បុគ្គលិកក្រុមហ៊ុន CBL ចុះជួយកែលម្អសោភ័ណ្ឌភាពវិទ្យាល័យព្រែកឯក
រាជធានីភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ទី ២៨ ខែមេសា ឆ្នាំ ២០១៨ បុគ្គលិកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលមានផលិតស្រាបៀរដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានចុះជួយកែលម្អសោភ័ណ្ឌភាពនៃអគារសិក្សាទ្រុឌទ្រោមមួយខ្នងទៀត ជូនសាលាវិទ្យាល័យព្រែកដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកឯក ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សកម្មភាពនេះបានដឹកនាំដោយលោក Roland Bala នាយកគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុន CBL និងមានការចូលរួមគាំទ្រពី លោកអ៊ុំ សារី ប្រធានការិយាល័យអប់រំខ័ណ្ឌច្បារអំពៅ លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯង ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យព្រែកឯកជាច្រើន។
ក្នុងឱកាសដ៏ពិសេសនេះ លោក ប៉ាង វិសុទ្ធ នាយកសាលាវិទ្យាល័យព្រែកឯក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអគ្គនាយកក្រុមហ៊ុន ព្រមទាំងសហការីទាំងអស់ដែលបានចំណាយថវិកា រួមទាំងកម្លាំងកាយចិត្ត ជួយដល់សាលាឱ្យមានការរីកចំរើន ជាពិសេសបានប្រែក្លាយបន្ទប់ថ្នាក់រៀននីមួយទៅជាទីកន្លែងមានបរិយាកាសល្អគួរចង់សិក្សា ដោយឆ្នាំនេះបានធ្វើការលាបថ្នាំថ្មីនៃអគារសិក្សាមួយខ្នងទៀតដែលមាន ៥ បន្ទប់ ព្រមទាំងសាងសង់ផ្លូវប៉េតុងប្រវែង៤៥ម៉ែត្រ សាងសង់ផ្លូវជុំវិញអគារ និងជួសជុលបន្ទប់ទឹកផងដែរ។
ជាមួយគ្នានោះដែរ លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBL បានមានប្រសាសន៍ថា នេះជាឆ្នាំទី៥ ដែលបុគ្គលិកក្រុមហ៊ុនរបស់យើងបានចំណាយពេលចុងសប្តាហ៏ចូលរួម កម្មវិធីកែលម្អសោភ័ណ្ឌភាពនៃអគារសិក្សាសម្រាប់សិស្សានុសិស្សរបស់យើង។ យុវជនថ្ងៃនេះ ជា អនាគតអ្នកដឹកនាំនាពេលខាងមុខ ដូច្នេះពូកគាត់ត្រូវត្រៀមខ្លួនឲ្យល្អសម្រាប់ការសិក្សារៀនសូត្រ។
ប្អូនស្រី សំរេច មេត្តា តំណាងសិស្សនុសិស្សនៃសាលាវិទ្យាល័យព្រែកឯក ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ហើយប្តេជ្ញាចិត្តចូលរួមថែទាំអគារសិក្សានិងសមិទ្ធិផលនានា ព្រមទាំងប្តេជ្ញាចិត្តខិតខំរៀនសូត្រដើម្បីប្រឡងឲ្យជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតយភូមិនាពេលខាងមុន។
គួររម្លឹកផងដែរថា គម្រោងកែលម្អសាលាវិទ្យាល័យព្រែកឯងរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) មានរយៈពេលពីរឆ្នាំ ដែលផ្តល់អត្ថប្រយោជន៏ដល់សិស្សានុសិស្សប្រមាណ ១៩០០នាក់ ដោយផ្តោតជាចម្បងលើការជួលជុលកែលម្អអគារសិក្សាចំនួនពីរខ្នង ជួលជុលកែលម្អបន្ទប់សិក្សាកុំព្យូទ័រមួយបន្ទប់ព្រមទាំងបំពាក់កុំព្យូទ័រនិងម៉ាស៊ីនព្រីន ដាក់ប្រព័ន្ធបណ្តាញលូទឹកដើម្បីបញ្ជៀសទឹកជន់នៅពេលភ្លៀងធ្លាក់ កសាងផ្លូវដើរពីអគារមួយទៅអគារមួយទៀត និងជួលជុលបន្ទប់ទឹកផងដែរ។
ក្រុមហ៊ុន CBL ដែលជាក្រុមហ៊ុនផលិតស្រាបៀរគុណភាពលំដាប់ពិភពលោកដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout តែងតែចូលរួមរាល់សកម្មភាពនានាក្នុងការអភិវឌ្ឍសហគមន៍ និងផ្ដោតការយកចិត្ដទុកដាក់ជាពិសេសលើការប្រព្រឹត្ដខ្លួនជាសហគ្រាសមួយដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ៕