សែលកាតនៅតែជាបណ្ដាញសេវាទូរស័ព្ទដែលលឿនជាងគេ
ក្រុមហ៊ុនសែលកាតបានទទួលជោគជ័យម្តងទៀតហើយ ដោយរក្សាបាននូវភាពជាអ្នកដឹកនាំទៅលើល្បឿនអ៊ីនធើណិតនៅទូទាំងប្រទេសកម្ពុជា ទទួលបានពានរង្វាន់ពី OpenSignal នៅឯសន្និសីទទូរស័ព្ទចល័តពិភពលោក នៅប្រទេសអេស្ប៉ាញ កាលពីពេលថ្មីៗនេះ។
គួររំលឹកផងដែរថា សែលកាត បានឈ្នះពានរង្វាន់ OpenSignal ម្ដងរួចមកហើយ កាលពីខែសីហាឆ្នាំមុន ដែលឈ្នះទៅលើល្បឿនអ៊ិនធើណិតដោនឡូត 4G និងល្បឿនដោនឡូតទូទៅ។
ក្នុងឆ្នាំនេះជាថ្មីម្ដងទៀត ក្រុមហ៊ុនសែលកាតទទួលបានរង្វាន់4ប្រភេទ ដែលបង្ហាញពីជ័យជំនះទៅលើ៖
• ល្បឿន 4G សម្រាប់ដោនឡូត
• ល្បឿន 3G សម្រាប់ដោនឡូត
• ទំហំសេវា 3G ធំទូលាយ
• ល្បឿនបណ្តាញសេវាទូទៅ
របាយការណ៍‘State of Mobile Networks: Cambodia Report’ (ស្ថានភាពបណ្ដាញទូរស័ព្ទនៅកម្ពុជា) ដែលធ្វើឡើងដោយ OpenSignal គឺពឹងផ្អែកទៅលើទិន្នន័យពីការវាស់ស្ទង់តាមរយៈទូរស័ព្ទរបស់អ្នកប្រើប្រាស់ជាង 100 លានដង ដែលបានទាញយកដោយផ្ទាល់ពីទូរស័ព្ទស្មាតហ្វូនទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 2 ខែតុលា ដល់ថ្ងៃទី 31 ខែធ្នូឆ្នាំ 2017។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ការទទួលបានពានរង្វាន់លើកនេះ បានបង្ហាញពីសមទ្ធិផលសម្រេចបានរបស់យើង បន្ទាប់ពីយើងបានពង្រីកបណ្តាញទូរស័ព្ទអ៊ីនធើណិតល្បឿន 4G ដែលទើបតែចាប់ផ្តើមកាលឆ្នាំមុន។
"តំបន់បណ្ដាញអ៊ីនធើណិតល្បឿន 4G របស់យើង បានកើនឡើងពីជាង 200 កន្លែង រហូតដល់ជិត 3000កន្លែង បើគិតមកដល់ពេលនេះ ហើយយើងនឹងបន្តពង្រីកបណ្ដាញរបស់យើងឲ្យកាន់តែទូលំទូលាយជាងនេះ” ។
"នេះប្រហែលជាការពង្រីកបណ្ដាញទូលំទូលាយ និងលឿនបំផុត ដែលធ្វើឡើងនៅអាស៊ីអាគ្នេយ៍។
យើងពិតជាមានមោទនភាពចំពោះអ្វីដែលសម្រេចបាន ហើយមានការរំភើបយ៉ាងខ្លាំងចំពោះអ្វីដែលនឹងមកដល់បន្ទាប់ គឺការសាកល្បងអ៊ីនធើណិតល្បឿន 5G នាពេលអនាគតដ៏ខ្លីខាងមុខនេះ”។
ទិន្នន័យក្នុងរបាយការណ៍ខាងក្រោមនេះបង្ហាញពីការនាំមុខគេរបស់ក្រុមហ៊ុនសែលកាតនៅក្នុងទីផ្សារ៖
• រក្សាបាននូវល្បឿន 4G នៅ 19.4 MBps ស្របពេលដែល Smart Axiata មានល្បឿន 4G ជាមធ្យម នៅ 16.6 Mbps,
• ល្បឿន 3G អតិបរិមា 2.5 MBps ស្របពេលដែល Smart Axiata មានល្បឿន 1.9 MBps,
• ល្បឿនបណ្តាញសេវាទូទៅ 10.6 MBps ស្របពេលដែល Smart Axiata ទទួលបានចំណាត់ថ្នាក់ទីពីរជាមួយនឹងល្បឿន 8.8 MBps។
“គោលដៅចំបងរបស់សែលកាតចំពោះប្រជាជនកម្ពុជា គឺធ្វើយ៉ាងណា ដើម្បីផ្ដល់ជូននូវបណ្ដាញសេវាទូរស័ព្ទលឿនជាងគេ ជាមួយនឹងការផ្ដល់ជូនតម្លៃពិសេសនៅលើទីផ្សារ”។
"យើងបន្តឆ្ពោះទៅកាន់ចក្ខុវិស័យរបស់យើង ក្នុងការផ្តល់ជូនគម្រោងអ៊ីនធើណិតក្នុងតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា តាមរយៈបណ្តាញសេវាទូរស័ព្ទរបស់យើងដែលបានឈ្នះពានរង្វាន់”។
លោកវ៉ាតសុន បានបន្តថា៖ “សែលកាត គឺជាអ្នកជំរុញការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតឲ្យកើនឡើងយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន”។
“ក្នុងពេលត្រឹមតែ 12 ខែប៉ុណ្ណោះ យើងឃើញថា ការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតបានកើនឡើងរហូតដល់ 400% ហើយការប្រើទិន្នន័យអ៊ីនធើណិតប្រចាំថ្ងៃជាមធ្យម សម្រាប់មនុស្សម្នាក់ៗ បានកើនឡើងទ្វេរដង រីឯការប្រើប្រាស់ស្មាតហ្វូនក៏បានកើនឡើងរហូតដល់ 14%”។