ស្វែងយល់៥ចំណុច ជាដើមហេតុដែលបង្កឲ្យមានខ្យល់ដង្ហើមមាត់មិនល្អ
ខ្យល់ដង្ហើមមាត់មិនល្អអាចជារឿងធម្មតា បើអ្នកទើបនឹងទទួលទានម្ហូបអាហារណាដែលនាំមកនូវក្លិនដង្ហើមមិនល្អ។ យ៉ាងណាមិញ ប្រសិនបើវាកើតឡើងជាញឹកញាប់ ជាប្រការគួរឲ្យកត់សម្គាល់ នោះអ្នកគួរតែទៅពិគ្រោះជាមួយពេទ្យធ្មេញ ព្រោះថាខ្យល់ដង្ហើមមិនល្អជាញឹកញាប់ វាអាចកំពុងតែព្យាយាមបង្ហាញអ្នកថាប្រព័ន្ធខាងក្នុងរបស់អ្នកត្រង់ណាមួយមានបញ្ហាហើយ។
ដូច្នេះ តាមរយៈចំណុចទាំង៥ខាងក្រោមនេះ អ្នកអាចស្វែងយល់ថាតើមូលហេតុណាមួយដែលបង្កឲ្យមានខ្យល់ដង្ហើមមិនល្អដល់អ្នក៖
១) មិនមានទម្លាប់សម្អាតមាត់ធ្មេញត្រឹមត្រូវ៖ ក្រោយពីទទួលទានអាហារមួយចំនួន កម្ទេចអាហារតូចៗបង្កប់នៅក្នុងចន្លោះធ្មេញរបស់អ្នក ដែលសុទ្ធតែជាបាក់តេរីបង្កឲ្យមានក្លិនមិនល្អ និងប្រសិនបើអ្នកមិនប្រញាប់សម្អាតវាចេញដោយការដុសធ្មេញ ឬប្រើខ្សែរូតធ្មេញ ឬក៏ទឹកខ្ពុរមាត់ និងអណ្ដាតផងដែរ ពុំនោះទេបន្តិចម្ដងៗវាមិនត្រឹមតែប៉ះពាល់ទៅដល់ក្លិនដង្ហើមរបស់អ្នកនោះទេ តែថែមទាំងបង្កជាដង្កូវស៊ីធ្មេញ និងពុកធ្មេញមិនខាន។
២) ការជក់បារី៖ មិនថាតែចំពោះបារី សូម្បីតែថ្នាំជក់ក៏ដោយ សុទ្ធតែជាមូលហេតុនៃខ្យល់ដង្ហើមមិនល្អដល់អ្នកជក់ ជាពិសេសពួកគេច្រើនតែប្រឈមមុខនឹងជំងឺអញ្ចាញធ្មេញផងដែរ។
៣) ស្ងួតមាត់៖ ស្ងួតមាត់តែងកើតឡើងនៅក្រោយពេលយើងភ្ញាក់ពីគេង ដែលជារឿងធម្មតារបស់មនុស្សគ្រប់គ្នានោះទេ។ ប៉ុន្តែបើក្នុងពេលផ្សេងពីនេះក៏មាត់អ្នកស្ងួតដែរ នេះអាចបញ្ជាក់ថាក្រពេញទឹកមាត់របស់អ្នកមានភាពមិនប្រក្រតីអ្វីមួយហើយ ឬអាចជាជំងឺធ្ងន់ធ្ងរអ្វីក៏ថាបាន ដែលអ្នកគួរជួបពិភាក្សាជាមួយពេទ្យជំនាញសុខភាពមាត់ធ្មេញ។
៤) ការឆ្លងមេរោគនៅក្នុងមាត់៖ មេរោគអាចឆ្លងមកដោយការដកធ្មេញ ជំងឺពុកធ្មេញ ជំងឺអញ្ចាញធ្មេញ ហើយក្រោយពេលអ្នកទទួលការវះកាត់ផ្សេងៗដែលពាក់ព័ន្ធនឹងមាត់ ដែលបង្កជាស្នាមរបួសពីការវះកាត់ ក៏ជាប្រភពនៃក្លិនមាត់មិនល្អដែរ។
៥) ស្ថានភាពជំងឺផ្សេងៗ៖ ជំងឺតូចតាចដូចជារលាកច្រមុះ រន្ធច្រមុះ ឬបំពង់ក រហូតដល់ជំងឺធ្ងន់ធ្ងរដូចជាមហារីក ប្រព័ន្ធរំលាយអាហារប្រព្រឹត្តទៅមិនប្រក្រតី និងការច្រាលជាតិអាស៊ីតក្នុងក្រពះ ក៏បង្កជាក្លិនមាត់មិនល្អចេញមកដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ mayoclinic