សសរគ្រឹះ៤ចំណុចដែលនៅពីក្រោយភាពជោគជ័យរបស់ជប៉ុនក្រោយចាញ់សង្គ្រាមលោកលើកទី២
តើធាតុផ្សំអ្វីខ្លះដែលនៅពីក្រោយភាពជោគជ័យក្នុងការស្ដារប្រទេសដ៏ទន់ខ្សោយក្រោយពីវិនាសកម្មទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិកទៅលើទីក្រុងសំខាន់ៗរបស់ប្រទេសជប៉ុន ប្រែក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣របស់ពិភពលោក ប្រកៀកគ្នាជាមួយនឹងសហរដ្ឋអាមេរិកបាន ?
គំនិតទូទៅភាគច្រើននឹងព្យាយាមឆ្លើយសំណួរដែលតែងតែត្រូវបានគេចោទសួរឡើងកន្លងមកមួយនេះ ដោយយល់ឃើញថាគឺជាការរួបរួមមានចិត្តគំនិតតែមួយដូចគ្នារបស់ជនជាតិជប៉ុន ដែលជាគ្រឹះក្នុងការសាងសង់សមិទ្ធផលជោគជ័យនៃសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ។ ស្របពេលដែលវាគួរតែជាភាពដូចគ្នា ផ្ទុយទៅវិញវាគឺជាការទាញយកប្រយោជន៍ពីភាពខុសគ្នាជាច្រើនដែលមាននៅក្នុងសង្គមមួយដែលទទួលរងគ្រោះនេះ ធ្វើយ៉ាងណាដើម្បីឲ្យប្រយោជន៍សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពនេះឯង។
នៅក្នុងភាពជោគជ័យរបស់ជប៉ុនក្រោយសង្គ្រាមលោកលើកទី២នេះ បុគ្គលគំរូដែលមានឥទ្ធិពលធំធេងទៅលើបែបបទឥរិយាបថបែបណាដែលគួរមានទៅលើសេដ្ឋកិច្ចរបស់អ្នកជំនួញជប៉ុន នោះគឺជាអ្នកបដិវត្តឧស្សាហកម្មជប៉ុនលោក Eiichi Shibusawa (១៨៤០ដល់១៩៣១) ដែលត្រូវបានគេស្គាល់ក្នុងនាមជា "បិតាមូលធននិយមរបស់ជប៉ុន"។ ចំណុចកណ្ដាលសំខាន់បង្កប់ក្នុងគំនិតរបស់លោកបានបង្រៀនឲ្យអ្នកដឹកនាំជំនួញទាំងអស់គិតគូរពីប្រយោជន៍រួមរបស់ជាតិនៅក្នុងសង្គមមួយដែលពោរពេញដោយគំនិតមានខុសគ្នាច្រើនបែបនេះ និងការរុញសង្កត់នូវជម្លោះទាស់ទែងជាមួយបណ្ដាគូប្រកួតប្រជែងទាំងអស់ដែលកំពុងតែស្វែងរកប្រយោជន៍ដូចគ្នា។ គ្រឹះសំខាន់ៗដែលផ្គុំបញ្ចូលគ្នាជំរុញឲ្យប្រទេសដែលហិនហោចពីសង្គ្រាមមួយនេះឲ្យប្រែក្លាយពីអ្វីដែលគេគ្រប់គ្នាគិតថាមិនអាចទៅរួចទៅជាអាចទៅរួចបានមានដូចជា៖
១) មានភាពម៉ត់ចត់ទៅលើការប្រកួតប្រជែង
ត្រង់ចំណុចនេះចង់សង្កត់ធ្ងន់ចំពោះអ្នកដែលមានកាតព្វកិច្ចធ្វើការសម្រេចចិត្តបង្កើតគោលនយោបាយទាំងអស់ ឲ្យត្រូវគិតគូរម៉ត់ចត់ទៅលើចម្លើយទៅកាន់សំណួរថាតើឥទ្ធិពលនៃគោលនយោបាយរបស់ពួកគេនឹងមានយ៉ាងដូចម្ដេចចំពោះប្រសិទ្ធភាពនៃឧស្សាហកម្មជប៉ុន ភាពខ្លាំងក្លានៃការប្រកួតប្រជែងរបស់ជប៉ុននៅលើទីផ្សារពិភពលោក និងតុល្យភាពរបស់ជប៉ុនរវាងការបង់ប្រាក់និងការដោះដូរពាណិជ្ជកម្ម។ ចំណុចដ៏សំខាន់មួយដែលតែងតែស្ថិតនៅក្នុងការព្រួយបារម្ភរបស់អ្នកបង្កើតគោលនយោបាយរបស់ជប៉ុននោះគឺជាពំនឹងផ្អែករបស់ជប៉ុនទៅលើការនាំចូលពីក្រៅប្រទេសទៅលើថាមពល វត្ថុធាតុដើម និងអាហារ។
២) គិតគូរលើប្រយោជន៍ជាតិមុនគេបង្អស់
មានប្រមាណ២ភាគ៥នៃប្រជាជនជប៉ុនមិនគាំទ្រនឹងការគ្រប់គ្រងតាមបែបមូលធននិយម ដែលមិនចូលចិត្តការបង្កើតនូវក្រុមហ៊ុនអាជីវកម្មឬសហគ្រាសធំៗ តែបើទោះជាយ៉ាងនេះក្ដី ការបញ្ចេញមតិរបស់បណ្ដាក្រុមម្ចាស់អាជីវកម្មធំៗតែងមានឥទ្ធិពលលើអ្នកបង្កើតច្បាប់ ក៏ព្រោះតែឥរិយាបថម្យ៉ាងដែលពួកគេបានគោរពនិងប្រតិបត្តិតាមគំនិតដែលចាក់ឫសយូរមកដែលគិតគូរលើប្រយោជន៍ជាតិជារួមរបស់លោក Eiichi Shibusawa ដែលតែងតែសួរថា "តើអ្វីទៅដែលល្អសម្រាប់ប្រទេសរបស់យើង ?" ។ កាតព្វកិច្ចរបស់អ្នកដឹកនាំជំនួញនៅតាមក្រុមហ៊ុនធំៗទាំងអស់តែងជួបជុំគ្នា ជជែកពិភាក្សាទៅលើគោលនយោបាយជាតិដើម្បីស្វែងរកបញ្ហាមុននឹងវាក្លាយជាបញ្ហាធ្ងន់ធ្ងរលេចឡើងមក។
៣) ដឹងពីរបៀបដែលត្រូវអង្គុយ
នាយកប្រតិបត្តិនៅតាមក្រុមហ៊ុននីមួយៗមានពេលតិចតួចប៉ុណ្ណោះសម្រាប់ចំណាយទៅលើការគ្រប់គ្រងរឿងរ៉ាវផ្ទៃក្នុងរបស់ក្រុមហ៊ុនពួកគេ ក្រៅពីនោះពួកគេចំណាយពេលវេលាយ៉ាងច្រើនក្នុងការអង្គុយជជែកពិភាក្សាជាមួយអ្នកដឹកនាំកំពូលៗតាមស្ថាប័នដែលមានចំណែកក្នុងការសម្រេចចិត្តកិច្ចការសំខាន់ៗ។ នេះហើយគឺជារបៀបដែលពួកគេគ្រប់គ្រងកិច្ចការរបស់ពួកគេ។ គោលបំណងនៃការអង្គុយជជែកគ្នានេះមិនមែនដើម្បីដោះស្រាយបញ្ហាណាមួយ ឬដើម្បីបង្កើតការទុកចិត្តគ្នា ឬព្រមព្រៀងគ្នាអ្វីនោះទេ ប៉ុន្តែគឺដើម្បីយល់ពីគ្នាថាអ្វីដែលម្នាក់ទៀតធ្វើបានឬធ្វើមិនបាន ឬចូលចិត្តឬមិនចូលចិត្តនៅពេលបញ្ហាឬឱកាសណាមួយលេចឡើងមក។
៤) ព្យាយាមស្វែងរកទីគ្មានជ័យជម្នះចុងបញ្ចប់
ដូចអ្វីដែលបិតាមូលធននិយមជប៉ុនបានបន្សល់ទុកសម្រាប់ពួកគេ បើទោះជាការប្រកួតប្រជែងតែងតែមាននៅក្នុងវិស័យដូចគ្នារវាងអ្នកជំនួញក៏ដោយ ប៉ុន្តែជនជាតិជប៉ុនយល់ថាការព្យាយាមយកឈ្នះលើជម្លោះជាមួយមនុស្សដែលកំពុងស្វែងរកប្រយោជន៍ដូចគ្នាបែបនេះនឹងមិនផ្ដល់នូវសុខសន្តិភាពនោះឡើយ។ ឥរិយាបថបែបនេះបានបង្ហាញថាពួកគេចេះទាញប្រយោជន៍ពីជម្លោះយ៉ាងមានប្រសិទ្ធភាពជាជាងយកឈ្នះនៅទីចុងបញ្ចប់៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ hbr
អត្ថបទទាក់ទង៖ ក្រោយពីការទម្លាក់គ្រាប់បែកកម្ទេចទីក្រុងពីររបស់ជប៉ុន តើពួកគេអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣របស់ពិភពលោកយ៉ាងដូចម្ដេច?