អត្ថបទវិភាគ៖ មហាអំណាចទាំង ១០នៅឆ្នាំ២០១៨ ចិនកើនជាង ២ទ្រីលានត្រឹម ១២ ខែ តែអាចឈរលេខ ១ឆ្នាំ២០៥០
គិតមកដល់ឆ្នាំ២០១៨ នេះ សហរដ្ឋអាមេរិកនៅតែឈរលើគេក្នុងបញ្ជីមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតក្នុងលោកទាំង ១០ នៅឆ្នាំ២០១៨ នេះ ដែលមានទំហំផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ២០,៤ទ្រីលានដុល្លារ ខណៈឆ្នាំទៅមិញមានទំហំ ១៩,៤ទ្រីលានដុល្លារ ។ នេះបើយោងតាមទិន្នន័យពីមូលនិធិរូបិយប័ណ្ណពិភពលោកកាលពីពេលថ្មីៗនេះ និងចុះផ្សាយដោយគេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum)។
ទោះជាយ៉ាងនេះក្ដី អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺថា ចិនទទួលបានកំណើនសេដ្ឋកិច្ចគួរឱ្យភ្ញាក់ផ្អើលពោលគឺត្រឹមតែ ១២ខែចុងក្រោយកើនឡើងរហូតដល់ ២ទ្រីលានដុល្លារ ពោលគឺទទួលបាន GDP សរុបទំហំ ១៤ទ្រីលានដុល្លារ ខណៈជប៉ុនកើនឡើងបន្តិចដែរពោលគឺកើនឡើងពី ៤,៨៧ទ្រីលានឆ្នាំ២០១៧ មកដល់ ៥,១ទ្រីលានឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយពីប្រភពដដែល។ យោងតាមប្រភពដដែលនេះ បានឱ្យដឹងបន្ថែមទៀតថា មហាអំណាចបីនៅអឺរ៉ុប បានឈរបន្តកន្ទុយរៀងគ្នាពីលេខ ៤ដល់លេខ៦ គឺអាល្លឺម៉ង់ មានទំហំ ៤,២ទ្រីលាន អង់គ្លេស ២,៩៤ និងបារាំង ប្រហាក់ប្រហែលនឹងអង់គ្លេសដែរគឺ ២,៩៣ទ្រីលានដុល្លារ។
ចំណុចគួរកត់សម្គាល់របស់សហរដ្ឋអាមេរិក ឆ្នាំ២០១៨ នេះ ទោះបីជាមានបញ្ហាក្ដៅគគុកមួយចំនួនដូចជាបញ្ហាស៊ីរី បញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ក្ដី តែសេដ្ឋកិច្ចពិភពលោកហាក់ប្រសើរច្រើន ខណៈសហរដ្ឋអាមេរិកនៅតែមានទំហំធំ គឺធំជាង GDP សរុបរបស់មហាអំណាចសេដ្ឋកិច្ចលេខ ៤ ដល់លេខ ១០ បូកបញ្ចូលគ្នាថែមទៀតផង។ គេរំពឹងទុកថា សហរដ្ឋអាមេរិកទទួលបានកំណើនជាង ២%ដែរនៅឆ្នាំ២០១៨ នេះ។
ចំណុចលេចធ្លោរបស់ចិន និងឥណ្ឌា ទំហំសេដ្ឋកិច្ចសកលដែលធនាគារពិភពលោកបានព្យាករណ៍ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ មានទំហំប្រហែល ៦,៥ទ្រីលានដុល្លារក្នុងនោះ GDP សហរដ្ឋអាមេរិកមានចំណែកប្រហែល ១៧,៩% ខណៈចិនមានទំហំកើនឡើងពោលគឺធំជាងសហរដ្ឋអាមេរិក ២ដងគឺប្រហែល ៣៥,២%។
អ្វីដែលជាចំណុចលេចធ្លោរបស់ចិននៅឆ្នាំ២០១៨ នេះ? សេដ្ឋកិច្ចអេឡិចត្រូនិករបស់ចិន (Digital Economy) បានឈានដល់ដំណាក់កាលកំពូលមួយ ពោលគឺកាលពី ១០ឆ្នាំមុន ទំហំ អាជីវកម្មតាមអ៊ីនធឺណិត (e-commerce) មានទំហំតែ ១%ប៉ុណ្ណោះនៃទំហំអាជីវកម្មតាមអ៊ីនធឺណិតសកល ប៉ុន្តែនៅឆ្នាំនេះ គឺមានចំណែករហូតដល់ទៅ ៤២%នៃ e-commerce សកល ខណៈដែរសហរដ្ឋអាមេរិកនៅសល់តែ ២៤%ធ្លាក់ចុះពី ៣៥%កាលពីឆ្នាំ២០០៥។ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក។ គេរំពឹងទុកថា សេដ្ឋកិច្ចបែបឌីជីថលរបស់ចិន នឹងបន្តកើនឡើងបន្ថែមទៀត ព្រោះថា ក្រុមហ៊ុននៅចិនដូចជា Alibaba ជាដើមបាននិងកំពុងតែពង្រីកខ្លួនខ្លាំងថែមទៀតជាពិសេសគឺការប្រកាសវិនិយោគថ្មីៗនៅប្រទេសថៃ ដែលពង្រីកដែនប្រតិបត្តិ ការណ៍របស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះដែរ នៅទ្វីបអាហ្វ្រិកវិញ ចិន បាននិងកំពុងពង្រីកនូវដែនអំណាចអាជីវកម្មរបស់ខ្លួននៅទីនោះបន្ថែមទៀតក្រៅពីការបោះលុយរាប់លានជួយផ្នែកសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
សម្រាប់ចិន កំណើនឆ្នាំនេះនៅតែខ្លាំង នៅត្រីមាសទី១ ឆ្នាំ២០១៨នេះ ចិនទទួលបានកំណើនសេដ្ឋកិច្ច ៦,៨% គឺដូចគ្នានឹងកំណើននៅត្រីមាសទី១ ឆ្នាំ២០១៧ ដែរ។ នេះបើយោងតាមការចុះផ្សាយពីគេហទំព័រ CNN។
សង្គ្រាមពាក្យសម្ដីក្ដៅគគុក រវាងចិន និងសហរដ្ឋអាមេរិក អំពីពាណិជ្ជកម្មមិនទាន់បង្ហាញឥទ្ធិពលអ្វីនៅឡើយ ទោះបីជាមានការដំឡើងសម្ដីដាក់គ្នាលើរឿងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពោលគឺរឿងដំឡើងពន្ធគយទៅវិញទៅមក ចាប់តាំងពីដើមឆ្នាំនេះ ប៉ុន្តែគេហាក់ពុំទាន់មើលឃើញពីឥទ្ធិពលគួរឱ្យកត់សម្គាល់ណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះទេ ជាពិសេសចិន ដែលនឹងទទួលរងនូវទំហំពន្ធគយធំប្រសិនបើផែនការរបស់ Trump ដាក់ចេញមែន។ ទោះជាយ៉ាងនេះក្ដី គេមិនអាចសន្និដ្ឋានបានទេថា ទៅអនាគតដ៏ខ្លីខាងមុខនេះ ចិននឹងមិនទទួលរងនូវការខាតបង់នេះឬយ៉ាងណាទេ ព្រោះថា ការសម្រេចចិត្តរបស់ Trump អាចនឹងប្រែប្រួលគ្រប់ពេល។
មិនត្រឹមតែចិននោះទេ ប៉ុន្តែក្រុមហ៊ុនធំមួយព្យាករណ៍ថា ឥណ្ឌាអាចនឹងនាំមុខសហរដ្ឋអាមេរិកផងនាពេលអនាគត ក្រុមហ៊ុនផ្ដល់សេវាកម្មសវនកម្មដ៏ធំមួយរបស់ពិភពលោកគឺ PriceWaterhouseCoopers (PwC) បានព្យាករណ៍នៅក្នុងរបាយការណ៍បានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួននៅទំព័រមុខតែម្ដងបានឱ្យដឹង ថា ផលិតផលក្នុងស្រុកសរុបរបស់ចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ២០៥០ ខណៈឥណ្ឌាក៏អាចនាំមុខសហរដ្ឋអាមេរិកផងដែរ។ តាមការព្យាករណ៍ដដែលបានឱ្យដឹងបន្ថែមទៀតថា GDP ចិននឹងមានទំហំ ៥៨,៥ទ្រីលាន ឥណ្ឌានឹងមានទំហំ ៤៤.១ទ្រីលាន ខណៈសហរដ្ឋអាមេរិកនឹងមានទំហំត្រឹមតែ ៣៤,១ទ្រីលានប៉ុណ្ណោះ។
តើនឹងមានការប្រែប្រួលអ្វីទៀតទេនៅឆ្នាំ២០៥០? នៅឆ្នាំ២០៥០ PriceWaterhouseCoopers (PwC) បានបង្ហាញនៅក្នុងរបាយការណ៍របស់ខ្លួនថា ជប៉ុននៅឈរលេខរៀងទី៣ ពិភពលោក មានទំហំសេដ្ឋកិច្ច ៦,៧ទ្រីលានដុល្លារ អាល្លឺម៉ង់ ៦,១ទ្រីលាន អង់គ្លេស ៥.៣ទ្រីលាន បារាំង ៤,៧ទ្រីលាននឹងធ្លាក់ចុះមកឈរនៅលេខរៀងបន្តបន្ទាប់គ្នាពោលគឺលេខរៀងទី ៨ ទី ៩ ទី ១០ និងទី១២ ពិភពលោក ខណៈប្រទេសបីកំពុងទទួលបានកំណើនខ្លាំងគឺ ឥណ្ឌូណេស៊ី GDP នឹងកើនដល់ ១០,៥ទ្រីលាន ប្រេស៊ីល នឹងហក់ឡើងដល់ ៧,៥ទ្រីលាន រុស្ស៊ី ៧,១ទ្រីលាន និងមិកស៊ីកូ នឹងកើនឡើង ៦,៨ទ្រីលានដែលនឹងមកឈរនៅលេខរៀងលេខ ៤ លេខ ៥ លេខ ៦ និង ៧រៀងគ្នា។ រឹងតែគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺថា ប្រទេសថ្មីពីរមកពីតំបន់អាស៊ីអាគ្នេហ៍គឺ វៀតណាម និងហ្វីលីពីននឹងហក់ឡើងមកស្ថិតនៅក្នុងបញ្ជីមហាអំណាចសេដ្ឋកិច្ចទាំង ១២ ក្នុងពិភពលោកដែរ ក្នុងនោះក៏មានប្រទេសនីហ្សេរីយ៉ាផងដែរ។
ចង់ដឹងថា ហេតុអ្វីដែលជាក្រុមហ៊ុន PriceWaterhouseCoopers (PwC) ដាក់ចំណាត់ថ្នាក់បែបនេះទេ? សូមរង់ចាំតាមដានជាមួយ BizKhmer ដែលនឹងចុះផ្សាយនាពេលឆាប់ៗខាងមុខនេះ៕ ការព្យាករណ៍នៅឆ្នាំ២០១៨ នេះឃើញថា សេដ្ឋកិច្ចសកលមានកំណើនឡើង
ដោយ៖ យ៉ន សុភារិទ្ធ (Sophearith YORN) គ្រូបង្រៀនប្រព័ន្ធផ្សព្វផ្សាយ អាជីវកម្ម និងសេដ្ឋកិច្ចនៅ សាកលវិទ្យាល័យកម្ពុជា កម្ពុជាអន្តរជាតិ (CamIU) និងវិទ្យាស្ថាន CEO