FTB និង AMK ចុះអនុស្សរណៈយោគយល់លើសេវាផ្ទេរប្រាក់ក្រៅប្រទេស
ភ្នំពេញ៖ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានចុះអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីសហប្រតិបតិ្តការ លើសេវាផ្ទេរប្រាក់ក្រៅប្រទេស ជូនដល់អតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ក្រោមការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ។ ឥឡូវនេះ អតិថិជនអាចរីករាយទទួលប្រាក់ពីបង ប្អូន សាច់ញាតិ ឬដៃគូអាជីវកម្មនៅក្រៅប្រទេសដែលមានសុវត្ថិភាពខ្ពស់ សេវាលឿនរហ័ស និងតម្លៃសមរម្យ។
កិច្ចសហប្រតិបតិ្តការរវាងស្ថាប័នទាំងពីរនេះ ជាសញ្ញាវិជ្ជមានមួយបន្ថែមទៀតក្នុងវិស័យធនាគារ ដើម្បីបំពេញតម្រូវការរបស់អតិថិជនជិត ៧០ ម៉ឺននាក់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នៅតាមការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងមានភ្នាក់ងារផ្ទេរប្រាក់ អេ អឹម ខេ ជាង៣.០០០កន្លែង នៅទូទាំងប្រទេស ដែលត្រូវការសេវាផ្ទេរប្រាក់ពីក្រៅប្រទេស។ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ជាធនាគារពាណិជ្ជដំបូងគេ និងមានទំនុកចិត្តខ្ពស់ពីអតិថិជន ជាពិសេសភាពខ្លាំងរបស់ធនាគារក្នុងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗនៅពេលបច្ចុប្បន្ន។ ដោយឡែក អេ អឹម ខេ ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឈានមុខគេមួយ មានបណ្តាញទូលំទូលាយទូទាំងប្រទេស ។
ការចាប់ដៃគូនេះនឹងផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍ជូនប្រជា ពលរដ្ឋខ្មែរយើងដែលមានអាជីវកម្ម ឬ ធ្វើការនៅក្រៅប្រទេស ហើយចង់ផ្ញើប្រាក់មកឲ្យឱពុកម្តាយ ឬបងប្អូន ឫដៃគូនៅស្រុកខ្មែរដែលភាគច្រើននៅទីជនបទ។ សេវានេះផ្តល់ភាពងាយស្រួល មានសុវត្ថិភាព ចំណេញពេលវេលា និងមិនចំណាយសោហ៊ុយធ្វើដំណើរ ដោយពួកគាត់អាចទៅដកប្រាក់នៅជិតផ្ទះគាត់បាន។ សេវាផ្ទេរប្រាក់នេះក៏អាចឲ្យប្រជាពលរដ្ឋទទួលប្រាក់ និងផ្ទេរប្រាក់ទៅមកគ្រប់ប្រទេស ដោយសារធនាគារ FTB មានដៃគូជាមួយធនាគារធំៗនៅជុំវិញពិភពលោក។ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។
អេ អឹម ខេ មានផលិតផល និងសេវាកម្មដូចជា៖ សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។ ធនាគារពាណិជ្ជ FTB ដែលផ្តោតសំខាន់លើផលិតផល និង សេវាកម្មខ្នាតមធ្យម និងធំ មានទីតាំងភាគច្រើននៅខេត្តក្រុងធំៗ មានផលិតផលនិងសេវាដូចជា ប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្រៅប្រទេស សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាធនាគារតាមអុីនធឺណិត សេវាធនាគារតាមទូរស័ព្ទចល័ត សេវាគ្រប់គ្រងសាច់ប្រាក់និងសេវាធនាគារផ្សេងៗជាច្រើនទៀត។