៣ចំណុចសម្រាប់និស្សិតគួរស្វែងយល់មុនសម្រេចចិត្តចាប់យកជំនាញសិក្សាណាមួយ​



នៅ​ពេល​ឈាន​ចូល​មក​ដល់​ដំណាក់កាល​មួយ​នៃ​ការ​ចាប់ផ្ដើម​ជីវិត​ជា​និស្សិត ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត​ដែល​អ្នក​ត្រូវ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់​នោះ​គឺជា​ជំនាញ​ដែល​ត្រូវ​ចាប់​យក​បន្ត​ក្នុង​សាកលវិទ្យាល័យ។ ហេតុអ្វី​ការ​សម្រេច​ចិត្ត​មួយ​នេះ​គឺជា​រឿង​ដ៏​ពិបាក​បំផុត​មួយ ? ព្រោះ​ថា​អ្នក​នឹង​ត្រូវ​គិត​គ្រប់​ជ្រុងជ្រោយ​បំផុត ទាំង​ចិត្ត​របស់​អ្នក​ផ្ទះ ទាំង​បញ្ហា​ទីផ្សារ​ការងារ តែ​កត្តា​មួយ​ទៀត​ក៏​សំខាន់​ណាស់​ដែរ​នោះ​គឺជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួនឯង។ ប៉ុន្តែ មុន​នឹង​ឈាន​ដល់​ការ​សម្រេច​ចិត្ត អ្នក​គួរ​តែ​យក​៣​ចំណុច​ខាងក្រោម​នេះ​មក​ពិចារណា​ជា​មុន​សិន៖

១) ស្គាល់​ខ្លួនឯង​ជា​នរណា៖ អ្វី​ក៏​ពិបាក​ដែរ​ឲ្យ​តែ​មនុស្ស​មិន​ចង់​ធ្វើ តែ​បើ​ជា​អ្វី​ដែល​គេ​ចង់​ធ្វើ​វិញ ទោះ​ពិបាក​ក៏​ពួកគេ​អាច​តស៊ូ​ទៅ​មុខ​ទៀត​បាន​ដែរ។ បើ​អ្នក​ចង់​ស្វែងរក​នូវ​ធាតុ​ពិត​របស់​ខ្លួនឯង​ថា​ជា​នរណា អ្នក​គួរ​សួរ​ខ្លួនឯង​នូវ​សំណួរ​មួយ​ថា តើ​អ្នក​រស់នៅ​ដើម្បី​អ្វី ? ដើម្បី​អ្វី​នេះ​ហើយ​ដែល​ជា​គោលដៅ​នៃ​ជីវិត​របស់​អ្នក វា​គឺជា​មូលហេតុ​មួយ​ដែល​លើក​ទឹកចិត្ត​អ្នក​ឲ្យ​បន្ត​រស់នៅ​និង​សម្រេច​នូវ​បេសកកម្ម​មួយ​នោះ រាល់​ពេល​អ្នក​គិត​ចង់​បោះបង់​ម្ដងៗ។ គ្រប់​គ្នា​សុទ្ធតែ​មាន​គោលដៅ​រៀងៗ​ខ្លួន​ទាំងអស់ ប៉ុន្តែ​ពេល​ខ្លះ​គ្រាន់តែ​អ្នក​មិន​ទាន់​ដឹង​ថា​ជា​គោលដៅ​អ្វី អាច​ថា​មក​ពី​កន្លង​មក​គ្រួសារ​ជា​អ្នក​សម្រេច​ចិត្ត​រឿង​នៅ​ក្នុង​ជីវិត​អ្នក​ជួស​អ្នក​ទាំងអស់ ទើប​អ្នក​មិន​សូវ​គិតគូរ​ថា​ខ្លួន​ចង់​ធ្វើ​អ្វី​ពិត​ប្រាកដ ឬ​អ្នក​មិន​ទាន់​ស្គាល់​ថា​ខ្លួនឯង​ជា​នរណា​ពិត​ប្រាកដ អ្វី​ទៅ​ដែល​អ្នក​ស្រឡាញ់ អ្វី​ទៅ​ដែល​ជា​ចំណុច​ខ្លាំង​និង​ជា​សក្ដានុពល​បង្កប់​ខាងក្នុង​ខ្លួន​ដែល​អ្នក​មិន​ទាន់​រក​ឃើញ។ មក​ដល់​ចំណុច​នេះ អ្នក​គួរតែ​ចាប់ផ្ដើម​មាន​ម្ចាស់​ការ​លើ​ជោគវាសនា​ជីវិត​របស់​ខ្លួន និង​ដក​ឃ្លា​បន្តិច​ដើម្បី​ឆ្លុះ​កញ្ចក់​មើល​មក​ខ្លួនឯង​និង​ស្វែងយល់​ថា​ខ្លួនឯង​ជា​នរណា​ពិត​ប្រាកដ។

២) កុំ​រៀន​ព្រោះ​ហេតុផល​តែ​ម្យ៉ាង​ថា​ជា​ជំនាញ​ដែល​មាន​ទីផ្សារ​ការងារ​ច្រើន៖ អណ្ដើក​និង​ទន្សាយ​រត់​ប្រណាំង​គ្នា ប្រាកដ​ណាស់​ទន្សាយ​នឹង​រត់​ដល់​គោលដៅ​មុន​អណ្ដើក ប៉ុន្តែ​អ្នក​ណា​ទៅ​ដល់​មុន​មិន​សំខាន់​នោះ​ទេ សំខាន់​គឺ​អណ្ដើក​មិន​បោះបង់​គោលដៅ​របស់​វា​នោះ​ឡើយ បើ​ទោះ​ជា​ត្រូវ​ចំណាយ​ពេល​យូរ​ច្រើន​ជាង​ទន្សាយ​ក្ដី។ ផ្លូវ​ដែល​គេ​ដើរ​ច្រើន​មិន​ប្រាកដ​ថា​សុទ្ធតែ​ជា​ផ្លូវ​ត្រឹមត្រូវ​នោះ​ទេ។ ការណ៍​ដែល​បាន​ធ្វើ​អ្វី​ដែល​ខ្លួនឯង​ស្រឡាញ់ ទោះជា​ពិបាក​បន្តិច​ក្ដី ប៉ុន្តែ​សេចក្ដី​ស្រឡាញ់​និង​ជំនក់​ចិត្ត​ចំពោះ​អ្វី​មួយ​នឹង​ដុត​បញ្ឆេះ​ភ្លើង​នៃ​កម្លាំង​ចិត្ត​ឲ្យ​អ្នក​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ជានិច្ច មិន​ខ្វល់​ថា​មាន​ឧបសគ្គ​ប៉ុណ្ណា​មក​រារាំង​ក៏​ដោយ។ មាន​រឿង​ខ្លះ​គ្មាន​លក្ខណៈ​ឡូហ្សិក​ឬ​ជា​រឿង​ដែល​អ្នក​មិន​អាច​ពន្យល់​ប្រាប់​អ្នកដទៃ​ឲ្យ​គេ​យល់​ពី​ការ​គិត​របស់​អ្នក​បាន។ ពេល​ខ្លះ​នៅ​ពេល​អ្នក​ដើរ​តាម​បេះដូង​របស់​ខ្លួនឯង វា​នឹង​ប្រាប់​អ្នក​ថា​ផ្លូវ​ណា​ត្រឹមត្រូវ​សម្រាប់​អ្នក បើ​ទោះ​ជា​ពេល​នេះ​អ្នក​មិន​ទាន់​មើល​ឃើញ​កោះ​ត្រើយ​ច្បាស់លាស់​ក៏​ដោយ។ មុខ​ជំនាញ​ដែល​មាន​ទីផ្សារ​ការងារ​ច្រើន នឹង​ធានា​ពី​សុវត្ថិភាព​របស់​អ្នក​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ពី​មុខ​ជំនាញ​នោះ ហើយ​អ្នក​គ្រាន់តែ​ដើរ​ពី​ក្រោយ​ដាន​ជើង​របស់​អ្នក​មុន​ៗ​ប៉ុណ្ណោះ។ វា​ជា​ដំណើរ​ជីវិត​មួយ​ដែល​មិន​ខាតបង់​ពេលវេលា​ច្រើន​និង​ឆាប់​ដល់​គោលដៅ ដែល​ខុស​ពី​ការ​ត្រួសត្រាយ​ផ្លូវ​ដើរ​ដោយ​ខ្លួនឯង ដែល​ទាមទារ​មនុស្ស​ដ៏​រឹងប៉ឹង​ម្នាក់​ដែល​មិន​ខ្លាច​ការ​លំបាក កំហុស​និង​ការ​បរាជ័យ ដែល​ជា​មេរៀន​ដ៏​មាន​តម្លៃ​សម្រាប់​នាំ​ពួកគេ​ទៅ​រក​ជោគជ័យ។

៣) ពង្រីក​ការ​យល់ដឹង​អ្នក​ឲ្យ​ទូលំទូលាយ៖ តើ​អ្នក​ដឹង​ទេ​ថា​ហេតុអ្វី​មនុស្ស​ជោគជ័យ​មួយ​ចំនួន​ធំ​គឺជា​មនុស្ស​ដែល​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត ? ពួកគេ​មិន​មែន​កើត​មក​ច្នៃប្រឌិត​ដោយ​ធម្មជាតិ​នោះ​ទេ ប៉ុន្តែ​គឺ​មក​ពី​ពួកគេ​ជា​អ្នក​រៀន​សូត្រ​រហូត។ ពួកគេ​មិនមែន​គ្រាន់តែ​ជា​អ្នក​ឯកទេស​ទៅលើ​មុខ​ជំនាញ​របស់​ខ្លួន​នោះ​ទេ ពួកគេ​ពង្រីក​ចំណេះដឹង​របស់​ខ្លួន​ដោយ​ការ​ស្វែងរក​បទពិសោធន៍​ពី​ប្រធានបទ​ចម្រុះ​គ្នា​ក្រៅ​ពី​ជំនាញ​ឯកទេស​របស់​ខ្លួន។ ភាព​ច្នៃប្រឌិត​កើត​ចេញ​មក​ពី​ការ​រក​ឃើញ​ទំនាក់ទំនង​រវាង​ប្រធានបទ​មួយ​ទៅ​នឹង​ប្រធានបទ​មួយ​ទៀត ដើម្បី​សំយោគ​គ្នា​ជា​គំនិត​ដ៏​ថ្មី​សន្លាង​មួយ។ ត្រង់​ចំណុច​នេះ​ចង់​បញ្ជាក់​ថា មុខ​ជំនាញ​ដែល​អ្នក​ជ្រើសរើស​រៀន​នៅ​សាលា មិនមែន​តូច​ចង្អៀត​បិទ​ជិត​នៅ​ត្រឹម​តែ​មុខ​ជំនាញ​នោះ​ទេ។ ដែន​កំណត់​របស់​ចំណេះដឹង​មិន​មាន​នោះ​ឡើយ ឲ្យ​តែ​អ្នក​ចេះ​ពង្រីក​ចំណេះដឹង​ខ្លួនឯង​និង​ច្នៃ​វា​យក​មក​ប្រើប្រាស់។ គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​នោះ​ទេ​ថា​អ្នក​អាច​នឹង​នឹក​ឃើញ​ដល់​គំនិត​អ្វី សូម្បី​តែ​អ្នក​ខ្លួនឯង៕

ដោយ៖ ស្រីពៅ

X
5s