វិធីសាស្ត្រ ៣យ៉ាងដែលអាចជួយអ្នក ពេលមានកិច្ចការច្រើនត្រូវបំពេញ
ការទទួលខុសត្រូវទៅលើកិច្ចការច្រើនក្នុងពេលកំណត់ខ្លីមួយ អាចធ្វើឲ្យអ្នកទទួលសម្ពាធ និងក្លាយជាមូលហេតុដែលនាំឲ្យការងាររបស់អ្នកចុះថយប្រសិទ្ធភាពបាន។ តើគួរដោះស្រាយយ៉ាងដូចម្ដេចនៅពេលបញ្ហានេះកើតឡើង ? ខាងក្រោមនេះគឺជាវិធីសាស្ត្រ៣យ៉ាងដែលអាចជួយអ្នកក្នុងបញ្ហានេះបាន៖
១) បង្កើតកាលវិភាគដ៏ច្បាស់លាស់មួយ៖ នៅពេលអ្នកឃើញការងារច្រើនដែលត្រូវបំពេញ វានឹងធ្វើឲ្យអ្នកទទួលសម្ពាធនិងមានអារម្មណ៍ធុញថប់បាន។ ហេតុនេះការបង្កើតកាលវិភាគដ៏ច្បាស់លាស់មួយ នឹងជួយរៀបចំការងាររបស់អ្នកឲ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយ និងជួយឲ្យអ្នកមានគោលជំហររឹងមាំទៅលើការងារផងដែរ។ នៅពេលអ្នកមានកិច្ចការធំមួយដែលត្រូវបំពេញ អ្នកអាចបំបែកវាជាកិច្ចការឬជំហានតូចៗ អ្វីដែលត្រូវធ្វើមុន អ្វីត្រូវទុកបន្ទាប់ និងក្រោយគេបង្អស់ ហើយរៀបចំចូលក្នុងកាលវិភាគរបស់អ្នក។
២) គោរពទៅតាមកាលវិភាគដែលបានកំណត់៖ ការគោរពទៅតាមកាលវិភាគដែលបានកំណត់រួច មានភាពសំខាន់ជាខ្លាំង ព្រោះបើអ្នកមិនគោរពទៅតាមនោះទេ ហើយចេះតែអូសបន្លាយពន្យារពេលបន្តិចទៀតរហូត កិច្ចការដែលនៅអាចគ្រប់គ្រងបានអាចគរពូនគ្នាក្លាយជាលែងអាចគ្រប់គ្រងបានជាពុំខាន។ ដូច្នេះហើយអ្នកត្រូវចេះគោរពទៅតាមអ្វីដែលខ្លួនឯងបានរៀបចំទុកដាក់ឲ្យមានរបៀបរៀបរយនេះផង។
៣) ចែករំលែកការងារគ្នា៖ បើសិនជាអ្នកបានគោរពតាមកាលវិភាគរបស់ខ្លួនហើយ តែនៅតែមិនអាចបញ្ចប់ជំហានតូចៗដែលអ្នកបានដាក់កំណត់នោះ ព្រោះដោយសារតែមានកិច្ចការផ្សេងទៀតដែលចាំបាច់ត្រូវការការអ្នកដោះស្រាយឥឡូវនេះ ឬក៏អាចមកពីការទទួលខុសត្រូវផ្សេងៗចេះតែមកបន្តបន្ទាប់គ្នានៅលើតុធ្វើការរបស់អ្នក នោះអ្នកគួរតែនិយាយជាមួយប្រធានរបស់អ្នកអំពីបញ្ហានេះ ដើម្បីស្នើសុំគាត់ឲ្យចែករំលែកការងាររបស់អ្នកទៅអ្នកដទៃខ្លះ៕
ដោយ៖ ស្រីពៅ