តើ​ធ្វើ​យ៉ាង​ណា​ ដើម្បី​អាច​រក​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​សម្រេច​ចិត្ត​ខុស​​(​​នាំ​ឲ្យ​មាន​វិប្បដិសារី​)​​?​



ការ​សម្រេច​ចិត្ត​មិន​បាន​ត្រឹមត្រូវ គឺជា​កំហុស ប៉ុន្តែ​តើ​មាន​នរណា​ម្នាក់​នៅ​លើ​លោក​នេះ​មិន​ដែល​ធ្លាប់​មាន​កំហុស​? មនុស្ស​ដែល​មិន​ធ្លាប់​មាន​កំហុស​លុះ​ត្រាតែ​ពួកគេ​មិន​ធ្លាប់​ធ្វើ​អ្វី​ថ្មី​សោះ គឺ​ដូច​កង្កែប​ក្នុង​អណ្ដូង​អ៊ីចឹងហើយ ពោលគឺគ្មាន​ថ្ងៃ​អាច​រីកចម្រើន​បាន​ឡើយ។ ចំណុច​ដ៏​សំខាន់​បំផុត​នៃ​លទ្ធផល​ដែល​អ្នក​ទទួល​បាន​ពី​ការ​សម្រេច​ចិត្ត​មិន​បាន​ត្រឹមត្រូវ នោះ​គឺជា​ការ​សិក្សា​ឈ្វេងយល់​ឡើង​វិញ​ពី​ឫសគល់​នៃ​កំហុស​ឆ្គង​នេះ​ឯង។

ការ​ធ្វើ​ខុស​ហើយ​មិន​បាន​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​អ្វី​ដែល​បង្ក​ជា​ហេតុ​នៃ​កំហុស​នោះ​ឡើង ទើប​ជា​រឿង​ដ៏​គ្រោះថ្នាក់​បំផុត ហើយ​អ្នក​ក៏​មិន​អាច​ធ្វើ​រឿង​ដដែលៗ​ដោយ​រំពឹង​ទុក​នូវ​លទ្ធផល​ផ្សេង​គ្នា​បាន​ដែរ។ ហេតុនេះ ការ​ត្រួតពិនិត្យ​លើ​កំហុស​ឆ្គង​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នក​គឺជា​រឿង​ដ៏​សំខាន់ ប៉ុន្តែ​ថា​តើ​អ្នក​គួរ​ត្រួតពិនិត្យ​វា​ដោយ​របៀប​ណា ? អ្នក​គួរ​ត្រឡប់​ទៅ​ត្រួតពិនិត្យ​ឡើង​វិញ​ទៅលើ​ដំណាក់កាល​នៃ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ទៅ​រក​កំហុស​ឆ្គង​នោះ​ទៅ​មើល​ថា​តើ​ភាព​លម្អៀង​មាន​ចូល​លាយឡំ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​អ្នក​ទេ ?

ពិត​ប្រាកដ​ដែរ​ទេ​ដែល​ថា​អ្នក​បាន​ធ្វើការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ការ​ថ្លឹងថ្លែង​បាន​សព្វ​គ្រប់​ជ្រុងជ្រោយ​ហើយ​នោះ ? មួយ​វិញ​ទៀត អ្នក​ក៏​ត្រូវ​កត់សម្គាល់​ពី​ខ្លួនឯង​ផង​ដែរ​ថា​តើ​ពេលវេលា​ណាមួយ​ដែល​អ្នក​ធ្វើការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ស្មារតី​នឹង​ធឹង​ល្អ​បំផុត ? ព្រោះ​ថា​ពេល​ខ្លះ​ដោយសារ​តែ​ស្មុគស្មាញ​ពី​សម្ពាធ​ការងារ​នេះ​ហើយ​ដែល​នាំ​អ្នក​ទៅ​រក​ការ​ពិចារណា​មិន​បាន​ល្អិតល្អន់ ចុងក្រោយ​ក៏​នាំ​ទៅ​រក​ការ​សម្រេច​ចិត្ត​ខុស​មិន​គួរ​ឲ្យ​សង្ស័យ​នេះ​ឯង៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ bizjournals

X
5s