត្ថភាព​ក្នុង​ការ​ចងចាំ​និង​ដំណើរការណ៍​ការ​គិត​ចុះ​ខ្សោយ​ដែល​ជា​លទ្ធផល​នៃ​ជំងឺ​ទឹកនោម​ផ្អែម បាន​បង្ហាញ​ជា​ភស្តុតាង​ឲ្យ​យើង​ឃើញ​នូវ​ផល​ប៉ះពាល់​ពី​របៀប​នៃ​ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ជាតិ​គ្លុយកូស​ច្រើន ដែល​ជា​សារធាតុ​ម្យ៉ាង​ដែល​មាន​នៅ​ក្នុង​ស្ករ។

គ្លុយកូស ដែល​មាន​វត្តមាន​នៅ​ក្នុង​ស្ករ​នេះ តាម​ការ​ពិត​ទៅ​ពុំ​មែន​ជា​សត្រូវ​ដែល​យើង​ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​នោះ​ទេ។ ខួរក្បាល​របស់​អ្នក ពិត​ពុំ​អាច​មាន​ថាមពល​ស្វាហាប់​សម្រាប់​ដំណើរការណ៍​គិត​ស្មុគស្មាញ​ពេញ​មួយ​ថ្ងៃ​បាន​នោះ​ដែរ បើ​ពុំ​មាន​សារធាតុ​គ្លុយកូស​សម្រាប់​ផ្ដល់​ជា​ថាមពល​ដល់​វា​ទេ​នោះ។ ខួរក្បាល​មនុស្ស​យើង​ធ្វើការ​ច្រើន មិន​ថា​ទទួល​ខុសត្រូវ​ទៅលើ​ការ​បញ្ជូន​ព័ត៌មាន​ពី​ផ្នែក​មួយ​នៃ​ខួរក្បាល​ទៅ​កាន់​ផ្នែក​ដទៃ​ផ្សេង​ទៀត និង​ទំនាក់ទំនង​ជាមួយ​កោសិកា​នៅ​ក្នុង​រាងកាយ​របស់​អ្នក ដែល​ប្រៀប​ដូចជា​បណ្ដាញ​ដ៏​ធំ​មួយ​ដូច្នោះ។

ហេតុនេះ​ហើយ​វា​ត្រូវការ​ថាមពល​ច្រើន​ពី​ប្រភព​អាហារ​ដែល​អ្នក​ទទួលទាន ដើម្បី​អាច​ធ្វើការ​ទាំងនោះ​បាន​យ៉ាង​រលូន​ល្អ។ យ៉ាងណាមិញ បរិមាណ​គ្លុយកូស​ច្រើន​នឹង​ក្លាយ​ជា​រឿង​មិន​ល្អ​សម្រាប់​ខួរក្បាល​អ្នក​ទៅវិញ។ មិនមែន​តែ​ស្ករ​ស​នោះ​ទេ​ដែល​មាន​សារធាតុ​គ្លុយកូស សូម្បីតែ​អាហារ​កំប៉ុង​ស្រាប់ៗ នំ​ដូណាត់ ភេសជ្ជៈ​កំប៉ុង​ជាដើម សុទ្ធតែ​មាន​លាក់​ខ្លួន​នូវ​សារធាតុ​គ្លុយកូស​ក្នុង​បរិមាណ​ដ៏​ច្រើន ដែល​ជា​មូលហេតុ​ដ៏​ចម្បង​មួយ​ក្នុង​ការ​វិវត្ត​ជា​ជំងឺ​ធាត់ ជំងឺ​វង្វេង​វង្វាន់​ភ្លេចភ្លាំង និង​ជំងឺ​ទឹកនោម​ផ្អែម និង​នាំ​ទៅ​រក​ជំងឺ​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត។

មិនតែប៉ុណ្ណោះ ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ជាតិ​គ្លុយកូស​ច្រើន​ជះ​ឥទ្ធិពល​ដល់​អ្នក​មិន​ខុស​ពី​ថ្នាំញៀន​នោះ​ដែរ។ នៅ​ពេល​អ្នក​ទទួលទាន​វា​កាន់តែ​ច្រើន​ប៉ុណ្ណា នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​កាន់តែ​ឃ្លាន​វា​ប៉ុន​នោះ។ កម្រិត​គ្លុយកូស​ខ្ពស់​នៅ​ក្នុង​ឈាម​ថែម​ទាំង​ធ្វើឲ្យ​ខួរក្បាល​របស់​អ្នក​រួម​តូច និង​សរសៃ​ឈាម​រួម​តូច ដែល​ជា​ហេតុ​នាំឲ្យ​មាន​សម្ពាធ​ដល់​ចរន្ត​ឈាម​ដែល​ហូរ​នៅ​ក្នុង​ខួរក្បាល​ឲ្យ​មាន​ការ​លំបាក និង​ជា​លទ្ធផល​ប៉ះពាល់​ដល់​ដំណើរការណ៍​ការ​គិត៕

X
5s