តើមកពីជាកម្រិត IQ មែនទេដែលញែកមនុស្សធម្មតានិងអ្នកប្រាជ្ញចេញពីគ្នា ?​



តើ​ជា​កម្រិតIQ ឬ​ទេពកោសល្យ​ពី​កំណើត ឬ​ជា​ភ័ព្វ​សំណាង​ចៃដន្យ​ឬ ដែល​កំណត់​ទៅលើ​ប្រាជ្ញា​ច្នៃប្រឌិត​របស់​មនុស្ស​ម្នាក់ៗ ? បើ​ដូច្នេះ ចុះ​ហេតុអ្វី​ក៏​មាន​មនុស្ស​មួយ​ចំនួន​ដែល​មាន​កម្រិតIQ​ខ្ពស់ តែ​បែរ​ជា​មិន​បាន​សម្រេច​សមិទ្ធផល​អស្ចារ្យ​អ្វី​ក្នុង​ដំណើរការណ៍​វិវត្ត​របស់​មនុស្សជាតិ ស្រប​ពេល​ដែល​មនុស្ស​សាមញ្ញ​មួយ​ចំនួន​ទៀត​ជាមួយ​នឹង​កម្រិតIQ​ធម្មតា តែ​បែរ​ជា​អាច​ឈ្នះ​ពានរង្វាន់​ណូបែល​ពិភពលោក​ទៅវិញ ?

នៅ​ពេល​និយាយ​ពី​រឿង​នេះ អ្នក​ត្រូវ​បែងចែក​ឲ្យ​ដាច់​រវាង​ភាព​ឈ្លាសវៃ និង​ប្រាជ្ញា​ច្នៃប្រឌិត។ មនុស្ស​ដែល​មាន​IQ​ខ្ពស់​មិន​ទៀង​ថា​នឹង​មាន​ការ​ច្នៃប្រឌិត ឯ​អ្នក​មាន​គំនិត​ច្នៃប្រឌិត​ក៏​មិន​ទៀង​ថា​មាន​IQ​ខ្ពស់ ប៉ុន្តែ​មនុស្សជាតិ​អាច​អភិវឌ្ឍ​ទៅ​មុខ​បាន​ក៏​ដោយសារ​តែ​ប្រាជ្ញា​ច្នៃប្រឌិត​នេះ​ឯង។ នៅ​មាន​ទៀត ភាព​ច្នៃប្រឌិត​ពុំ​មែន​កើត​មក​ជាមួយ​កំណើត​ពី​ធម្មជាតិ​របស់​មនុស្ស​នោះ​ឡើយ ហើយ​អ្វី​ដែល​ញែក​ដាច់​គ្នា​ឆ្ងាយ​ដូច​មេឃ​និង​ដី​រវាង​អ្នក​ប្រាជ្ញ និង​មនុស្ស​ធម្មតា នោះ​គឺជា​របៀប​នៃ​ការ​គិត​របស់​ពួកគេ ដែល​ជា​ការ​គិត​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​នេះ​ឯង។ បែបបទ​នៃ​ការ​គិត​ស្វែងរក​ដំណោះស្រាយ​បញ្ហា​របស់​មនុស្ស​ធម្មតា នឹង​មាន​ទម្រង់​ដដែលៗ​ផ្អែក​ទៅលើ​បទពិសោធន៍​ចាស់ៗ ជា​វិធី​ដែល​ពួកគេ​ធ្លាប់​ដើរ​តាម​ពី​មុន ជា​លក្ខណៈ​មួយ​ដែល​ពួកគេ​នឹង​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​ធ្លាប់​ត្រូវ​បាន​បង្រៀន​ឲ្យ​ដោះស្រាយ​បញ្ហា​ពី​សាលា គ្រួសារ មិត្តភ័ក្ដិ និង​សង្គម​យ៉ាង​ដូចម្ដេច ?

ប៉ុន្តែ អាល់ប៊ឺត អាញស្តាញ ធ្លាប់​និយាយ​ថា៖ "អ្នក​មិន​អាច​ធ្វើ​រឿង​ដដែលៗ​ជា​ប្រចាំ ហើយ​រំពឹង​ទុក​នូវ​លទ្ធផល​ផ្សេង​ពី​គ្នា​នោះ​ឡើយ"។ ផ្ទុយ​ពី​វិធី​ដោះស្រាយ​ដែល​នៅ​ជាប់​គាំង​មួយ​កន្លែង​បែប​នេះ អ្នក​ប្រាជ្ញ​ព្យាយាម​សម្លឹង​មើល​ទៅ​កាន់​បញ្ហា​ចេញ​ពី​ជ្រុង​ផ្សេងៗ​គ្នា ម្ដង​ជ្រុង​នេះ រួច​សាក​ងាក​មើល​ជ្រុង​មួយ​បែប​ទៀត និង​មួយ​បែប​ផ្សេង​ដទៃ​ទៀត។ វិចិត្រករ​ដ៏​ល្បីល្បាញ Leonardo da Vinci គឺជា​ឧទាហរណ៍​ពី​អ្នក​ប្រាជ្ញ​ដែល​មាន​ការ​គិត​បែប​នេះ តែង​ជឿជាក់​ថា​នៅ​ពេល​គាត់​ព្យាយាម​សម្លឹង​មើល​បញ្ហា​ឲ្យ​បាន​ច្រើន​ជ្រុង​ផ្សេង​ពី​គ្នា គាត់​នឹង​អាច​ស្វែងយល់​ពី​ឫសគល់​នៃ​បញ្ហា​កាន់តែ​ច្បាស់។ ដរាប​មួយ​ដែល​អ្នក​អាច​មើល​ឃើញ​បញ្ហា​ក្នុង​វិធី​ផ្សេង​ពី​គ្នា​ច្រើន នោះ​ផ្លូវ​សម្រាប់​ដើរ​ទៅ​កាន់​គោលដៅ​ចម្លើយ​នៃ​សំណួរ​ក៏​នឹង​បើក​ឱកាស​ឲ្យ​អ្នក​មាន​ច្រើន​ដូច​គ្នា រួម​ទាំង​វិធី​ដែល​ខុស​ប្លែក​ពី​អ្វី​ដែល​មនុស្ស​ភាគច្រើន​ធ្លាប់​ដោះស្រាយ ដែល​ត្រង់​នេះ​ហើយ​គឺជា​ការ​កកើត​នៃ​គំនិត​ច្នៃប្រឌិត​របស់​អ្នក​ប្រាជ្ញ​នោះ។

នៅ​ពេល​មួយ​អាញស្តាញ​ធ្លាប់​ត្រូវ​បាន​គេ​សួរ​ថា តើ​អ្វី​ជា​ភាព​ខុស​គ្នា​រវាង​គាត់​និង​មនុស្ស​ធម្មតា គាត់​ក៏​បាន​តប​ថា៖ "បើ​អ្នក​ឲ្យ​មនុស្ស​ធម្មតា​ទៅ​រាវរក​ម្ជុល​ក្នុង​ពំនូក​ចំបើង នោះ​ពួកគេ​នឹង​ឈប់​បន្ត​រក​នៅ​ពេល​ដែល​ម្ជុល​ត្រូវ​បាន​រក​ឃើញ​ហើយ។ យ៉ាងណាមិញ លោក​នឹង​រើ​កកាយ​ពំនូក​ចំបើង​ទាំងនោះ​ចេញ​ដើម្បី​រក​មើល​ម្ជុល​ទាំងអស់​ណា​ដែល​អាច​រក​ឃើញ​បាន"។ មិនតែប៉ុណ្ណោះ ពួកគេ​មិន​ត្រឹមតែ​ជា​អ្នក​ប្រាជ្ញ​ច្នៃប្រឌិត​នោះ​ទេ តែ​ក៏​ជា​អ្នក​ផលិត​ផង​ដែរ។ ដូច​អ្នក​ធ្លាប់​ដឹង​ស្រាប់​មក​ហើយ​ថា​តើ Thomas Edison បរាជ័យ​ក្នុង​ការ​ពិសោធន៍​ប៉ុន្មាន​ដង ទម្រាំ​បង្កើត​អំពូលភ្លើង​អាច​ឲ្យ​មនុស្ស​មាន​ជីវិត​ងាយស្រួល​ពី​ប្រយោជន៍​របស់​វា​បាន។

ក៏​មិន​ខុស​គ្នា​ពី​ការ​សំលៀង​កាំបិត​របស់​អ្នក​ដែរ កាលណា​អ្នក​សំលៀង​កាន់តែ​ច្រើន​ដង លទ្ធផល​គឺ​អ្នក​នឹង​ទទួល​បាន​នូវ​កាំបិត​ដ៏​មាន​គុណភាព​ល្អឥតខ្ចោះ​មួយ។ ការ​ផ្សំ​ចូល​គ្នា​រវាង​គំនិត​មួយ​ទៅ​នឹង​គំនិត​មួយ​ផ្សេង​ទៀត ឬ​ច្រើន​ទៀត ក៏​ជា​លក្ខណៈ​នៃ​ការ​គិត​របស់​អ្នកប្រាជ្ញ​ច្នៃប្រឌិត​ផង​ដែរ។ ពេល​ខ្លះ​តាម​លក្ខណៈ​ធម្មជាតិ​របស់​វត្ថុ​មួយ វា​មិន​អាច​ទៅ​មាន​ទំនាក់ទំនង​អ្វី​ជាមួយ​វត្ថុ​ដទៃ​ទៀត​ដែល​មាន​លក្ខណៈ​ធម្មជាតិ​ដាច់​ស្រឡះ​មិន​ជាប់​ពាក់ព័ន្ធ​គ្នា​សូម្បី​តែ​បន្តិច​នោះ​ទេ។ ប៉ុន្តែ​បើ​ទាល់តែ​គំនិត​ពីរ​ឬ​ច្រើន​មាន​ទំនាក់ទំនង​គ្នា ទើប​អាច​បង្កើត​អ្វី​មួយ​ថ្មី​បាន តើ​ការ​ច្នៃប្រឌិត​មិន​ក្លាយ​ទៅ​ជា​គំនិត​ធម្មតា​ហើយ​ទេ​ឬ ? ការ​ច្នៃប្រឌិត គឺជា​គំនិត​ប្លែក​ថ្មី ជា​វិធី​ដោះស្រាយ​បញ្ហា​តាម​ទស្សន​ថ្មី​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​ជា​អ្វី​ដែល​មនុស្ស​ធម្មតា​ធ្លាប់​តែ​គិត​ថា​មិន​អាច​ទៅ​រួច ប៉ុន្តែ​អ្នក​ប្រាជ្ញ​តែងតែ​គិត​បែប​នេះ ដែល​ការ​គិត​បែប​នេះ​ហើយ​ឆ្លើយ​ទៅ​នឹង​សំណួរ​ថា តើ​អ្វី​ដែល​នាំ​ឲ្យ​ពួកគេ​ខុស​ពី​មនុស្ស​ធម្មតា។

ដូច Nikola Tesla បង្កើត​ម៉ូតូAC ចេញ​ពី​ការ​សញ្ជឹង​គិត​លើ​រង្វិល​របស់​ព្រះអាទិត្យ​ជាមួយ​នឹង​ម៉ូតូ រួច​ក៏​បង្កើត​ដែន​ម៉ាញេទិច​បង្វិល​ក្នុង​ម៉ាស៊ីន​ម៉ូតូ ដែល​ដូច​នឹង​ការ​រង្វិល​របស់​ព្រះអាទិត្យ​ដែរ។ អ្នក​ប្រាជ្ញ​ច្នៃប្រឌិត​ក៏​ជា​អ្នក​ចេះ​ចាប់​ឱកាស នៅ​ពេល​គំនិត​មួយ​មិន​ដំណើរការណ៍ មនុស្ស​ធម្មតា​នឹង​បោះបង់ ហើយ​ដើរ​ចេញ តែ​សម្រាប់​អ្នក​ប្រាជ្ញ វា​គឺជា​ឱកាស​សម្រាប់​ពួកគេ​ក្នុង​ការ​ជីក​រក​ចន្លោះ​ប្រហោង ដែល​នាំ​ពួកគេ​ទៅ​រក​រូបភាព​ថ្មី​មួយ​ផ្សេង​ទៀត ដែល​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​ច្នៃប្រឌិត​របស់​ពួកគេ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ creativitypost

X
5s