ទ្រឹស្ដីមួយរបស់ផ្លាតុងនឹងធ្វើឲ្យអ្នកសង្ស័យពីអ្វីដែលអ្នកធ្លាប់គិតថាជាការពិតរបស់អ្នក
ជាច្រើនសតវត្សមកតាំងពីទស្សនវិជ្ជាបានចាក់ឫសគល់ចេញមកពីក្រិកបុរាណ ផ្ដួចផ្ដើមដោយទស្សនវិទូល្បីៗដូចជា តាលេស សូក្រាត ផ្លាតុង អារីស្តូតជាដើម គោលបំណងនៃការស្វែងរកពីការពិតនៃធម្មជាតិរបស់សកលលោកបានជំរុញឲ្យមានការបង្កើតឡើងនូវទ្រឹស្ដីផ្សេងៗគ្នាជាច្រើន ដើម្បីជាឧបករណ៍មួយសម្រាប់បកស្រាយពីភាពត្រឹមត្រូវរបស់ទ្រឹស្ដីនីមួយៗ។ ការបកស្រាយរបស់ទ្រឹស្ដីខុសៗគ្នាទាំងនោះឆ្លុះបញ្ចាំងឲ្យឃើញថា ទស្សនវិទូនីមួយៗឈរនៅជ្រុងផ្សេងៗពីគ្នា សម្លឹងទៅរករូបភាពពិតនៃសកលលោកដ៏ឥតដែនកំណត់និងបង្កប់ដោយអាថ៌កំបាំងដែលសមត្ថភាពធម្មតារបស់មនុស្សមិនទាន់អាចទៅដល់។
ក្នុងការបកស្រាយអំពីការពិតនៃសកលលោកនេះផងដែរ មានទ្រឹស្ដីមួយក្នុងចំណោមទ្រឹស្ដីជាច្រើនទៀត ដែលធ្វើឲ្យអ្នកចាប់ផ្ដើមសង្ស័យពីអ្វីដែលអ្នកធ្លាប់គិតថាជាការពិតជាក់ស្ដែងរបស់អ្នក នោះគឺ Plato and the Logos។ ផ្លាតុង ដែលជាទស្សនវិទូដ៏សំខាន់មួយរូបរបស់ក្រិកបុរាណ ហើយក៏ជាទស្សនវិទូដែលគំនិតរបស់លោកបានផ្ដល់ជាមូលដ្ឋានត្រួសត្រាយផ្លូវសម្រាប់វិទ្យាសាស្ត្រសម័យទំនើបនេះផងដែរ បានយល់ឃើញថារំលងហួសពីការពិតដែលយើងកំពុងតែមើលឃើញ វាគឺជាពិភពលោកមួយដែលមានទម្រង់ល្អឥតខ្ចោះ។ នេះមានន័យថាអ្វីៗដែលយើងទទួលបានពីបទពិសោធន៍ក្នុងជីវិតរបស់យើង វាគ្រាន់តែជាស្រមោល និងជាទម្រង់ដែលចម្លងតាមអ្វីដែលជាទម្រង់ពិតដែលផ្លាតុងហៅថាទម្រង់ល្អឥតខ្ចោះតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ផ្លាតុងក៏ជឿជាក់ថាអ្វីៗទាំងអស់សុទ្ធតែបង្កឡើងពីធាតុតែមួយដូចគ្នា។ យើងជាអ្នកសិក្សាអាចរិះគន់ជាមួយនឹងការសង្ស័យថា អំឡុងសម័យកាលរបស់ផ្លាតុង ពុំទាន់មានវិទ្យាសាស្ត្រអ្វីមកបញ្ជាក់បានពីភាពត្រឹមត្រូវនៃអ្វីដែលគាត់បកស្រាយនោះមកទេ ប៉ុន្តែភស្តុតាងរបស់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយអំពីការរកឃើញនូវអាតូម និងម៉ូលេគុលហាក់ដូចជាពិបាកនឹងធ្វើឲ្យយើងបដិសេធបោះបង់ចោលនូវគំនិតរបស់លោក ដោយមិនបន្តធ្វើការស្រាវជ្រាវដើម្បីបញ្ជាក់ថាអ្វីដែលគាត់លើកឡើងមកនេះត្រឹមត្រូវមែនឬអត់ដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ learning-mind
អត្ថបទទាក់ទង៖ ទ្រឹស្ដីខ្សែបន្ទាត់បែងចែក (The Divided Line) របស់ផ្លាតុង